‏ Hebrews 10

1ដ្បិតគម្ពីរវិន័យ​មាន​តែ​ស្រមោល​នៃ​សេចក្ដី​ល្អ​ដែល​ត្រូវ​មក​ប៉ុណ្ណោះ​មិនមែន​ជា​រូប​ពិត​នៃ​សេចក្ដី​នោះ​ទេ​ដូច្នេះ​គម្ពីរ​វិន័យ​មិន​អាច​ធ្វើ​ឲ្យ​ពួក​អ្នក​ដែល​ចូល​មក​ដោយ​ថ្វាយ​យញ្ញបូជា​ដដែលៗ​រៀងរាល់​ឆ្នាំ​ឥត​ឈប់ឈរ​នោះ​បាន​គ្រប់​លក្ខណ៍​ឡើយ 2ហើយប្រសិន​បើ​អាច​មែន​នោះ​ពួក​អ្នកបម្រើ​មុខជា​ឈប់​ថ្វាយ​យញ្ញបូជា​ទៀត​ហើយ​ព្រោះ​កាលណា​ពួកគេ​បាន​ស្អាត​ម្ដង​ហើយ​ពួកគេ​មុខជា​លែង​មាន​អារម្មណ៍​ថា​ខ្លួន​មាន​បាប​ទៀត​ហើយ 3ផ្ទុយទៅវិញការ​ថ្វាយ​យញ្ញបូជា​នោះ​រំឭក​ពួកគេ​ឲ្យ​នឹកឃើញ​ពី​បាប​ជា​រៀង​រាល់​ឆ្នាំ 4ព្រោះឈាម​គោ​ឈ្មោល​និង​ពពែ​ឈ្មោល​មិន​អាច​ដក​យក​បាប​ចេញ​បាន​ទេ។ 5ហេតុនេះហើយ​នៅពេល​ព្រះ​គ្រិស្ដ​យាង​មក​ក្នុង​ពិភពលោក​នេះ​ព្រះអង្គ​មានបន្ទូល​ថា៖ ​«ព្រះអង្គ​មិន​ចង់​បាន​យញ្ញបូជា​និង​តង្វាយ​ឡើយ​ប៉ុន្ដែ​ព្រះអង្គ​បាន​រៀបចំ​រូបកាយ​មួយ​សម្រាប់​ខ្ញុំ 6ព្រះអង្គមិន​សព្វ​ព្រះ​ហឫទ័យ​នឹង​តង្វាយ​ដុត​ឬ​តង្វាយ​លោះ​បាប​ឡើយ 7ដូច្នេះហើយ​បានជា​ខ្ញុំ​ទូល​ថា​ឱ​ព្រះជាម្ចាស់​អើយ! ​មើល៍​ខ្ញុំ​បាន​មក​ដើម្បី​ធ្វើ​តាម​បំណង​របស់​ព្រះអង្គ​ស្របតាម​សេចក្ដី​ដែល​បាន​ចែង​ទុក​នៅក្នុង​កណ្ឌ​គម្ពីរ​មួយ​អំពី​ខ្ញុំ​ស្រាប់»។ 8នៅខាងលើ​ព្រះអង្គ​មានបន្ទូល​ថា​ព្រះអង្គ​មិន​ចង់​បាន​យញ្ញបូជា​តង្វាយ​តង្វាយ​ដុត​និង​តង្វាយ​លោះ​បាប​ហើយ​ក៏​មិន​សព្វ​ព្រះ​ហឫទ័យ​នឹង​តង្វាយ​ដែល​គេ​ថ្វាយ​តាម​គម្ពីរវិន័យ​ឡើយ 9បន្ទាប់មកព្រះអង្គ​ក៏​មានបន្ទូល​ថា​មើល៍​ខ្ញុំ​បាន​មក​ដើម្បី​ធ្វើ​តាម​បំណង​របស់​ព្រះអង្គ។ ​ដូច្នេះ​ហើយ​ព្រះអង្គ​លុប​របៀប​មុន​ចោល​ដើម្បី​តាំង​របៀប​ថ្មី។ 10ដោយសារបំណង​របស់​ព្រះអង្គ​នេះ​ហើយ​បានជា​យើង​ត្រូវ​បាន​ញែក​ជា​បរិសុទ្ធ​តាមរយៈ​រូបកាយ​របស់​ព្រះ​យេស៊ូ​គ្រិស្ដ​ដែល​ព្រះអង្គ​ថ្វាយ​តែ​មួយ​ដង​ជា​ការ​ស្រេច។ 11សង្ឃគ្រប់ៗ​រូប​តែងតែ​ឈរ​បំពេញ​មុខងារ​របស់​ខ្លួន​រៀងរាល់​ថ្ងៃ​ហើយ​ថ្វាយ​យញ្ញបូជា​ដដែលៗ​ម្ដង​ហើយ​ម្ដង​ទៀត​ដែល​មិន​អាច​ដក​យក​បាប​ចេញ​បាន​ឡើយ 12រីឯព្រះ​គ្រិស្ដ​វិញ​បន្ទាប់​ពី​បាន​ថ្វាយ​យញ្ញបូជា​តែមួយ​ដែល​នៅ​អស់កល្ប​សម្រាប់​បាប​រួច​មក​ព្រះអង្គ​ក៏​គង់​នៅ​ខាង​ស្ដាំ​ព្រះជាម្ចាស់ 13ទាំងរង់ចាំ​តាំងពី​ពេល​នោះ​មក​រហូតដល់​ព្រះជាម្ចាស់​ដាក់​ខ្មាំង​សត្រូវ​របស់​ព្រះអង្គ​ជា​កំណល់​បាទា​របស់​ព្រះអង្គ។ 14ដ្បិតដោយសារ​តង្វាយ​តែមួយ​នេះ​ព្រះអង្គ​ធ្វើឲ្យ​ពួក​អ្នក​ដែល​ត្រូវ​បាន​ញែក​ជា​បរិសុទ្ធ​បាន​គ្រប់​លក្ខណ៍​អស់កល្ប​ជានិច្ច។ 15រីឯព្រះ​វិញ្ញាណ​បរិសុទ្ធ​ធ្វើបន្ទាល់​ប្រាប់​យើង​អំពី​ការ​នេះ​ដែរ​គឺ​ក្រោយ​ពី​ព្រះអង្គ​មានបន្ទូល​ថា៖ 16«ព្រះអម្ចាស់​មានបន្ទូល​ថា​នេះ​ជា​កិច្ច​ព្រមព្រៀង​ដែល​យើង​នឹង​តាំង​ជាមួយ​ពួកគេ​នៅក្រោយ​ថ្ងៃ​ទាំងនោះ​គឺ​យើង​នឹង​ដាក់​ក្រឹត្យវិន័យ​របស់​យើង​ក្នុង​ចិត្ដ​របស់​ពួកគេ​ទាំង​ចារឹក​ក្នុង​គំនិត​របស់​ពួកគេ​ផង» 17ព្រះអង្គក៏​មាន​បន្ទូល​ទៀត​ថា៖ ​«យើង​មិន​នឹកចាំ​ពី​បាប​និង​សេចក្ដី​ទុច្ចរិត​របស់​ពួកគេ​ទៀត​ឡើយ»។ 18ទីណាមាន​ការ​លើកលែង​ទោស​ឲ្យ​រួច​ពី​សេចក្ដី​ទាំងនេះ​ទីនោះ​គ្មាន​តង្វាយ​សម្រាប់​បាប​ទៀត​ឡើយ។ 19ហេតុនេះបងប្អូន​អើយ! ​យើង​មាន​សេចក្ដី​ក្លាហាន​ចូល​ក្នុង​ទី​បរិសុទ្ធ​បំផុត​ដោយសារ​ឈាម​របស់​ព្រះ​យេស៊ូ 20និងដោយសារ​ផ្លូវ​ថ្មី​ជា​ផ្លូវ​ដ៏​រស់​ដែល​ព្រះអង្គ​បាន​រៀបចំ​ឲ្យ​យើង​ឆ្លង​កាត់​វាំងនន​ដែល​ជា​រូបសាច់​របស់​ព្រះអង្គ 21ហើយដោយ​សារ​យើង​មាន​សង្ឃ​មួយ​អង្គ​ដ៏​ធំ​ដែល​គ្រប់គ្រង​លើ​ដំណាក់​របស់​ព្រះជាម្ចាស់ 22នោះចូរ​ឲ្យ​យើង​ចូលទៅជិត​ព្រះជាម្ចាស់​ដោយ​ចិត្ដ​ស្មោះត្រង់​និង​ជំនឿ​ជឿជាក់​ទាំង​មាន​ចិត្ដ​ដែល​បាន​ប្រោះ​សំអាត​ពី​មនសិការ​អាក្រក់​និង​រូបកាយ​ដែល​បាន​លាង​សំអាត​ដោយ​ទឹក​ដ៏​ស្អាត​ផង។ 23ចូរឲ្យ​យើង​កាន់​សេចក្ដី​សង្ឃឹម​ដែល​យើង​ប្រកាស​នោះ​យ៉ាង​ខ្ជាប់ខ្ជួន​ឥត​រង្គើ​ឡើយ​ដ្បិត​ព្រះជាម្ចាស់​ដែល​បាន​សន្យា​ព្រះអង្គ​ស្មោះ​ត្រង់ 24ហើយចូរ​ឲ្យ​យើង​យកចិត្ដ​ទុកដាក់​ចំពោះ​គ្នា​ទៅវិញ​ទៅមក​ដើម្បី​ជួយ​លើក​ទឹកចិត្ត​ឲ្យ​មាន​សេចក្ដី​ស្រលាញ់​និង​ការ​ប្រព្រឹត្ដិ​ល្អ។ 25កុំឲ្យ​យើង​បោះបង់​ចោល​ការ​ជួបជុំគ្នា​ដូចជា​អ្នក​ខ្លះ​មាន​ទម្លាប់​នោះ​ឡើយ​ផ្ទុយទៅវិញ​ចូរ​ឲ្យ​យើង​លើក​ទឹកចិត្ត​គ្នា​កាន់តែ​ខ្លាំង​ឡើង​ថែម​ទៀត​ដោយ​ឃើញ​ថា​ថ្ងៃ​របស់​ព្រះអម្ចាស់​មក​ជិត​ដល់​ហើយ 26ដ្បិតបន្ទាប់ពី​យើង​បាន​ទទួល​ចំណេះ​ដឹង​ខាងឯ​សេចក្ដីពិត​ហើយ​ប៉ុន្ដែ​នៅតែ​ប្រព្រឹត្ដ​បាប​ដោយ​ចេតនា​ទៀត​នោះ​គ្មាន​យញ្ញបូជា​ណា​សម្រាប់​បាប​ទៀត​ទេ 27មានតែ​រង់ចាំ​ដោយ​ភ័យ​រន្ធត់​ចំពោះ​ការ​ជំនុំជម្រះ​និង​ភ្លើង​ដ៏​សន្ធោ​សន្ធៅ​ដែល​ត្រៀម​នឹង​ឆេះ​បំផ្លាញ​ពួក​អ្នក​ប្រឆាំង​ប៉ុណ្ណោះ។ 28អ្នកដែល​បដិសេធ​គម្ពីរវិន័យ​របស់​លោក​ម៉ូសេ​ដោយ​មាន​បន្ទាល់​របស់​សាក្សី​ពីរ​ឬ​បី​នាក់​អ្នក​នោះ​ត្រូវ​ស្លាប់​ដោយ​ឥត​ប្រណី​ឡើយ 29ចុះទម្រាំ​អ្នក​ដែល​ជាន់ឈ្លី​ព្រះ​រាជ​បុត្រា​របស់​ព្រះជាម្ចាស់​ហើយ​ចាត់ទុក​ឈាម​នៃ​កិច្ច​ព្រមព្រៀង​ដែល​បាន​ញែក​ខ្លួន​គេ​ជា​បរិសុទ្ធ​ជា​របស់​មិនស្អាត​ព្រមទាំង​មើលងាយ​ព្រះ​វិញ្ញាណ​នៃ​ព្រះ​គុណ​វិញ​តើ​អ្នករាល់គ្នា​គិត​ថា​គេ​សម​នឹង​ទទួល​ទោស​ធ្ងន់ធ្ងរ​យ៉ាងណា​ទៅ? 30ដ្បិតយើង​ស្គាល់​ព្រះអង្គ​ដែល​បាន​មានបន្ទូល​ថា៖ ​«ការ​សងសឹក​ស្រេច​លើ​យើង​យើង​នឹង​តបស្នង​ពួកគេ​វិញ»។ ​ព្រះអង្គ​មាន​បន្ទូល​ទៀត​ថា៖ ​«ព្រះអម្ចាស់​នឹង​ជំនុំជម្រះ​រាស្ដ្រ​របស់​ព្រះអង្គ»។ 31ការធ្លាក់​ក្នុង​ព្រះ​ហស្ដ​របស់​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់​ជា​ការ​គួរ​ឲ្យ​ភ័យខ្លាច​ណាស់។ 32ដូច្នេះចូរ​នឹក​ចាំ​ពី​គ្រា​មុន​គឺ​ក្រោយពី​អ្នករាល់គ្នា​បាន​ទទួល​ពន្លឺ​ពេលនោះ​អ្នករាល់គ្នា​បាន​ស៊ូទ្រាំ​នឹង​ការ​តយុទ្ធ​យ៉ាងខ្លាំង​នៅក្នុង​ការ​រងទុក្ខ​លំបាក 33ពេលខ្លះ​អ្នករាល់គ្នា​ត្រូវ​គេ​ប្រមាថ​មើលងាយ​ព្រមទាំង​ត្រូវ​គេ​ធ្វើបាប​នៅ​ទី​ប្រជុំជន​ហើយ​ពេល​ខ្លះ​ទៀត​អ្នករាល់គ្នា​បាន​រួម​ចំណែក​ជាមួយ​អស់​អ្នក​ដែល​រង​អំពើ​ដូច្នោះ​ដែរ 34ព្រោះអ្នករាល់គ្នា​មាន​ចិត្ដ​អាណិត​អាសូរ​អស់​អ្នក​ដែល​ជាប់​ឃុំឃាំង​ហើយ​សុខចិត្ដ​ឲ្យ​គេ​រឹបអូស​ទ្រព្យ​សម្បត្ដិ​របស់​ខ្លួន​ដោយ​អំណរ​ដោយ​ដឹង​ថា​ខ្លួន​មាន​ទ្រព្យ​សម្បត្ដិ​ដ៏​ប្រសើរ​ជាង​នោះ​ហើយ​នៅ​ស្ថិតស្ថេរ​រហូត។ 35ដូច្នេះចូរ​អ្នករាល់គ្នា​កុំ​បោះបង់​ការ​ជឿជាក់​ដែល​មាន​រង្វាន់​ធំ​នេះ​ឡើយ 36ដ្បិតអ្នករាល់គ្នា​ត្រូវ​មាន​ការ​អត់ធ្មត់​ដើម្បី​ក្រោយពី​ធ្វើ​តាម​បំណង​របស់​ព្រះជាម្ចាស់​រួច​ហើយ​អ្នករាល់គ្នា​នឹង​ទទួល​បាន​អ្វីៗ​តាម​សេចក្ដី​សន្យា 37ព្រោះនៅតែ​បន្ដិច​ទៀត​ប៉ុណ្ណោះ​ព្រះអង្គ​ដែល​ត្រូវ​យាង​មក​នឹង​យាង​មក​ដល់​ព្រះអង្គ​មិន​បង្អែ​បង្អង់​ឡើយ 38ប៉ុន្តែមនុស្ស​សុចរិត​របស់​យើង​នឹង​រស់​នៅ​ដោយសារ​ជំនឿ​ហើយ​បើ​គេ​ដកខ្លួន​ថយ​នោះ​យើង​មិន​ពេញ​ចិត្ដ​នឹង​គេ​ឡើយ។ 39យើងមិនមែន​ជា​អ្នក​ដែល​ដកខ្លួន​ថយ​ដែល​នាំ​ឲ្យ​វិនាស​ឡើយ​ផ្ទុយទៅវិញ​យើង​ជា​អ្នក​ដែល​មាន​ជំនឿ​ដែល​នាំ​ឲ្យ​បាន​ជីវិត។
Copyright information for KhmKCB