‏ Acts 7

1ពេលនោះសម្ដេច​សង្ឃ​សួរ​ថា៖ ​«តើ​ដូច្នេះ​មែន​ឬ?» 2លោកស្ទេផាន​ក៏​ឆ្លើយ​ថា៖ ​«បងប្អូន​និង​ឪពុក​ទាំងឡាយ​អើយ! ​សូម​ស្ដាប់​ចុះ​ព្រះជាម្ចាស់​នៃ​សេចក្ដី​រុងរឿង​បាន​បង្ហាញ​ខ្លួន​ឲ្យ​លោក​អ័ប្រាហាំ​ជា​ដូនតា​របស់​យើង​មើល​ឃើញ​កាល​នៅ​ស្រុក​មេសូប៉ូតាមា​មុន​ពេល​គាត់​ទៅ​រស់នៅ​ក្នុង​ស្រុក​ខារ៉ាន 3គឺព្រះអង្គ​បាន​មានបន្ទូល​ទៅ​គាត់​ថា​ចូរ​ចាក​ចេញ​ពី​ស្រុក​និង​សាច់ញាតិ​របស់​អ្នក​ហើយ​ទៅ​ស្រុក​មួយ​ដែល​យើង​នឹង​បង្ហាញ​ដល់​អ្នក​ចុះ។ 4ដូច្នេះគាត់​ក៏​ចាក​ចេញ​ពី​ស្រុក​របស់​ជនជាតិ​ខាល់ដេ​ទៅ​រស់នៅ​ក្នុង​ស្រុក​ខារ៉ាន​លុះ​ក្រោយ​ពេល​ឪពុក​របស់​លោក​អ័ប្រាហាំ​បាន​ស្លាប់​ទៅ​ព្រះជាម្ចាស់​ក៏​នាំ​គាត់​មក​រស់នៅ​លើ​ទឹកដី​នេះ​ជា​ទឹកដី​ដែល​យើង​កំពុង​រស់នៅ​សព្វថ្ងៃ 5ហើយព្រះជាម្ចាស់​មិន​បាន​ប្រទាន​ឲ្យ​គាត់​មាន​មរតក​នៅក្នុង​ស្រុក​នេះ​ទេ​សូម្បីតែ​ដី​ប៉ុន​បាត​ជើង​ប៉ុន្ដែ​ព្រះអង្គ​បាន​សន្យា​ថា​នឹង​ប្រទាន​ស្រុក​នេះ​ដល់​គាត់​ព្រមទាំង​កូនចៅ​ជំនាន់​ក្រោយ​របស់​គាត់​ទុក​ជា​កម្មសិទ្ធិ​ទោះបី​ជា​គាត់​មិន​ទាន់​មាន​កូន​ក៏ដោយ។ 6ព្រះជាម្ចាស់មានបន្ទូល​ដូច្នេះ​ថា​កូនចៅ​របស់​គាត់​នឹង​ត្រលប់ជា​អ្នក​ស្នាក់​អាស្រ័យ​នៅក្នុង​ស្រុក​ដទៃ​អ្នកស្រុក​នោះ​នឹង​យក​ពួកគេ​ធ្វើជា​ទាសករ​ហើយ​ធ្វើបាប​ពួកគេ​បួនរយ​ឆ្នាំ 7ប៉ុន្ដែយើង​នឹង​ដាក់ទោស​ដល់​ជាតិ​សាសន៍​ដែល​ពួកគេ​បាន​បម្រើ​ក្នុងនាម​ជាទាសករ​នោះ។ ​ព្រះជាម្ចាស់​មានបន្ទូល​ទៀត​ថា​ក្រោយ​នោះ​មក​ពួកគេ​នឹង​ចាក​ចេញ​មក​បម្រើ​យើង​នៅ​កន្លែង​នេះ។ 8ព្រះជាម្ចាស់បាន​ប្រទាន​ការ​កាត់ស្បែក​ដល់​លោក​អ័ប្រាហាំ​ទុកជា​កិច្ចព្រមព្រៀង​ដូច្នេះ​ពេល​លោក​អ័ប្រាហាំ​បង្កើត​បាន​លោក​អ៊ីសាក​គាត់​ក៏​កាត់ស្បែក​ឲ្យ​នៅ​ថ្ងៃ​ទីប្រាំបី​ក្រោយមក​លោក​អ៊ីសាក​បង្កើត​បាន​លោក​យ៉ាកុប​លោក​យ៉ាកុប​បង្កើត​បាន​បុព្វបុរស​ទាំង​ដប់ពីរ 9ហើយបុព្វបុរស​ទាំងនោះ​បាន​លក់​លោក​យ៉ូសែប​ទៅ​ស្រុក​អេស៊ីព្ទ​ដោយ​ព្រោះតែ​សេចក្ដី​ច្រណែន​ប៉ុន្ដែ​ព្រះជាម្ចាស់​បាន​គង់​នៅ​ជាមួយ​លោក​យ៉ូសែប 10ហើយបាន​រំដោះ​គាត់​ឲ្យ​រួច​ពី​សេចក្ដី​វេទនា​ទាំងឡាយ​ព្រមទាំង​បាន​ប្រទាន​ឲ្យ​គាត់​មាន​ប្រាជ្ញា​និង​ជាទីគាប់ចិត្ដ​នៅចំពោះ​ស្ដេច​ស្រុក​អេស៊ីព្ទ។ ​ដូច្នេះ​ស្ដេច​ក៏​តែងតាំង​គាត់​ឲ្យ​ធ្វើជា​អ្នក​គ្រប់គ្រង​លើ​ស្រុក​អេស៊ីព្ទ​និង​លើ​ដំណាក់​ទាំងមូល​របស់​ស្ដេច។ 11គ្រានោះកើតមាន​គ្រោះ​អត់ឃ្លាន​ពាសពេញ​ស្រុក​អេស៊ីព្ទ​និង​ស្រុក​កាណាន​បណ្ដាល​ឲ្យ​មាន​សេចក្ដី​វេទនា​ជាខ្លាំង​រីឯ​ដូនតា​របស់​យើង​រក​អាហារ​មិន​បាន​សោះ 12ពេលលោក​យ៉ាកុប​បាន​ឮ​ថា​នៅ​ស្រុក​អេស៊ីព្ទ​មាន​ស្រូវ​គាត់​ក៏​ចាត់​ដូនតា​របស់​យើង​ឲ្យ​ទៅ​ជា​លើក​ទីមួយ 13នៅលើក​ទីពីរ​លោក​យ៉ូសែប​បាន​បង្ហាញ​ខ្លួន​ឲ្យ​បង​ៗ​របស់​គាត់​ស្គាល់​ហើយ​ស្ដេច​ស្រុកអេស៊ីព្ទ​ក៏​បាន​ដឹង​អំពី​គ្រួសារ​របស់​លោក​យ៉ូសែប 14លោកយ៉ូសែប​បាន​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​លោក​យ៉ាកុប​ជា​ឪពុក​របស់​គាត់​និង​សាច់ញាតិ​ទាំង​ចិតសិប​ប្រាំ​នាក់​របស់​គាត់​ឲ្យ​មក 15ដូច្នេះលោក​យ៉ាកុប​បាន​ចុះទៅ​ឯ​ស្រុក​អេស៊ីព្ទ​ហើយ​គាត់​និង​ដូនតា​របស់​យើង​បាន​ស្លាប់​នៅទីនោះ។ 16ពួកគេបាន​យក​សព​អ្នកទាំងនោះ​ត្រលប់មក​ក្រុង​ស៊ីគែម​វិញ​ហើយ​បាន​បញ្ចុះ​នៅក្នុង​ផ្នូរ​ដែល​លោក​អ័ប្រាហាំ​បាន​យក​ប្រាក់​មួយ​ចំនួន​ទិញ​ពី​កូនចៅ​របស់​លោក​ហេម័រ​នៅ​ក្រុង​ស៊ីគែម 17នៅពេលដែល​សេចក្ដី​សន្យា​ដែល​ព្រះជាម្ចាស់​បាន​សន្យា​ជាមួយ​លោក​អ័ប្រាហាំ​ជិត​បាន​សម្រេច​នោះ​ប្រជាជន​របស់​យើង​ក៏​មាន​ចំនួន​ច្រើនឡើង​ៗ​នៅក្នុង​ស្រុក​អេស៊ីព្ទ 18រហូតដល់មាន​ស្ដេច​មួយ​អង្គ​ទៀត​ដែល​មិន​បាន​ស្គាល់​លោក​យ៉ូសែប​ឡើង​គ្រង​រាជ្យ​លើ​ស្រុក​អេស៊ីព្ទ។ 19ស្ដេចនោះ​បាន​ប្រើ​ល្បិច​អាក្រក់​មក​លើ​ជនជាតិ​របស់​យើង​ព្រមទាំង​បាន​ធ្វើបាប​ដូនតា​របស់​យើង​ដោយ​ឲ្យ​បំបរបង់​កូន​ៗ​របស់​ពួកគេ​ចោល​ដើម្បី​កុំ​ឲ្យ​មាន​ជីវិត​រស់ 20គឺពេល​នោះ​ហើយ​ដែល​លោក​ម៉ូសេ​បាន​កើត​មក​ហើយ​មាន​រូបរាង​ស្រស់​ស្អាត​នៅ​ចំពោះ​ព្រះជាម្ចាស់​គាត់​ត្រូវ​បាន​ចិញ្ចឹម​នៅក្នុង​ផ្ទះ​ឪពុក​របស់​គាត់​អស់​រយៈ​ពេល​បី​ខែ 21រួចក៏​ត្រូវ​បំបរបង់​ចោល​ប៉ុន្ដែ​បុត្រី​របស់​ស្ដេច​ស្រុកអេស៊ីព្ទ​បាន​យក​គាត់​មក​ចិញ្ចឹម​ធ្វើ​ជា​បុត្រ​របស់​ព្រះនាង។ 22លោកម៉ូសេ​បាន​ទទួល​ការ​អប់រំ​គ្រប់​មុខវិជ្ជា​ទាំងអស់​របស់​ជនជាតិ​អេស៊ីព្ទ​ហើយ​គាត់​ពូកែ​ទាំង​នៅក្នុង​ការ​និយាយស្ដី​និង​ការ​ប្រព្រឹត្ដិ។ 23នៅពេលគាត់​មាន​អាយុ​សែសិប​ឆ្នាំ​គាត់​មាន​ចិត្ដ​ចង់​ទៅ​សួរ​សុខទុក្ខ​ពួក​កូនចៅ​អ៊ីស្រាអែល​ជា​បងប្អូន​របស់​គាត់។ 24ពេលគាត់​ឃើញ​គេ​ធ្វើបាប​បងប្អូន​របស់​គាត់​ម្នាក់​គាត់​ក៏​ការពារ​ហើយ​បាន​សងសឹក​ជំនួស​អ្នក​ដែល​ត្រូវ​គេ​ធ្វើបាប​ដោយ​វាយ​សម្លាប់​ជនជាតិ​អេស៊ីព្ទ​នោះ 25ដ្បិតគាត់​ស្មាន​ថា​បងប្អូន​របស់​គាត់​មុខជា​យល់​ថា​ព្រះជាម្ចាស់​ប្រទាន​សេចក្ដី​សង្គ្រោះ​ដល់​ពួកគេ​តាមរយៈ​ដៃ​របស់​គាត់​ប៉ុន្ដែ​ពួកគេ​មិន​បាន​យល់​ដូច្នោះ​ឡើយ។ 26នៅថ្ងៃ​បន្ទាប់​គាត់​ក៏​ប្រទះឃើញ​ពួកគេ​កំពុង​វាយតប់​គ្នា​ហើយ​គាត់​បាន​ព្យាយាម​ផ្សះផ្សា​ពួកគេ​ឲ្យ​ត្រូវគ្នា​វិញ​ដោយ​និយាយ​ថា​បងប្អូន​អើយ! ​ពួកអ្នក​ជា​បងប្អូន​នឹងគ្នា​ហេតុអ្វី​ក៏​បង្ក​របួសស្នាម​ដល់​គ្នា​ដូច្នេះ? 27ប៉ុន្ដែអ្នក​ដែល​កំពុង​បង្ក​របួសស្នាម​ដល់​ម្នាក់​ទៀត​បាន​ច្រាន​គាត់​ទាំង​និយាយ​ថា​តើ​អ្នកណា​តែងតាំង​អ្នក​ឲ្យ​ធ្វើជា​មេ​ដឹកនាំ​និង​ជា​ចៅក្រម​សម្រាប់​យើង? 28តើអ្នក​ចង់​សម្លាប់​ខ្ញុំ​ដូច​ជា​អ្នក​បាន​សម្លាប់​ជនជាតិ​អេស៊ីព្ទ​ម្នាក់​កាលពី​ម្សិលមិញ​ដែរ​ឬ? 29ពេលឮ​សំដី​ដូច្នេះ​លោក​ម៉ូសេ​ក៏​ភៀសខ្លួន​ទៅ​ស្រុក​ម៉ាឌាន​ហើយ​រស់នៅ​ជា​ជន​បរទេស​នៅ​ស្រុក​នោះ​គាត់​បង្កើត​បាន​កូន​ប្រុស​ពីរ​នាក់។ 30សែសិបឆ្នាំ​ក្រោយ​មក​មាន​ទេវតា​មួយ​រូប​បាន​បង្ហាញ​ខ្លួន​ឲ្យ​គាត់​ឃើញ​នៅ​ទីរហោឋាន​ភ្នំ​ស៊ីណាយ​គឺ​នៅក្នុង​អណ្ដាត​ភ្លើង​ដែល​កំពុង​ឆេះ​គុម្ពបន្លា។ 31ពេលលោក​ម៉ូសេ​បាន​ឃើញ​ទិដ្ឋភាព​ដូច្នេះ​គាត់​ក៏​ឆ្ងល់​ហើយ​នៅ​ពេល​គាត់​ចូលទៅជិត​ដើម្បី​ពិនិត្យ​មើល​ឲ្យ​ច្បាស់​ស្រាប់តែ​មាន​សំឡេង​របស់​ព្រះអម្ចាស់​មាន​បន្ទូល​ថា 32យើងជា​ព្រះ​នៃ​ដូនតា​របស់​អ្នក​ជា​ព្រះ​របស់​អ័ប្រាហាំ​អ៊ីសាក​និង​យ៉ាកុប​ពេលនោះ​លោក​ម៉ូសេ​ភ័យញ័រ​មិន​ហ៊ាន​មើល​ទេ 33ព្រះអម្ចាស់មានបន្ទូល​មក​គាត់​ទៀត​ថា​ចូរ​ដោះ​ស្បែក​ជើង​របស់​អ្នក​ចេញ​ដ្បិត​កន្លែង​ដែល​អ្នក​កំពុង​ឈរ​នេះ​ជា​ដី​បរិសុទ្ធ 34យើងបាន​ឃើញ​បាន​យល់​ពី​ទុក្ខវេទនា​របស់​ប្រជារាស្ដ្រ​យើង​នៅ​ស្រុក​អេស៊ីព្ទ​និង​បាន​ឮ​ពី​ការ​ស្រែកថ្ងូរ​របស់​ពួកគេ​ហើយ​ដូច្នេះហើយ​បានជា​យើង​ចុះ​មក​ដើម្បី​រំដោះ​ពួកគេ​ចូរ​មក​ឥឡូវនេះ​យើង​នឹង​ចាត់​អ្នក​ឲ្យ​ទៅ​ស្រុក​អេស៊ីព្ទ។ 35លោកម៉ូសេ​នេះ​ហើយ​ដែល​គេ​បាន​បដិសេធ​គាត់​ដោយ​និយាយ​ថា​តើ​អ្នកណា​តែងតាំង​អ្នក​ឲ្យ​ធ្វើជា​មេ​ដឹកនាំ​និង​ជា​ចៅក្រម? ​ប៉ុន្ដែ​ព្រះជាម្ចាស់​បាន​ចាត់​លោក​ម៉ូសេ​ដដែល​នេះ​ឲ្យ​ទៅ​ធ្វើជា​មេ​ដឹកនាំ​និង​ជា​អ្នក​ជួយ​រំដោះ​តាមរយៈ​ដៃ​របស់​ទេវតា​ដែល​បាន​បង្ហាញ​ខ្លួន​ឲ្យ​គាត់​ឃើញ​នៅក្នុង​គុម្ពបន្លា​នោះ។ 36លោកម្នាក់​នេះ​ហើយ​ដែល​បាន​នាំ​ពួកគេ​ចេញ​ដោយ​បាន​ធ្វើ​ការ​អស្ចារ្យ​និង​ទីសំគាល់​នានា​នៅ​ស្រុក​អេស៊ីព្ទ​នៅ​សមុទ្រ​ក្រហម​និង​នៅ​ទីរហោឋាន​អស់រយៈ​ពេល​សែសិប​ឆ្នាំ។ 37លោកម៉ូសេ​នេះ​ហើយ​ដែល​បាន​និយាយ​ទៅ​កូន​ចៅ​អ៊ីស្រាអែល​ថា​ព្រះជាម្ចាស់​នឹង​តាំង​អ្នកនាំព្រះបន្ទូល​ម្នាក់​ដូច​ជា​ខ្ញុំ​ដែរ​ពី​ក្នុងចំណោម​បងប្អូន​របស់​អ្នករាល់គ្នា​សម្រាប់​អ្នករាល់គ្នា។ 38លោកម៉ូសេ​នេះ​ហើយ​ដែល​បាន​នៅ​ក្នុងចំណោម​ពួក​អ្នក​នៅ​ទីរហោឋាន​ជាមួយ​ដូនតា​របស់​យើង​និង​ទេវតា​ដែល​បាន​ថ្លែង​ព្រះបន្ទូល​ដល់​គាត់​នៅ​លើ​ភ្នំ​ស៊ីណាយ​ហើយ​គាត់​បាន​ទទួល​ព្រះបន្ទូល​ដ៏​មានជីវិត​មក​ប្រគល់​ឲ្យ​យើង​រាល់គ្នា។ 39ដូនតារបស់​យើង​មិន​ព្រម​ស្ដាប់បង្គាប់​គាត់​ទេ​ផ្ទុយទៅវិញ​ពួកគេ​បាន​ច្រាន​គាត់​ចោល​ហើយ​ក្នុង​ចិត្ដ​របស់​ពួកគេ​នឹកចង់​ត្រលប់​ទៅ​ស្រុក​អេស៊ីព្ទ​វិញ 40ដោយនិយាយ​ទៅ​លោក​អើរ៉ុន​ថា​ចូរ​ឆ្លាក់​រូប​ព្រះ​ឲ្យ​យើង​ជា​ព្រះ​ដែល​នាំមុខ​យើង​ដ្បិត​លោក​ម៉ូសេ​ដែល​បាន​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​នោះ​យើង​មិន​ដឹង​ថា​មាន​អ្វី​កើត​ឡើង​ដល់​គាត់​ទេ 41នៅពេល​នោះ​គេ​ក៏​ធ្វើ​រូប​កូនគោ​មួយ​ហើយ​ថ្វាយ​យញ្ញបូជា​ដល់​រូប​នោះ​ទាំង​នាំគ្នា​អរ​សប្បាយ​នឹង​ស្នា​ដៃ​របស់​ពួកគេ 42ដូច្នេះព្រះជាម្ចាស់​ក៏​បែរ​ព្រះភក្ដ្រ​ចេញ​ពី​ពួកគេ​ហើយ​បាន​ប្រគល់​ពួកគេ​ឲ្យ​ទៅ​បម្រើ​ពល​បរិវារ​នៅ​លើ​មេឃ​ដូច​មាន​សេចក្ដីចែង​ទុក​ក្នុង​គម្ពីរ​អ្នកនាំ​ព្រះបន្ទូល​ថា​ឱ​ពូជពង្ស​អ៊ីស្រាអែល​អើយ! ​រយៈ​ពេល​សែសិប​ឆ្នាំ​នៅ​ទីរហោឋាន​នោះ​តើ​អ្នករាល់គ្នា​បាន​យក​សត្វ​តង្វាយ​និង​យញ្ញបូជា​មក​ថ្វាយ​ដល់​យើង​ដែរ​ឬ​ទេ? 43អ្នករាល់គ្នាបែរជា​សែន​រោង​ម៉ូឡុក​និង​ផ្កាយ​រេមផាន់​ជា​ព្រះ​របស់​អ្នករាល់គ្នា​គឺ​ជា​រូបព្រះ​ដែល​អ្នករាល់គ្នា​បាន​ធ្វើ​សម្រាប់​ថ្វាយបង្គំ​ដូច្នេះ​យើង​នឹង​បញ្ជូន​អ្នករាល់គ្នា​ទៅ​ឯនាយ​ស្រុក​បាប៊ីឡូន។ 44ដូនតារបស់​យើង​មាន​រោង​នៃ​សេចក្ដី​បន្ទាល់​នៅ​ទីរហោឋាន​គឺ​ដូច​ដែល​ព្រះអង្គ​បាន​បង្គាប់​លោក​ម៉ូសេ​ឲ្យ​ធ្វើ​តាម​គំរូ​ដែល​គាត់​បាន​ឃើញ 45ដូនតារបស់​យើង​ក៏​ទទួល​រោងនោះ​តៗ​គ្នា​តាម​ជំនាន់​ព្រមទាំង​បាន​នាំ​យក​ទៅ​ជាមួយ​លោក​យ៉ូស្វេ​នៅ​គ្រា​កាន់កាប់​ទឹកដី​របស់​សាសន៍​ដទៃ​ដែល​ព្រះជាម្ចាស់​បាន​បណ្ដេញ​ពួកគេ​ចេញ​ពី​មុខ​ដូនតា​របស់​យើង​រហូតដល់​ជំនាន់​ស្ដេច​ដាវីឌ 46ដែលបាន​ជាទី​គាប់​ព្រះហឫទ័យ​នៅ​ចំពោះ​ព្រះភក្ដ្រ​របស់​ព្រះជាម្ចាស់​ហើយ​ស្ដេច​បាន​សុំ​សង់​ដំណាក់​សម្រាប់​ព្រះ​នៃ​ពូជពង្ស​របស់​លោក​យ៉ាកុប 47ប៉ុន្ដែជា​ស្ដេច​សាឡូម៉ូន​ទេតើ​ដែល​បាន​សង់​ដំណាក់​ថ្វាយ​ព្រះជាម្ចាស់ 48ទោះជាយ៉ាងណា​ក៏ដោយ​ព្រះ​ដ៏​ខ្ពស់​បំផុត​មិន​គង់​នៅ​ក្នុង​កន្លែង​ដែល​សង់ឡើង​ដោយ​ដៃ​មនុស្ស​ទេ​ដូច​ដែល​អ្នកនាំព្រះបន្ទូល​បាន​ថ្លែង​ទុក​ថា 49ស្ថានសួគ៌ជា​បល្ល័ង្ក​របស់​យើង​ឯ​ផែនដី​ជា​កំណល់​ជើង​របស់​យើង។ ​ព្រះអម្ចាស់​បាន​មានបន្ទូល​ថា​តើ​អ្នករាល់គ្នា​នឹង​សង់​ដំណាក់​បែប​ណា​សម្រាប់​យើង? ​តើ​កន្លែង​សម្រាក​របស់​យើង​ជា​កន្លែង​យ៉ាងដូចម្ដេច? 50តើមិន​មែន​ដៃ​របស់​យើង​ទេ​ឬ​ដែល​បាន​បង្កើត​របស់​ទាំង​អស់​នេះ? 51ឱអ្នករាល់គ្នា​ជា​មនុស្ស​ចចេស​និង​ជាអ្នក​មាន​ចិត្ដ​មាន​ត្រចៀក​មិន​កាត់ស្បែក​អើយ! ​អ្នករាល់គ្នា​ប្រឆាំង​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ជានិច្ច​ដូច​ជា​ដូនតា​របស់​អ្នករាល់គ្នា​ដែរ។ 52តើមាន​អ្នកនាំព្រះបន្ទូល​ណា​ម្នាក់​ដែល​ដូនតា​របស់​អ្នករាល់គ្នា​មិន​បាន​បៀតបៀន​ដែរ​ឬ​ទេ? ​ពួកគេ​បាន​សម្លាប់​អស់​អ្នក​ដែល​បាន​ប្រកាស​ទុកមុន​អំពី​ការ​យាង​មក​របស់​ព្រះ​ដ៏សុចរិត​ហើយ​ឥឡូវនេះ​អ្នករាល់គ្នា​ក្លាយ​ទៅ​ជា​អ្នក​ក្បត់​និង​ជា​អ្នក​សម្លាប់​ព្រះអង្គ​ទៀត 53គឺអ្នករាល់គ្នា​ហើយ​ជា​អ្នក​ដែល​បាន​ទទួល​ក្រឹត្យវិន័យ​តាម​ការ​រៀបចំ​របស់​ពួក​ទេវតា​ប៉ុន្ដែ​អ្នករាល់គ្នា​មិន​បាន​ធ្វើ​តាម​សោះ»។ 54ពេលពួកគេ​ឮ​សេចក្ដី​ទាំងនេះ​ហើយ​ក៏​ខឹង​ជាខ្លាំង​នៅក្នុង​ចិត្ដ​ហើយ​សង្កៀត​ធ្មេញ​ដាក់​លោក​ស្ទេផាន។ 55ពេលនោះលោក​ស្ទេផាន​បាន​ពេញ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ក៏​សម្លឹង​មើល​ទៅ​លើ​មេឃ​ហើយ​បាន​ឃើញ​សិរីរុងរឿង​របស់​ព្រះជាម្ចាស់​និង​ព្រះ​យេស៊ូ​ដែល​កំពុង​ឈរ​នៅ​ខាង​ស្ដាំ​ព្រះជាម្ចាស់ 56ដូច្នេះគាត់​ក៏​និយាយ​ថា៖ ​«មើល៍​ខ្ញុំ​ឃើញ​មេឃ​បើក​ចំហ​ហើយ​កូន​មនុស្ស​ឈរ​នៅ​ខាង​ស្ដាំ​ព្រះជាម្ចាស់!» 57ពួកគេក៏​សម្រុក​មក​ឯ​គាត់​ព្រមៗ​គ្នា​ទាំង​ស្រែក​ដោយ​សំឡេង​ខ្លាំងៗ​និង​ខ្ទប់​ត្រចៀក​របស់​ពួកគេ​ផង 58ពេលពួកគេ​អូស​គាត់​ចេញទៅ​ដល់​ក្រៅ​ក្រុង​ហើយ​ពួកគេ​ក៏​គប់​គាត់​នឹងដុំថ្ម​រីឯ​ពួក​សាក្សី​វិញ​បាន​ទុក​សម្លៀក​បំពាក់​របស់​ពួកគេ​នៅ​ទៀប​ជើង​របស់​យុវជន​ម្នាក់​ឈ្មោះ​សុល។ 59នៅពេលពួកគេ​កំពុង​គប់​លោក​ស្ទេផាន​នឹងដុំថ្ម​គាត់​ទូល​អង្វរ​ព្រះជាម្ចាស់​ថា៖ ​«ឱ​ព្រះអម្ចាស់​យេស៊ូ​អើយ! ​សូម​ទទួល​យក​វិញ្ញាណ​របស់​ខ្ញុំ​ចុះ» 60រួចគាត់​ក៏​លុត​ជង្គង់​ចុះ​ហើយ​ស្រែក​ដោយ​សំឡេង​ខ្លាំង​ៗ​ថា៖ ​«ព្រះអម្ចាស់​អើយ! ​សូម​កុំ​ប្រកាន់​នឹង​ពួកគេ​ចំពោះ​បាប​នេះ​អី!» ​កាល​បាន​និយាយ​ដូច្នេះ​ហើយ​គាត់​ក៏​ស្លាប់​ទៅ។
Copyright information for KhmKCB