‏ Ephesians 4

1ដូច្នេះខ្ញុំ​ជា​អ្នកទោស​ក្នុង​ព្រះអម្ចាស់​សូម​ដាស់តឿន​អ្នករាល់គ្នា​ឲ្យ​រស់នៅ​ស័ក្តិសម​នឹង​ការ​ត្រាស់ហៅ​ដែល​អ្នករាល់គ្នា​បាន​ទទួល 2ដោយការ​បន្ទាបខ្លួន​និង​ចិត្ដស្លូតបូត​គ្រប់យ៉ាង​ដោយ​សេចក្ដី​អត់ធ្មត់​ហើយ​ទ្រាំទ្រ​គ្នា​ទៅវិញ​ទៅមក​នៅក្នុង​សេចក្ដី​ស្រលាញ់ 3ទាំងព្យាយាម​រក្សា​ភាព​តែមួយ​ដែល​មកពី​ព្រះ​វិញ្ញាណ​ដោយ​ចំណង​នៃ​សេចក្ដី​សុខសាន្ត។ 4មានរូបកាយ​តែមួយ​ព្រះ​វិញ្ញាណ​តែមួយ​ដូច​ដែល​អ្នករាល់គ្នា​បាន​ទទួល​ការ​ត្រាស់ហៅ​មកក្នុង​សេចក្ដី​សង្ឃឹម​តែមួយ​នោះ​ដែរ 5មានព្រះអម្ចាស់​តែមួយ​ជំនឿ​តែមួយ​ពិធីជ្រមុជ​តែមួយ 6ព្រះជាម្ចាស់តែមួយ​ជា​ព្រះ​វរ​បិតា​នៃ​ទាំងអស់​ដែល​ខ្ពស់​លើ​ទាំងអស់​ហើយ​ធ្វើការ​តាមរយៈ​ទាំងអស់​ព្រមទាំង​គង់​នៅក្នុង​ទាំងអស់ 7តែម្នាក់ៗ​បាន​ទទួល​ព្រះ​គុណ​តាម​ខ្នាត​នៃ​អំណោយ​ទាន​របស់​ព្រះ​គ្រិស្ដ​រៀងៗខ្លួន។ 8ហេតុនេះហើយ​បានជា​មាន​សេចក្ដី​ចែងទុក​ថា​នៅ​ពេល​ព្រះអង្គ​យាងឡើង​ទៅ​ស្ថាន​ដ៏​ខ្ពស់​ព្រះអង្គ​បាន​ចាប់​ពួក​ឈ្លើយ​យកទៅ​ហើយ​ព្រះអង្គ​បាន​ប្រទាន​អំណោយ​ទាន​ដល់​មនុស្ស។ 9តើពាក្យ​យាងឡើង​ទៅ​មាន​ន័យ​ដូចម្ដេច? ​តើ​ព្រះអង្គ​មិន​បាន​យាង​ចុះ​ទៅ​ឯ​ស្ថាន​ដែល​ទាបជាង​ផែនដី​ទេ​ឬ​អី? 10ព្រះអង្គដែល​បាន​យាងចុះ​ក៏​ជា​ព្រះ​តែមួយ​ដែរ​ដែល​បាន​យាងឡើង​ទៅ​ខ្ពស់​លើ​អស់​ទាំង​ស្ថានសួគ៌​ដើម្បី​ឲ្យ​ព្រះអង្គ​អាច​បំពេញ​គ្រប់​ការ​ទាំង​អស់​បាន។ 11ព្រះអង្គបាន​ប្រទាន​ឲ្យ​អ្នក​ខ្លះ​ធ្វើជា​សាវក​អ្នក​ខ្លះ​ជា​អ្នកនាំព្រះបន្ទូល​អ្នក​ខ្លះ​ជា​អ្នកប្រកាស​ដំណឹងល្អ​អ្នក​ខ្លះ​ទៀត​ជា​គ្រូគង្វាល​និង​ជា​គ្រូបង្រៀន 12ដើម្បីឲ្យ​ពួក​បរិសុទ្ធ​បាន​គ្រប់​លក្ខណ៍​សម្រាប់​កិច្ចការ​បម្រើ​និង​ការ​ស្អាង​រូបកាយ​របស់​ព្រះ​គ្រិស្ដ 13រហូតទាល់តែ​យើង​ទាំងអស់​គ្នា​មាន​ភាព​តែមួយ​នៅក្នុង​ជំនឿ​និង​ការ​ស្គាល់​ព្រះ​រាជ​បុត្រា​របស់​ព្រះជាម្ចាស់​ទាំង​ត្រលប់ជា​មនុស្ស​ពេញវ័យ​ហើយ​ដល់​ខ្នាត​កំពស់​នៃ​សេចក្ដី​ពោរពេញ​របស់​ព្រះ​គ្រិស្ដ។ 14ដូច្នេះយើង​មិន​ត្រូវ​នៅ​ជា​ទារក​ទៀត​ឡើយ​យើង​មិន​ត្រូវ​ឃ្លេងឃ្លោង​ហើយ​រសាត់​ចុះឡើង​តាម​ខ្យល់​នៃ​សេចក្ដី​បង្រៀន​គ្រប់​បែបយ៉ាង​និង​តាម​ឧបាយកល​របស់​មនុស្ស​ដែល​មាន​ល្បិច​ប៉ិនប្រសប់​ក្នុង​ការ​បោកប្រាស់ 15ផ្ទុយទៅវិញចូរ​យើង​និយាយ​សេចក្ដី​ពិត​នៅក្នុង​សេចក្ដី​ស្រលាញ់​ហើយ​ចូរ​ចម្រើន​ឡើង​ក្នុង​គ្រប់​ការ​ទាំងអស់​ឲ្យ​ដល់​ព្រះអង្គ​ដែល​ជា​ព្រះសិរ​គឺ​ជា​ព្រះ​គ្រិស្ដ 16ដែលបាន​ផ្គុំ​និង​ភ្ជាប់​រូបកាយ​ទាំងមូល​ឡើង​ដោយសារ​សន្លាក់​ទាំងអស់​ដែល​ទ្រទ្រង់​ស្របទៅតាម​កម្រិត​សមត្ថភាព​រៀងៗ​ខ្លួន​របស់​ផ្នែក​និមួយៗ​ដែល​ធ្វើ​ឲ្យ​រូបកាយ​ចម្រើន​ឡើង​ដើម្បី​នឹង​ស្អាង​រូបកាយ​នោះ​ឡើង​នៅក្នុង​សេចក្ដី​ស្រលាញ់។ 17ដូច្នេះហើយ​ខ្ញុំ​និយាយ​សេចក្ដី​នេះ​ទាំង​ធ្វើបន្ទាល់​នៅក្នុង​ព្រះអម្ចាស់​ថា​អ្នករាល់គ្នា​កុំ​រស់នៅ​ដូចជា​សាសន៍ដទៃ​ដែល​រស់នៅ​តាម​គំនិត​ឥតប្រយោជន៍​របស់​ពួកគេ​ទៀត​ឡើយ 18គំនិតរបស់​ពួកគេ​ត្រូវ​បាន​ធ្វើ​ឲ្យ​ងងឹត​សូន្យសុង​ហើយ​បាន​ដាច់ចេញ​ពី​ព្រះជន្ម​របស់​ព្រះជាម្ចាស់​ដោយសារ​ភាព​ល្ងង់ខ្លៅ​ដែល​មាន​នៅក្នុង​ពួកគេ​និង​ដោយសារ​ចិត្ដ​រឹងរូស​របស់​ពួកគេ។ 19ពួកគេលែង​ដឹងខុសត្រូវ​ហើយ​បណ្ដោយ​ខ្លួន​ទៅតាម​ការ​ល្មោភកាម​ដើម្បី​ប្រព្រឹត្ត​សេចក្ដី​ស្មោកគ្រោក​គ្រប់​បែបយ៉ាង​ដោយ​មិន​ចេះ​ស្កប់ស្កល់​ឡើយ 20ប៉ុន្តែអ្នករាល់គ្នា​មិន​បាន​រៀន​អំពី​ព្រះ​គ្រិស្ដ​ដូច្នោះ​ទេ 21អ្នករាល់គ្នាពិតជា​បាន​ឮ​អំពី​ព្រះអង្គ​និង​បាន​ទទួល​ការបង្រៀន​ក្នុង​ព្រះអង្គ​ដែល​ស្របទៅតាម​សេចក្ដីពិត​ក្នុង​ព្រះ​យេស៊ូ​ហើយ 22គឺឲ្យ​អ្នករាល់គ្នា​ដោះ​មនុស្ស​ចាស់​ចោល​ជា​កិរិយា​កាល​ពីមុន​ដែល​ត្រូវ​បំផ្លាញ​ដោយ​ចំណង់តណ្ហា​បោកបញ្ឆោត 23ហើយឲ្យ​គំនិត​និង​វិញ្ញាណ​របស់​អ្នករាល់គ្នា​បាន​កែជាថ្មី​ឡើង​វិញ 24ទាំងពាក់​មនុស្ស​ថ្មី​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដូច​ព្រះជាម្ចាស់​ដែល​មាន​សេចក្ដី​សុចរិត​និង​សេចក្ដី​បរិសុទ្ធ​របស់​សេចក្ដីពិត។ 25ដូច្នេះកាល​បាន​ដោះ​សេចក្ដី​ភូតភរ​ចោល​ហើយ​ចូរ​យើង​ម្នាក់ៗ​និយាយ​សេចក្ដីពិត​ទៅ​កាន់​អ្នកជិតខាង​របស់​ខ្លួន​ដ្បិត​យើង​ជា​អវយវៈ​របស់​គ្នា​ទៅវិញ​ទៅមក។ 26ចូរខឹង​ចុះ​ប៉ុន្ដែ​កុំ​ធ្វើ​បាប​ឡើយ​ចូរ​កុំ​ឲ្យ​កំហឹង​របស់​អ្នករាល់គ្នា​នៅ​រហូតដល់​ថ្ងៃ​លិច 27ក៏កុំ​ឲ្យ​ឱកាស​ដល់​អារក្ស​សាតាំង​ឲ្យ​សោះ។ 28អ្នកដែល​លួច​ចូរ​កុំ​លួច​ទៀត​ប៉ុន្ដែ​ចូរ​ខំ​ធ្វើការ​យ៉ាង​នឿយហត់​ចុះ​គឺ​ធ្វើការ​ដែល​មាន​ប្រយោជន៍​ដោយ​ដៃ​របស់​ខ្លួន​វិញ​ដើម្បី​ឲ្យ​មាន​អ្វី​ចែក​ដល់​អ្នក​ដែល​ខ្វះខាត។ 29កុំឲ្យ​មាន​ពាក្យ​អាក្រក់​ណា​ចេញ​ពី​មាត់​អ្នករាល់គ្នា​ឡើយ​ផ្ទុយទៅវិញ​ត្រូវ​និយាយ​ពាក្យ​ល្អៗ​សម្រាប់​ការ​ស្អាងចិត្ដ​តាម​ដែល​ត្រូវការ​ដើម្បី​ផ្ដល់​ព្រះ​គុណ​ដល់​អស់អ្នក​ដែល​ស្ដាប់។ 30កុំធ្វើ​ឲ្យ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះជាម្ចាស់​ព្រួយ​ព្រះហឫទ័យ​ឡើយ​ដ្បិត​អ្នករាល់គ្នា​ទទួល​បាន​ការ​បោះត្រា​ដែល​ជា​ព្រះ​វិញ្ញាណ​បរិសុទ្ធ​សម្រាប់​ថ្ងៃ​នៃ​សេចក្ដី​ប្រោសលោះ។ 31ចូរដក​យក​អស់ទាំង​សេចក្ដី​ជូរចត់​កំហឹង​ចិត្ដ​ក្ដៅក្រហាយ​ជម្លោះ​ឡូឡា​ការ​ជេរប្រមាថ​រួម​ទាំង​សេចក្ដី​អាក្រក់​គ្រប់​ប៉ែបយ៉ាង​ចេញ​ពី​អ្នករាល់គ្នា​ចុះ 32ចូរមាន​ចិត្ដ​សប្បុរស​ចំពោះ​គ្នា​ទៅវិញ​ទៅមក​និង​មាន​ចិត្ដ​អាណិត​អាសូរ​ព្រមទាំង​លើកលែង​ទោស​ឲ្យ​គ្នា​ទៅវិញ​ទៅមក​ដូច​ដែល​ព្រះជាម្ចាស់​បាន​លើកលែង​ទោស​ឲ្យ​អ្នករាល់គ្នា​នៅក្នុង​ព្រះ​គ្រិស្ដ​ដែរ។
Copyright information for KhmKCB