‏ Hebrews 2

1ហេតុនេះហើយ​បានជា​យើង​ត្រូវ​យកចិត្ដ​ទុកដាក់​ឲ្យ​កាន់តែ​ខ្លាំង​ថែម​ទៀត​ចំពោះ​សេចក្ដី​ដែល​យើង​បាន​ឮ​ក្រែងលោ​យើង​ត្រូវ​រសាត់​ចេញ។ 2ដ្បិតបើ​ព្រះ​បន្ទូល​ដែល​បាន​ប្រកាស​តាមរយៈ​ពួក​ទេវតា​អាច​យក​ជា​ការ​បាន​ហើយ​គ្រប់ទាំង​ការ​ល្មើស​និង​ការ​មិន​ស្ដាប់បង្គាប់​បាន​ទទួល​ទោស​យ៉ាង​យុត្តិធម៌​ទៅ​ហើយ 3តើឲ្យ​យើង​រួចខ្លួន​បាន​យ៉ាង​ដូចម្ដេច​នៅ​ពេល​ដែល​យើង​ធ្វេស​ប្រហែស​នឹង​សេចក្ដី​សង្គ្រោះ​ដ៏​ធំ​នេះ? ​ដ្បិត​ព្រះអម្ចាស់​បាន​ប្រកាស​ជា​លើក​ដំបូង​អំពី​សេចក្ដី​សង្គ្រោះ​នេះ​ហើយ​អស់​អ្នក​ដែល​បាន​ឮ​ក៏​បាន​បញ្ជាក់​ប្រាប់​យើង​ដែរ 4ដោយមាន​ព្រះជាម្ចាស់​ធ្វើបន្ទាល់​ជាមួយ​ផង​តាមរយៈ​ទីសំគាល់​ការអស្ចារ្យ​និង​កិច្ចការ​ដ៏​មានអំណាច​ជាច្រើន​ព្រមទាំង​តាមរយៈ​អំណោយទាន​របស់​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ស្របតាម​បំណង​របស់​ព្រះអង្គ​ផង។ 5ព្រះជាម្ចាស់​មិន​បាន​ដាក់​លោក​ខាង​មុខ​ដែល​យើង​កំពុង​និយាយ​នេះ​ឲ្យ​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​ពួក​ទេវតា​ឡើយ 6ប៉ុន្ដែមាន​ម្នាក់​បាន​ធ្វើបន្ទាល់​នៅកន្លែង​មួយ​ថា៖ ​«តើ​មនុស្ស​ជា​អ្វី​បាន​ជា​ព្រះអង្គ​នឹក​ចាំ​ពី​គេ​តើ​កូន​មនុស្ស​ជា​អ្វី​បាន​ជា​ព្រះអង្គ​យក​ព្រះ​ហឫទ័យ​ទុក​ដាក់​ចំពោះ​គេ? 7ព្រះអង្គបាន​ធ្វើ​ឲ្យ​គេ​ទាប​ជាង​ពួក​ទេវតា​តែ​បន្ដិច​ប៉ុណ្ណោះ​ព្រះអង្គ​បាន​ប្រទាន​សិរីរុងរឿង​និង​កិត្ដិយស​ដល់​គេ​ទុក​ជា​មកុដ 8ព្រះអង្គបាន​បង្ក្រាប​អ្វីៗ​ទាំងអស់​ឲ្យ​នៅ​ក្រោម​ជើង​របស់​គេ»។ ​នៅ​ពេល​ព្រះជាម្ចាស់​បាន​បង្ក្រាប​អ្វីៗ​ទាំងអស់​ឲ្យ​ចុះចូល​នឹង​គេ​ព្រះអង្គ​មិន​បាន​ទុក​ឲ្យ​អ្វី​មួយ​មិន​ចុះចូល​នឹង​គេ​ឡើយ​ប៉ុន្ដែ​ឥឡូវនេះ​យើង​មិន​ទាន់​ឃើញ​របស់​ទាំងអស់​ចុះចូល​នឹង​គេ​នៅ​ឡើយ​ទេ។ 9ប៉ុន្ដែយើង​ឃើញ​ព្រះ​យេស៊ូ​ដែល​ព្រះជាម្ចាស់​បាន​ធ្វើ​ឲ្យ​ទាប​ជាង​ពួក​ទេវតា​តែ​បន្ដិច​ប៉ុណ្ណោះ​បាន​ទទួល​សិរីរុងរឿង​និង​កិត្ដិយស​ទុក​ជា​មកុដ​ព្រោះ​ព្រះអង្គ​បាន​រងទុក្ខ​ក្នុង​ការ​សោយទិវង្គត​ដើម្បី​ភ្លក់​សេចក្ដី​ស្លាប់​ជំនួស​មនុស្ស​ទាំងអស់​តាមរយៈ​ព្រះ​គុណ​របស់​ព្រះជាម្ចាស់ 10ហើយដើម្បី​នាំ​កូន​ជា​ច្រើន​មក​ទទួល​សិរីរុងរឿង​នោះ​ស័ក្តិសម​ឲ្យ​ព្រះជាម្ចាស់​ដែល​អ្វីៗ​ទាំងអស់​បាន​កើត​តាមរយៈ​ព្រះអង្គ​និង​សម្រាប់​ព្រះអង្គ​ធ្វើ​ឲ្យ​ម្ចាស់​នៃ​សេចក្ដី​សង្គ្រោះ​របស់​ពួកគេ​បាន​គ្រប់លក្ខណ៍​តាមរយៈ​ការ​រង​ទុក្ខ​លំបាក។ 11ព្រះអង្គដែល​ញែក​មនុស្ស​ជា​បរិសុទ្ធ​និង​អស់​អ្នក​ដែល​ព្រះអង្គ​បាន​ញែក​ជា​បរិសុទ្ធ​មាន​ព្រះ​វរ​បិតា​តែ​មួយ​ទេ​ហេតុនេះ​ហើយ​បានជា​ព្រះអង្គ​មិន​ខ្មាស​នឹង​ហៅ​ពួកគេ​ថា​បងប្អូន​ឡើយ 12គឺព្រះអង្គ​មានបន្ទូល​ថា៖ ​«ខ្ញុំ​នឹង​ប្រកាស​ពី​ព្រះ​នាម​របស់​ព្រះអង្គ​ដល់​បងប្អូន​របស់​ខ្ញុំ​ហើយ​ខ្ញុំ​នឹង​ច្រៀង​សរសើរ​ព្រះអង្គ​នៅ​កណ្ដាល​ចំណោម​ក្រុមជំនុំ»។ 13ព្រះអង្គមានបន្ទូល​ទៀត​ថា៖ ​«ខ្ញុំ​នឹង​ទុកចិត្ត​លើ​ព្រះអង្គ» ​ហើយ​មាន​បន្ទូល​ទៀត​ថា៖ ​«មើល៍​ខ្ញុំ​និង​កូនៗ​ដែល​ព្រះជាម្ចាស់​ប្រទាន​មក​ខ្ញុំ»។ 14ដូច្នេះដោយ​ព្រោះ​កូនៗ​មាន​ចំណែក​នៅក្នុង​សាច់​និង​ឈាម​នោះ​ព្រះអង្គ​ក៏​ទទួល​ចំណែក​ដូច្នោះ​ដែរ​ដើម្បី​បំផ្លាញ​អារក្ស​សាតាំង​ជា​អ្នក​ដែល​មាន​អំណាច​លើ​សេចក្ដី​ស្លាប់​តាមរយៈ​ការ​សោយទិវង្គត​របស់​ព្រះអង្គ 15និងដើម្បី​រំដោះ​អស់​អ្នក​ដែល​ជាប់​ជា​ទាសករ​អស់​មួយ​ជីវិត​ដោយព្រោះ​ខ្លាច​សេចក្ដី​ស្លាប់។ 16ព្រះអង្គពិតជា​មិន​បាន​ផ្ដល់​ជំនួយ​ដល់​ទេវតា​ទេ​គឺ​ព្រះអង្គ​បាន​ផ្ដល់​ជំនួយ​ដល់​ពូជពង្ស​របស់​លោក​អ័ប្រាហាំ 17ហេតុនេះហើយ​បាន​ជា​ព្រះអង្គ​ត្រូវ​មាន​លក្ខណៈ​ដូចជា​បងប្អូន​របស់​ព្រះអង្គ​គ្រប់​យ៉ាង​ដើម្បី​ត្រលប់ជា​សម្ដេច​សង្ឃ​ដ៏​មាន​ចិត្ដ​មេត្ដា​ករុណា​និង​ស្មោះត្រង់​ក្នុង​កិច្ចការ​ដែល​ទាក់ទង​នឹង​ព្រះជាម្ចាស់​ហើយ​ថ្វាយ​តង្វាយលោះ​បាប​របស់​ប្រជាជន 18ព្រោះព្រះអង្គ​ធ្លាប់​រងទុក្ខ​ទាំង​ត្រូវ​ល្បួង​ផង​ដូច្នេះ​ព្រះអង្គ​ក៏​អាច​ជួយ​ពួក​អ្នក​ដែល​ត្រូវ​ល្បួង​បាន​ដែរ។
Copyright information for KhmKCB