‏ Hebrews 3

1ដូច្នេះឱ​បងប្អូន​ដ៏​បរិសុទ្ធ​ដែល​មាន​ចំណែក​ក្នុង​ការ​ត្រាស់​ហៅ​ពី​ស្ថានសួគ៌​របស់​ព្រះជាម្ចាស់​អើយ! ​ចូរ​ពិចារណា​អំពី​ព្រះ​យេស៊ូ​ជា​សាវក​និង​ជា​សម្ដេច​សង្ឃ​ដែល​យើង​បាន​ប្រកាស​ថា​យើង​ជឿ​នោះ​ចុះ 2ព្រះអង្គស្មោះត្រង់​ចំពោះ​ព្រះជាម្ចាស់​ដែល​បាន​តែង​តាំង​ព្រះអង្គ​គឺ​ដូចជា​លោក​ម៉ូសេ​ស្មោះត្រង់​នៅក្នុង​ដំណាក់​របស់​ព្រះជាម្ចាស់​ទាំងមូល​ដែរ។ 3អ្នកសង់​ផ្ទះ​មាន​កិត្តិយស​ប្រសើរ​ជាង​ផ្ទះ​ជា​យ៉ាង​ណា​ព្រះ​យេស៊ូ​ក៏​ត្រូវ​រាប់​ជា​ស័ក្ដិសម​នឹង​ទទួល​សិរីរុងរឿង​ប្រសើរ​ជាង​លោក​ម៉ូសេ​ជា​យ៉ាង​នោះ​ដែរ 4ដ្បិតផ្ទះ​ទាំងឡាយ​សុទ្ធតែ​មាន​អ្នក​សង់​ឡើង​ប៉ុន្ដែ​ព្រះជាម្ចាស់​ទេ​តើ​ដែល​បាន​បង្កើត​របស់​សព្វ​សារពើ។ 5ដោយឡែកលោក​ម៉ូសេ​បាន​ស្មោះត្រង់​ក្នុងនាម​ជា​អ្នកបម្រើ​នៅក្នុង​ដំណាក់​របស់​ព្រះជាម្ចាស់​ទាំងមូល​ដើម្បី​ជា​បន្ទាល់​អំពី​សេចក្ដី​ដែល​នឹង​ត្រូវ​ប្រកាស 6ប៉ុន្ដែព្រះ​គ្រិស្ដ​វិញ​ស្មោះត្រង់​ក្នុង​នាម​ជា​ព្រះ​រាជ​បុត្រា​ដែល​គ្រប់គ្រង​លើ​ដំណាក់​របស់​ព្រះជាម្ចាស់​ហើយ​យើង​ជា​ដំណាក់​របស់​ព្រះអង្គ​ប្រសិន​បើ​យើង​រក្សា​ការ​ជឿជាក់​និង​មោទនភាព​របស់​យើង​ចំពោះ​សេចក្ដី​សង្ឃឹម​យ៉ាង​ខ្ជាប់ខ្ជួន​នោះ។ 7ដូច្នេះដូច​ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​មានបន្ទូល​ថា៖ ​«នៅ​ថ្ងៃនេះ​បើ​អ្នករាល់គ្នា​ឮ​សំឡេង​របស់​ព្រះអង្គ 8ចូរកុំ​មាន​ចិត្ដ​រឹងរូស​ដូចជា​នៅ​ថ្ងៃ​ដែល​គេ​ល្បងល​ព្រះជាម្ចាស់​ហើយ​បណ្ដាល​ឲុ្យ​ព្រះអង្គ​ក្រោធ​នៅ​ទីរហោឋាន​នោះ​ឡើយ 9ជាកន្លែង​ដែល​ដូនតា​របស់​អ្នករាល់គ្នា​បាន​ល្បងល​យើង​ទាំង​សាក​មើល​យើង​ហើយ​ក៏​ឃើញ​កិច្ចការ​ដែល​យើង​បាន​ធ្វើ 10អស់រយៈ​ពេល​សែសិប​ឆ្នាំ។ ​ហេតុ​នេះ​ហើយ​បាន​ជា​យើង​ក្រោធ​ចំពោះ​មនុស្ស​ជំនាន់​នេះ​ហើយ​បាន​និយាយ​ថា​ចិត្ត​របស់​ពួកគេ​វង្វេង​ជានិច្ច​ពួកគេ​មិន​ស្គាល់​ផ្លូវ​របស់​យើង​ឡើយ 11បានជា​យើង​ស្បថ​ដោយ​កំហឹង​របស់​យើង​ថា​ពួកគេ​នឹង​មិន​បាន​ចូល​ក្នុង​ការ​សម្រាក​របស់​យើង​ឡើយ»។ 12បងប្អូនអើយ! ​ចូរ​ប្រយ័ត្ន​កុំ​ឲ្យ​មាន​អ្នកណា​ម្នាក់​ក្នុងចំណោម​អ្នករាល់គ្នា​មាន​ចិត្ដ​អាក្រក់​និង​ចិត្ត​មិន​ជឿ​ដែល​នាំ​ឲ្យ​បែកចេញ​ពី​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់​នោះ​ឡើយ 13ផ្ទុយទៅវិញចូរ​ដាស់​តឿន​គ្នា​ទៅវិញ​ទៅមក​រៀង​រាល់​ថ្ងៃ​ក្នុង​កាល​ដែល​ហៅថា​ថ្ងៃ​នេះ​នៅ​ឡើយ​ដើម្បី​កុំ​ឲ្យ​អ្នកណា​ម្នាក់​ក្នុង​ចំណោម​អ្នករាល់គ្នា​មាន​ចិត្ដ​រឹងរូស​ដោយ​ព្រោះ​ការ​បោក​បញ្ឆោត​របស់​បាប​ឡើយ 14ដ្បិតបើ​យើង​រក្សា​ការ​ជឿជាក់​ដែល​យើង​មាន​ពី​ដំបូង​យ៉ាង​ខ្ជាប់ខ្ជួន​រហូត​ដល់​ទីបញ្ចប់​នោះ​យើង​នឹង​ត្រលប់ជា​អ្នក​មាន​ចំណែក​រួម​ជាមួយ​ព្រះ​គ្រិស្ដ 15ដូចដែល​មាន​ចែង​ថា៖ ​«នៅ​ថ្ងៃនេះ​បើ​អ្នករាល់គ្នា​ឮ​សំឡេង​របស់​ព្រះអង្គ​ចូរ​កុំ​មាន​ចិត្ត​រឹងរូស​ដូចជា​នៅ​គ្រា​ដែល​បណ្ដាល​ឲ្យ​ព្រះអង្គ​ក្រោធ​នោះ​ឡើយ»។ 16តើពួក​អ្នក​ដែល​បាន​ឮ​ហើយ​ធ្វើ​ឲ្យ​ព្រះអង្គ​ក្រោធ​នោះ​ជា​អ្នកណា? ​តើ​មិន​មែន​ជា​អស់អ្នក​ដែល​លោក​ម៉ូសេ​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ទេ​ឬ? 17តើព្រះអង្គ​ក្រោធ​ចំពោះ​អ្នកណា​អស់​រយៈពេល​សែសិប​ឆ្នាំ? ​តើ​មិន​មែន​ចំពោះ​អស់​អ្នក​ដែល​បាន​ប្រព្រឹត្ត​បាប​ហើយ​សាក​សព​របស់​គេ​ត្រូវ​ចោល​នៅ​ទីរហោឋាន​ទេ​ឬ? 18តើព្រះអង្គ​បាន​ស្បថ​នឹង​អ្នកណា​ថា​ពួកគេ​នឹង​មិន​បាន​ចូល​ទៅ​ក្នុង​ការ​សម្រាក​របស់​ព្រះអង្គ? ​តើ​មិន​មែន​នឹង​អស់​អ្នក​ដែល​មិន​បាន​ស្ដាប់​បង្គាប់​ទេ​ឬ? 19ដូច្នេះយើង​ឃើញ​ថា​ដោយសារ​ភាពគ្មានជំនឿ​ពួកគេ​មិន​អាច​ចូល​ក្នុង​ការ​សម្រាក​បាន​ទេ។
Copyright information for KhmKCB