‏ Colossians 3

1ដូច្នេះបើ​សិន​ជា​អ្នករាល់គ្នា​បាន​រស់​ឡើង​វិញ​រួម​ជាមួយ​ព្រះ​គ្រិស្ដ​មែន​ចូរ​ស្វែង​រក​អ្វីៗ​ដែល​នៅ​ស្ថាន​លើ​ជា​ស្ថាន​ដែល​ព្រះ​គ្រិស្ដ​គង់​ខាង​ស្ដាំ​នៃ​ព្រះជាម្ចាស់​នោះ​វិញ។ 2ចូរគិត​ពី​អ្វីៗ​ដែល​នៅ​ស្ថាន​លើ​កុំ​គិត​ពី​អ្វីៗ​ដែល​នៅ​ផែនដី​ឲ្យ​សោះ។ 3ដ្បិតអ្នករាល់គ្នា​បាន​ស្លាប់​ហើយ​រីឯ​ជីវិត​របស់​អ្នករាល់គ្នា​ក៏​បាន​លាក់​ទុក​ជាមួយ​ព្រះ​គ្រិស្ដ​នៅក្នុង​ព្រះជាម្ចាស់​ដែរ។ 4ពេលព្រះ​គ្រិស្ដ​ដែល​ជា​ជីវិត​របស់​អ្នករាល់គ្នា​បង្ហាញ​ខ្លួន​នោះ​អ្នករាល់គ្នា​ក៏​នឹង​បង្ហាញ​ខ្លួន​ជាមួយ​ព្រះអង្គ​នៅក្នុង​សិរីរុងរឿង​ដែរ។ 5ដូច្នេះចូរ​សម្លាប់​អ្វីៗ​ខាង​លោកិយ​ចោល​ទៅ​គឺ​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​សេចក្ដី​ស្មោកគ្រោក​តណ្ហា​ថោកទាប​សេចក្ដី​ប៉ងប្រាថ្នា​អាក្រក់​និង​សេចក្ដី​លោភលន់​ដែល​ជា​ការ​ថ្វាយបង្គំ​រូប​ព្រះ 6ដ្បិតដោយព្រោះតែ​អំពើ​ទាំងនោះ​ហើយ​បាន​ជា​សេចក្ដី​ក្រោធ​របស់​ព្រះជាម្ចាស់​ធ្លាក់​លើ​ពួក​កូន​ដែល​មិន​ស្ដាប់​បង្គាប់ 7ហើយកាល​ពី​មុន​ពេល​អ្នករាល់គ្នា​រស់​នៅ​ក្នុងចំណោម​អ្នក​ទាំងនោះ​ក៏​បាន​ប្រព្រឹត្ដ​អំពើ​ទាំងនោះ​ដែរ 8ប៉ុន្ដែឥឡូវនេះ​ចូរ​អ្នករាល់គ្នា​លះបង់​អំពើ​ទាំងអស់​នោះ​ចោល​ទៅ​គឺ​ចិត្ដ​ក្ដៅ​ក្រហាយ​កំហឹង​សេចក្ដី​អាក្រក់​ការ​ជេរ​ប្រមាថ​និង​ពាក្យ​មិន​សមរម្យ​ចេញ​ពី​មាត់​របស់​អ្នករាល់គ្នា 9កុំកុហក​គ្នា​ឡើយ​ដ្បិត​អ្នករាល់គ្នា​បាន​ដោះ​មនុស្ស​ចាស់​ជាមួយ​នឹង​ការ​ប្រព្រឹត្ដិ​របស់​វា​ចោល​ហើយ 10រួចអ្នករាល់គ្នា​ក៏​បាន​ពាក់​មនុស្ស​ថ្មី​ដែល​កំពុង​ផ្លាស់​ប្រែ​ជា​ថ្មី​ខាងឯ​ការ​យល់​ដឹង​ដើម្បី​ឲ្យ​ត្រូវ​នឹង​រូប​អង្គ​របស់​ព្រះ​ដែល​បាន​បង្កើត​មនុស្ស​ថ្មី​នោះ 11នៅសណ្ឋាន​នោះ​លែង​មាន​ជនជាតិ​ក្រេក​ឬ​ជនជាតិ​យូដា​ពួក​កាត់​ស្បែក​ឬ​ពួក​មិន​កាត់​ស្បែក​ពួក​មនុស្ស​ព្រៃ​ឬ​ពួក​ជនជាតិ​ភាគតិច​បាវ​បម្រើ​ឬ​អ្នកមានសេរីភាព​ទៀត​ហើយ​ព្រោះ​ព្រះ​គ្រិស្ដ​ជា​ទាំងអស់​ហើយ​គង់​នៅក្នុង​អ្វីៗ​ទាំងអស់។ 12ដូច្នេះដោយព្រោះ​ព្រះជាម្ចាស់​បាន​រើស​តាំង​អ្នករាល់គ្នា​ជា​ពួក​បរិសុទ្ធ​និង​ជា​ទី​ស្រលាញ់​របស់​ព្រះអង្គ​ចូរ​ពាក់​ចិត្ដ​អាណិត​អាសូរ​ចិត្ដ​សប្បុរស​ចិត្ដ​សុភាព​ចិត្ដ​ស្លូតបូត​និង​ចិត្ដ​អត់ធ្មត់​ចុះ 13ចូរទ្រាំទ្រ​គ្នា​ទោះបី​មាន​រឿង​អ្វី​មួយ​ទាស់​នឹង​អ្នក​ណា​ក៏ដោយ​ត្រូវ​លើកលែង​ទោស​ឲ្យ​គ្នា​ទៅវិញ​ទៅមក​ដ្បិត​ព្រះអម្ចាស់​បាន​លើកលែង​ទោស​ឲ្យ​អ្នករាល់គ្នា​ជា​យ៉ាង​ណា​អ្នករាល់គ្នា​ក៏​ត្រូវ​ធ្វើ​ដូច្នោះ​ដែរ 14លើសពី​សេចក្ដី​ទាំងអស់​នេះ​ចូរ​ពាក់​សេចក្ដី​ស្រលាញ់​ដែល​នាំ​ឲ្យ​មាន​ការ​រួបរួម​គ្នា​យ៉ាង​គ្រប់​លក្ខណ៍​ចុះ។ 15ចូរឲ្យ​សេចក្ដី​សុខសាន្ដ​របស់​ព្រះ​គ្រិស្ដ​គ្រប់គ្រង​នៅក្នុង​ចិត្ដ​របស់​អ្នករាល់គ្នា​ដ្បិត​ព្រះជាម្ចាស់​បាន​ត្រាស់​ហៅ​អ្នករាល់គ្នា​ឲ្យ​ចូល​មក​ក្នុង​រូបកាយ​តែ​មួយ​ដើម្បី​សេចក្ដី​នោះ​ឯង​ហើយ​ចូរ​អរ​ព្រះគុណ​ផង។ 16ចូរឲ្យ​ព្រះ​បន្ទូល​របស់​ព្រះ​គ្រិស្ដ​ស្ថិត​នៅ​ក្នុង​អ្នករាល់គ្នា​ជា​បរិបូរ​ហើយ​បង្រៀន​និង​ទូន្មាន​គ្នា​ដោយ​ប្រាជ្ញា​គ្រប់​បែប​យ៉ាង​ទាំង​ច្រៀង​ទំនុក​តម្កើង​ទំនុក​បរិសុទ្ធ​ព្រមទាំង​ចម្រៀង​ខាង​វិញ្ញាណ​ថ្វាយ​ព្រះជាម្ចាស់​ដោយ​អរ​ព្រះគុណ​ព្រះអង្គ​នៅក្នុង​ចិត្ដ​ចុះ។ 17ការអ្វី​ក៏ដោយ​ដែល​អ្នករាល់គ្នា​ធ្វើ​មិន​ថា​ពាក្យ​សំដី​ឬ​ការ​ប្រព្រឹត្ដិ​ក្ដី​ចូរ​ធ្វើការ​ទាំងអស់​នៅក្នុង​ព្រះ​នាម​ព្រះអម្ចាស់​យេស៊ូ​ចុះ​ទាំង​អរ​ព្រះគុណ​ព្រះជាម្ចាស់​ជា​ព្រះ​វរ​បិតា​តាមរយៈ​ព្រះអង្គ។ 18ប្រពន្ធរាល់គ្នា​អើយ! ​ចូរ​ចុះចូល​នឹង​ប្ដី​របស់​ខ្លួន​ចុះ​ដោយព្រោះ​ជា​ការ​សមរម្យ​នៅក្នុង​ព្រះអម្ចាស់។ 19ប្ដីរាល់គ្នា​អើយ! ​ចូរ​ស្រលាញ់​ប្រពន្ធ​របស់​ខ្លួន​ចុះ​កុំ​មួម៉ៅ​ដាក់​នាង​ឡើយ។ 20ក្មេងរាល់គ្នា​អើយ! ​ចូរ​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ​នៅក្នុង​ការ​ទាំងអស់​ដ្បិត​នេះ​ជា​ការ​ដែល​ព្រះអម្ចាស់​សព្វ​ព្រះហឫទ័យ។ 21ឪពុករាល់គ្នា​អើយ! ​ចូរ​កុំ​រក​រឿង​ធ្វើ​ឲ្យ​កូន​របស់​ខ្លួន​ខឹង​ឡើយ​ក្រែង​លោ​វា​ខូចចិត្ត។ 22បាវបម្រើរាល់គ្នា​អើយ! ​ចូរ​ស្ដាប់​បង្គាប់​ចៅហ្វាយ​ខាង​សាច់ឈាម​នៅក្នុង​ការ​ទាំងអស់​ចុះ​មិន​មែន​បម្រើ​តែ​ក្នុង​ការ​ដែល​គេ​មើល​ឃើញ​ដូចជា​ចង់​ផ្គាប់​ចិត្ដ​មនុស្ស​ឡើយ​គឺ​ត្រូវ​ធ្វើ​ដោយ​ចិត្ដ​ស្មោះ​ត្រង់​ទាំង​កោត​ខ្លាច​ព្រះអម្ចាស់ 23ហើយការ​អ្វី​ក៏ដោយ​ដែល​អ្នករាល់គ្នា​ធ្វើ​ចូរ​ធ្វើ​ឲ្យ​អស់​ពី​ចិត្ដ​ចុះ​ដូចជា​បម្រើ​ព្រះអម្ចាស់​មិន​មែន​ដូចជា​បម្រើ​មនុស្ស​ទេ 24ដោយដឹង​ថា​អ្នករាល់គ្នា​នឹង​ទទួល​បាន​មរតក​ជា​រង្វាន់​ពី​ព្រះអម្ចាស់​ដ្បិត​អ្នករាល់គ្នា​បម្រើ​ព្រះ​គ្រិស្ដ​ជា​ព្រះអម្ចាស់។ 25អ្នកណាធ្វើ​ខុស​អ្នក​នោះ​នឹង​ទទួល​ផល​តាម​ដែល​ធ្វើ​ខុស​ហើយ​ព្រះអង្គ​មិន​មាន​សេចក្ដី​លំអៀង​ឡើយ។
Copyright information for KhmKCB