‏ Ephesians 3

1ហេតុនេះ​ហើយ​ខ្ញុំ​ប៉ូល​ជា​អ្នកទោស​ដោយព្រោះ​ព្រះ​គ្រិស្ដ​យេស៊ូ​សម្រាប់​អ្នករាល់គ្នា​ដែល​ជា​សាសន៍ដទៃ 2អ្នករាល់គ្នាពិតជា​បាន​ឮ​ហើយ​អំពី​តួនាទី​មើលការខុសត្រូវ​ដែល​ជា​ព្រះ​គុណ​របស់​ព្រះជាម្ចាស់​បាន​ប្រទាន​មក​ឲ្យ​ខ្ញុំ​សម្រាប់​អ្នករាល់គ្នា 3គឺព្រះអង្គ​បាន​បង្ហាញ​ឲ្យ​ខ្ញុំ​ស្គាល់​អាថ៌កំបាំង​តាមរយៈ​ការ​បើកសំដែង​ដូច​ដែល​ខ្ញុំ​បាន​សរសេរ​ដោយ​សង្ខេប​រួច​ហើយ 4កាលអ្នករាល់គ្នា​អាន​សេចក្ដី​នោះ​អ្នករាល់គ្នា​អាច​យល់​បាន​អំពី​ចំណេះ​របស់​ខ្ញុំ​ចំពោះ​អាថ៌កំបាំង​របស់​ព្រះ​គ្រិស្ដ 5ដែលមិន​បាន​បង្ហាញ​ឲ្យ​កូន​ចៅ​មនុស្ស​ជំនាន់​មុនៗ​ស្គាល់​ដូច​ដែល​បាន​បើកសំដែង​ដល់​ពួក​សាវក​និង​ពួក​អ្នកនាំព្រះបន្ទូល​ដ៏​បរិសុទ្ធ​របស់​ព្រះអង្គ​នា​ពេល​បច្ចុប្បន្ន​នេះ​តាមរយៈ​ព្រះ​វិញ្ញាណ​ឡើយ។ 6តាមរយៈដំណឹងល្អ​ពួក​សាសន៍ដទៃ​ត្រលប់ជា​អ្នករួម​ស្នងមរតក​ជា​អ្នករួម​ក្នុង​រូបកាយ​តែមួយ​ហើយ​ជា​អ្នករួម​ចំណែក​សេចក្ដី​សន្យា​នៅក្នុង​ព្រះ​គ្រិស្ដ​យេស៊ូ 7ហើយខ្ញុំ​បាន​ត្រលប់ជា​អ្នក​បម្រើ​ដំណឹងល្អ​នេះ​តាមរយៈ​អំណោយ​ទាន​ជា​ព្រះ​គុណ​របស់​ព្រះជាម្ចាស់​ដែល​បាន​ប្រទាន​ឲ្យ​ខ្ញុំ​ស្របទៅតាម​អំណាច​ដ៏​មាន​អានុភាព​របស់​ព្រះអង្គ។ 8ព្រះអង្គបាន​ប្រទាន​ព្រះ​គុណ​នេះ​ឲ្យ​ខ្ញុំ​ដែល​ជា​អ្នក​តូចតាច​បំផុត​នៅក្នុងចំណោម​ពួក​បរិសុទ្ធ​ទាំងអស់​ដើម្បី​ឲ្យ​ខ្ញុំ​ប្រកាស​ដំណឹងល្អ​ប្រាប់​ពួក​សាសន៍ដទៃ​អំពី​ភាព​បរិបូរ​របស់​ព្រះ​គ្រិស្ដ​ដែល​វាស់ស្ទង់​មិនបាន 9និងឲ្យ​បំភ្លឺ​ដល់​មនុស្ស​ទាំងអស់​អំពី​អ្វី​ដែល​ជា​គម្រោងការ​អាថ៌កំបាំង​ដែល​បាន​លាក់ទុក​តាំងពី​អស់កល្ប​នៅក្នុង​ព្រះជាម្ចាស់​ជា​ព្រះ​ដែល​បាន​បង្កើត​អ្វីៗ​ទាំងអស់ 10ដើម្បីបង្ហាញ​ឲ្យ​ការគ្រប់គ្រង​និង​សិទ្ធិអំណាច​ទាំងឡាយ​ដែល​នៅ​ស្ថានសួគ៌​ស្គាល់​ប្រាជ្ញា​របស់​ព្រះជាម្ចាស់​ដែល​មាន​ជា​ច្រើន​យ៉ាង​នៅពេលនេះ​តាមរយៈ​ក្រុមជំនុំ 11ស្របទៅតាមគម្រោងការ​ដ៏​អស់កល្ប​ដែល​ព្រះអង្គ​ធ្វើ​នៅក្នុង​ព្រះ​គ្រិស្ដ​យេស៊ូ​ដែល​ជា​ព្រះអម្ចាស់​នៃ​យើង។ 12នៅក្នុងព្រះអង្គ​យើង​មាន​សេចក្ដី​ក្លាហាន​និង​មាន​ផ្លូវ​ទៅ​ព្រះជាម្ចាស់​ដោយ​ការ​ទុកចិត្ដ​តាមរយៈ​ជំនឿ​លើ​ព្រះអង្គ។ 13ដូច្នេះសូម​អ្នករាល់គ្នា​កុំ​រសាយចិត្ដ​ដោយព្រោះតែ​សេចក្ដី​វេទនា​របស់​ខ្ញុំ​សម្រាប់​អ្នករាល់គ្នា​នេះ​ឡើយ​ដ្បិត​គឺ​ជា​សេចក្ដី​រុងរឿង​របស់​អ្នករាល់គ្នា​ទេ។ 14ហេតុនោះហើយ​បានជា​ខ្ញុំ​លុត​ជង្គង់​នៅចំពោះ​មុខ​ព្រះ​វរ​បិតា 15ដែលគ្រួសារ​ទាំងអស់​ទាំង​នៅ​ស្ថានសួគ៌​និង​ផែនដី​មាន​ឈ្មោះ​មកពី​ព្រះអង្គ 16សូមឲ្យ​ព្រះអង្គ​ប្រទាន​ឲ្យ​មនុស្ស​ខាងក្នុង​របស់​អ្នករាល់គ្នា​រឹងមាំ​ឡើង​ដោយសារ​អំណាច​តាមរយៈ​វិញ្ញាណ​របស់​ព្រះអង្គ​ស្របទៅតាម​ភាព​បរិបូរ​នៃ​សិរីរុងរឿង​របស់​ព្រះអង្គ 17ដើម្បីឲ្យ​ព្រះ​គ្រិស្ដ​គង់នៅ​ក្នុង​ចិត្ដ​របស់​អ្នករាល់គ្នា​តាមរយៈ​ជំនឿ​ហើយ​សូម​ឲ្យ​អ្នករាល់គ្នា​ដែល​ត្រូវ​បាន​ចាក់ឫស​និង​ចាក់គ្រឹះ​នៅក្នុង​សេចក្ដី​ស្រលាញ់ 18អាចយល់ច្បាស់​ជាមួយ​ពួក​បរិសុទ្ធ​ទាំងអស់​អំពី​ទទឹង​បណ្ដោយ​ជម្រៅ​និង​កម្ពស់ 19ព្រមទាំងស្គាល់​សេចក្ដី​ស្រលាញ់​របស់​ព្រះ​គ្រិស្ដ​ដែល​ហួស​ពី​ការ​យល់ដឹង​ដើម្បី​ឲ្យ​អ្នករាល់គ្នា​បាន​ពេញ​រហូតដល់​គ្រប់ទាំង​សេចក្ដី​ពោរពេញ​របស់​ព្រះជាម្ចាស់។ 20សូមឲ្យ​ព្រះអង្គ​ដែល​អាច​ធ្វើ​លើសលប់​ហួលពី​សេចក្ដី​ទាំងឡាយ​ដែល​យើង​សុំ​ឬ​គិត​ស្របតាម​អំណាច​ដែល​កំពុង​ធ្វើការ​នៅក្នុង​យើង 21បានប្រកប​ដោយ​សិរីរុងរឿង​នៅក្នុង​ក្រុមជំនុំ​និង​នៅក្នុង​ព្រះ​គ្រិស្ដ​យេស៊ូ​គ្រប់​ជំនាន់​អស់កល្ប​ជានិច្ច​អាម៉ែន។
Copyright information for KhmKCB