‏ Acts 5

1មានបុរស​ម្នាក់​ឈ្មោះ​អាណានាស​និង​ប្រពន្ធ​របស់​គាត់​ឈ្មោះ​សាភីរ៉ា​បាន​លក់​ទ្រព្យសម្បត្ដិ​របស់​ខ្លួន 2ប៉ុន្ដែគាត់​បាន​លាក់មួយចំណែក​នៃ​ប្រាក់​លក់​ទ្រព្យ​នោះ​ទុក​សម្រាប់​ខ្លួនឯង​ដោយ​មាន​ការដឹងឮ​ពី​ប្រពន្ធ​ដែរ​ហើយ​គាត់​បាន​យក​មួយ​ចំណែក​ទៀត​មក​ដាក់​នៅ​ទៀប​ជើង​របស់​ពួក​សាវក។ 3ពេលនោះលោក​ពេត្រុស​និយាយ​ថា៖ ​«ឱ​អាណានាស​អើយ! ​ហេតុអ្វី​បានជា​អារក្ស​សាតាំង​នៅពេញ​ក្នុង​ចិត្ដ​របស់​អ្នក​ធ្វើ​ឲ្យ​អ្នក​កុហក​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ហើយ​លាក់​ប្រាក់​លក់​ដី​មួយ​ចំណែក​ទុក​ដូច្នេះ? 4កាលអ្នក​នៅ​មាន​ដី​នៅ​ឡើយ​តើ​វា​មិន​មែន​ជា​របស់​អ្នក​ទេ​ឬ? ​ក្រោយ​ពី​បាន​លក់​ហើយ​តើ​ប្រាក់​មិន​ស្ថិត​នៅក្រោម​សិទ្ធិអំណាច​របស់​អ្នក​ទេ​ឬ? ​ហេតុអ្វី​បានជា​អ្នក​កើត​គំនិត​នេះ​នៅក្នុង​ចិត្ត​ដូច្នេះ? ​អ្នក​មិន​បាន​កុហក​មនុស្ស​ទេ​គឺ​បាន​កុហក​ព្រះជាម្ចាស់​ទេតើ!» 5កាលលោក​អាណានាស​ឮ​ពាក្យ​ទាំងនេះ​ហើយ​គាត់​ក៏​ដួល​ដាច់ខ្យល់​ស្លាប់​ទៅ​ហើយ​អស់​អ្នក​ដែល​បាន​ឮ​អំពី​ហេតុការណ៍​នេះ​ក៏​មាន​សេចក្ដី​កោតខ្លាច​ជាខ្លាំង។ 6ពេលនោះពួក​យុវជន​ក៏​ក្រោក​ឡើង​រុំ​សព​គាត់​ហើយ​សែង​យកទៅ​បញ្ចុះ។ 7ប្រហែលជា​បី​ម៉ោង​ក្រោយមក​ប្រពន្ធ​របស់​លោក​អាណានាស​ក៏​ចូល​មក​ដែរ​ដោយ​មិន​ដឹង​អំពី​ហេតុការណ៍​ដែល​បាន​កើតឡើង​នោះ​ទេ។ 8លោកពេត្រុស​ក៏​សួរ​នាង​ថា៖ ​«សូម​ប្រាប់​ខ្ញុំ​មើល៍​តើ​អ្នក​លក់​ដី​បាន​ប្រាក់​ប៉ុណ្ណឹង​មែន​ឬ?» ​នាង​ឆ្លើយ​ថា​«ចា៎ស! ​ប៉ុណ្ណឹង​មែន»។ 9ពេលនោះលោក​ពេត្រុស​ក៏​និយាយ​ទៅ​នាង​ថា៖ ​«ហេតុអ្វី​បានជា​អ្នក​ព្រមព្រៀង​គ្នា​ល្បងល​ព្រះ​វិញ្ញាណ​របស់​ព្រះអម្ចាស់​ដូច្នេះ? ​មើល៍​ជើង​របស់​ពួក​អ្នក​ដែល​បញ្ចុះ​សព​ប្ដី​របស់​នាង​នៅ​មាត់​ទ្វារ​ហើយ​ពួកគេ​នឹង​សែង​នាង​យកទៅ​ដែរ»។ 10ភ្លាមនោះនាង​ក៏​ដួល​នៅ​ទៀប​ជើង​របស់​លោក​ពេត្រុស​ហើយ​ដាច់ខ្យល់​ស្លាប់​ទៅ។ ​ពេល​ពួក​យុវជន​ចូលមក​ហើយ​ឃើញ​នាង​ស្លាប់​ដូច្នេះ​ពួកគេ​ក៏​សែង​នាង​យកទៅ​បញ្ចុះ​ក្បែរ​ប្ដី​របស់​នាង។ 11ក្រុមជំនុំ​ទាំងមូល​ព្រមទាំង​អស់​អ្នក​ដែល​បាន​ឮ​អំពី​ហេតុការណ៍​នេះ​មាន​សេចក្ដី​កោតខ្លាច​ជាខ្លាំង។ 12មានទីសំគាល់​និង​ការអស្ចារ្យ​ជាច្រើន​បាន​កើតឡីង​នៅក្នុង​ចំណោម​ប្រជាជន​តាមរយៈ​ដៃ​របស់​ពួក​សាវក​ហើយ​ពួកគេ​ទាំងអស់​គ្នា​មាន​ចិត្ដគំនិត​តែមួយ​នៅក្នុង​សាលាសំណាក់​សាឡូម៉ូន 13រីឯអ្នក​ផ្សេង​ទៀត​គ្មាន​អ្នកណា​ហ៊ាន​ចូល​រួម​ជាមួយ​ពួកគេ​ទេ​ប៉ុន្ដែ​ទោះជា​យ៉ាងណា​ក្ដី​ប្រជាជន​គោរព​ពួកគេ 14ហើយអស់​អ្នក​ដែល​បាន​ជឿ​ព្រះអម្ចាស់​ទាំង​ប្រុស​ទាំង​ស្រី​មាន​ចំនួន​កើន​ឡើង​ជា​លំដាប់ 15ដូច្នេះហើយ​បានជា​មាន​គេ​សែង​ពួក​អ្នកជំងឺ​មក​ដាក់​នៅតាម​ផ្លូវ​ហើយ​ផ្ដេក​អ្នកជំងឺ​ទាំងនោះ​នៅលើ​គ្រែស្នែង​និង​កន្ទេល​ដើម្បី​ពេល​លោក​ពេត្រុស​ដើរកាត់​យ៉ាងហោចណាស់​ក៏​ស្រមោល​របស់​គាត់​បាំង​លើ​អ្នកខ្លះ​ក្នុងចំណោម​ពួកគេ 16ហើយមនុស្ស​ជាច្រើន​ដែលនៅក្នុង​ក្រុង​ទាំងឡាយ​ជុំវិញ​ក្រុង​យេរូសាឡិម​បាន​នាំគ្នា​មក​ដែរ​ដោយ​នាំយក​ពួក​អ្នកជំងឺ​និង​អស់​អ្នក​ដែល​ត្រូវ​ពួក​វិញ្ញាណ​អាក្រក់​ធ្វើទុក្ខ​មក​ជាមួយ​ហើយ​អ្នកទាំងនោះ​ក៏​ត្រូវ​បាន​ប្រោស​ឲ្យ​ជា​ទាំងអស់​គ្នា។ 17រីឯសម្ដេច​សង្ឃ​និង​ពួក​អ្នក​ដែល​នៅ​ជាមួយ​ដែល​ជា​ពួក​អ្នកខាង​គណៈ​សាឌូស៊ី​បាន​រួមគ្នា​ប្រឆាំង​ព្រោះ​ពួកគេ​ពេញ​ដោយ​សេចក្ដី​ច្រណែន 18ពួកគេបាន​ចាប់​ពួក​សាវក​ហើយ​យកទៅ​ឃុំ​ទុក​នៅក្នុង​គុក​សាធារណៈ។ 19ប៉ុន្ដែនៅពេល​យប់​ទេវតា​របស់​ព្រះអម្ចាស់​បាន​បើក​ទ្វារ​គុក​ហើយ​នាំ​ពួកគេ​ចេញ​ទាំង​និយាយ​ថា៖ 20«ចូរ​ទៅ​ហើយ​ឈរ​ប្រកាស​ប្រាប់​ប្រជាជន​នៅក្នុង​ព្រះ​វិហារ​អំពី​អស់ទាំង​ព្រះបន្ទូល​នៃ​ជីវិត​នេះ​ចុះ»។ 21ពេលឮ​ដូច្នេះ​ហើយ​ពួកគេ​ក៏​ចូលទៅ​ក្នុង​ព្រះ​វិហារ​ពី​ព្រលឹម​ហើយ​ចាប់ផ្ដើម​បង្រៀន។ ​កាល​សម្ដេច​សង្ឃ​និង​ពួក​អ្នក​នៅ​ជាមួយ​បាន​មកដល់​ហើយ​ពួកគេ​ក៏​កោះហៅ​ក្រុមប្រឹក្សាកំពូល​រួមទាំង​ក្រុម​ប្រឹក្សា​របស់​ប្រជាជន​អ៊ីស្រាអែល​ទាំងអស់​មក​និង​បាន​ចាត់​គេ​ឲ្យ​ទៅ​គុក​ដើម្បី​នាំ​ពួកសាវក​មក 22ប៉ុន្ដែកាល​ពួក​ឆ្មាំព្រះវិហារ​បាន​ទៅ​ដល់គុក​ពួកគេ​មិន​បាន​ឃើញ​ពួក​សាវក​នៅក្នុង​នោះ​ទេ​ដូច្នេះ​ពួកគេ​ក៏​ត្រលប់មក​រាយការណ៍​វិញ 23ថា៖ ​«យើង​បាន​ឃើញ​គុក​ចាក់សោ​ជាប់​យ៉ាងមាំ​ទាំង​មាន​អ្នកយាម​ឈរ​នៅ​មាត់​ទ្វារ​ប៉ុន្ដែ​ពេល​យើង​បើក​ទ្វារ​ទៅ​នោះ​គ្មាន​ឃើញ​អ្នកណា​ម្នាក់​នៅក្នុង​នោះ​សោះ»។ 24ពេលប្រធាន​ឆ្មាំ​ព្រះ​វិហារ​និង​ពួក​សម្ដេច​សង្ឃ​ឮ​ដូច្នោះ​ពួកគេ​គិតមិនយល់​ទាល់តែសោះ​ចំពោះ​ហេតុការណ៍​ដែល​បាន​កើតឡើង​ដល់​ពួក​សាវក។ 25ពេលនោះមាន​ម្នាក់​បាន​មក​រាយការណ៍​ប្រាប់​ពួកគេ​ថា៖ ​«មើល៍​ពួក​មនុស្ស​ដែល​ពួក​លោក​បាន​ចាប់​ដាក់​គុក​នោះ​ឥឡូវនេះ​ពួកគេ​កំពុង​ឈរ​បង្រៀន​ប្រជាជន​នៅក្នុង​ព្រះ​វិហារ​ឯ​ណោះ!» 26ដូច្នេះប្រធាន​ឆ្មាំ​ព្រះវិហារ​និង​ពួក​ឆ្មាំព្រះវិហារ​បាន​ចេញទៅ​នាំ​ពួកសាវក​មក​ដោយ​គ្មាន​អំពើ​ហិង្សា​ទេ​ព្រោះ​ពួកគេ​ខ្លាច​ប្រជាជន​គប់​ពួកគេ​នឹងដុំថ្ម។ 27ពេលពួកគេ​នាំ​ពួកសាវក​មក​ដល់​ហើយ​ពួកគេ​ក៏​ដាក់​អ្នក​ទាំងនោះ​នៅមុខ​ក្រុមប្រឹក្សាកំពូល​ហើយ​សម្ដេច​សង្ឃ​ក៏​សួរ​ពួកគេ 28ថា៖ ​«យើង​បាន​ចេញ​បញ្ជា​យ៉ាងម៉ឺងម៉ាត់​មិន​ឲ្យ​អ្នករាល់គ្នា​បង្រៀន​ដោយ​នូវ​ឈ្មោះ​របស់​អ្នក​នោះ​ទេ​ប៉ុន្ដែ​មើល៍​អ្នករាល់គ្នា​បាន​បង្រៀន​ពេញ​ក្រុង​យេរូសាឡិម​ហើយ​មាន​បំណង​យក​ឈាម​បុរស​នេះ​មក​ទម្លាក់​លើ​យើង​ទៀត​ផង»។ 29ពេលនោះលោក​ពេត្រុស​និង​ពួក​សាវក​បាន​ឆ្លើយ​ថា៖ ​«យើង​ត្រូវ​ស្ដាប់បង្គាប់​តាម​ព្រះជាម្ចាស់​ជា​ជាង​ស្ដាប់តាម​មនុស្ស 30ព្រះនៃ​ដូនតា​របស់​យើង​បាន​ប្រោស​ព្រះ​យេស៊ូ​ដែល​ពួក​លោក​បាន​សម្លាប់​ដោយ​ព្យួរ​នៅ​លើ​ឈើ​ឆ្កាង​ឲ្យ​រស់​ឡើង​វិញ។ 31ព្រះយេស៊ូនេះ​ហើយ​ដែល​ព្រះជាម្ចាស់​បាន​លើក​តម្កើង​ឲ្យ​នៅ​ខាង​ស្ដាំ​ព្រះអង្គ​ធ្វើជា​ព្រះអម្ចាស់​និង​ជា​ព្រះអង្គ​សង្គ្រោះ​ដើម្បី​ប្រទាន​ការប្រែចិត្ដ​ព្រមទាំង​ការ​លើកលែងទោស​បាប​ដល់​ជនជាតិ​អ៊ីស្រាអែល 32រីឯយើង​ជា​សាក្សី​អំពី​ហេតុការណ៍​នេះ​ហើយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដែល​ព្រះជាម្ចាស់​បាន​ប្រទាន​ដល់​ពួក​អ្នក​ដែល​ស្ដាប់បង្គាប់​តាម​ព្រះអង្គ​ក៏​ជា​សាក្សី​ដែរ»។ 33ពេលពួកគេ​ឮ​ដូច្នេះ​ក៏​ខឹង​ជាខ្លាំង​ហើយ​ចង់​សម្លាប់​ពួកសាវក​ចោល 34ប៉ុន្ដែមាន​អ្នកខាង​គណៈ​ផារិស៊ី​ម្នាក់​ឈ្មោះ​កាម៉ាលាល​ជា​គ្រូវិន័យ​និង​ជាអ្នកដែល​ប្រជាជន​គ្រប់គ្នា​គោរព​គាត់​បាន​ងើប​ឈរ​ឡើង​នៅក្នុង​ក្រុមប្រឹក្សាកំពូល​នោះ​ហើយ​បាន​បង្គាប់​គេ​ឲ្យ​យក​ពួក​សាវក​ទាំងនោះ​ទៅខាងក្រៅ​បន្ដិច​សិន។ 35បន្ទាប់មកគាត់​ក៏​និយាយ​ទៅ​ពួកគេ​ថា៖ ​«បងប្អូន​អ៊ីស្រាអែល​អើយ! ​ចូរ​ប្រយ័ត្ន​ខ្លួន​ពី​ការ​ដែល​បងប្អូន​ប៉ុនប៉ង​ធ្វើ​ចំពោះ​អ្នក​ទាំងនេះ 36ដ្បិតពេល​ថ្មីៗ​កន្លងមក​នេះ​មាន​ម្នាក់​ឈ្មោះ​ធើដាស​បាន​អះអាង​ធ្វើ​ជា​មនុស្ស​ដ៏​អស្ចារ្យ​ម្នាក់​ហើយ​មនុស្ស​មួយ​ក្រុម​ដែលមានគ្នា​ប្រហែល​បួនរយ​នាក់​បាន​ចូលរួម​ជាមួយ​អ្នកនោះ​ប៉ុន្ដែ​អ្នកនោះ​ក៏​ត្រូវ​គេ​សម្លាប់​ហើយ​ពួក​អ្នក​ទាំងឡាយ​ដែល​ដើរ​តាម​គាត់​បាន​ខ្ចាត់ខ្ចាយ​អស់ 37បន្ទាប់ពីម្នាក់​នោះ​មក​មាន​ម្នាក់​ទៀត​ឈ្មោះ​យូដាស​ជា​អ្នក​ស្រុក​កាលីឡេ​បាន​ក្រោកឡើង​បះបោរ​នៅ​គ្រា​ធ្វើ​ជំរឿន​ប្រជាជន​គាត់​បាន​អូសទាញ​មនុស្ស​មួយ​ចំនួន​ឲ្យ​ដើរតាម​គាត់។ ​អ្នក​នេះ​ក៏​វិនាស​ដែរ​ហើយ​ពួកអ្នកដែល​ដើរតាម​គាត់​ទាំងឡាយ​ក៏​ខ្ចាត់ខ្ចាយ​អស់​ដែរ 38ដូច្នេះក្នុង​ករណី​នេះ​ខ្ញុំ​សូម​ប្រាប់​អ្នករាល់គ្នា​ថា​ចូរ​នៅ​ឲ្យ​ឆ្ងាយ​ពី​មនុស្ស​ទាំងនេះ​ហើយ​បណ្ដោយតាម​ពួកគេ​ចុះ​ព្រោះ​បើ​គម្រោងការ​ឬ​សកម្មភាព​នេះ​ជា​របស់​មនុស្ស​នោះ​នឹង​ត្រូវ​វិនាស​មិនខាន 39ផ្ទុយទៅវិញបើ​ការ​នេះ​មកពី​ព្រះជាម្ចាស់​នោះ​អ្នករាល់គ្នា​មិន​អាច​ធ្វើ​ឲ្យ​ពួកគេ​វិនាស​បាន​ឡើយ​មិនត្រឹមតែ​ប៉ុណ្ណោះ​អ្នករាល់គ្នា​នឹង​ក្លាយជា​អ្នក​តតាំង​នឹង​ព្រះជាម្ចាស់​ទៀត​ផង»។ ​ពួកគេ​ក៏​យល់ព្រម​តាម​សំដី​របស់​គាត់ 40បន្ទាប់មកពួកគេ​ក៏​ហៅ​ពួក​សាវក​ឲ្យ​ចូលមក​វិញ​និង​បាន​វាយ​អ្នកទាំងនោះ​ទាំង​ហាម​មិន​ឲ្យ​ប្រកាស​ដោយ​នូវ​ព្រះ​នាម​របស់​ព្រះ​យេស៊ូ​ទៀត​ឡើយ​រួច​ពួកគេ​ក៏​ដោះលែង​ពួក​សាវក។ 41ពេលនោះពួក​សាវក​បាន​ចេញ​ពី​អង្គ​ប្រជុំ​របស់​ក្រុមប្រឹក្សាកំពូល​ទាំង​អរ​សប្បាយ​ចំពោះ​ការដែល​ត្រូវ​បាន​គេ​រាប់ថា​ជា​អ្នក​ស័ក្ដិសម​ទទួល​សេចក្ដី​ដំណៀល​ដោយ​ព្រោះ​ព្រះនាម​របស់​ព្រះអង្គ 42ហើយជា​រៀងរាល់​ថ្ងៃ​ពួក​សាវក​បាន​បន្ដ​បង្រៀន​ព្រមទាំង​ប្រកាស​ដំណឹងល្អ​អំពី​ព្រះ​យេស៊ូ​ជា​ព្រះ​គ្រិស្ដ​ឥត​ឈប់ឈរ​ទាំង​នៅក្នុង​ព្រះ​វិហារ​និង​នៅតាម​ផ្ទះ។
Copyright information for KhmKCB