‏ Hebrews 11

1រីឯជំនឿ​គឹ​ជា​ការ​ជឿជាក់​លើ​អ្វី​ដែល​បាន​សង្ឃឹម​និង​ជា​ការ​ប្រាកដ​អំពី​អ្វី​ដែល​មើល​មិន​ឃើញ។ 2មនុស្សជំនាន់មុន​បាន​ទទួល​ការ​សរសើរ​ដោយសារ​ជំនឿ​នេះ​ឯង។ 3ដោយសារជំនឿ​យើង​យល់​ថា​ពិភព​លោក​នេះ​កើតមក​ដោយសារ​ព្រះ​បន្ទូល​របស់​ព្រះជាម្ចាស់​ដូច្នេះ​អ្វីៗ​ទាំងឡាយ​ដែល​មើល​ឃើញ​កើត​មក​ពី​អ្វីៗ​ដែល​មើល​មិន​ឃើញ។ 4ដោយសារជំនឿ​លោក​អេបិល​បាន​ថ្វាយ​យញ្ញបូជា​ដល់​ព្រះជាម្ចាស់​ដែល​ប្រសើរ​ជាង​យញ្ញបូជា​របស់​លោក​កាអ៊ីន​ហើយ​ដោយសារ​ជំនឿ​គាត់​បាន​ទទួល​ការ​សរសើរ​ថា​ជា​មនុស្ស​សុចរិត​ដ្បិត​ព្រះជាម្ចាស់​បាន​សរសើរ​តង្វាយ​របស់​គាត់​ហើយ​ដោយសារ​ជំនឿ​ទោះបី​គាត់​ស្លាប់​ហើយ​ក៏​ដោយ​ក៏​គាត់​នៅតែ​និយាយ។ 5ដោយសារជំនឿ​លោក​ហេណុក​ត្រូវ​បាន​លើក​ឡើង​ទៅ​ស្ថានសួគ៌​មិន​ឲ្យ​ជួប​សេចក្ដី​ស្លាប់​ឡើយ​គាត់​បាន​បាត់ខ្លួន​ពីព្រោះ​ព្រះជាម្ចាស់​លើក​គាត់​ឡើង​ប៉ុន្ដែ​មុន​ពេល​ព្រះជាម្ចាស់​លើក​គាត់​ឡើង​គាត់​បាន​ទទួល​ការ​សរសើរ​ថា​ព្រះជាម្ចាស់​សព្វ​ព្រះ​ហឫទ័យ​នឹង​គាត់​ណាស់ 6ប៉ុន្ដែបើ​គ្មាន​ជំនឿ​ទេ​នោះ​មិន​អាច​គាប់​ព្រះ​ហឫទ័យ​ព្រះជាម្ចាស់​បាន​ឡើយ​ព្រោះ​អ្នកណា​ដែល​ចូលមកជិត​ព្រះជាម្ចាស់​អ្នកនោះ​ត្រូវតែ​ជឿ​ថា​ពិតជា​មាន​ព្រះជាម្ចាស់​ហើយ​ព្រះអង្គ​ប្រទាន​រង្វាន់​ដល់​អស់​អ្នក​ដែល​ស្វែងរក​ព្រះអង្គ។ 7ដោយសារជំនឿ​ពេល​លោក​ណូអេ​បាន​ទទួល​ការ​ព្រមាន​ពី​ព្រះជាម្ចាស់​អំពី​ហេតុការណ៍​ដែល​មិន​ទាន់​ឃើញ​នៅ​ឡើយ​គាត់​ក៏​សង់​ទូក​ធំ​មួយ​សម្រាប់​សង្គ្រោះ​ក្រុម​គ្រួសារ​របស់​គាត់​ដោយ​ចិត្ដ​កោតខ្លាច​ហើយ​ដោយសារ​ជំនឿ​នេះឯង​គាត់​បាន​ដាក់ទោស​ពិភពលោក​និង​បាន​ត្រលប់ជា​អ្នកស្នងមរតក​លើ​សេចក្ដី​សុចរិត​ស្របតាម​ជំនឿ។ 8ដោយសារជំនឿ​លោក​អ័ប្រាហាំ​បាន​ស្ដាប់បង្គាប់​ពេល​ព្រះជាម្ចាស់​ត្រាស់ហៅ​គាត់​ឲ្យ​ចេញ​ដំណើរ​ទៅ​កន្លែង​មួយ​ដែល​គាត់​ត្រូវ​ទទួល​ទុក​ជា​មរតក​ហើយ​គាត់​បាន​ចេញ​ទៅ​ដោយ​មិន​ដឹង​ថា​ទៅ​កន្លែង​ណា​ផង។ 9ដោយសារជំនឿ​លោក​អ័ប្រាហាំ​បាន​ស្នាក់នៅ​ដូចជា​ជន​បរទេស​ក្នុង​ទឹកដី​ដែល​ព្រះជាម្ចាស់​បាន​សន្យា​គឺ​រស់នៅ​ក្នុង​រោង​ជាមួយ​លោក​អ៊ីសាក់​និង​លោក​យ៉ាកុប​ជា​អ្នករួម​ស្នង​មរតក​លើ​សេចក្ដី​សន្យា​តែមួយ 10ដ្បិតគាត់​រង់​ចាំ​ទីក្រុង​មួយ​ដែល​មាន​គ្រឹះ​ជា​ទី​ក្រុង​ដែល​ព្រះជាម្ចាស់​ជា​អ្នក​គូរ​ប្លង់​ហើយ​ជា​អ្នក​សាង​សង់។ 11ដោយសារជំនឿ​សារ៉ា​ដែល​ជា​ស្ដ្រី​អា​ក៏​បាន​ទទួល​អំណាច​ឲ្យ​មាន​គភ៌​ដែរ​ទោះបី​គាត់​ហួស​វ័យ​ក៏ដោយ​ព្រោះ​គាត់​បាន​រាប់​ព្រះអង្គ​ដែល​បាន​សន្យា​នោះ​ថា​ស្មោះត្រង់ 12ដូច្នេះមាន​មនុស្ស​ច្រើន​ឥត​គណនា​ដូច​ផ្កាយ​នៅ​លើ​មេឃ​និង​ដូច​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ​ដែល​រាប់​មិន​អស់​បាន​កើត​ពី​មនុស្ស​តែ​ម្នាក់​ដែល​ដូចជា​ស្លាប់​ហើយ។ 13អ្នកទាំង​អស់​នោះ​បាន​ស្លាប់​ទាំង​មាន​ជំនឿ​ដោយ​មិន​បាន​ទទួល​អ្វីៗ​តាម​សេចក្ដី​សន្យា​ផង​ប៉ុន្ដែ​ពួកគេ​បាន​ឃើញ​និង​បាន​អបអរ​ចំពោះ​អ្វីៗ​ទាំងនោះ​ពី​ចម្ងាយ​ទាំង​ប្រកាស​ថា​ខ្លួន​ជា​ជន​បរទេស​ហើយ​ជា​អ្នក​ស្នាក់នៅ​បណ្ដោះ​អាសន្ន​លើ​ផែនដី​នេះ។ 14អ្នកដែល​និយាយ​ដូច្នេះ​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា​គេ​ស្វែង​រក​ស្រុក​មួយ 15ហើយបើ​គេ​នឹក​ស្រុក​ដែល​គេ​បាន​ចាក​ចេញ​មក​នោះ​គេ​មាន​ឱកាស​វិល​ត្រលប់​ទៅ​វិញ​បាន 16ប៉ុន្ដែតាម​ពិត​ពួកគេ​ចង់បាន​ស្រុក​មួយ​ដ៏​ប្រសើរ​ជាង​នោះ​គឺ​ជា​ស្រុក​ដែល​នៅ​ស្ថានសួគ៌។ ​ហេតុ​នេះ​ហើយ​បានជា​ព្រះជាម្ចាស់​មិន​ខ្មាស​នឹង​ឲ្យ​ពួកគេ​ហៅ​ថា​ព្រះ​របស់​ពួកគេ​ឡើយ​ដ្បិត​ព្រះអង្គ​បាន​រៀបចំ​ក្រុង​មួយ​សម្រាប់​ពួកគេ។ 17ដោយសារជំនឿ​នៅពេល​ព្រះជាម្ចាស់​ល្បងល​លោក​អ័ប្រាហាំ​គាត់​បាន​ថ្វាយ​អ៊ីសាក​ជា​យញ្ញបូជា​គឺ​គាត់​ជា​អ្នក​ដែល​បាន​ទទួល​សេចក្ដី​សន្យា​ទាំងអស់​បាន​ថ្វាយ​កូន​ប្រុស​តែ​មួយ​របស់​គាត់ 18ទោះបីមាន​សេចក្ដី​ថ្លែង​ទុក​អំពី​កូន​នោះ​ក៏ដោយ​ថា៖ ​«ពូជពង្ស​របស់​អ្នក​នឹង​ត្រូវ​រាប់​តាមរយៈ​អ៊ីសាក»។ 19គាត់គិត​ថា​ព្រះជាម្ចាស់​អាច​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់ឡើងវិញ​បាន​ហើយ​គាត់​ក៏​បាន​ទទួល​អ៊ីសាក​មក​វិញ​មែន​ទុកជា​រឿងប្រៀបប្រដូច​មួយ។ 20ដោយសារជំនឿ​លោក​អ៊ីសាក​បាន​ឲ្យ​ពរ​លោក​យ៉ាកុប​និង​លោក​អេសាវ​អំពី​អ្វី​ដែល​នឹង​កើតឡើង។ 21ដោយសារជំនឿ​នៅពេល​លោក​យ៉ាកុប​រៀបនឹង​ស្លាប់​គាត់​បាន​ឲ្យ​ពរ​ដល់​កូន​ទាំងពីរ​របស់​លោក​យ៉ូសែប​ហើយ​បាន​ថ្វាយបង្គំ​ព្រះជាម្ចាស់​ដោយ​ច្រត់​លើ​ចុង​ឈើ​ច្រត់។ 22ដោយសារជំនឿ​នៅពេល​លោក​យ៉ូសែប​រៀបនឹង​ស្លាប់​គាត់​បាន​និយាយ​អំពី​ការ​ចាកចេញ​របស់​ជនជាតិ​អ៊ីស្រាអែល​ហើយ​បាន​បង្គាប់​គេ​អំពី​ឆ្អឹង​របស់​គាត់។ 23ដោយសារជំនឿ​នៅពេល​លោក​ម៉ូសេ​កើត​មក​ឪពុកម្ដាយ​របស់​គាត់​បាន​លាក់​គាត់​ទុក​បី​ខែ​ព្រោះ​ឃើញ​ទារក​នោះ​ស្អាត​ហើយ​ពួកគេ​មិន​ខ្លាច​រាជ​ក្រឹត្យ​របស់​ស្ដេច​ឡើយ។ 24ដោយសារជំនឿ​នៅពេល​លោក​ម៉ូសេ​ពេញវ័យ​គាត់​មិន​ព្រម​ឲ្យ​គេ​ហៅ​ថា​ជា​កូន​របស់​បុត្រី​ស្ដេច​ស្រុក​អេស៊ីព្ទ​ទេ 25គាត់ជ្រើសរើស​យក​ការ​រងទុក្ខ​លំបាក​ជាមួយ​ប្រជារាស្ដ្រ​របស់​ព្រះជាម្ចាស់​ជា​ជាង​ការ​សប្បាយ​តែ​មួយភ្លែត​ក្នុង​បាប។ 26គាត់បាន​រាប់​សេចក្ដី​ត្មះ​តិះដៀល​ដោយព្រោះ​ព្រះ​គ្រិស្ដ​ថា​ជា​ទ្រព្យសម្បត្តិ​ដ៏​ប្រសើរ​ជាង​ទ្រព្យសម្បត្ដិ​ទាំងឡាយ​នៅ​ស្រុក​អេស៊ីព្ទ​ដ្បិត​គាត់​បាន​សម្លឹង​ទៅ​ឯ​រង្វាន់។ 27ដោយសារជំនឿ​គាត់​បាន​ចាកចេញ​ពី​ស្រុក​អេស៊ីព្ទ​ដោយ​មិន​ខ្លាច​ស្ដេច​ខឹង​ឡើយ​ដ្បិត​គាត់​បាន​កាន់​ចិត្ដ​មាំមួន​ប្រៀប​ដូចជា​បាន​ឃើញ​ព្រះជាម្ចាស់​ដែល​មនុស្ស​មិន​អាច​មើល​ឃើញ។ 28ដោយសារជំនឿ​គាត់​បាន​ធ្វើ​ពិធី​បុណ្យ​រំលង​និង​បាន​ប្រោះ​ឈាម​ដើម្បី​កុំ​ឲ្យ​មេ​បំផ្លាញ​កូនច្បង​មក​ប៉ះ​ពាល់​ពួកគេ​ឡើយ។ 29ដោយសារជំនឿ​ពួកគេ​បាន​ដើរ​ឆ្លង​សមុទ្រ​ក្រហម​ប្រៀប​ដូចជា​ដើរ​លើ​ដី​គោក​ប៉ុន្ដែ​ពេល​ពួក​អេស៊ីព្ទ​សាក​ល្បង​បែរជា​ត្រូវ​ទឹក​សមុទ្រ​លេប​ត្របាក់។ 30ដោយសារជំនឿ​កំផែង​ក្រុង​យេរីខូរ​បាន​ដួល​រលំ​បន្ទាប់ពី​ពួក​អ៊ីស្រាអែល​បាន​ដើរ​ព័ទ្ធ​ជុំវិញ​ប្រាំពីរ​ថ្ងៃ។ 31ដោយសារជំនឿ​នាង​រ៉ាហាប​ជា​ស្ដ្រី​ពេស្យា​មិន​បាន​វិនាស​ជាមួយ​ពួក​អ្នក​ដែល​មិន​ស្ដាប់​បង្គាប់​ទេ​ព្រោះ​នាង​បាន​ទទួល​ពួក​អ្នក​ស៊ើប​ការណ៍​ដោយ​មេត្រីភាព។ 32តើឲ្យ​ខ្ញុំ​និយាយ​អ្វី​ទៀត? ​ដ្បិត​ខ្ញុំ​គ្មាន​ពេល​រៀបរាប់​អំពី​លោក​គេឌាន​លោក​បារ៉ាក​លោក​សាំសុន​លោក​យែបថា​ស្ដេច​ដាវីឌ​លោក​សាំយ៉ូអែល​និង​ពួក​អ្នកនាំព្រះបន្ទូល​ទាំងឡាយ​នោះ​ទេ 33ដ្បិតដោយសារ​ជំនឿ​អ្នក​ទាំងនោះ​បាន​យកឈ្នះ​លើ​នគរ​ទាំងឡាយ​ពួកគេ​បាន​ប្រព្រឹត្ដ​អំពើ​សុចរិត​បាន​ទទួល​តាម​សេចក្ដី​សន្យា​បាន​បិទ​មាត់​តោ 34បានពន្លត់​អំណាច​ភ្លើង​បាន​គេច​ផុត​ពី​មុខ​ដាវ​បាន​មាន​កម្លាំង​ឡើង​វិញ​ក្នុង​កាល​ដែល​ទន់​ខ្សោយ​ហើយ​បាន​ត្រលប់ជា​អ្នក​ពូកែ​ច្បាំង​ទាំង​ធ្វើ​ឲ្យ​កងទ័ព​របស់​ជនជាតិ​ដទៃ​បាក់ទ័ព​ទៀត​ផង។ 35រីឯពួក​ស្រីៗ​វិញ​បាន​ទទួល​យក​មនុស្ស​ស្លាប់​របស់​ខ្លួន​ដែល​បាន​រស់​ឡើង​វិញ​ហើយ​អ្នក​ខ្លះ​ទៀត​បាន​រង​ទារុណកម្ម​ដោយ​មិន​ព្រម​ឲ្យ​គេ​ដោះលែង​ឡើយ​ដើម្បី​ទទួល​បាន​ការ​រស់​ឡើង​វិញ​ដ៏​ប្រសើរ​ជាង 36ហើយអ្នកខ្លះ​ទៀត​ធ្លាប់​ត្រូវ​គេ​ចំអក​ត្រូវ​គេ​វាយ​នឹង​រំពាត់​ថែម​ទាំង​ត្រូវ​ជាប់គុក​ជាប់​ច្រវាក់ 37ត្រូវគេ​គប់​នឹង​ដុំថ្ម​ត្រូវ​គេ​អារ​ផ្ដាច់​ជា​កំណាត់​ត្រូវ​គេ​សម្លាប់​ដោយ​មុខ​ដាវ​ត្រូវ​ដើរ​ពនេចរ​ដោយ​ស្លៀកពាក់​ស្បែក​ចៀម​និង​ស្បែក​ពពែ​មាន​សេចក្ដី​ខ្វះខាត​ត្រូវ​រងទុក្ខ​វេទនា​ព្រមទាំង​ត្រូវ​គេ​ធ្វើបាប 38ហើយពិភពលោក​នេះ​មិន​ស័ក្តិសម​នឹង​ពួកគេ​ទេ។ ​ពួកគេ​រសាត់​អណ្ដែត​តាម​ទីរហោឋាន​តាម​ភ្នំ​តាម​រអាង​និង​តាម​រូង​ដី។ 39អ្នកទាំង​អស់​នេះ​ទទួល​បាន​ការ​សរសើរ​ដោយសារ​ជំនឿ​មែន​ប៉ុន្ដែ​ពួកគេ​មិន​បាន​ទទួល​អ្វីៗ​តាម​សេចក្ដី​សន្យា​ឡើយ 40ដ្បិតព្រះជាម្ចាស់​បាន​ផ្គត់ផ្គង់​អ្វី​ប្រសើរ​ជាង​នោះ​ដល់​យើង​ដើម្បី​កុំ​ឲ្យ​អ្នក​ទាំងនោះ​គ្រប់​លក្ខណ៍​ដោយ​គ្មាន​យើង។
Copyright information for KhmKCB