‏ Acts 4

1កាលលោក​ពេត្រុស​និង​លោក​យ៉ូហាន​កំពុង​និយាយ​ទៅ​បណ្ដាជន​នៅឡើយ​នោះ​ពួក​សង្ឃ​ប្រធាន​ឆ្មាំ​ព្រះ​វិហារ​និង​ពួក​អ្នកខាង​គណៈ​សាឌូស៊ី​បាន​មកដល់ 2ទាំងទាស់ចិត្ដ​ជាខ្លាំង​ព្រោះ​អ្នកទាំងពីរ​បង្រៀន​បណ្ដាជន​និង​ប្រកាស​អំពី​ការ​រស់​ពី​ស្លាប់​ឡើងវិញ​តាមរយៈ​ព្រះ​យេស៊ូ។ 3ពួកគេក៏​ចាប់​អ្នកទាំងពីរ​ហើយ​យកទៅ​ឃុំ​ទុក​ក្នុង​គុក​រហូតដល់​ថ្ងៃបន្ទាប់​ដ្បិត​ពេលនោះ​ល្ងាច​ណាស់​ហើយ 4ប៉ុន្ដែក្នុងចំណោម​ពួក​អ្នក​ដែល​បាន​ឮ​ព្រះបន្ទូល​មាន​មនុស្ស​ជាច្រើន​បាន​ជឿ​គឺ​មាន​គ្នា​ចំនួន​ប្រហែល​ប្រាំ​ពាន់​នាក់។ 5លុះថ្ងៃបន្ទាប់​ពួក​មេដឹកនាំ​ពួក​ចាស់ទុំ​និង​ពួក​គ្រូវិន័យ​ក៏​ជួបជុំគ្នា​នៅក្នុង​ក្រុង​យេរូសាឡិម 6ជាមួយលោក​អាណ​ជា​សម្ដេច​សង្ឃ​លោក​កៃផា​លោក​យ៉ូហាន​និង​លោក​អ័លេក្សានត្រុស​ព្រមទាំង​ពូជពង្ស​របស់​សម្ដេច​សង្ឃ​ទាំងអស់។ 7ពេលគេ​យក​អ្នកទាំងពីរ​មកដាក់​នៅ​កណ្ដាល​ចំណោម​ហើយ​ក៏​សួរ​ថា៖ ​«តើ​អ្នកទាំងពីរ​ធ្វើ​ការ​នេះ​ដោយ​អំណាច​អ្វី​ឬ​ដោយ​ឈ្មោះ​របស់​អ្នកណា?» 8ពេលនោះលោក​ពេត្រុស​បាន​ពេញ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ក៏​និយាយ​ទៅ​ពួកគេ​ថា៖ ​«ឱ​ពួក​អ្នកដឹកនាំ​និង​ពួក​ចាស់ទុំ​របស់​ប្រជាជន​អើយ! 9បើអស់​លោក​សាកសួរ​យើង​នៅថ្ងៃនេះ​អំពី​ការ​ល្អ​ដែល​បាន​កើតឡើង​ចំពោះ​មនុស្ស​ពិការ​ម្នាក់​ថា​គាត់​បាន​ជា​ដោយសារ​អ្វី 10នោះចូរ​អស់​លោក​ព្រមទាំង​ប្រជាជន​អ៊ីស្រាអែល​ទាំងអស់​ដឹង​ចុះ​ថា​គឺ​ដោយសារ​ព្រះ​នាម​ព្រះ​យេស៊ូ​គ្រិស្ដ​ជា​អ្នក​ក្រុង​ណាសារ៉ែត​ដែល​ពួក​លោក​បាន​ឆ្កាង​ហើយ​ព្រះជាម្ចាស់​បាន​ប្រោស​ឲ្យ​រស់​ពី​ការសោយទិវង្គត​ឡើងវិញ​នោះ​ហើយ​ទើប​បុរស​នេះ​បាន​ឈរ​នៅ​ចំពោះ​មុខ​ពួក​លោក​ទាំង​មាន​សុខភាព​ល្អ​ដូច្នេះ។ 11ព្រះអង្គហ្នឹង​ហើយ​ជា​ថ្ម​ដែល​ពួក​លោក​ជា​ជាងសំណង់​បោះបង់​ចោល​ប៉ុន្ដែ​ថ្ម​នេះ​បាន​ត្រលប់ជា​ថ្ម​ដ៏​សំខាន់​នៅតាមជ្រុង។ 12ហើយគ្មាន​សេចក្ដី​សង្គ្រោះ​តាមរយៈ​អ្នកណា​ទៀត​ឡើយ​ដ្បិត​នៅក្រោម​មេឃ​គ្មាន​ឈ្មោះ​ណា​ទៀត​ដែល​ព្រះជាម្ចាស់​បាន​ប្រទាន​មក​ក្នុងចំណោម​មនុស្ស​ដើម្បី​ឲ្យ​យើង​ទទួល​បាន​សេចក្ដី​សង្គ្រោះ​នោះ​ឡើយ»។ 13ដូច្នេះពេល​ពួកគេ​សង្កេត​ឃើញ​សេចក្ដី​ក្លាហាន​របស់​លោក​ពេត្រុស​និង​លោក​យ៉ូហាន​ហើយ​ក្រោយពី​បាន​យល់​ថា​គាត់ទាំងពីរ​ជា​មនុស្ស​មិន​បាន​រៀនសូត្រ​និង​មិនសូវ​ចេះដឹង​ពួកគេ​ក៏​ស្ញប់​ស្ញែង​ហើយ​ទទួល​ស្គាល់​ថា​គាត់ទាំងពីរនេះ​ធ្លាប់​នៅ​ជាមួយ​ព្រះ​យេស៊ូ 14ព្រមទាំងឃើញ​បុរស​ដែល​បាន​ជា​នោះ​កំពុង​ឈរ​ជាមួយ​គាត់ទាំងពីរ​នាក់​ទៀត​នោះ​ពួកគេ​គ្មាន​អ្វី​ឆ្លើយ​តប​បាន​ឡើយ។ 15ពេលនោះពួកគេ​បាន​បង្គាប់​គាត់ទាំងពីរ​ឲ្យ​ចេញ​ពី​ក្រុមប្រឹក្សាកំពូល​ទៅក្រៅ​ហើយ​ពួកគេ​ក៏​ពិគ្រោះ​គ្នា​ថា៖ 16«តើ​យើង​ត្រូវ​ធ្វើ​ដូចម្ដេច​ចំពោះ​មនុស្ស​ទាំងនេះ? ​ដ្បិត​តាមរយៈ​អ្នកទាំងនេះ​ទីសំគាល់​ជាក់ស្ដែង​បាន​កើតឡើង​ចំពោះ​មនុស្ស​ទាំងអស់​ដែល​រស់នៅ​ក្នុង​ក្រុង​យេរូសាឡិម​ហើយ​យើង​ក៏​មិន​អាច​ប្រកែក​បាន​ដែរ។ 17ដូច្នេះដើម្បី​កុំ​ឲ្យ​ដំណឹង​នេះ​លេចឮ​ដល់​ប្រជាជន​តទៅទៀត​យើង​ត្រូវ​គំរាម​ពួកគេ​កុំ​ឲ្យ​និយាយ​ប្រាប់​អ្នកណា​ទៀត​ដោយ​នូវ​ឈ្មោះ​នេះ»។ 18បន្ទាប់មកពួកគេ​ក៏​ហៅ​គាត់ទាំងពីរនាក់​នោះ​ចូលមក​វិញ​ហើយ​បាន​បង្គាប់​មិន​ឲ្យ​និយាយ​ឬ​បង្រៀន​ដោយ​នូវ​ឈ្មោះ​ព្រះ​យេស៊ូ​នេះ​ជាដាច់ខាត 19ប៉ុន្ដែលោក​ពេត្រុស​និង​លោក​យ៉ូហាន​បាន​ឆ្លើយ​ទៅ​ពួកគេ​ថា៖ ​«ចូរ​ពួកលោក​ពិចារណា​មើល​ចុះ​តើ​ជា​ការ​ត្រឹមត្រូវ​នៅចំពោះ​ព្រះជាម្ចាស់​ដែរ​ឬ​ទេ​ដែល​ឲ្យ​យើង​ស្ដាប់​តាម​ពួក​លោក​ជា​ជាង​ស្ដាប់​តាម​ព្រះជាម្ចាស់​នោះ 20ដ្បិតយើង​មិន​អាច​ឈប់​និយាយ​អំពី​អ្វី​ដែល​យើង​បាន​ឃើញ​និង​បាន​ឮ​នោះ​ទេ»។ 21ក្រោយពីបាន​គំរាម​អ្នកទាំងពីរនោះ​ថែម​ទៀត​មក​ពួកគេ​ក៏​ដោះលែង​ពួកគាត់​ឲ្យ​ទៅ​ដោយ​រក​ហេតុ​ដាក់ទោស​ពួកគាត់​មិន​បាន​ព្រោះ​ប្រជាជន​ដ្បិត​ប្រជាជន​ទាំងអស់​កំពុង​សរសើរ​តម្កើង​ព្រះជាម្ចាស់​ចំពោះ​អ្វី​ដែល​បាន​កើតឡើង 22រីឯបុរស​ដែល​បាន​ទទួល​ការ​អស្ចារ្យ​នៃ​ការ​ប្រោស​ឲ្យ​ជា​នេះ​គាត់​មាន​អាយុ​សែសិប​ឆ្នាំ​ជាង។ 23ក្រោយពេលគេ​ដោះលែង​រួចហើយ​គាត់ទាំងពីរនាក់​ក៏​ទៅ​ឯ​គ្នីគ្នា​របស់ខ្លួន​ហើយ​រៀបរាប់​សព្វគ្រប់​អំពី​អ្វី​ដែល​ពួក​សម្ដេច​សង្ឃ​និង​ពួក​ចាស់ទុំ​បាន​និយាយ​មក​កាន់​ពួកគាត់។ 24កាលពួកគេ​បាន​ឮ​ដូច្នោះ​ពួកគេ​ក៏​បន្លឺ​សំឡេង​ព្រម​ៗ​គ្នា​ទូល​ទៅ​ព្រះជាម្ចាស់​ថា៖ ​«ឱ​ព្រះអម្ចាស់​អើយ! ​គឺ​ព្រះអង្គ​ហើយ​ដែល​បាន​បង្កើត​ផ្ទៃមេឃ​ផែនដី​សមុទ្រ​និង​អ្វី​ៗ​សព្វសារពើ​ដែល​នៅក្នុង​នោះ​ផង 25ហើយព្រះអង្គ​បាន​មានបន្ទូល​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​តាមរយៈ​មាត់​របស់​ស្ដេច​ដាវីឌ​ជា​អ្នកបម្រើ​របស់​ព្រះអង្គ​ដែល​ជា​ដូនតា​របស់​យើង​ថា​ហេតុអ្វី​បានជា​ជនជាតិ​ទាំងឡាយ​បង្កចលាចល​ហើយ​ប្រជាជន​ស្រមៃ​ពី​រឿង​ឥតប្រយោជន៍​ដូច្នេះ? 26ពួកស្ដេច​នៅលើ​ផែនដី​បាន​ត្រៀមប្រយុទ្ធ​ពួក​មេដឹកនាំ​បាន​ប្រមូល​គ្នា​ទាស់នឹង​ព្រះអម្ចាស់​ព្រមទាំង​ព្រះ​គ្រិស្ដ។ 27ហើយនេះ​ជា​ការពិត​ដ្បិត​នៅក្នុង​ក្រុង​នេះ​ស្ដេច​ហេរ៉ូឌ​លោក​ប៉ុនទាស​ពីឡាត់​សាសន៍ដទៃ​ព្រមទាំង​ប្រជាជន​អ៊ីស្រាអែល​បាន​រួមគ្នា​ទាស់នឹង​ព្រះ​យេស៊ូ​ជា​អ្នកបម្រើ​ដ៏បរិសុទ្ធ​របស់​ព្រះអង្គ​ដែល​ព្រះអង្គ​បាន​ជ្រើសតាំង 28ឲ្យធ្វើ​អ្វីៗ​ដែល​ព្រះ​ហស្ដ​និង​បំណង​របស់​ព្រះអង្គ​បាន​កំណត់ទុក​ឲ្យ​កើតឡើង។ 29ដូច្នេះព្រះអម្ចាស់​អើយ! ​ឥឡូវនេះ​សូម​មើល​សេចក្ដី​គំរាម​របស់​ពួកគេ​ចុះ​ហើយ​សូម​ប្រទាន​ឲ្យ​ពួក​បាវបម្រើ​របស់​ព្រះអង្គ​បាន​ពេញ​ដោយ​សេចក្ដី​ក្លាហាន​ដើម្បី​ប្រកាស​ព្រះបន្ទូល​របស់​ព្រះអង្គ 30ដោយព្រះអង្គ​លូក​ព្រះ​ហស្ដ​មក​ប្រោស​ឲ្យ​ជា​ព្រមទាំង​ធ្វើ​ឲ្យ​មាន​ទីសំគាល់​និង​ការអស្ចារ្យ​កើតឡើង​តាមរយៈ​ព្រះនាម​របស់​ព្រះ​យេស៊ូ​ជា​អ្នកបម្រើ​ដ៏បរិសុទ្ធ​របស់​ព្រះអង្គ»។ 31ពេលពួកគេ​បាន​អធិស្ឋាន​រួចហើយ​កន្លែង​ដែល​ពួកគេ​កំពុង​ជួបប្រជុំគ្នា​នោះ​ក៏​ញ័រ​រញ្ជួយ​រីឯ​ពួកគេ​ក៏​ពេញ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ទាំងអស់​គ្នា​ហើយ​ចាប់ផ្ដើម​ប្រកាស​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ដោយ​ក្លាហាន។ 32ពេលនោះអស់​អ្នក​ដែល​បាន​ជឿ​មាន​ចិត្ដ​គំនិត​តែមួយ​ហើយ​គ្មាន​អ្នកណា​ម្នាក់​និយាយ​ថា​ទ្រព្យសម្បត្ដិ​ដែល​ខ្លួន​មាន​ជា​របស់​ខ្លួន​ឡើយ​គឺ​អ្វីៗ​ទាំងអស់​របស់​ពួកគេ​ជា​របស់​រួម។ 33ពួកសាវក​បាន​ធ្វើ​ទីបន្ទាល់​យ៉ាង​មានអំណាច​អស្ចារ្យ​អំពី​ការ​រស់ឡើងវិញ​របស់​ព្រះអម្ចាស់​យេស៊ូ​ហើយ​ពួកគេ​ទាំងអស់​គ្នា​ក៏​ទទួលបាន​ព្រះ​គុណ​ដ៏លើសលុប។ 34នៅក្នុងចំណោម​ពួកគេ​គ្មាន​អ្នកណា​ម្នាក់​ខ្វះ​ខាត​ឡើយ​ដ្បិត​អស់​អ្នក​ដែល​មាន​ដី​ឬ​មាន​ផ្ទះ​គេ​បាន​លក់​ហើយ​យក​ប្រាក់​ដែល​បាន​ពី​ការ​លក់​របស់​ទាំងនោះ 35មកដាក់​នៅ​ទៀប​ជើង​របស់​ពួក​សាវក​ហើយ​គេ​ក៏​ចែក​ឲ្យ​គ្រប់គ្នា​តាម​ដែល​ម្នាក់ៗ​ត្រូវការ។ 36រីឯលោក​យ៉ូសែប​ដែល​ពួក​សាវក​ហៅ​ថា​បារណាបាស​ប្រែ​ថា​«កូន​នៃ​សេចក្ដី​លើកទឹកចិត្ដ» ​ជា​ពួក​លេវី​កើត​នៅ​កោះ​គីប្រុស 37គាត់មាន​ដី​មួយ​កន្លែង​ហើយ​បាន​លក់​យក​ប្រាក់​មក​ដាក់​នៅ​ទៀប​ជើង​របស់​ពួក​សាវក។
Copyright information for KhmKCB