‏ Colossians 1

1ខ្ញុំប៉ូល​ជា​សាវក​របស់​ព្រះ​យេស៊ូ​គ្រិស្ដ​តាម​បំណង​របស់​ព្រះជាម្ចាស់​និង​ធីម៉ូថេ​ជា​បងប្អូន 2ជូនចំពោះ​ពួក​បរិសុទ្ធ​និង​ពួក​បងប្អូន​ស្មោះត្រង់​ទាំងឡាយ​នៅក្នុង​ព្រះ​គ្រិស្ដ​ដែល​នៅ​ក្រុង​កូល៉ុស​សូម​ឲ្យ​ព្រះជាម្ចាស់​ជា​ព្រះ​វរបិតា​របស់​យើង​ប្រទាន​ព្រះ​គុណ​និង​សេចក្ដី​សុខសាន្ដ​ដល់​អ្នករាល់គ្នា។ 3ពេលយើង​អធិស្ឋាន​សម្រាប់​អ្នករាល់គ្នា​យើង​តែងតែ​អរ​ព្រះគុណ​ព្រះជាម្ចាស់​ជា​ព្រះវរបិតា​របស់​ព្រះ​យេស៊ូ​គ្រិស្ដ​ដែល​ជា​ព្រះអម្ចាស់​នៃ​យើង​ជានិច្ច 4ព្រោះយើង​បាន​ឮ​អំពី​ជំនឿ​របស់​អ្នករាល់គ្នា​លើ​ព្រះ​គ្រិស្ដ​យេស៊ូ​និង​អំពី​សេចក្ដី​ស្រលាញ់​ដែល​អ្នករាល់គ្នា​មាន​ចំពោះ​ពួក​បរិសុទ្ធ​ទាំងអស់ 5គឺជា​សេចក្ដី​ស្រលាញ់​មក​ពី​សេចក្ដី​សង្ឃឹម​ដែល​បាន​បម្រុង​ទុក​សម្រាប់​អ្នករាល់គ្នា​នៅ​ស្ថានសួគ៌​ជា​សេចក្ដី​សង្ឃឹម​ដែល​អ្នករាល់គ្នា​បាន​ឮ​រួច​មក​ហើយ​នៅក្នុង​ព្រះបន្ទូល​នៃ​សេចក្ដីពិត​ដែល​ជា​ដំណឹងល្អ 6ដែលបាន​មក​ដល់​អ្នករាល់គ្នា​ហើយ​ដំណឹង​ល្អ​នេះ​បង្កើត​ផលផ្លែ​និង​ចម្រើន​ឡើង​នៅក្នុង​ពិភពលោក​ទាំង​មូល​ដូចជា​នៅក្នុង​ចំណោម​អ្នករាល់គ្នា​ដែរ​តាំង​ពី​ថ្ងៃ​ដែល​អ្នករាល់គ្នា​បាន​ឮ​និង​បាន​យល់​ព្រះ​គុណ​របស់​ព្រះជាម្ចាស់​ទៅតាម​សេចក្ដីពិត 7ដូចដែល​អ្នករាល់គ្នា​បាន​រៀន​ពី​លោក​អេប៉ាប្រាស​ជា​បាវ​បម្រើ​រួម​ការងារ​ដ៏​ជា​ទីស្រលាញ់​របស់​យើង​ស្រាប់​ហើយ​គាត់​ជា​អ្នក​បម្រើ​ដ៏​ស្មោះត្រង់​របស់​ព្រះ​គ្រិស្ដ​សម្រាប់​អ្នករាល់គ្នា 8ហើយគាត់​ក៏​បាន​ប្រាប់​យើង​ឲ្យ​ដឹង​ដែរ​អំពី​សេចក្ដី​ស្រលាញ់​របស់​អ្នករាល់គ្នា​នៅក្នុង​ព្រះ​វិញ្ញាណ។ 9ហេតុនេះហើយ​បានជា​ចាប់​តាំង​ពី​ថ្ងៃ​ដែល​យើង​បាន​ឮ​អំពី​អ្នករាល់គ្នា​យើង​បាន​អធិស្ឋាន​សម្រាប់​អ្នករាល់គ្នា​ឥត​ឈប់​ឈរ​ឡើយ​ទាំង​ទូល​សូម​ឲ្យ​អ្នករាល់គ្នា​បាន​ពេញ​ដោយ​ការ​យល់ដឹង​អំពី​បំណង​របស់​ព្រះអង្គ​តាមរយៈ​ប្រាជ្ញា​និង​ចំណេះដឹង​ទាំងឡាយ​ខាង​វិញ្ញាណ 10ដើម្បីឲ្យ​អ្នករាល់គ្នា​រស់នៅ​ស័ក្ដិសម​នឹង​ព្រះអម្ចាស់​ទាំង​ឲ្យ​ព្រះអង្គ​សព្វ​ព្រះហឫទ័យ​នៅក្នុង​ការ​ទាំងអស់​និង​ដើម្បី​ឲ្យ​អ្នករាល់គ្នា​បង្កើត​ផលផ្លែ​នៅក្នុង​គ្រប់​ការ​ល្អ​ព្រមទាំង​ចម្រើន​ឡើង​នៅក្នុង​ការ​យល់ដឹង​អំពី​ព្រះជាម្ចាស់ 11ហើយឲ្យ​មាន​កម្លាំង​ប្រកប​ដោយ​អំណាច​គ្រប់​បែបយ៉ាង​ស្របតាម​ព្រះ​ចេស្ដា​ដ៏​រុងរឿង​របស់​ព្រះអង្គ​ដើម្បី​ឲ្យ​អ្នករាល់គ្នា​មាន​ការ​ស៊ូទ្រាំ​និង​ការ​អត់ធ្មត់​គ្រប់​បែបយ៉ាង 12រួចអរ​ព្រះគុណ​ដល់​ព្រះវរបិតា​ដោយ​អំណរ​ដ្បិត​ព្រះអង្គ​បាន​ធ្វើ​ឲ្យ​អ្នករាល់គ្នា​ស័ក្ដិសម​នឹង​មាន​ចំណែក​ក្នុង​មរតក​របស់​ពួក​បរិសុទ្ធ​ដែល​នៅក្នុង​ពន្លឺ។ 13ព្រះអង្គបាន​សង្គ្រោះ​យើង​ពី​សិទ្ធិអំណាច​នៃ​សេចក្ដី​ងងឹត​រួច​នាំ​យើង​មក​ក្នុង​នគរ​នៃ​ព្រះ​រាជ​បុត្រា​ដ៏​ជា​ទី​ស្រលាញ់​របស់​ព្រះអង្គ 14ហើយនៅក្នុង​ព្រះ​រាជ​បុត្រា​យើង​មាន​ការ​ប្រោសលោះ​ដែល​ជា​ការ​លើក​លែង​ទោស​បាប។ 15ព្រះរាជ​បុត្រា​នោះ​ជា​រូប​អង្គ​របស់​ព្រះជាម្ចាស់​ដែល​មនុស្ស​មិន​អាច​មើល​ឃើញ​និង​ជា​កូន​ច្បង​ក្នុង​ចំណោម​អ្វីៗ​ទាំងអស់​ដែល​ព្រះជាម្ចាស់​បាន​បង្កើត​មក 16ដ្បិតអ្វីៗ​ទាំងអស់​ដែល​នៅ​ស្ថានសួគ៌​និង​នៅ​ផែនដី​បាន​កើត​មក​ដោយសារ​ព្រះអង្គ​ទាំង​អ្វីៗ​ដែល​មនុស្ស​អាច​មើល​ឃើញ​និង​មិន​អាច​មើល​ឃើញ​មិន​ថា​រាជ្យ​បល្ល័ង្ក​អំណាច​គ្រប់គ្រង​ការគ្រប់គ្រង​ឬ​សិទ្ធិអំណាច​គឺ​អ្វីៗ​ទាំងអស់​កើត​មក​ដោយសារ​ព្រះអង្គ​ហើយ​សម្រាប់​ព្រះអង្គ។ 17មុនមាន​អ្វីៗ​ទាំងអស់​មាន​ព្រះអង្គ​រួច​ហើយ​រីឯ​អ្វីៗ​ទាំងអស់​នៅ​ស្ថិតស្ថេរ​ដោយសារ​ព្រះអង្គ។ 18ព្រះអង្គជា​ព្រះ​សិរ​របស់​រូបកាយ​ដែល​ជា​ក្រុមជំនុំ​ហើយ​ព្រះអង្គ​ជា​ដើម​ដំបូង​ជា​កូន​ច្បង​ដែល​បាន​រស់​ពី​ស្លាប់​ឡើង​វិញ​ដើម្បី​ឲ្យ​ព្រះអង្គ​ត្រលប់ជា​មេ​លើ​អ្វីៗ​ទាំងអស់ 19ដ្បិតព្រះជាម្ចាស់​សព្វ​ព្រះហឫទ័យ​ឲ្យ​គ្រប់ទាំង​សេចក្ដី​ពោរពេញ​របស់​ព្រះអង្គ​ស្ថិត​នៅ​ក្នុង​ព្រះ​រាជ​បុត្រា 20ហើយឲ្យ​អ្វីៗ​ទាំងអស់​ផ្សះផ្សា​នឹង​ព្រះអង្គ​តាមរយៈ​ព្រះ​រាជ​បុត្រា​នោះ​គឺ​តាមរយៈ​ឈាម​របស់​ព្រះ​រាជ​បុត្រា​ដែល​បាន​បង្ហូរ​នៅ​លើ​ឈើឆ្កាង​ព្រះអង្គ​បាន​បង្កើត​សន្ដិភាព​ជាមួយ​អ្វីៗ​ទាំងអស់​មិន​ថា​នៅ​ស្ថានសួគ៌​ឬ​នៅ​ផែនដី​ទេ។ 21ដូច្នេះកាល​ពី​ដើម​អ្នករាល់គ្នា​បាន​ដាច់ចេញ​ពី​ព្រះជាម្ចាស់​ហើយ​បាន​តាំង​ចិត្ដ​ធ្វើ​ជា​សត្រូវ​ដោយ​ប្រព្រឹត្ដ​អំពើ​អាក្រក់ 22ប៉ុន្ដែឥឡូវនេះ​ព្រះអង្គ​បាន​ឲ្យ​អ្នករាល់គ្នា​ផ្សះផ្សា​នឹង​ព្រះអង្គ​តាមរយៈ​ការ​សោយទិវង្គត​នៃ​រូបកាយ​ខាង​សាច់ឈាម​របស់​ព្រះ​គ្រិស្ដ​ដើម្បី​ឲ្យ​អ្នករាល់គ្នា​បាន​បរិសុទ្ធ​គ្មាន​កំហុស​ហើយ​ឥត​បន្ទោស​បាន​នៅចំពោះ​ព្រះជាម្ចាស់ 23បើអ្នករាល់គ្នា​ពិតជា​ស្ថិត​នៅ​ក្នុង​ជំនឿ​ដែល​បាន​ចាក់​គ្រឹះ​ហើយ​មាំមួន​ទាំង​មិន​ងាក​ចេញ​ពី​សេចក្ដី​សង្ឃឹម​របស់​ដំណឹងល្អ​ដែល​អ្នករាល់គ្នា​បាន​ឮ​នោះ។ ​ដំណឹងល្អ​នោះ​ត្រូវ​បាន​ប្រកាស​ប្រាប់​ដល់​មនុស្ស​ទាំងអស់​ដែល​ត្រូវ​បាន​បង្កើត​មក​នៅ​ក្រោម​មេឃ​ហើយ​ប៉ូល​ខ្ញុំ​នេះ​បាន​ត្រលប់ជា​អ្នក​បម្រើ​ដំណឹង​ល្អ​នោះ។ 24ឥឡូវនេះខ្ញុំ​មាន​អំណរ​នឹង​ការ​រងទុក្ខ​លំបាក​របស់​ខ្ញុំ​ដោយព្រោះ​អ្នករាល់គ្នា​ដ្បិត​ខ្ញុំ​កំពុង​បំពេញ​ក្នុង​រូប​សាច់​របស់​ខ្ញុំ​នូវ​ភាព​ខ្វះខាត​នៃ​ការ​រង​ទុក្ខ​លំបាក​របស់​ព្រះ​គ្រិស្ដ​សម្រាប់​រូបកាយ​របស់​ព្រះអង្គ​ដែល​ជា​ក្រុមជំនុំ 25ហើយខ្ញុំ​ក៏​ត្រលប់ជា​អ្នក​បម្រើ​ក្រុមជំនុំ​ស្របតាម​តួនាទី​មើល​ការ​ខុសត្រូវ​ដែល​ព្រះជាម្ចាស់​ប្រទាន​ឲ្យ​ខ្ញុំ​សម្រាប់​អ្នករាល់គ្នា​ដើម្បី​ឲ្យ​អ្នករាល់គ្នា​ស្គាល់​ព្រះបន្ទូល​របស់​ព្រះអង្គ​សព្វគ្រប់ 26គឺជា​សេចក្ដី​អាថ៌កំបាំង​ដែល​បាន​លាក់​ទុក​តាំងពី​អស់កល្ប​តរៀង​មក​ប៉ុន្ដែ​ឥឡូវនេះ​បាន​បង្ហាញ​ឲ្យ​ពួក​បរិសុទ្ធ​របស់​ព្រះអង្គ​ស្គាល់ 27ដោយព្រះជាម្ចាស់​សព្វ​ព្រះហឫទ័យ​បង្ហាញ​ឲ្យ​ពួកគេ​ស្គាល់​សិរីរុងរឿង​ដ៏​បរិបូរ​នៃ​សេចក្ដី​អាថ៌កំបាំង​នេះ​នៅក្នុង​ចំណោម​សាសន៍ដទៃ​គឺ​ព្រះ​គ្រិស្ដ​គង់​នៅ​ក្នុង​អ្នករាល់គ្នា​ជា​សេចក្ដី​សង្ឃឹម​សម្រាប់​សិរីរុងរឿង។ 28យើងប្រកាស​អំពី​ព្រះអង្គ​ហើយ​ដាស់​តឿន​និង​បង្រៀន​មនុស្ស​គ្រប់គ្នា​ដោយ​ប្រាជ្ញា​សព្វ​បែបយ៉ាង​ដើម្បី​នាំ​មនុស្ស​គ្រប់គ្នា​ឲ្យ​ពេញវ័យ​នៅក្នុង​ព្រះ​គ្រិស្ដ 29ហើយសម្រាប់​ការ​នេះ​ខ្ញុំ​ធ្វើការ​នឿយហត់​ទាំង​តយុទ្ធ​ដោយ​អានុភាព​របស់​ព្រះអង្គ​ដែល​ធ្វើការ​យ៉ាង​មាន​អំណាច​នៅក្នុង​ខ្ញុំ។
Copyright information for KhmKCB