‏ Hebrews 4

1ដូច្នេះកាល​ដែល​សេចក្ដី​សន្យា​អំពី​ការ​ចូល​ក្នុង​ការ​សម្រាក​របស់​ព្រះអង្គ​នៅ​មាន​នៅ​ឡើយ​ចូរ​យើង​ខ្លាច​ចុះ​ដើម្បី​កុំ​ឲ្យ​មាន​អ្នកណា​ម្នាក់​ក្នុងចំណោម​អ្នករាល់គ្នា​មិន​បាន​ចូល​នោះ​ឡើយ 2ដ្បិតដំណឹងល្អ​ដែល​យើង​បាន​ឮ​នោះ​ក៏​ជា​ដំណឹង​ល្អ​ដែល​ពួកគេ​បាន​ឮ​ដែរ​ប៉ុន្ដែ​ព្រះ​បន្ទូល​ដែល​ពួកគេ​ឮ​គ្មាន​ប្រយោជន៍​សម្រាប់​ពួកគេ​ទេ​ព្រោះ​ព្រះ​បន្ទូល​ដែល​ពួកគេ​បាន​ឮ​នោះ​មិន​បាន​ជ្រួតជ្រាប​ទៅក្នុង​ពួកគេ​ដោយ​ជំនឿ​ទេ។ 3រីឯយើង​ដែល​ជា​អ្នក​ជឿ​នឹង​បាន​ចូល​ក្នុង​ការ​សម្រាក​នោះ​ដូច​ដែល​ព្រះជាម្ចាស់​មាន​បន្ទូល​ថា៖ ​«យើង​ស្បថ​ដោយ​កំហឹង​របស់​យើង​ថា​ពួកគេ​នឹង​មិន​បាន​ចូល​ទៅក្នុង​ការ​សម្រាក​របស់​យើង​ឡើយ»។ ​ទោះ​ជា​យ៉ាងណា​កិច្ចការ​ទាំងឡាយ​បាន​សម្រេច​តាំង​ពី​ដើម​កំណើត​ពិភពលោក​មក​ហើយ។ 4ដ្បិតមាន​កន្លែង​មួយ​ដែល​ព្រះអង្គ​បាន​មាន​បន្ទូល​អំពី​ថ្ងៃ​ទី​ប្រាំពីរ​ដូច្នេះ​ថា៖ ​«ព្រះជាម្ចាស់​បាន​សម្រាក​ពី​កិច្ចការ​ទាំងឡាយ​របស់​ព្រះអង្គ​នៅ​ថ្ងៃ​ទី​ប្រាំពីរ» 5ហើយមាន​បន្ទូល​នៅ​កន្លែង​នេះ​ទៀត​ថា៖ ​«ពួកគេ​នឹង​មិន​បាន​ចូល​ទៅក្នុង​ការ​សម្រាក​របស់​យើង​ឡើយ»។ 6ដូច្នេះហើយ​នៅតែ​ឲ្យ​អ្នក​ខ្លះ​ចូល​ទៅក្នុង​ការ​សម្រាក​នោះ​បាន​ប៉ុន្ដែ​ពួក​អ្នក​ដែល​ឮ​ដំណឹងល្អ​កាល​ពីមុន​មិន​បាន​ចូល​ដោយព្រោះ​ការ​មិន​ស្ដាប់បង្គាប់ 7នោះព្រះអង្គ​ក៏​កំណត់​ថ្ងៃ​មួយ​ទៀត​ទុក​គឺ​ថ្ងៃនេះ​ដោយ​បាន​មានបន្ទូល​តាមរយៈ​ស្ដេច​ដាវីឌ​ជា​យូរ​ក្រោយមក​ទៀត​ដូច​ដែល​បាន​មានបន្ទូល​កាល​ពីមុន​ថា៖ ​«នៅ​ថ្ងៃនេះ​បើ​អ្នករាល់គ្នា​ឮ​សំឡេង​របស់​ព្រះអង្គ​ចូរ​កុំ​មាន​ចិត្ដ​រឹងរូស»។ 8ដ្បិតបើ​លោក​យ៉ូស្វេ​ឲ្យ​ពួកគេ​បាន​សម្រាក​មែន​នោះ​ព្រះអង្គ​មិន​មាន​បន្ទូល​អំពី​ថ្ងៃ​ផ្សេងទៀត​នៅ​ពេលក្រោយ​ឡើយ 9ដូច្នេះហើយ​នៅតែ​មាន​ការ​សម្រាក​ទុក​សម្រាប់​រាស្ដ្រ​របស់​ព្រះអង្គ។ 10ដ្បិតអ្នកណា​ដែល​បាន​ចូល​ទៅក្នុង​ការ​សម្រាក​របស់​ព្រះអង្គ​អ្នកនោះ​ក៏​បាន​សម្រាក​ពី​កិច្ចការ​ទាំងឡាយ​របស់​ខ្លួន​ដូច​ដែល​ព្រះជាម្ចាស់​បាន​សម្រាក​ពី​កិច្ចការ​របស់​ព្រះអង្គ​ដែរ។ 11ដូច្នេះចូរ​យើង​ខិតខំ​ព្យាយាម​ឲ្យ​បាន​ចូល​ទៅក្នុង​ការ​សម្រាក​នោះ​ដើម្បី​កុំ​ឲ្យ​មាន​អ្នកណា​ម្នាក់​ដួល​ចុះ​តាម​គំរូ​មិន​ស្ដាប់បង្គាប់​ដដែល​នោះ​ឡើយ។ 12ដ្បិតព្រះ​បន្ទូល​របស់​ព្រះជាម្ចាស់​មាន​ជីវិត​មាន​អំណាច​ហើយ​មុត​ជាង​ដាវ​មុខពីរ​ដែល​ចាក់​ទម្លុះ​រហូតដល់​កាត់​ព្រលឹង​និង​វិញ្ញាណ​ព្រមទាំង​សន្លាក់​ឆ្អឹង​និង​ខួរ​ឆ្អឹង​ឲ្យ​ដាច់​ចេញ​ពី​គ្នា​រួច​វិនិច្ឆ័យ​ទាំង​គំនិត​និង​បំណង​ចិត្ត​ទៀត​ផង។ 13អ្វីៗដែល​ព្រះជាម្ចាស់​បាន​បង្កើត​មក​គ្មាន​អ្វី​អាច​លាក់បាំង​ពី​ព្រះ​ភក្ដ្រ​ព្រះអង្គ​បាន​ឡើយ​ដ្បិត​អ្វីៗ​ទាំងអស់​សុទ្ទតែ​នៅ​ទទេ​ឥត​បិទបាំង​សោះ​ឡើយ​នៅ​ចំពោះ​ព្រះ​នេត្រ​របស់​ព្រះអង្គ​ដែល​យើង​ត្រូវ​រាយរាប់​ប្រាប់។ 14ដូច្នេះដោយ​ព្រោះ​យើង​មាន​សម្ដេច​សង្ឃ​ដ៏​ធំ​បំផុត​ដែល​បាន​យាង​កាត់​ស្ថានសួគ៌​គឺ​ព្រះ​យេស៊ូ​ជា​ព្រះ​រាជ​បុត្រា​របស់​ព្រះជាម្ចាស់​ចូរ​យើង​កាន់តាម​ជំនឿ​ដែល​យើង​បាន​ប្រកាស​នោះ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ចុះ 15ព្រោះសម្ដេច​សង្ឃ​ដែល​យើង​មាន​នោះ​មិនមែន​មិន​ចេះ​អាណិត​អាសូរ​ដល់​ភាព​ទន់ខ្សោយ​របស់​យើង​ទេ​ដ្បិត​ព្រះអង្គ​ក៏​ធ្លាប់​ត្រូវ​ល្បួង​គ្រប់​បែបយ៉ាង​ដូច​យើង​ដែរ​ប៉ុន្ដែ​ព្រះអង្គ​គ្មាន​បាប​ឡើយ។ 16ដូច្នេះចូរ​យើង​ចូលជិត​បល្ល័ង្ក​នៃ​ព្រះ​គុណ​ដោយ​ចិត្ដ​ក្លាហាន​ដើម្បី​ទទួល​សេចក្ដី​មេត្ដា​ករុណា​និង​ទទួល​បាន​ព្រះ​គុណ​សម្រាប់​ជា​ជំនួយ​នៅពេល​ត្រូវការ។
Copyright information for KhmKCB