‏ Acts 6

1នៅគ្រា​នោះ​ពេល​ពួក​សិស្ស​កំពុង​កើនចំនួន​ឡើង​នោះ​ពួក​ជនជាតិ​យូដា​ដែល​និយាយ​ភាសា​ក្រេក​បាន​និយាយ​រអ៊ូរទាំ​ចំពោះ​ជនជាតិ​យូដា​ដែល​និយាយ​ភាសា​ហេព្រើរ​ថា​ការ​ចែក​អាហារ​ប្រចាំថ្ងៃ​ដល់​ពួក​ស្ដ្រី​មេម៉ាយ​របស់​ពួកគេ​មិនបាន​ដិតដល់​ទេ។ 2ពេលនោះពួក​សាវក​ទាំង​ដប់ពីរ​បាន​ហៅ​ពួក​សិស្ស​ទាំងអស់​មក​ហើយ​និយាយ​ថា៖ ​«មិន​ស័ក្ដិសម​ទេ​ដែល​ឲ្យ​យើង​ឈប់រវីរវល់​នឹង​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ទៅ​បម្រើ​តុ​នោះ 3ដូច្នេះបងប្អូន​អើយ! ​សូម​ជ្រើសរើស​បុរស​ប្រាំពីរ​នាក់​ក្នុងចំណោម​អ្នករាល់គ្នា​ដែល​មាន​កេរ្ដិ៍ឈ្មោះ​ល្អ​ពេញ​ដោយ​ព្រះ​វិញ្ញាណ​និង​ប្រាជ្ញា​មក​នោះ​យើង​នឹង​តែងតាំង​អ្នកទាំងនោះ​ឲ្យ​មើលខុសត្រូវ​លើ​មុខងារ​នេះ 4រីឯយើង​វិញ​យើង​នឹង​បន្ដ​នៅក្នុង​សេចក្ដី​អធិស្ឋាន​និង​ការបម្រើ​ព្រះបន្ទូល​យ៉ាង​ខ្ជាប់ខ្ជួន!» 5អង្គប្រជុំទាំងមូល​ពេញចិត្ដ​នឹង​សំណើ​នេះ​ណាស់​ដូច្នេះ​ពួកគេ​ក៏​ជ្រើសរើស​លោក​ស្ទេផាន​ជា​អ្នក​ដែល​ពេញ​ដោយ​ជំនឿ​និង​ព្រះ​វិញ្ញាណ​បរិសុទ្ធ​លោក​ភីលីព​លោក​ប្រូខូរ៉ុស​លោក​នីកាន័រ​លោក​ទីម៉ូន​លោក​ប៉ាមេណា​និង​លោក​នីកូឡាស​ជា​អ្នក​ចូល​សាសនា​យូដា​មក​ពី​ក្រុង​អាន់ទីយ៉ូក។ 6ពួកគេបាន​នាំ​អ្នកទាំងនោះ​មក​ឈរ​នៅ​ចំពោះ​មុខ​ពួក​សាវក​ហើយ​ពួក​សាវក​ក៏​អធិស្ឋាន​ដោយ​ដាក់​ដៃ​លើ​អ្នកទាំងនោះ។ 7ដូច្នេះព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ក៏​កាន់តែ​ចម្រើន​ឡើង​ហើយ​ចំនួន​សិស្ស​នៅ​ក្រុង​យេរូសាឡិម​ក៏​កើន​ឡើង​យ៉ាងច្រើន​ឯ​ពួក​សង្ឃ​ជាច្រើន​ក៏​ប្រតិបត្តិ​តាម​ជំនឿ​នេះ​ដែរ! 8រីឯលោក​ស្ទេផាន​ជា​មនុស្ស​ម្នាក់​ពេញ​ដោយ​ព្រះគុណ​និង​អំណាច​គាត់​បាន​ធ្វើ​ការ​អស្ចារ្យ​និង​ទីសំគាល់​ធំៗ​ក្នុងចំណោម​ប្រជាជន 9នៅពេលនោះមាន​មនុស្ស​ខ្លះ​មក​ពី​សាលាប្រជុំ​មួយ​ដែល​ហៅ​ថា​ក្រុម​សេរីភាព​ដែល​មាន​ពួក​អ្នកក្រុង​គីរេន​ពួក​អ្នកក្រុង​អ័លេក្សានទ្រា​និង​អ្នក​ខ្លះ​មកពី​ស្រុក​គីលីគា​និង​ស្រុក​អាស៊ី​បាន​សួរ​ដេញដោល​លោក​ស្ទេផាន 10ប៉ុន្ដែពួកគេ​មិន​អាច​តទល់​នឹង​សេចក្ដី​ដែល​លោក​ស្ទេផាន​និយាយ​ដោយ​ប្រាជ្ញា​និង​ព្រះ​វិញ្ញាណ​នោះ​បាន​ទេ 11ដូច្នេះពួកគេ​ក៏​អូសទាញ​មនុស្ស​ខ្លះ​ឲ្យ​និយាយ​ថា៖ ​«យើង​បាន​ឮ​អ្នកនេះ​និយាយ​ពាក្យ​ប្រមាថ​ដល់​លោក​ម៉ូសេ​និង​ព្រះជាម្ចាស់!» 12ពួកគេបាន​ញុះញង់​ប្រជាជន​ពួក​ចាស់ទុំ​និង​ពួក​គ្រូវិន័យ​ហើយ​ពួកគេ​ក៏​នាំគ្នា​មក​ចាប់​លោក​ស្ទេផាន​យក​ទៅ​ដាក់​នៅ​ចំពោះ​មុខ​ក្រុមប្រឹក្សាកំពូល។ 13ពួកគេបាន​រៀបចំ​ពួក​សាក្សី​ក្លែងក្លាយ​ឲ្យ​និយាយ​ថា៖ ​«មនុស្ស​នេះ​ចេះតែ​និយាយ​ពាក្យ​ជំទាស់​នឹង​ទី​បរិសុទ្ធ​នេះ​ព្រមទាំង​គម្ពីរវិន័យ​ឥត​ឈប់​ឈរ​ឡើយ 14ដ្បិតយើង​បាន​ឮ​គាត់​និយាយ​ថា​យេស៊ូ​ជា​អ្នក​ក្រុង​ណាសារ៉ែត​នេះ​នឹង​បំផ្លាញ​កន្លែង​នេះ​ចោល​ហើយ​ផ្លាស់ប្ដូរ​ទំនៀម​ទម្លាប់​ដែល​លោក​ម៉ូសេ​បាន​ប្រគល់​ឲ្យ​យើង​ទៀត​ផង»។ 15រីឯពួក​អ្នក​ដែល​អង្គុយ​នៅក្នុង​ក្រុមប្រឹក្សាកំពូល​បាន​សម្លឹង​មើល​លោក​ស្ទេផាន​គ្រប់ៗ​គ្នា​ពួកគេ​បាន​ឃើញ​មុខ​របស់​គាត់​ដូច​ជា​មុខ​របស់​ទេវតា។
Copyright information for KhmKCB