‏ Acts 8

1រីឯលោក​សុល​ក៏​បាន​យល់ស្រប​សម្លាប់​លោក​ស្ទេផាន​ដែរ។ ​នៅ​ថ្ងៃ​នោះ​មាន​ការ​បៀត​បៀន​ជាខ្លាំង​មក​លើ​ក្រុម​ជំនុំ​នៅក្នុង​ក្រុង​យេរូសាឡិម​ហើយ​អ្នក​ជឿ​ទាំង​អស់​បាន​ខ្ចាត់​ខ្ចាយ​ទៅ​ពាស​ពេញ​តំបន់​នានា​ក្នុង​ស្រុក​យូដា​និង​ស្រុក​សាម៉ារី​លើកលែងតែ​ពួក​សាវក។ 2ពេលនោះពួក​ប្រុសៗ​ដែល​កោតខ្លាច​ព្រះជាម្ចាស់​បាន​យក​សព​លោក​ស្ទេផាន​ទៅ​បញ្ចុះ​ហើយ​យំ​ស្រណោះ​គាត់​យ៉ាងខ្លាំង 3រីឯលោក​សុល​បាន​បំផ្លាញ​ក្រុម​ជំនុំ​ដោយ​ចូល​ទៅ​ចាប់​អូស​ពួក​អ្នកជឿ​ទាំង​ប្រុស​ទាំង​ស្រី​នៅ​តាម​ផ្ទះ​យក​ទៅ​ដាក់​គុក។ 4រីឯពួក​អ្នក​ដែល​បាន​ខ្ចាត់ខ្ចាយ​ទៅ​នោះ​បាន​ធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទាំង​ប្រកាស​ព្រះបន្ទូល​ផង។ 5ពេលនោះលោក​ភីលីព​បាន​ចុះ​ទៅ​ក្រុង​មួយ​ក្នុង​ស្រុក​សាម៉ារី​ហើយ​ប្រកាស​ប្រាប់​ពួកគេ​អំពី​ព្រះ​គ្រិស្ដ 6ពេលបណ្ដាជន​បាន​ស្ដាប់​និង​បាន​ឃើញ​ទីសំគាល់​អស្ចារ្យ​នានា​ដែល​គាត់​បាន​ធ្វើ​ពួកគេ​ទាំងអស់គ្នា​ក៏​យកចិត្ដ​ទុកដាក់​ស្ដាប់​អ្វី​ដែល​គាត់​បាន​និយាយ 7ដ្បិតពួក​វិញ្ញាណ​អាក្រក់​ដែល​បាន​ចូល​មនុស្ស​ជាច្រើន​ពួកវា​បាន​ចេញ​មក​ទាំង​ស្រែក​ខ្លាំងៗ​ហើយ​មនុស្ស​ស្លាប់​ដៃ​ជើង​និង​មនុស្ស​ខ្វិន​ជាច្រើន​ត្រូវ​បាន​ប្រោស​ឲ្យ​ជា 8ដូច្នេះហើយក៏​មាន​អំណរ​ជាខ្លាំង​នៅក្នុង​ក្រុង​នោះ។ 9នៅក្នុងក្រុង​នោះ​មាន​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន​ដែល​កាល​ពី​មុន​ធ្លាប់​ប្រើ​មន្ដអាគម​ធ្វើ​ឲ្យ​ប្រជាជន​នៅ​ក្នុង​ស្រុក​សាម៉ារី​ស្ញប់ស្ញែង​ព្រមទាំង​បាន​អះអាង​ថា​ខ្លួន​ជា​មនុស្ស​ដ៏​អស្ចារ្យ​ម្នាក់ 10មនុស្សទាំងអស់​ចាប់​ពី​អ្នក​តូច​ដល់​អ្នក​ធំ​បាន​យកចិត្ដ​ទុកដាក់​ស្ដាប់​គាត់​ទាំង​និយាយ​ថា៖ ​«មនុស្ស​នេះ​ហើយ​ដែល​គេ​ហៅ​ថា​អំណាច​ដ៏​អស្ចារ្យ​របស់​ព្រះជាម្ចាស់» 11ដោយគាត់​បាន​ធ្វើ​ឲ្យ​ពួកគេ​ស្ញប់ស្ញែង​ចំពោះ​មន្ដអាគម​របស់​គាត់​យូរ​មក​ហើយ​បានជា​ពួកគេ​យកចិត្ដ​ទុកដាក់​ស្ដាប់​គាត់​ដូច្នេះ 12ប៉ុន្ដែពេល​ពួកគេ​ជឿ​ដំណឹងល្អ​ដែល​លោក​ភីលីព​បាន​ប្រកាស​អំពី​នគរ​ព្រះជាម្ចាស់​និង​អំពី​ព្រះនាម​របស់​ព្រះ​យេស៊ូ​គ្រិស្ដ​ពួកគេ​ក៏​ទទួល​ពិធី​ជ្រមុជទឹក​ទាំង​ប្រុស​ទាំង​ស្រី 13សូម្បីតែលោក​ស៊ីម៉ូន​ផ្ទាល់​ក៏​បាន​ជឿ​ដែរ​ហើយ​ក្រោយពី​ទទួល​ពិធី​ជ្រមុជទឹក​រួច​គាត់​ក៏​នៅ​ជាមួយ​លោក​ភីលីព​តទៅទៀត​ហើយ​គាត់​បាន​ស្ញប់ស្ញែង​យ៉ាងខ្លាំង​ពេល​គាត់​បាន​ឃើញ​ទីសំគាល់​និង​ការ​អស្ចារ្យ​ធំៗ​ដែល​កំពុង​កើតឡើង។ 14បន្ទាប់មកពេល​ពួក​សាវក​នៅក្នុង​ក្រុង​យេរូសាឡិម​បាន​ឮ​ថា​ស្រុក​សាម៉ារី​បាន​ទទួល​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ពួកគេ​ក៏​ចាត់​លោក​ពេត្រុស​និង​លោក​យ៉ូហាន​ឲ្យ​ទៅ​ឯ​អ្នក​ទាំង​នោះ 15អ្នកទាំងពីរក៏​ចុះ​មក​ហើយ​អធិស្ឋាន​សម្រាប់​ពួកគេ​ដើម្បី​ឲ្យ​ពួកគេ​បាន​ទទួល​ព្រះ​វិញ្ញាណ​បរិសុទ្ធ 16ដ្បិតព្រះវិញ្ញាណ​មិនទាន់​យាងមក​សណ្ឋិត​លើ​ពួកគេ​ណា​ម្នាក់​នៅឡើយ​ពួកគេ​គ្រាន់តែ​បាន​ទទួល​ពិធី​ជ្រមុជទឹក​ក្នុង​ព្រះ​នាម​របស់​ព្រះអម្ចាស់​យេស៊ូ​ប៉ុណ្ណោះ 17ដូច្នេះហើយអ្នកទាំងពីរ​នោះ​បាន​ដាក់​ដៃ​លើ​ពួកគេ​ហើយ​ពួកគេ​ក៏​ទទួល​ព្រះ​វិញ្ញាណ​បរិសុទ្ធ 18ពេលលោក​ស៊ីម៉ូន​ឃើញ​ថា​ព្រះ​វិញ្ញាណ​បាន​សណ្ឋិត​តាមរយៈ​ការ​ដាក់​ដៃ​របស់​សាវក​ទាំងពីរ​ដូច្នេះ​គាត់​ក៏​ជូន​ប្រាក់​ដល់​សាវក​ទាំងពីរ​នោះ 19ទាំងនិយាយ​ថា៖ ​«សូម​ឲ្យ​សិទ្ធិអំណាច​នេះ​ដល់​ខ្ញុំ​ដែរ​ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ខ្ញុំ​ដាក់​ដៃ​លើ​បាន​ទទួល​ព្រះ​វិញ្ញាណ​បរិសុទ្ធ» 20ប៉ុន្ដែលោក​ពេត្រុស​និយាយ​ទៅ​គាត់​ថា៖ ​«ចូរ​ឲ្យ​ប្រាក់​របស់​អ្នក​វិនាស​ជាមួយ​អ្នក​ចុះ​ព្រោះ​អ្នក​ស្មាន​ថា​អ្នក​អាច​យក​ប្រាក់​ទិញ​អំណោយ​ទាន​របស់​ព្រះជាម្ចាស់​បាន! 21ដោយសារតែ​ចិត្ដ​របស់​អ្នក​មិន​ទៀង​ត្រង់​នៅចំពោះ​ព្រះជាម្ចាស់​នោះ​អ្នក​គ្មាន​ចំណែក​ឬ​ភាគ​ណា​មួយ​នៅក្នុង​កិច្ចការ​នេះ​ឡើយ។ 22ដូច្នេះចូរ​ប្រែចិត្ដ​ពី​សេចក្ដី​អាក្រក់​របស់​អ្នក​នេះ​ចុះ​ហើយ​អធិស្ឋាន​ទៅ​ព្រះជាម្ចាស់​ក្រែងលោ​ព្រះអង្គ​នឹង​លើកលែងទោស​ដល់​អ្នក​ចំពោះ​គំនិត​អាក្រក់​នៅក្នុង​ចិត្ដ​របស់​អ្នក 23ដ្បិតខ្ញុំ​ឃើញ​ថា​អ្នក​ជាប់​នៅ​ក្នុង​សេចក្ដី​ជូរ​ល្វីង​និង​ចំណង​នៃ​សេចក្ដី​ទុច្ចរិត» 24ពេលនោះលោក​ស៊ីម៉ូន​បាន​ឆ្លើយ​ថា៖ ​«សូម​លោក​អធិស្ឋាន​ទៅ​ព្រះអម្ចាស់​ឲ្យ​ខ្ញុំ​ផង​ដើម្បី​កុំ​ឲ្យ​ហេតុ​អាក្រក់​ណាមួយ​ដែល​លោក​បាន​និយាយ​នោះ​កើតឡើង​ចំពោះ​ខ្ញុំ​ឡើយ»។ 25ពេលអ្នកទាំងពីរ​នោះ​បាន​ធ្វើបន្ទាល់​និង​បាន​ប្រកាស​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​រួចហើយ​ពួកគេ​ក៏​ត្រលប់​មក​ក្រុង​យេរូសាឡិម​វិញ​ទាំង​ប្រកាស​ដំណឹងល្អ​តាម​ភូមិ​ជា​ច្រើន​របស់​ជនជាតិ​សាម៉ារី​ផង។ 26នៅពេលនោះទេវតា​របស់​ព្រះអម្ចាស់​ប្រាប់​លោក​ភីលីព​ថា៖ ​«ចូរ​ក្រោក​ឡើង​ហើយ​ធ្វើ​ដំណើរ​ទៅ​ទិស​ខាង​ត្បូង​តាម​ផ្លូវ​ដែល​ឡើង​ពី​ក្រុង​យេរូសាឡិម​ទៅ​ក្រុង​កាសា​ចុះ»។ ​ផ្លូវ​នេះ​ស្ងាត់​ណាស់។ 27ដូច្នេះគាត់​ក៏​ក្រោក​ឡើង​ហើយ​ចេញ​ទៅ។ ​មាន​ជនជាតិ​អេធីយ៉ូពី​ម្នាក់​ជា​មនុស្ស​កម្រៀវ​ហើយ​ជា​មន្ដ្រី​រាជវាំង​របស់​ព្រះនាង​កាន់ដេស​ដែល​ជា​មហាក្សត្រិយានី​របស់​ជនជាតិ​អេធីយ៉ូពី។ ​គាត់​មើលខុសត្រូវ​លើ​ទ្រព្យសម្បត្ដិ​ទាំងអស់​របស់​ព្រះនាង។ ​គាត់​បាន​មក​ក្រុង​យេរូសាឡិម​ដើម្បី​ថ្វាយ​បង្គំ 28ហើយពេល​គាត់​កំពុង​ជិះ​រទេះ​សេះ​របស់​គាត់​ត្រលប់​ទៅវិញ​គាត់​ក៏​អាន​បទគម្ពីរ​របស់​លោក​អេសាយ​ជា​អ្នកនាំ​ព្រះបន្ទូល 29ព្រះវិញ្ញាណ​មានបន្ទូល​ប្រាប់​លោក​ភីលីព​ថា៖ ​«ចូរ​ទៅ​ឲ្យ​កៀក​រទេះ​សេះ​នោះ​ចុះ»។ 30នៅពេលរត់​ទៅ​ទាន់​រទេះសេះ​នោះ​លោក​ភីលីព​ក៏​ឮ​គាត់​កំពុង​អាន​បទគម្ពីរ​របស់​លោក​អេសាយ​ជា​អ្នកនាំព្រះបន្ទូល​ដូច្នេះ​លោកភីលីព​ក៏​សួរ​ថា៖ ​«តើ​លោក​យល់​សេចក្ដី​ដែល​លោក​កំពុង​អាន​នេះ​ដែរ​ឬ​ទេ?» 31គាត់ឆ្លើយ​ថា៖ ​«តើ​ឲ្យ​ខ្ញុំ​យល់​យ៉ាងដូចម្ដេច​បាន​បើ​គ្មាន​អ្នកណា​ម្នាក់​ណែនាំ​ខ្ញុំ​ផង?» ​ហើយ​គាត់​ក៏​អញ្ជើញ​លោក​ភីលីព​ឲ្យ​ឡើង​ជិះ​រទេះសេះ​ជាមួយ​គាត់។ 32បទគម្ពីរដែល​មន្ដ្រី​ម្នាក់​នោះ​កំពុង​អាន​គឺ​លោក​ត្រូវ​គេ​នាំ​ទៅ​ដូច​ជា​ចៀម​ដែល​គេ​យក​ទៅ​សម្លាប់​ហើយ​ដូចជា​កូន​ចៀម​ដែល​ស្ងាត់​ស្ងៀម​នៅ​ចំពោះ​មុខ​អ្នក​កាត់​រោម​ដូច្នេះហើយ​បានជា​លោក​មិន​បើក​មាត់​និយាយ​សោះ។ 33នៅពេល​លោក​ត្រូវ​គេ​បន្ទាបបន្ថោក​លោក​មិន​បាន​ទទួល​សេចក្ដី​យុត្តិធម៌​ទេ។ ​តើ​អ្នកណា​នឹង​អាច​ប្រាប់​អំពី​ពូជពង្ស​របស់​លោក​បាន? ​ព្រោះ​គេ​បាន​ដក​យក​ជីវិត​របស់​លោក​ពី​ផែនដី​នេះ​បាត់​ហើយ។ 34មនុស្សកម្រៀវ​នោះ​បាន​សួរ​លោក​ភីលីព​ថា៖ ​«ខ្ញុំ​សូម​សួរ​អ្នក​ទៅ​មើល៍​តើ​អ្នកនាំព្រះបន្ទូល​និយាយ​យ៉ាងដូច្នេះ​អំពី​អ្នក​ណា? ​អំពី​ខ្លួន​គាត់​ឬ​អំពី​អ្នកដទៃ?» 35ដូច្នេះលោក​ភីលីព​ក៏​បើក​មាត់​ប្រកាស​ប្រាប់​មន្ដ្រី​នោះ​អំពី​ព្រះ​យេស៊ូ​ដោយ​ចាប់ផ្ដើម​ពី​បទគម្ពីរ​នោះ។ 36ពេលអ្នក​ទាំងពីរ​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ពួកគេ​ក៏​មក​ដល់​កន្លែង​មួយ​មាន​ទឹក។ ​មនុស្ស​កម្រៀវ​នោះ​ក៏​ប្រាប់​ថា៖ ​«មើល៍​នៅ​ទីនេះ​មាន​ទឹក! ​តើ​មាន​អ្វី​រារាំង​ខ្ញុំ​មិន​ឲ្យ​ទទួល​ពិធី​ជ្រមុជទឹក​បាន? 37[លោក​ភីលីព​តប​ថា៖ ​«បើ​លោក​ជឿ​អស់​អំពី​ចិត្ត​មែន​នោះ​លោក​អាច​ទទួល​បាន» ​មន្ត្រី​នោះ​ក៏​ឆ្លើយ​ថា៖ ​«ខ្ញុំ​ជឿ​ថា​ព្រះ​យេស៊ូ​គ្រិស្ត​ជា​ព្រះ​រាជបុត្រា​របស់​ព្រះជាម្ចាស់» ​] 38ពេលនោះគាត់​ក៏​បញ្ជា​ឲ្យ​រទេះ​សេះ​ឈប់​ហើយ​ពួកគេ​បាន​ចុះ​ទៅ​ក្នុង​ទឹក​ទាំង​ពីរ​នាក់​ទាំង​លោក​ភីលីព​និង​មនុស្ស​កម្រៀវ​រួច​លោក​ភីលីព​ក៏​ធ្វើ​ពិធី​ជ្រមុជទឹក​ឲ្យ​មនុស្ស​កម្រៀវ​នោះ។ 39ពេលអ្នក​ទាំងពីរ​ឡើង​ពី​ទឹក​មក​វិញ​ព្រះ​វិញ្ញាណ​របស់​ព្រះអម្ចាស់​ក៏​ឆក់​យក​លោក​ភីលីព​ទៅ​ហើយ​មនុស្ស​កម្រៀវ​នោះ​មិន​ឃើញ​លោក​ភីលីព​ទៀត​ទេ​ប៉ុន្ដែ​គាត់​បាន​បន្ដ​ដំណើរ​ទៅ​ទាំង​អរ​សប្បាយ។ 40រីឯលោក​ភីលីព​វិញ​គេ​បាន​ឃើញ​គាត់​នៅ​ឯ​ក្រុង​អាសូត​ហើយ​ពេល​គាត់​ធ្វើដំណើរ​ទៅ​គាត់​ក៏​ប្រកាស​ដំណឹងល្អ​ក្នុង​ក្រុង​ទាំងអស់​រហូត​ទាល់តែ​គាត់​បាន​មក​ដល់​ក្រុង​សេសារា។
Copyright information for KhmKCB