‏ Hebrews 13

1ចូរឲ្យ​មាន​សេចក្ដី​ស្រលាញ់​ជា​បងប្អូន​ជានិច្ច។ 2កុំភ្លេច​ទទួល​ភ្ញៀវ​ដោយ​រាក់ទាក់​ដ្បិត​ដោយសារ​ការនេះ​មាន​អ្នក​ខ្លះ​បាន​ទទួល​ពួក​ទេវតា​ឲ្យ​ស្នាក់នៅ​ទាំង​មិន​ដឹងខ្លួន​ផង។ 3ចូរនឹកចាំ​ពី​អស់​អ្នក​ដែល​ជាប់​ឃុំឃាំង​ទុក​ដូចជា​ជាប់​ឃុំឃាំង​ជាមួយ​គេ​ដែរ​ហើយ​ចូរ​នឹកចាំ​ពី​អស់​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​បាប​ទុក​ដូចជា​នៅក្នុង​រូបកាយ​នោះ​ដែរ។ 4ចូរឲ្យ​មនុស្ស​គ្រប់គ្នា​គោរព​ការ​រៀបការ​ហើយ​ការ​រួមដំណេក​ក៏​ត្រូវ​បរិសុទ្ធ​ដែរ​ដ្បិត​ព្រះជាម្ចាស់​នឹង​ជំនុំជម្រះ​ពួក​អ្នក​ប្រព្រឹត្ដ​អំពើ​អសីលធម៌​ខាងផ្លូវភេទ​និង​ពួក​ផិតក្បត់។ 5ចូរកុំ​រស់នៅ​ដោយ​ការ​ស្រលាញ់​លុយ​ឡើយ​ចូរ​ស្កប់ចិត្ត​នឹង​អ្វី​ដែល​មាន​នៅ​ពេលនេះ​ចុះ​ដ្បិត​ព្រះអង្គ​មានបន្ទូល​ថា៖ ​«យើង​មិន​ចាកចេញ​ពី​អ្នក​ហើយ​ក៏​មិន​បោះបង់​អ្នក​ចោល​ជា​ដាច់ខាត»។ 6ហេតុនេះហើយ​បានជា​យើង​និយាយ​ដោយ​ចិត្ដ​ក្លាហាន​ថា៖ ​«ព្រះអម្ចាស់​ជា​អ្នកជួយ​ខ្ញុំ​ខ្ញុំ​មិន​ខ្លាច​អ្វី​ឡើយ​តើ​មនុស្ស​ធ្វើ​អ្វី​ខ្ញុំ​បាន?» 7ចូរនឹកចាំ​ពី​ពួក​អ្នក​ដឹកនាំ​របស់​អ្នករាល់គ្នា​ដែល​បាន​និយាយ​ប្រាប់​អ្នករាល់គ្នា​អំពី​ព្រះ​បន្ទូល​របស់​ព្រះជាម្ចាស់​ចូរ​សង្កេត​មើល​លទ្ធផល​នៃ​ការ​ប្រព្រឹត្ដិ​របស់​ពួកគេ​ហើយ​ត្រាប់​តាម​ជំនឿ​របស់​ពួកគេ​ចុះ។ 8ព្រះយេស៊ូ​គ្រិស្ដ​នៅតែ​ដដែល​ម្សិលមិញ​ថ្ងៃនេះ​និង​រហូតដល់​អស់កល្ប​ជានិច្ច។ 9កុំបណ្ដោយ​តាម​សេចក្ដី​បង្រៀន​ផ្សេងៗ​និង​ប្លែកៗ​ឡើយ។ ​ដ្បិត​ជា​ការ​ប្រសើរ​ដែល​តាំង​ចិត្ដ​ឲ្យ​ខ្ជាប់ខ្ជួន​ដោយ​ព្រះ​គុណ​មិនមែន​ដោយ​អាហារ​ទេ​ព្រោះ​អ្នក​ដែល​ប្រព្រឹត្ដ​បែបនេះ​គ្មាន​ប្រយោជន៍​អ្វី​ឡើយ។ 10យើងមាន​កន្លែងថ្វាយតង្វាយ​មួយ​ដែល​ពួក​អ្នក​បម្រើ​នៅក្នុង​រោង​គ្មាន​សិទ្ធិ​បរិភោគ​អ្វីៗ​ពី​កន្លែងថ្វាយតង្វាយ​នោះ​ឡើយ 11ដ្បិតសម្ដេច​សង្ឃ​យក​ឈាម​របស់​សត្វ​ទាំងឡាយ​មក​ក្នុង​ទីបរិសុទ្ធ​ទុកជា​តង្វាយ​លោះ​បាប​ប៉ុន្ដែ​សាកសព​របស់​ពួកវា​វិញ​ត្រូវ​ដុតចោល​នៅ​ក្រៅ​ជំរំ 12ហេតុនេះហើយ​បានជា​ព្រះ​យេស៊ូ​ត្រូវ​រងទុក្ខ​នៅ​ក្រៅ​ទ្វារ​ក្រុង​ដែរ​ដើម្បី​ញែក​ប្រជារាស្ដ្រ​ជា​បរិសុទ្ធ​ដោយ​ឈាម​របស់​ព្រះអង្គ 13ដូច្នេះចូរ​ឲ្យ​យើង​ចេញ​ទៅឯ​ព្រះអង្គ​នៅ​ក្រៅ​ជំរំ​ទាំង​ផ្ទុក​សេចក្ដី​ត្មះ​តិះដៀល​របស់​ព្រះអង្គ​ចុះ 14ដ្បិតនៅ​ផែនដី​នេះ​យើង​គ្មាន​ក្រុង​ដែល​នៅ​ស្ថិតស្ថេរ​ទេ​គឺ​យើង​កំពុង​ស្វែងរក​ក្រុង​ដែល​នឹង​មកដល់។ 15ដូច្នេះតាមរយៈ​ព្រះអង្គ​ចូរ​ឲ្យ​យើង​ថ្វាយ​ការ​សរសើរ​ជា​យញ្ញបូជា​ដល់​ព្រះជាម្ចាស់​ជានិច្ច​គឺ​ជា​ផល​ពី​បបូរមាត់​ដែល​ប្រកាស​អំពី​ព្រះនាម​របស់​ព្រះអង្គ។ 16កុំភ្លេច​ប្រព្រឹត្ដ​ល្អ​និង​បរិច្ចាក​ជួយ​គ្នា​ឡើយ​ដ្បិត​ព្រះជាម្ចាស់​សព្វ​ព្រះ​ហឫទ័យ​នឹង​យញ្ញបូជា​បែបនេះ​ណាស់។ 17ចូរស្ដាប់​បង្គាប់​ពួក​អ្នក​ដឹកនាំ​របស់​អ្នករាល់គ្នា​ហើយ​ចុះចូល​នឹង​អ្នក​ទាំងនោះ​ចុះ​ដ្បិត​ពួកគេ​មើលថែ​ព្រលឹង​របស់​អ្នករាល់គ្នា​ក្នុងនាម​ជា​អ្នក​ដែល​ត្រូវ​រាយរាប់​ប្រាប់​ព្រះជាម្ចាស់។ ​ចូរ​អ្នករាល់គ្នា​ស្ដាប់បង្គាប់​ពួកគេ​ដើម្បី​ឲ្យ​ពួកគេ​បំពេញ​មុខងារ​នេះ​ដោយ​អំណរ​មិនមែន​ដោយ​ថ្ងូរ​ឡើយ​បើ​មិន​ដូច្នោះ​ទេ​គ្មាន​ប្រយោជន៍​សម្រាប់​អ្នករាល់គ្នា​ឡើយ។ 18សូមអធិស្ឋាន​សម្រាប់​យើង​ផង​ដ្បិត​យើង​ជឿជាក់​ថា​យើង​មាន​មនសិការ​ល្អ​ហើយ​ចង់​ប្រព្រឹត្ត​ត្រឹមត្រូវ​ក្នុង​គ្រប់​ការ​ទាំងអស់។ 19ជាពិសេសខ្ញុំ​អង្វរ​អ្នករាល់គ្នា​ឲ្យ​ធ្វើ​ការ​នេះ​ដើម្បី​ឲ្យ​ខ្ញុំ​បាន​វិលត្រលប់​មក​ឯ​អ្នករាល់គ្នា​កាន់តែ​ឆាប់។ 20សូមឲ្យ​ព្រះជាម្ចាស់​នៃ​សេចក្ដី​សុខសាន្ដ​ដែល​បាន​ប្រោស​ព្រះ​យេស៊ូ​ជា​ព្រះអម្ចាស់​របស់​យើង​និង​ជា​អ្នក​គង្វាល​ចៀម​ដ៏​ឧត្ដម​ឲ្យ​រស់​ពី​ការ​សោយទិវង្គត​ឡើង​វិញ​នោះ 21ប្រោសអ្នករាល់គ្នា​ឲ្យ​បាន​គ្រប់លក្ខណ៍​ក្នុង​ការ​ល្អ​គ្រប់យ៉ាង​ដោយសារ​ឈាម​នៃ​កិច្ច​ព្រមព្រៀង​ដ៏​អស់កល្ប​ជានិច្ច​ដើម្បី​ឲ្យ​អ្នករាល់គ្នា​ធ្វើ​តាម​បំណង​របស់​ព្រះអង្គ​ដោយ​ព្រះអង្គ​ធ្វើ​ការ​ដែល​សព្វ​ព្រះ​ហឫទ័យ​ព្រះអង្គ​នៅក្នុង​យើង​តាមរយៈ​ព្រះ​យេស៊ូ​គ្រិស្ដ។ ​សូម​ឲ្យ​ព្រះអង្គ​បាន​ប្រកប​ដោយ​សិរីរុងរឿង​អស់កល្ប​ជានិច្ច! ​អាម៉ែន! 22ប៉ុន្ដែបងប្អូន​អើយ! ​ខ្ញុំ​សូម​អង្វរ​អ្នករាល់គ្នា​ឲ្យ​ស៊ូទ្រាំ​ស្ដាប់​ពាក្យ​ដាស់តឿន​នេះ​ចុះ​ដ្បិត​ខ្ញុំ​បាន​សរសេរ​មក​អ្នករាល់គ្នា​ដោយ​សង្ខេប​ប៉ុណ្ណោះ។ 23សូមជ្រាប​ថា​គេ​បាន​ដោះលែង​ធីម៉ូថេ​ជា​បងប្អូន​របស់​យើង​ហើយ​បើ​គាត់​មក​ដល់​ឆាប់ៗ​នេះ​ខ្ញុំ​នឹង​មក​ជួប​អ្នករាល់គ្នា​ជាមួយ​នឹង​គាត់​ដែរ។ 24សូមជម្រាប​សួរ​ដល់​ពួក​អ្នក​ដឹកនាំ​របស់​អ្នករាល់គ្នា​ព្រមទាំង​ពួក​បរិសុទ្ធ​ទាំងអស់​ផង។ ​ពួក​អ្នក​ដែល​មកពី​ស្រុក​អ៊ីតាលី​ក៏​ជម្រាប​សួរ​មក​អ្នករាល់គ្នា​ដែរ។ 25សូមឲ្យ​អ្នករាល់គ្នា​បាន​ប្រកប​ដោយ​ព្រះ​គុណ​៕
Copyright information for KhmKCB