‏ Colossians 4

1ចៅហ្វាយរាល់គ្នា​អើយ! ​ចូរ​ផ្ដល់​យុត្ដិធម៌​និង​ភាព​ត្រឹមត្រូវ​ដល់​បាវបម្រើ​របស់​អ្នក​ចុះ​ដោយ​ដឹង​ថា​អ្នករាល់គ្នា​ក៏​មាន​ចៅហ្វាយ​នៅ​ស្ថានសួគ៌​ដែរ។ 2ចូរអធិស្ឋាន​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ទាំង​ប្រុង​ស្មារតី​ក្នុង​សេចក្ដី​អធិស្ឋាន​ដោយ​ការ​អរ​ព្រះគុណ 3ហើយអធិស្ឋាន​ឲ្យ​យើង​ផង​គឺ​សូម​ឲ្យ​ព្រះជាម្ចាស់​បើក​ទ្វារ​ឲ្យ​យើង​សម្រាប់​ព្រះ​បន្ទូល​ដើម្បី​ឲ្យ​យើង​បាន​ប្រកាស​អំពី​អាថ៌កំបាំង​របស់​ព្រះ​គ្រិស្ដ​ដែល​ខ្ញុំ​បាន​ជាប់​ចំណង​ដោយសារ​ការ​នេះ​ឯង 4និងសូម​ឲ្យ​ខ្ញុំ​បង្ហាញ​អាថ៌កំបាំង​នោះ​តាម​ដែល​ខ្ញុំ​ត្រូវ​និយាយ។ 5ចូរប្រព្រឹត្ដ​ចំពោះ​អ្នក​ក្រៅ​ដោយ​ប្រាជ្ញា​ទាំង​ចេះ​ប្រើប្រាស់​ពេល​វេលា​ផង។ 6ចូរឲ្យ​អ្នករាល់គ្នា​មាន​ពាក្យ​សំដី​ល្អៗ​ជានិច្ច​ទាំង​មាន​ជាតិ​ប្រៃ​ផង​ដើម្បី​ឲ្យ​អ្នករាល់គ្នា​ដឹង​ថា​ត្រូវ​ឆ្លើយ​នឹង​មនុស្ស​ម្នាក់ៗ​យ៉ាងណា។ 7លោកទីឃីកុស​ជា​បងប្អូន​ដ៏​ជា​ទីស្រលាញ់​ជា​អ្នក​ជំនួយ​ដ៏​ស្មោះត្រង់​ហើយ​ជា​បាវ​បម្រើ​រួម​ការងារ​ក្នុង​ព្រះអម្ចាស់​គាត់​នឹង​ប្រាប់​អ្នករាល់គ្នា​ឲ្យ​ដឹង​អំពី​សុខ​ទុក្ខ​ទាំង​អស់​របស់​ខ្ញុំ 8ខ្ញុំបាន​ចាត់​គាត់​ឲ្យមក​ឯ​អ្នករាល់គ្នា​សម្រាប់​ការ​នេះ​ឯង​គឺ​ដើម្បី​ឲ្យ​អ្នករាល់គ្នា​បាន​ដឹង​អំពី​យើង​និង​ដើម្បី​កម្សាន្ដ​ចិត្ដ​​អ្នករាល់គ្នា។ 9ខ្ញុំចាត់​គាត់​ឲ្យ​មក​ជាមួយ​លោក​អូនេស៊ីម​ជា​បងប្អូន​ដ៏​ជា​ទីស្រលាញ់​និង​ជា​មនុស្ស​ស្មោះត្រង់​ដែល​ជា​ម្នាក់​ក្នុង​ចំណោម​អ្នករាល់គ្នា​ដែរ​អ្នក​ទាំងពីរ​នឹង​ប្រាប់​អ្នករាល់គ្នា​ឲ្យ​ដឹង​គ្រប់​ការ​ទាំងអស់​ដែល​នៅ​ទីនេះ។ 10លោកអើរីស្ដាក​ជា​អ្នក​ជាប់​ឃុំឃាំង​ជាមួយ​ខ្ញុំ​និង​ម៉ាកុស​ជា​បងប្អូន​ជីដូន​មួយ​របស់​លោក​បារណាបាស​ក៏​ជម្រាប​សួរ​មក​អ្នករាល់គ្នា​ដែរ។ ​ចំពោះ​ម៉ាកុស​វិញ​អ្នករាល់គ្នា​បាន​ទទួល​បង្គាប់​រួច​ហើយ​គឺ​ពេលណា​គាត់​មក​ដល់​ចូរ​អ្នករាល់គ្នា​ទទួល​គាត់​ចុះ។ 11រីឯលោក​យេស៊ូ​ដែល​ហៅ​ថា​យូស្ទុស​ក៏​ជម្រាប​សួរ​មក​អ្នករាល់គ្នា​ដែរ។ ​ក្នុង​ចំណោម​ពួក​អ្នក​កាត់ស្បែក​មាន​តែ​អ្នក​ទាំងនេះ​ទេ​ដែល​ជា​អ្នក​រួម​ការងារ​សម្រាប់​នគរ​ព្រះជាម្ចាស់​ហើយ​បាន​លើក​ទឹកចិត្ដ​ខ្ញុំ​ទៀត​ផង។ 12លោកអេប៉ាប្រាស​ជា​បាវ​បម្រើ​របស់​ព្រះ​គ្រិស្ដ​យេស៊ូ​និង​ជា​ម្នាក់​ក្នុង​ចំណោម​អ្នករាល់គ្នា​ក៏​ជម្រាប​សួរ​មក​អ្នករាល់គ្នា​ដែរ​គាត់​ខំប្រឹង​អធិស្ឋាន​ឲ្យ​អ្នករាល់គ្នា​ជានិច្ច​ដើម្បី​ឲ្យ​អ្នករាល់គ្នា​បាន​ឈរ​មាំ​មួន​ពេញវ័យ​និង​យល់​ច្បាស់​ពី​បំណង​របស់​ព្រះជាម្ចាស់​គ្រប់​បែបយ៉ាង។ 13ខ្ញុំធ្វើបន្ទាល់​អំពី​គាត់​ថា​គាត់​មាន​ការ​ប្រឹងប្រែង​ណាស់​ដើម្បី​អ្នករាល់គ្នា​និង​ពួក​អ្នក​នៅ​ក្រុង​ឡៅឌីសេ​ព្រមទាំង​ពួក​អ្នក​នៅ​ក្រុង​ហេរ៉ាប៉ូល។ 14លោកលូកា​ជា​គ្រូពេទ្យ​ជា​ទីស្រលាញ់​និង​លោក​ដេម៉ាស​ក៏​ជម្រាប​សួរ​មក​អ្នករាល់គ្នា​ដែរ។ 15សូមជម្រាប​សួរ​ដល់​បងប្អូន​នៅ​ក្រុង​ឡៅឌីសេ​និង​នាង​នីមផាស​ព្រមទាំង​ក្រុម​ជំនុំ​ដែល​ជួបជុំគ្នា​នៅ​ផ្ទះ​នាង​ដែរ។ 16ពេលណា​អ្នករាល់គ្នា​បាន​អាន​សំបុត្រ​នេះ​រួច​ហើយ​ចូរ​ឲ្យ​ក្រុមជំនុំ​នៅ​ក្រុង​ឡៅឌីសេ​អាន​ផង​ហើយ​អ្នករាល់គ្នា​ក៏​ត្រូវ​អាន​សំបុត្រ​ពី​ក្រុង​ឡៅឌីសេ​ដែរ។ 17សូមប្រាប់​លោក​អើឃីព​ថា៖ ​«ចូរ​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​មុខងារ​បម្រើ​ដែល​អ្នក​បាន​ទទួល​ក្នុង​ព្រះអម្ចាស់​ចុះ​ដើម្បី​បំពេញ​មុខងារ​បម្រើ​នោះ​ឲ្យ​បាន​សម្រេច»។ 18ខ្ញុំប៉ូល​សរសេរ​ពាក្យ​ជម្រាប​សួរ​នេះ​ដោយ​ផ្ទាល់​ដៃ​ហើយ​សូម​អ្នករាល់គ្នា​នឹក​ចាំ​អំពី​ការ​ជាប់ចំណង​របស់​ខ្ញុំ​ផង។ ​សូម​ឲ្យ​អ្នករាល់គ្នា​បាន​ប្រកប​ដោយ​ព្រះ​គុណ។
Copyright information for KhmKCB