‏ Colossians 2

1ខ្ញុំចង់​ឲ្យ​អ្នករាល់គ្នា​ដឹង​ថា​ខ្ញុំ​តយុទ្ធ​ខ្លាំង​យ៉ាងណា​ដើម្បី​អ្នករាល់គ្នា​ដើម្បី​ពួក​អ្នក​ក្រុង​ឡៅឌីសេ​និង​ដើម្បី​ពួក​មនុស្ស​ទាំងឡាយ​ដែល​មិន​ទាន់​បាន​ជួប​មុខ​ខ្ញុំ​នៅ​ឡើយ 2គឺឲ្យ​ពួកគេ​ទទួល​បាន​ការ​កម្សាន្ដ​ចិត្ដ​រួបរួមគ្នា​នៅក្នុង​សេចក្ដី​ស្រលាញ់​ហើយ​មាន​ការ​យល់ដឹង​យ៉ាង​ជឿជាក់​និង​យ៉ាង​បរិបូរ​ដើម្បី​ឲ្យ​ពួកគេ​ស្គាល់​អាថ៌កំបាំង​របស់​ព្រះជាម្ចាស់​ដែល​ជា​ព្រះ​គ្រិស្ដ 3ដ្បិតកំណប់​នៃ​ប្រាជ្ញា​និង​ចំណេះដឹង​ទាំងឡាយ​បាន​លាក់​ទុក​នៅក្នុង​ព្រះអង្គ។ 4ខ្ញុំនិយាយ​ដូច្នេះ​ដើម្បី​កុំ​ឲ្យ​អ្នក​ណា​ម្នាក់​បញ្ឆោត​អ្នករាល់គ្នា​ដោយ​ពាក្យ​លួងលោម​បាន​ឡើយ។ 5ដ្បិតទោះបី​ខ្ញុំ​មិន​នៅ​ជាមួយ​អ្នករាល់គ្នា​ខាង​សាច់ឈាម​ក្ដី​ក៏​ខ្ញុំ​នៅ​ជាមួយ​អ្នករាល់គ្នា​ខាង​វិញ្ញាណ​ដែរ​ហើយ​ខ្ញុំ​មាន​អំណរ​ដែល​ឃើញ​អ្នករាល់គ្នា​មាន​សណ្ដាប់​ធ្នាប់​ទាំង​មាន​ជំនឿ​ខ្ជាប់​ខ្ជួន​នៅក្នុង​ព្រះ​គ្រិស្ដ។ 6ដូច្នេះអ្នករាល់គ្នា​ទទួល​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ​ជា​យ៉ាងណា​ចូរ​រស់នៅ​ក្នុង​ព្រះអង្គ​ជា​យ៉ាងនោះ​ចុះ 7ហើយចាក់​ឫស​និង​ស្អាង​ឡើង​នៅក្នុង​ព្រះអង្គ​ព្រមទាំង​មាន​ជំនឿ​មាំមួន​ដូច​ដែល​អ្នករាល់គ្នា​បាន​ទទួល​ការ​បង្រៀន​រួច​មក​ហើយ​ទាំង​អរ​ព្រះគុណ​ឲ្យ​ច្រើន​ឡើង។ 8ចូរប្រយ័ត្ន​ក្រែង​លោ​មាន​អ្នក​ណា​ម្នាក់​ចាប់​អ្នករាល់គ្នា​ជា​ឈ្លើយ​ដោយ​ប្រើ​ទស្សនវិជ្ជា​និង​ពាក្យ​បញ្ឆោត​ឥត​ប្រយោជន៍​ដែល​ស្របតាម​ទំនៀម​ទម្លាប់​របស់​មនុស្ស​និង​គោល​ការណ៍​បឋម​របស់​លោកិយ​នេះ​ដែល​មិន​ស្របតាម​ព្រះ​គ្រិស្ដ 9ដ្បិតគ្រប់ទាំង​សេចក្ដី​ពោរពេញ​នៃ​លក្ខណៈ​របស់​ព្រះជាម្ចាស់​ស្ថិត​ជា​រូបរាង​នៅក្នុង​ព្រះ​គ្រិស្ដ 10ហើយអ្នករាល់គ្នា​ក៏​បាន​ពេញ​នៅក្នុង​ព្រះអង្គ​ដែរ​ដ្បិត​ព្រះអង្គ​ជា​ព្រះ​សិរ​លើ​ការគ្រប់គ្រង​និង​សិទ្ធិ​អំណាច​ទាំងអស់ 11ហើយនៅក្នុង​ព្រះអង្គ​អ្នករាល់គ្នា​ក៏​បាន​ទទួល​ការ​កាត់ស្បែក​ដែរ​គឺ​មិន​មែន​ជា​ការ​កាត់ស្បែក​ដោយ​ដៃ​មនុស្ស​ទេ​ប៉ុន្ដែ​ជា​ការ​កាត់ស្បែក​ខាង​ឯ​ព្រះ​គ្រិស្ដ​ដែល​ជា​ការ​ដោះ​រូបកាយ​ខាង​សាច់ឈាម​ចេញ។ 12អ្នករាល់គ្នាត្រូវ​បាន​បញ្ចុះ​ជាមួយ​ព្រះ​គ្រិស្ដ​តាមរយៈ​ពិធី​ជ្រមុជ​ទឹក​ហើយ​ក៏​បាន​រស់​ឡើង​វិញ​ជាមួយ​ព្រះអង្គ​ដែរ​តាមរយៈ​ជំនឿ​លើ​អានុភាព​របស់​ព្រះជាម្ចាស់​ដែល​បាន​ប្រោស​ព្រះ​គ្រិស្ដ​ឲ្យ​រស់ឡើងវិញ 13នៅពេលអ្នករាល់គ្នា​ស្លាប់​នៅក្នុង​បាប​និង​ការ​មិន​កាត់​ស្បែក​ខាង​សាច់ឈាម​ព្រះអង្គ​បាន​ប្រោស​អ្នករាល់គ្នា​ឲ្យ​មាន​ជីវិត​រួម​ជាមួយ​ព្រះអង្គ​ទាំង​លើក​លែង​ទោស​បាប​ទាំងអស់​របស់​យើង​ផង 14ហើយព្រះអង្គ​បាន​លុប​ចោល​កំណត់​ត្រា​ដែល​ទាស់​នឹង​យើង​គឺ​បញ្ញត្ដិ​ទាំងឡាយ​ដែល​ប្រឆាំង​យើង​ហើយ​ព្រះអង្គ​បាន​ដក​បញ្ញត្ដិ​ទាំងនោះ​ចេញ​ដោយ​ដំ​ភ្ជាប់​​ទៅ​នឹង​ឈើឆ្កាង។ 15ព្រះអង្គបាន​បំផ្លាញ​អំណាច​នៃ​ការគ្រប់គ្រង​និង​សិទ្ធិអំណាច​ទាំងឡាយ​ដោយ​បំបាក់​មុខ​ពួកវា​នៅ​ទីសាធារណៈ​ហើយ​បាន​យកឈ្នះ​ពួកវា​ដោយ​ឈើឆ្កាង។ 16ដូច្នេះកុំ​ឲ្យ​អ្នក​ណា​ម្នាក់​ថ្កោលទោស​អ្នករាល់គ្នា​អំពី​ការ​បរិភោគ​ការ​ផឹក​ឬ​អំពី​ពិធី​បុណ្យ​បុណ្យ​ចូល​ខែ​និង​ថ្ងៃ​សប្ប័ទ​ឡើយ 17ដ្បិតការ​ទាំង​នេះ​គ្រាន់តែ​ជា​ស្រមោល​នៃ​អ្វីៗ​ដែល​ត្រូវ​មក​ប៉ុណ្ណោះ​រីឯ​រូប​ពិត​មាន​នៅក្នុង​ព្រះ​គ្រិស្ដ។ 18ចូរកុំ​ឲ្យ​អ្នក​ណា​ដែល​ចូល​ចិត្ដ​ធ្វើ​ពុត​បន្ទាប​ខ្លួន​និង​ថ្វាយបង្គំ​ទេវតា​មក​បញ្ឆោត​អ្នករាល់គ្នា​ឲ្យ​បាត់​រង្វាន់​ឡើយ​ពួកគេ​ជា​មនុស្ស​និយាយ​ស៊ក​សៀត​អំពី​អ្វី​ដែល​ពួកគេ​ឃើញ​ហើយ​អួត​ឥត​ប្រយោជន៍​ដោយ​គំនិត​ខាង​សាច់ឈាម​របស់​ពួកគេ 19ពួកគេមិន​នៅ​ជាប់​នឹង​ព្រះ​គ្រិស្ដ​ដែល​ជា​ក្បាល​ទេ​គឺ​ដោយសារ​ក្បាល​ហើយ​ទើប​រូបកាយ​ទាំង​មូល​ត្រូវ​បាន​ផ្គត់ផ្គង់​ហើយ​ភ្ជាប់គ្នា​ដោយសារ​សន្លាក់​និង​សរសៃ​ទាំងឡាយ​ទាំង​ចម្រើន​ឡើង​តាម​សេចក្ដី​ចម្រើន​របស់​ព្រះជាម្ចាស់។ 20បើអ្នករាល់គ្នា​បាន​ស្លាប់​ជាមួយ​ព្រះ​គ្រិស្ដ​ហើយ​រួច​ផុត​ពី​គោលការណ៍​បឋម​របស់​លោកិយ​នេះ​មែន​ហេតុអ្វី​បានជា​អ្នករាល់គ្នា​ហាក់​ដូច​ជា​រស់នៅ​ក្នុង​លោកិយ​ដោយ​ចុះចូល​នឹង​បញ្ញត្ដិ​ទាំងឡាយ​ដូចជា 21កុំកាន់​កុំ​ភ្លក់​ឬ​កុំ​ពាល់​ដូច្នេះ? 22បញ្ញត្ដិទាំងនេះ​សុទ្ធតែ​ជា​បទបញ្ជា​និង​សេចក្ដី​បង្រៀន​របស់​មនុស្ស​ដែល​សាប​សូន្យ​ទៅ​តាម​ការ​ប្រើប្រាស់។ 23បញ្ញត្ដិទាំងនោះ​ទំនង​ដូចជា​មាន​ប្រាជ្ញា​ដោយ​ឲ្យ​ថ្វាយបង្គំ​ស្ម័គ្រចិត្ដ​បន្ទាបខ្លួន​និង​លត់ដំ​រូបកាយ​ជាដើម​ប៉ុន្ដែ​គ្មាន​តម្លៃ​អាច​តទល់​នឹង​ចំណង់​របស់​សាច់ឈាម​បាន​ឡើយ។
Copyright information for KhmKCB