‏ Galatians 2

1លុះដប់បួន​ឆ្នាំ​ក្រោយមក​ខ្ញុំ​បាន​ឡើងទៅ​ឯ​ក្រុង​យេរូសាឡិម​ម្ដងទៀត​ជាមួយ​លោក​បាណាបាស​ទាំង​នាំ​លោក​ទីតុស​ទៅ​ជាមួយ​ដែរ 2គឺខ្ញុំ​បាន​ឡើងទៅ​ទីនោះ​តាម​ការ​បើកសំដែង​ហើយ​ខ្ញុំ​បាន​ប្រាប់​ពួកគេ​អំពី​ដំណឹងល្អ​ដែល​ខ្ញុំ​ប្រកាស​នៅក្នុង​ចំណោម​សាសន៍ដទៃ​រីឯ​ពួក​អ្នក​ដែល​ទំនងជា​អ្នកមុខ​អ្នកការ​វិញ​ខ្ញុំ​បាន​ប្រាប់​ដាច់​ដោយ​ឡែក​ក្រែងលោ​ការ​ដែល​ខ្ញុំ​បាន​រត់​និង​កំពុង​រត់​ត្រលប់ជា​ឥតប្រយោជន៍ 3រីឯលោក​ទីតុស​ដែល​នៅជាមួយ​ខ្ញុំ​ទោះបី​គាត់​ជា​ជនជាតិក្រេក​ក្ដី​ក៏​មិន​ត្រូវ​បាន​បង្ខំ​ឲ្យ​កាត់ស្បែក​ដែរ 4ថ្វីដ្បិតតែមាន​ពួក​បងប្អូន​ក្លែងក្លាយ​បាន​ជ្រៀតចូលមក​គឺ​ជា​ពួក​អ្នក​ដែល​បាន​​លបចូលមក​ក្នុងចំណោម​យើង​ដើម្បី​អង្កេតមើល​សេរីភាព​របស់​យើង​នៅក្នុង​ព្រះ​គ្រិស្ដ​យេស៊ូ​ក្នុងបំណង​ធ្វើ​ឲ្យ​យើង​ត្រលប់ជា​ទាសករ 5ប៉ុន្តែយើង​មិន​ព្រម​ចុះចូល​នឺង​ពួកគេ​ទេ​សូម្បីតែ​បន្ដិច​ដើម្បី​ឲ្យ​សេចក្ដីពិត​នៃ​ដំណឹងល្អ​បាន​នៅស្ថិតស្ថេរ​ជាមួយ​អ្នករាល់គ្នា។ 6រីឯពួក​អ្នក​ដែល​ទំនង​ជា​អ្នកមុខ​អ្នកការ​វិញ​ទោះបី​គេ​ធ្លាប់​ជា​អ្វី​ក៏ដោយ​ក៏​មិន​អំពល់​អ្វី​ដល់​ខ្ញុំ​ដែរ​ព្រោះ​ព្រះជាម្ចាស់​មិន​រើស​មុខ​មនុស្ស​ណា​ឡើយ​ហើយ​ពួក​អ្នក​ដែល​ទំនង​ជា​អ្នកមុខ​អ្នកការ​ក៏​មិន​បាន​បន្ថែម​អ្វី​ឲ្យ​ខ្ញុំ​ដែរ 7ផ្ទុយទៅវិញពួកគេ​បាន​ដឹង​ថា​ដំណឹងល្អ​សម្រាប់​ពួក​មិនកាត់ស្បែក​ត្រូវ​បាន​ផ្ទុកផ្ដាក់​ដល់​ខ្ញុំ​ដូចដែល​ដំណឹងល្អ​សម្រាប់​ពួក​កាត់ស្បែក​ត្រូវ​បាន​ផ្ទុកផ្ដាក់​ដល់​លោក​ពេត្រុស​ដែរ 8ដ្បិតព្រះអង្គ​ដែល​ធ្វើការ​តាមរយៈ​លោក​ពេត្រុស​នៅក្នុង​តួនាទី​ជា​សាវក​សម្រាប់​ពួក​កាត់ស្បែក​ក៏​បាន​ធ្វើការ​តាមរយៈ​ខ្ញុំ​សម្រាប់​ពួក​សាសន៍ដទៃ​ដែរ 9ហើយពេល​បាន​ទទួលស្គាល់​ព្រះ​គុណ​ដែល​ព្រះអង្គ​បាន​ប្រទាន​ដល់​ខ្ញុំ​រួច​ហើយ​លោក​យ៉ាកុប​លោក​កេផាស​និង​លោក​យ៉ូហាន​ដែល​ត្រូវ​បាន​ចាត់ទុក​ថា​ជា​សរសរទ្រូង​បាន​លូក​ដៃស្ដាំ​នៃ​ការ​ប្រកបគ្នា​ទទួល​ខ្ញុំ​និង​លោក​បារណាបាស​ដើម្បី​ឲ្យ​យើង​ទៅឯ​ពួក​សាសន៍ដទៃ​រីឯ​ពួកគេ​ទៅឯ​ពួក​អ្នកកាត់ស្បែក​វិញ។ 10ពួកគេគ្រាន់តែ​សុំ​ឲ្យ​យើង​នឹកចាំ​ពី​ពួក​អ្នកក្រ​នោះ​ហើយ​ជា​កិច្ចការ​ដែល​ខ្ញុំ​ព្យាយាម​ធ្វើ​ដែរ។ 11ប៉ុន្តែកាល​លោក​កេផាស​បាន​មក​ដល់​ក្រុង​អាន់ទីយ៉ូក​ខ្ញុំ​បន្ទោស​នៅចំពោះ​មុខ​ព្រោះ​គាត់​សម​នឹង​បន្ទោស 12ដ្បិតមុនពេល​ពួក​អ្នកខ្លះ​ដែល​មកពី​លោក​យ៉ាកុប​បាន​មកដល់​គាត់​បាន​បរិភោគ​ជាមួយ​ពួក​សាសន៍ដទៃ​ប៉ុន្តែ​ពេល​អ្នក​ទាំងនោះ​មកដល់​គាត់​បែរជា​ដក​ខ្លួន​ចេញ​ដាច់​ដោយឡែក​ព្រោះ​ខ្លាច​ពួក​អ្នកកាត់ស្បែក​ទាំងនោះ 13រីឯជនជាតិយូដា​ផ្សេងទៀត​ក៏​បាន​ធ្វើពុត​ជាមួយ​គាត់​ដែរ​សូម្បីតែ​លោក​បារណាបាស​ក៏​ត្រូវ​អូសទាញ​ដោយ​ពុតត្បុត​របស់​ពួកគេ​ដែរ។ 14ដូច្នេះពេល​ខ្ញុំ​ឃើញ​ថា​ពួកគេ​ដើរ​មិន​ត្រឹមត្រូវ​តាម​សេចក្ដីពិត​នៃ​ដំណឹងល្អ​ខ្ញុំ​ក៏​សួរ​លោក​កេផាស​នៅចំពោះមុខ​ពួកគេ​ទាំងអស់គ្នា​ថា​បើ​លោក​ដែលជា​ជនជាតិយូដា​មិន​រស់នៅ​ដូច​ជនជាតិយូដា​ផង​បែរជា​រស់នៅ​ដូច​សាសន៍ដទៃ​តើ​លោក​បង្ខំ​សាសន៍ដទៃ​ឲ្យ​រស់នៅ​ដូច​ជនជាតិយូដា​យ៉ាងដូចម្ដេច​បាន? 15យើងជា​ជនជាតិយូដា​ពី​កំណើត​យើង​មិនមែន​ជា​មនុស្សបាប​នៅក្នុង​ចំណោម​សាសន៍ដទៃ​ទេ 16យើងដឹង​ថា​មនុស្ស​មិន​ត្រូវ​បាន​រាប់ជាសុចរិត​ដោយសារ​ការ​ប្រព្រឹត្ត​តាម​គម្ពីរវិន័យ​ទេ​គឺ​បាន​រាប់ជាសុចរិត​ដោយសារ​ជំនឿ​លើ​ព្រះ​គ្រិស្ដ​យេស៊ូ​វិញ​ហេតុនេះ​បានជា​យើង​ជឿ​លើ​ព្រះ​គ្រិស្ដ​យេស៊ូ​ដើម្បី​ឲ្យ​បាន​រាប់ជាសុចរិត​ដោយសារ​ជំនឿ​លើ​ព្រះ​គ្រិស្ដ​មិនមែន​ដោយសារ​ការ​ប្រព្រឹត្ត​តាម​គម្ពីរវិន័យ​ទេ​ព្រោះ​គ្មាន​មនុស្ស​ណា​ម្នាក់​ត្រូវ​បាន​រាប់ជាសុចរិត​ដោយសារ​ការ​ប្រព្រឹត្ត​តាម​គម្ពីរវិន័យ​ឡើយ 17ប៉ុន្ដែបើ​ពេល​យើង​កំពុង​ខិតខំ​ឲ្យ​បាន​រាប់ជាសុចរិត​ក្នុង​ព្រះ​គ្រិស្ដ​ហើយ​យើង​ឃើញថា​ខ្លួនយើង​ផ្ទាល់​ក៏​ជា​មនុស្សបាប​ដែរ​នោះ​តើ​ព្រះ​គ្រិស្ដ​ជា​អ្នកបម្រើ​បាប​ឬ? ​ទេ​មិនមែន​ទេ។ 18បើខ្ញុំ​សង់​អ្វី​ដែល​ខ្ញុំ​បាន​បំផ្លាញ​ចោល​ឡើង​វិញ​នោះ​ខ្ញុំ​បង្ហាញ​ឲ្យឃើញ​ថា​ខ្លួនខ្ញុំ​ជា​អ្នក​ល្មើសក្រឹត្យវិន័យ​ហើយ 19ដ្បិតខ្ញុំ​បាន​ស្លាប់​ខាងឯ​គម្ពីរវិន័យ​ដោយសារ​គម្ពីរវិន័យ​ដើម្បី​ឲ្យ​ខ្ញុំ​បាន​រស់​ខាងឯ​ព្រះជាម្ចាស់​វិញ។ ​ខ្ញុំ​បាន​ជាប់ឆ្កាង​ជាមួយ​ព្រះ​គ្រិស្ដ​ហើយ 20ដូច្នេះមិនមែន​ខ្ញុំ​ទេ​ដែល​រស់នៅ​គឺ​ព្រះ​គ្រិស្ដ​វិញ​ដែល​រស់នៅ​ក្នុង​ខ្ញុំ​រីឯ​ជីវិត​ដែល​ខ្ញុំ​រស់នៅ​ក្នុង​សាច់ឈាម​នា​ពេល​ឥឡូវនេះ​ខ្ញុំ​រស់​ដោយសារ​ជំនឿ​លើ​ព្រះ​រាជ​បុត្រា​របស់​ព្រះជាម្ចាស់​ដែល​បាន​ស្រលាញ់​ខ្ញុំ​និង​បាន​ប្រគល់​អង្គទ្រង់​សម្រាប់​ខ្ញុំ 21ខ្ញុំមិន​ធ្វើ​ឲ្យ​ព្រះ​គុណ​របស់​ព្រះជាម្ចាស់​ឥតប្រយោជន៍​ទេ​ព្រោះ​បើ​សេចក្ដី​សុចរិត​មក​ដោយសារ​គម្ពីរវិន័យ​នោះ​ព្រះ​គ្រិស្ដ​បាន​សោយទិវង្គត​ឥតប្រយោជន៍!
Copyright information for KhmKCB