‏ Ephesians 2

1រីឯអ្នករាល់គ្នា​វិញ​អ្នករាល់គ្នា​បាន​ស្លាប់​នៅក្នុង​កំហុស​និង​បាប​របស់​អ្នករាល់គ្នា 2កាលពី​មុន​អ្នករាល់គ្នា​រស់នៅ​តាម​របៀប​របស់​លោកិយ​នេះ​គឺ​តាម​ចៅហ្វាយ​នៃ​សិទ្ធិអំណាច​នៅលើ​អាកាស​ជា​វិញ្ញាណ​ដែល​កំពុង​ធ្វើការ​សព្វថ្ងៃនេះ​ក្នុង​ពួក​កូនៗ​ដែល​មិន​ស្ដាប់បង្គាប់។ 3កាលពីមុន​យើង​ទាំងអស់​គ្នា​ក៏​ធ្លាប់​រស់នៅ​តាម​ចំណង់តណ្ហា​សាច់ឈាម​របស់​យើង​ក្នុងចំណោម​ពួកគេ​ដែរ​ទាំង​បាន​ប្រព្រឹត្ដ​តាម​បំណង​និង​គំនិត​ខាង​សាច់ឈាម​ហើយ​យើង​ជា​កូន​នៃ​សេចក្ដី​ក្រោធ​ពី​កំណើត​ដូចជា​អ្នក​ដទៃទៀត​ដែរ 4ប៉ុន្ដែព្រះជាម្ចាស់​ដែល​មាន​សេចក្ដី​មេត្តាករុណា​ដ៏​បរិបូរ​ព្រះអង្គ​ស្រលាញ់​យើង​ដោយ​សេចក្ដី​ស្រលាញ់​ដ៏ខ្លាំង​របស់​ព្រះអង្គ 5ទោះបីយើង​បាន​ស្លាប់​នៅក្នុង​កំហុស​របស់​យើង​ក៏ដោយ​ក៏​ព្រះអង្គ​ប្រោស​យើង​ឲ្យ​មាន​ជីវិត​រួមជាមួយ​ព្រះ​គ្រិស្ដ​ដែរ​ដូច្នេះ​អ្នករាល់គ្នា​ទទួល​បាន​សេចក្ដីសង្គ្រោះ​ដោយសារ​ព្រះ​គុណ 6ហើយនៅក្នុង​ព្រះ​គ្រិស្ដ​យេស៊ូ​ព្រះអង្គ​បាន​ប្រោស​យើង​ឲ្យ​រស់ឡើងវិញ​រួម​ជាមួយ​ព្រះ​គ្រិស្ដ​និង​បាន​ឲ្យ​យើង​អង្គុយ​រួមជាមួយ​ព្រះអង្គ​នៅឯ​ស្ថានសួគ៌ 7ដើម្បីឲ្យ​ព្រះអង្គ​បង្ហាញ​ជំនាន់​ខាង​មុខ​ឲ្យ​ឃើញ​ពី​ព្រះ​គុណ​ដ៏​បរិបូរ​លើសលប់​របស់​ព្រះអង្គ​ដែល​បាន​ប្រទាន​ដល់​យើង​ដោយ​សេចក្ដី​សប្បុរស​ក្នុង​ព្រះ​គ្រិស្ដ​យេស៊ូ 8ដ្បិតអ្នករាល់គ្នា​ទទួល​សេចក្ដីសង្គ្រោះ​ដោយសារ​ព្រះ​គុណ​តាមរយៈ​ជំនឿ​ហើយ​សេចក្ដីនេះ​មិនមែន​មកពី​អ្នករាល់គ្នា​ទេ​គឺ​ជា​អំណោយ​ទាន​របស់​ព្រះជាម្ចាស់ 9ហើយក៏​មិនមែន​មកពី​ការ​ប្រព្រឹត្តិ​ដែរ​ក្រែងលោ​មាន​អ្នកណា​ម្នាក់​អួត​ខ្លួន 10ព្រោះយើង​ជា​ស្នាព្រះហស្ដ​របស់​ព្រះជាម្ចាស់​ដែល​ត្រូវ​បាន​បង្កើត​មក​នៅក្នុង​ព្រះ​គ្រិស្ដ​យេស៊ូ​សម្រាប់​ការ​ល្អ​ដែល​ព្រះជាម្ចាស់​បាន​រៀបចំទុក​ជាមុន​ដើម្បី​ឲ្យ​យើង​ប្រព្រឹត្ដ​តាម។ 11ដូច្នេះចូរ​ចាំ​ថា​ពីមុន​អ្នករាល់គ្នា​ជា​សាសន៍ដទៃ​ខាង​សាច់ឈាម​ដែល​ត្រូវ​បាន​ពួក​អ្នក​ដែល​ហៅ​ថា​ពួក​កាត់ស្បែក​ខាង​សាច់ឈាម​ដោយ​ដៃ​មនុស្ស​ហៅ​អ្នករាល់គ្នា​ថា​ពួក​មិនកាត់ស្បែក 12ពេលនោះ​អ្នករាល់គ្នា​គ្មាន​ព្រះ​គ្រិស្ដ​ទេ​ហើយ​មិន​ត្រូវ​បាន​រាប់បញ្ចូល​ថា​ជា​ជនជាតិ​អ៊ីស្រាអែល​ឡើយ​ក៏​ជា​អ្នកក្រៅ​ខាងឯ​កិច្ចព្រមព្រៀង​នៃ​សេចក្ដី​សន្យា​គ្មាន​សង្ឃឹម​និង​គ្មាន​ព្រះជាម្ចាស់​នៅក្នុង​លោកិយ​នេះ​ផង 13ប៉ុន្ដែនៅក្នុង​ព្រះ​គ្រិស្ដ​យេស៊ូ​អ្នករាល់គ្នា​ដែល​ពីមុន​នៅ​ឆ្ងាយ​ឥឡូវនេះ​ត្រូវ​បាន​នាំមក​ជិត​វិញ​ដោយសារ​ឈាម​របស់​ព្រះ​គ្រិស្ដ។ 14ដ្បិតព្រះអង្គ​ជា​សេចក្ដី​សុខសាន្ត​របស់​យើង​ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ទាំងពីរ​រួមមក​តែមួយ​ហើយ​បំផ្លាញ​ជញ្ជាំង​ដែល​ខណ្ឌ​ផ្ដាច់​និង​ភាព​ជា​សត្រូវ​ដោយ​រូបកាយ​របស់​ព្រះអង្គ 15គឺព្រះអង្គ​បាន​លុបបំបាត់​ក្រឹត្យវិន័យ​ដែល​មាន​បញ្ញត្ដិ​និង​សេចក្ដី​បង្គាប់​ទាំងឡាយ​ចោល​ដើម្បី​ឲ្យ​ព្រះអង្គ​យក​ទាំងពីរ​មក​បង្កើត​ជា​មនុស្ស​ថ្មី​តែមួយ​នៅក្នុង​ព្រះអង្គ​ទាំង​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុខសាន្ត 16ហើយដើម្បី​ឲ្យ​ព្រះអង្គ​ផ្សះផ្សា​ទាំងពីរ​ជាមួយ​ព្រះជាម្ចាស់​នៅក្នុង​រូបកាយ​តែមួយ​តាមរយៈ​ឈើឆ្កាង​ដោយ​បាន​លុបបំបាត់​ភាព​ជា​សត្រូវ​ចោល​តាមរយៈ​ឈើឆ្កាង។ 17ពេលព្រះអង្គ​យាងមក​ព្រះអង្គ​បាន​ប្រកាស​ដំណឹងល្អ​នៃ​សេចក្ដី​សុខសាន្ត​ដល់​អ្នករាល់គ្នា​ជា​អ្នក​ឆ្ងាយ​និង​ដល់​អស់អ្នក​ជា​អ្នក​ជិត​ដែរ 18ព្រោះតាមរយៈ​ព្រះអង្គ​យើង​ទាំងពីរ​មាន​ផ្លូវ​ទៅឯ​ព្រះ​វរ​បិតា​ដោយ​ព្រះ​វិញ្ញាណ​តែមួយ។ 19ហេតុនេះអ្នករាល់គ្នា​លែង​ជា​អ្នកក្រៅ​ឬ​ជា​ជនបរទេស​ទៀត​ហើយ​ផ្ទុយទៅវិញ​អ្នករាល់គ្នា​ជា​ជនរួមជាតិ​របស់​ពួក​បរិសុទ្ធ​ព្រមទាំង​ជា​អ្នក​នៅក្នុង​ដំណាក់​របស់​ព្រះជាម្ចាស់​ទៀត​ផង 20ហើយអ្នករាល់គ្នា​ត្រូវ​បាន​សង់​លើ​គ្រឹះ​របស់​ពួក​សាវក​និង​ពួក​អ្នកនាំព្រះបន្ទូល​ដែល​ព្រះ​គ្រិស្ដ​យេស៊ូ​ផ្ទាល់​ជា​ថ្មជ្រុង​ដ៏សំខាន់ 21ហើយនៅក្នុង​ព្រះអង្គ​អគារ​ទាំងមូល​ត្រូវ​បាន​ផ្គុំឡើង​ទាំង​ចម្រើន​ទៅជា​ព្រះ​វិហារ​ដ៏​បរិសុទ្ធ​នៅក្នុង​ព្រះអម្ចាស់ 22រីឯអ្នករាល់គ្នា​ក៏​ដូច្នោះ​ដែរ​អ្នករាល់គ្នា​កំពុង​ត្រូវ​បាន​សង់ឡើង​ជាមួយគ្នា​ឲ្យ​ទៅជា​ដំណាក់​របស់​ព្រះជាម្ចាស់​នៅក្នុង​ព្រះវិញ្ញាណ។
Copyright information for KhmKCB