‏ Hebrews 12

1ដូច្នេះដោយសារ​មាន​សាក្សី​ច្រើន​ដូច​ពពក​នៅ​ជុំវិញ​យើង​ទៅ​ហើយ​ចូរ​យើង​បោះបង់​បន្ទុក​ទាំងឡាយ​និង​បាប​ដែល​ងាយ​នឹង​រឹបរួត​យើង​នោះ​ចោល​ហើយ​ត្រូវ​រត់​ក្នុង​ទីប្រណាំង​ដែល​បាន​រៀប​នៅចំពោះ​មុខ​យើង​ដោយ​សេចក្ដី​អត់ធ្មត់ 2ទាំងសម្លឹង​មើល​ទៅ​ឯ​ព្រះ​យេស៊ូ​ដែល​ជា​អ្នកផ្ដើម​និង​ជា​អ្នក​បញ្ចប់​ជំនឿ​របស់​យើង។ ​ដោយព្រោះ​តែ​អំណរ​ដែល​បាន​ដាក់​នៅចំពោះ​មុខ​ព្រះអង្គ​ព្រះអង្គ​បាន​ស៊ូទ្រាំ​នៅ​លើ​ឈើឆ្កាង​ដោយ​មិន​ខ្វល់​នឹង​សេចក្ដី​អាម៉ាស់​ហើយ​ក៏​បាន​គង់​នៅ​ខាង​ស្ដាំ​បល្ល័ង្ក​របស់​ព្រះជាម្ចាស់។ 3ដូច្នេះចូរ​ពិចារណា​អំពី​ព្រះអង្គ​ដែល​បាន​ស៊ូទ្រាំ​នឹង​ការ​ប្រឆាំង​របស់​មនុស្សបាប​ទាស់នឹង​ព្រះអង្គ​ចុះ​ដើម្បី​កុំ​ឲ្យ​អ្នករាល់គ្នា​នឿយណាយ​និង​បាក់​ទឹកចិត្ត​ឡើយ។ 4អ្នករាល់គ្នាមិន​ទាន់​តស៊ូ​ក្នុង​ការ​តយុទ្ធ​នឹង​បាប​រហូតដល់​បង្ហូរ​ឈាម​នៅ​ឡើយ​ទេ 5ប៉ុន្ដែអ្នករាល់គ្នា​ភ្លេច​ការ​លើកទឹកចិត្ដ​ដែល​ព្រះអង្គ​បាន​មានបន្ទូល​មក​អ្នករាល់គ្នា​ទុក​ដូចជា​កូន​ថា៖ ​«កូន​អើយ! ​កុំ​មើលងាយ​ការ​វាយប្រដៅ​របស់​ព្រះអម្ចាស់​ឡើយ​ហើយ​កុំ​បាក់ទឹកចិត្ដ​នៅពេល​ដែល​ព្រះអង្គ​កែតម្រង់​ដែរ 6ដ្បិតព្រះអម្ចាស់​វាយប្រដៅ​អស់អ្នក​ដែល​ព្រះអង្គ​ស្រលាញ់​ហើយ​វាយ​កូន​ទាំងអស់​ដែល​ព្រះអង្គ​ទទួល»។ 7ចូរអ្នករាល់គ្នា​ស៊ូទ្រាំ​នឹង​ការ​នោះ​ទុកជា​ការ​វាយប្រដៅ​ចុះ​ព្រោះ​ព្រះជាម្ចាស់​ប្រព្រឹត្ដ​ចំពោះ​អ្នករាល់គ្នា​ដូចជា​កូន​តើ​មាន​កូន​ឯណា​ដែល​ឪពុក​មិន​វាយប្រដៅ​នោះ? 8ប៉ុន្តែបើ​អ្នករាល់គ្នា​មិន​បាន​ទទួល​ការ​វាយប្រដៅ​ដែល​កូន​គ្រប់ៗ​គ្នា​ត្រូវ​ទទួល​ទេ​នោះ​អ្នករាល់គ្នា​ជា​កូន​ក្លែងក្លាយ​មិនមែន​ជា​កូន​ពិតប្រាកដ​ទេ។ 9ម្យ៉ាងទៀតយើង​មាន​ឪពុក​ខាង​សាច់ឈាម​ដែល​ជា​អ្នក​វាយប្រដៅ​យើង​ហើយ​យើង​នៅតែ​គោរព​គាត់​ទៀត​ផង​ដូច្នេះ​តើ​យើង​មិន​គួរ​ចុះចូល​នឹង​ឪពុក​ខាង​វិញ្ញាណ​ឲ្យ​កាន់តែ​ខ្លាំង​ទៀត​ទេ​ឬ​ដើម្បី​ឲ្យ​យើង​មាន​ជីវិត? 10ដ្បិតឪពុក​ខាង​សាច់ឈាម​វាយប្រដៅ​យើង​តែ​មួយ​រយៈពេល​ខ្លី​ប៉ុណ្ណោះ​តាម​ដែល​គាត់​យល់​ឃើញ​ថា​ល្អ​រីឯ​ឪពុក​ខាង​វិញ្ញាណ​វិញ​ព្រះអង្គ​វាយប្រដៅ​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​យើង​គឺ​ដើម្បី​ឲ្យ​យើង​ទទួល​បាន​សេចក្ដី​បរិសុទ្ធ​របស់​ព្រះអង្គ។ 11ពេលមាន​ការ​វាយប្រដៅ​ពេលនោះ​មើល​ទៅ​ដូចជា​ព្រួយ​ណាស់​មិន​សប្បាយ​ទេ​ប៉ុន្ដែ​ក្រោយមក​ទើប​បង្កើត​ផល​ជា​សេចក្ដី​សុខសាន្ត​និង​សេចក្ដី​សុចរិត​ដល់​អស់អ្នក​ដែល​បាន​ទទួល​ការ​ហ្វឹកហ្វឺន​តាម​របៀប​នោះ។ 12ដូច្នេះចូរ​ឲ្យ​ដៃ​ដែល​រួយ​និង​ជង្គង់​ដែល​ខ្យោយ​នោះ​មាន​កម្លាំង​ឡើង 13ហើយចូរ​តម្រង់​ផ្លូវ​ឲ្យ​ត្រង់​សម្រាប់​ជើង​របស់​អ្នករាល់គ្នា​ដើម្បី​កុំ​ឲ្យ​អ្នក​ដែល​ពិការ​ជើង​ត្រូវ​បែរចេញ​ឡើយ​ប៉ុន្ដែ​ឲ្យ​បាន​ជា​វិញ។ 14ចូរដេញតាម​សេចក្ដី​សុខសាន្ដ​និង​សេចក្ដី​បរិសុទ្ធ​ជាមួយ​មនុស្ស​ទាំងអស់​ចុះ​ដ្បិត​បើ​គ្មាន​សេចក្ដី​បរិសុទ្ធ​ទេ​នោះ​គ្មាន​អ្នកណា​នឹង​ឃើញ​ព្រះជាម្ចាស់​ឡើយ។ 15ចូរប្រយ័ត្ន​កុំ​ឲ្យ​មាន​អ្នកណា​ម្នាក់​មិន​បាន​ទទួល​ព្រះ​គុណ​របស់​ព្រះជាម្ចាស់​ឡើយ​ហើយ​កុំ​ឲ្យ​ឫស​នៃ​ភាព​ជូរចត់​ពន្លក​ឡើង​ដែល​នាំ​ឲ្យ​មាន​ចលាចល​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​មិន​បរិសុទ្ធ​ដោយសារ​សេចក្ដី​ទាំងនោះ 16ចូរប្រយ័ត្ន​កុំ​ឲ្យ​មាន​អ្នក​ប្រព្រឹត្ដ​អំពើ​អសីលធម៌​ខាងផ្លូវភេទ​ឬ​អ្នក​មិន​កោតខ្លាច​ព្រះជាម្ចាស់​ដូចជា​អេសាវ​ដែល​បាន​លក់​សិទ្ធិ​កូនច្បង​របស់​ខ្លួន​ដោយ​ព្រោះ​អាហារ​មួយ​ពេល​នោះ​ឡើយ 17ដ្បិតអ្នករាល់គ្នា​ដឹង​ថា​ក្រោយមក​នៅពេល​គាត់​ចង់​បាន​ពរ​ទុក​ជា​មរតក​នោះ​គាត់​ក៏​ត្រូវ​បាន​បដិសេធ​វិញ​ទោះបី​គាត់​ខំ​ស្វែងរក​ទាំង​ស្រក់​ទឹក​ភ្នែក​ក៏ដោយ​ក៏​រក​ឱកាស​ប្រែចិត្ត​មិន​បាន​ឡើយ។ 18អ្នករាល់គ្នាមិន​បាន​ចូល​មក​ឯ​ភ្នំ​ដែល​អាច​ប៉ះ​បាន​មាន​ភ្លើង​ឆេះ​មាន​ពពក​ខ្មួលខ្មាញ់​មាន​ផ្សែង​ងងឹត​មាន​ខ្យល់ព្យុះ 19មានស្នូរ​ត្រែ​និង​សំឡេង​ព្រះ​បន្ទូល​ដែល​ពួក​អ្នក​ឮ​បាន​អង្វរ​សុំ​កុំ​ឲ្យ​ព្រះអង្គ​មាន​បន្ទូល​មក​ពួកគេ​ទៀត 20ដ្បិតពួកគេ​មិន​អាច​ស៊ូទ្រាំ​នឹង​សេចក្ដី​ដែល​បាន​បង្គាប់​មក​ថា​សូម្បីតែ​សត្វ​ដែល​ប៉ះពាល់​ភ្នំ​ក៏​ត្រូវ​គប់​នឹង​ដុំថ្ម​ដែរ។ 21ទិដ្ឋភាពនោះ​គួរ​ឲ្យ​ភ័យខ្លាច​ណាស់​បាន​ជា​លោក​ម៉ូសេ​និយាយ​ថា​ខ្ញុំ​ញ័រ​រន្ធត់​ណាស់។ 22តែអ្នករាល់គ្នា​បាន​ចូលមក​ឯ​ភ្នំ​ស៊ីយ៉ូន​ជា​ទីក្រុង​របស់​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់​ជា​ក្រុង​យេរូសាឡិម​នៅ​ស្ថានសួគ៌​ហើយ​មាន​ទេវតា​ជាច្រើន​អនេក 23មានក្រុមជំនុំ​របស់​ពួក​កូន​ច្បង​ដែល​មាន​ឈ្មោះ​កត់​ទុក​នៅ​ស្ថានសួគ៌​ជួបជុំ​គ្នា​មាន​ព្រះជាម្ចាស់​ដែល​ជា​ចៅក្រម​របស់​មនុស្ស​ទាំងអស់​មាន​វិញ្ញាណ​របស់​ពួក​អ្នក​សុចរិត​ដែល​បាន​គ្រប់​លក្ខណ៍​ហើយ 24មានព្រះ​យេស៊ូ​ដែល​ជា​អ្នក​សម្រុះ​សម្រួល​កិច្ច​ព្រមព្រៀង​ថ្មី​ហើយ​មាន​ឈាម​ដែល​បាន​ប្រោះ​គឺ​ជា​ឈាម​ដែល​បាន​ប្រកាស​អំពី​សេចក្ដី​ប្រសើរ​ជាង​ឈាម​របស់​លោក​អេបិល។ 25ចូរប្រយ័ត្ន​កុំ​ឲ្យ​អ្នករាល់គ្នា​បដិសេធ​មិនព្រម​ស្ដាប់តាម​ព្រះអង្គ​ដែល​មាន​បន្ទូល​ឡើយ​ដ្បិត​នៅពេល​ពួក​អ្នក​ដែល​បដិសេធ​មិន​ព្រម​ស្ដាប់តាម​មនុស្ស​ដែល​ផ្ដល់​ពាក្យ​ទូន្មាន​មកពី​ព្រះជាម្ចាស់​នៅលើ​ផែនដី​នេះ​មិន​អាច​គេចផុត​ពី​ទោស​យ៉ាងហ្នឹង​ទៅ​ហើយ​នោះ​យើង​ដែល​បែរចេញ​ពី​ព្រះជាម្ចាស់​ដែល​មានបន្ទូល​ពី​ស្ថានសួគ៌​រឹតតែ​មិន​អាច​គេច​ផុត​បាន​ទៅ​ទៀត។ 26សំឡេងរបស់​ព្រះអង្គ​នៅ​ពេលនោះ​បាន​ធ្វើ​ឲ្យ​ផែនដី​កក្រើក​ប៉ុន្ដែ​ឥឡូវនេះ​ព្រះអង្គ​បាន​សន្យា​ថា៖ ​«យើង​នឹង​ធ្វើ​ឲ្យ​កក្រើក​ម្ដង​ទៀត​គឺ​មិន​ត្រឹមតែ​ផែនដី​ប៉ុណ្ណោះ​ទេ​ផ្ទៃ​មេឃ​ក៏​កក្រើក​ដែរ»។ 27ពាក្យថា​ម្ដង​ទៀត​បាន​បញ្ជាក់​ថា​អ្វីៗ​ដែល​កក្រើក​នឹង​ត្រូវ​រើ​ចេញ​គឺ​ជា​អ្វីៗ​ដែល​ត្រូវ​បាន​បង្កើត​មក​ដើម្បី​ឲ្យ​អ្វីៗ​ដែល​មិន​កក្រើក​នឹង​នៅ​ស្ថិតស្ថេរ។ 28ដូច្នេះដោយព្រោះ​យើង​បាន​ទទួល​នគរ​មួយ​ដែល​មិន​កក្រើក​នោះ​យើង​ត្រូវ​ដឹង​គុណ​ទាំង​បម្រើ​ព្រះជាម្ចាស់​ឲ្យ​សព្វ​ព្រះហឫទ័យ​ព្រះអង្គ​ដោយ​ចិត្ដ​គោរព​កោតខ្លាច 29ដ្បិតព្រះជាម្ចាស់​របស់​យើង​ជា​ភ្លើង​ដែល​ឆេះ​បំផ្លាញ។
Copyright information for KhmKCB