‏ Hebrews 1

1កាលពី​ដើម​ព្រះជាម្ចាស់​មានបន្ទូល​មក​កាន់​ដូនតា​របស់​យើង​តាមរយៈ​ពួក​អ្នកនាំព្រះបន្ទូល​ជា​ច្រើន​លើក​ច្រើន​សា​ដោយ​ប្រើ​របៀប​ផ្សេងៗ​ជា​ច្រើន 2ប៉ុន្ដែនៅ​គ្រា​ចុងក្រោយ​នេះ​ព្រះជាម្ចាស់​មានបន្ទូល​មក​កាន់​យើង​តាមរយៈ​ព្រះ​រាជ​បុត្រា​ដែល​ព្រះអង្គ​បាន​តែងតាំង​ជា​អ្នក​ស្នងមរតក​លើ​របស់​សព្វសារពើ​ហើយ​ព្រះអង្គ​ក៏​បាន​បង្កើត​ពិភពលោក​តាមរយៈ​ព្រះ​រាជ​បុត្រា​ដែរ។ 3ព្រះរាជ​បុត្រា​ជា​រស្មី​នៃ​សិរីរុងរឿង​របស់​ព្រះ​ជាម្ចាស់​និង​មាន​លក្ខណៈ​របស់​ព្រះជាម្ចាស់​ទាំង​ទ្រទ្រង់​របស់​សព្វ​សារពើ​ដោយ​ព្រះបន្ទូល​ដ៏​មាន​អំណាច​របស់​ព្រះអង្គ។ ​បន្ទាប់​ពី​ព្រះអង្គ​បាន​សំ​អាត​មនុស្ស​ឲ្យ​បាន​បរិសុទ្ធ​ពី​បាប​ហើយ​ព្រះអង្គ​គង់នៅ​ខាង​ស្ដាំ​ព្រះ​ដ៏​ឧត្ដុង្គ​ឧត្ដម​នៅ​ស្ថាន​ដ៏​ខ្ពស់។ 4ព្រះរាជ​បុត្រា​បាន​ទទួល​នាម​មួយ​ដ៏​ប្រសើរ​លើស​ជាង​អស់​ទាំង​នាម​របស់​ពួក​ទេវតា​ដែល​ទុក​ជា​មរតក​ជា​យ៉ាង​ណា​ព្រះអង្គ​ក៏​ត្រលប់ជា​វិសេស​លើស​ជាង​ពួក​ទេវតា​ជា​យ៉ាង​នោះ​ដែរ។ 5ដ្បិតតើ​ព្រះជាម្ចាស់​ធ្លាប់​មានបន្ទូល​ទៅ​កាន់​ទេវតា​ណា​ដែរ​ឬ​ទេ​ថា៖ ​«ព្រះអង្គ​ជា​បុត្រ​របស់​យើង​យើង​បាន​បង្កើត​ព្រះអង្គ​នៅ​ថ្ងៃនេះ» ​ឬ​«យើង​នឹង​ធ្វើ​ជា​បិតា​របស់​គេ​ហើយ​គេ​នឹង​ធ្វើ​ជា​បុត្រ​របស់​យើង»? 6ម្យ៉ាងទៀតពេល​ព្រះអង្គ​បាន​ចាត់​បុត្រ​ច្បង​ឲ្យ​មក​ក្នុង​ពិភព​លោក​នេះ​ព្រះអង្គ​មានបន្ទូល​ថា៖ ​«ចូរ​ឲ្យ​ទេវតា​ទាំងអស់​របស់​ព្រះជាម្ចាស់​ថ្វាយបង្គំ​ព្រះ​រាជ​បុត្រ»។ 7ដោយឡែកព្រះជាម្ចាស់​មានបន្ទូល​អំពី​ពួក​ទេវតា​ថា៖ ​«ព្រះអង្គ​យក​ពួក​ទេវតា​របស់​ព្រះអង្គ​ធ្វើ​ជា​ខ្យល់​ហើយ​យក​ពួក​អ្នក​បម្រើ​របស់​ព្រះអង្គ​ធ្វើ​ជា​អណ្ដាត​ភ្លើង» 8ប៉ុន្ដែព្រះអង្គ​មាន​បន្ទូល​អំពី​ព្រះ​រាជ​បុត្រា​ថា៖ ​«ឱ​ព្រះ​ជាម្ចាស់​អើយ! ​បល្ល័ង្ក​របស់​ព្រះអង្គ​នៅ​ស្ថិត​ស្ថេរ​អស់កល្ប​ជានិច្ច​ហើយ​ដំបង​រាជ្យ​នៃ​នគរ​របស់​ព្រះអង្គ​ជា​ដំបង​រាជ្យ​នៃ​សេចក្ដី​សុចរិត។ 9ព្រះអង្គស្រលាញ់​សេចក្ដី​សុចរិត​ហើយ​ស្អប់​សេចក្ដី​ទុច្ចរិត​ហេតុ​នេះ​ហើយ​បានជា​ព្រះជាម្ចាស់​ជា​ព្រះ​របស់​ព្រះអង្គ​បាន​ចាក់​ប្រេងតាំង​ជា​ប្រេង​នៃ​សេចក្ដី​អំណរ​លើ​ព្រះអង្គ​លើស​ជាង​គូកន​របស់​ព្រះអង្គ​ទៅ​ទៀត» 10ហើយថា៖ ​«ឱ​ព្រះអម្ចាស់​អើយ! ​កាល​ដើម​ដំបូង​ព្រះអង្គ​បាន​បង្កើត​ផែនដី​ហើយ​ផ្ទៃ​មេឃ​ក៏​ជា​ស្នា​ព្រះ​ហស្ដ​របស់​ព្រះអង្គ​ដែរ 11របស់ទាំងនោះ​នឹង​សាប​សូន្យ​ទៅ​ប៉ុន្ដែ​ព្រះអង្គ​នៅ​ស្ថិតស្ថេរ​ជានិច្ច។ ​របស់​ទាំងអស់​នឹង​ចាស់​ទៅ​ដូចជា​សម្លៀកបំពាក់ 12ហើយព្រះអង្គ​នឹង​ឆ្មូល​របស់​ទាំងនោះ​ដូចជា​ឆ្មូល​សម្លៀកបំពាក់​របស់​ទាំងនោះ​នឹង​ប្រែប្រួល​ទៅ​ដូចជា​សម្លៀកបំពាក់​ដែរ​ប៉ុន្ដែ​ព្រះអង្គ​នៅ​ដដែល​ព្រះ​ជន្ម​របស់​ព្រះអង្គ​មិន​ផុត​ឡើយ»។ 13តើព្រះអង្គ​ធ្លាប់​មានបន្ទូល​ទៅ​កាន់​ទេវតា​ណា​ដែរ​ឬ​ទេ​ថា៖ ​«ចូរ​អង្គុយ​នៅ​ខាង​ស្ដាំ​យើង​រហូតដល់​យើង​ដាក់​ខ្មាំង​សត្រូវ​របស់​អ្នក​ជា​កំណល់​ជើង​របស់​អ្នក»? 14តើពួក​ទេវតា​ទាំងអស់​នោះ​មិនមែន​ជា​វិញ្ញាណ​បម្រើ​ដែល​ព្រះអង្គ​បាន​ចាត់​មក​សម្រាប់​បម្រើ​អស់​អ្នក​ដែល​ត្រូវ​ទទួល​បាន​សេចក្ដី​សង្គ្រោះ​ទុក​ជា​មរតក​ទេ​ឬ?
Copyright information for KhmKCB