‏ Hebrews 5

1សម្ដេចសង្ឃ​គ្រប់​រូប​ត្រូវ​បាន​ជ្រើសរើស​ពី​ក្នុងចំណោម​មនុស្ស​ហើយ​តែងតាំង​ឲ្យ​ធ្វើ​ជា​តំណាង​មនុស្ស​នៅក្នុង​កិច្ចការ​ទាក់ទង​នឹង​ព្រះជាម្ចាស់​ដើម្បី​ថ្វាយ​តង្វាយ​និង​យញ្ញបូជា​សម្រាប់​បាប 2ហើយសម្ដេច​សង្ឃ​អាច​អត់ឱន​ដល់​មនុស្ស​ល្ងង់ខ្លៅ​និង​វង្វេង​បាន​ព្រោះ​គាត់​ផ្ទាល់​ក៏​មាន​ភាព​ទន់ខ្សោយ​ដែរ 3ហេតុនេះហើយ​បានជា​គាត់​ត្រូវ​ថ្វាយ​តង្វាយ​សម្រាប់​បាប​របស់​គាត់​ដូច​ដែល​ថ្វាយ​តង្វាយ​សម្រាប់​បាប​របស់​ប្រជាជន​ដែរ 4គ្មានអ្នកណា​ម្នាក់​អាច​ទទួល​បាន​កិត្តិយស​នេះ​ដោយ​ខ្លួនឯង​ទេ​មាន​តែ​អស់​អ្នក​ដែល​ព្រះជាម្ចាស់​បាន​ត្រាស់ហៅ​ដូច​លោក​អើរ៉ុន​ប៉ុណ្ណោះ។ 5រីឯព្រះ​គ្រិស្ដ​ក៏​ដូច្នោះ​ដែរ​ព្រះអង្គ​មិន​បាន​លើក​តម្កើង​អង្គទ្រង់​ធ្វើ​ជា​សម្ដេច​សង្ឃ​ឡើយ​គឺ​ព្រះជាម្ចាស់​ទេ​ដែល​មានបន្ទូល​ទៅ​ព្រះអង្គ​ថា៖ ​«ព្រះអង្គ​ជា​បុត្រ​របស់​យើង​យើង​បាន​បង្កើត​ព្រះអង្គ​នៅ​ថ្ងៃនេះ»។ 6ដូចនៅក្នុង​បទគម្ពីរ​មួយ​ទៀត​ព្រះជាម្ចាស់​មានបន្ទូល​ដែរ​ថា៖ ​«ព្រះអង្គ​ជា​សង្ឃ​ដូច​លោក​ម៉ិលគីស្សាដែក​អស់កល្ប​ជានិច្ច»។ 7កា​លព្រះ​យេស៊ូ​គង់​នៅក្នុង​សាច់ឈាម​នៅ​ឡើយ​ព្រះអង្គ​បាន​ថ្វាយ​ការ​អធិស្ឋាន​និង​ការ​ទូលអង្វរ​ដោយ​សំឡេង​ខ្លាំងៗ​ទាំង​ទឹក​ភ្នែក​ដល់​ព្រះជាម្ចាស់​ដែល​អាច​សង្គ្រោះ​ព្រះអង្គ​ឲ្យរួច​ពី​សេចក្ដី​ស្លាប់​បាន​ហើយ​ដោយព្រោះ​ការ​គោរព​កោតខ្លាច​របស់​ព្រះអង្គ​នោះ​ព្រះជាម្ចាស់​ក៏​ឆ្លើយតប​នឹង​ព្រះអង្គ។ 8ទោះបី​ព្រះ​យេស៊ូ​ជា​ព្រះ​រាជ​បុត្រា​ក៏​ដោយ​ក៏​ព្រះអង្គ​រៀន​ស្ដាប់បង្គាប់​តាមរយៈ​អ្វី​ដែល​ព្រះអង្គ​បាន​រងទុក្ខ​វេទនា​ដែរ។ 9បន្ទាប់ពី​ព្រះអង្គ​គ្រប់​លក្ខណ៍​ហើយ​ព្រះអង្គ​ក៏​ត្រលប់ជា​ប្រភព​នៃ​សេចក្ដី​សង្គ្រោះ​អស់កល្ប​ជានិច្ច​សម្រាប់​អស់​អ្នក​ដែល​ស្ដាប់បង្គាប់​ព្រះអង្គ 10ហើយព្រះជាម្ចាស់​បាន​ប្រកាស​តែងតាំង​ព្រះអង្គ​ជា​សម្ដេច​សង្ឃ​ដូច​លោក​ម៉ិលគីស្សាដែក។ 11យើងមាន​សេចក្ដី​ច្រើន​ដែល​ត្រូវ​និយាយ​អំពី​ការនេះ​ប៉ុន្ដែ​ពិបាក​ពន្យល់​ណាស់​ព្រោះ​អ្នករាល់គ្នា​ត្រលប់ជា​ខ្ជិល​ស្ដាប់។ 12ដ្បិតមក​ដល់​ពេល​នេះ​អ្នករាល់គ្នា​គួរតែ​ធ្វើ​ជា​គ្រូ​ហើយ​ក៏​ប៉ុន្តែ​អ្នករាល់គ្នា​បែរជា​ត្រូវការ​ឲ្យ​គេ​បង្រៀន​អំពី​គោលការណ៍​បឋម​នៃ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ម្ដងទៀត​គឺ​អ្នករាល់គ្នា​ត្រលប់ជា​អ្នក​ដែល​ត្រូវការ​ទឹកដោះ​ទៅ​វិញ​មិនមែន​អាហារ​រឹង​ទេ 13ដ្បិតអ្នកណា​ដែល​ត្រូវការ​ទឹកដោះ​អ្នកនោះ​ល្ងង់​ខាងឯ​ព្រះបន្ទូល​នៃ​សេចក្ដី​សុចរិត​ពីព្រោះ​អ្នកនោះ​នៅ​ជា​ទារក​នៅ​ឡើយ 14រីឯអាហារ​រឹង​សម្រាប់​មនុស្ស​ពេញវ័យ​ដែល​ធ្លាប់​បាន​បង្វឹក​ប្រាជ្ញា​ញាណ​របស់​ខ្លួន​ឲ្យ​ចេះ​វែកញែក​ការ​ល្អ​និង​ការ​អាក្រក់។
Copyright information for KhmKCB