‏ Hebrews 6

1ដូច្នេះចូរ​យើង​ចេញ​ពី​សេចក្ដី​បង្រៀន​បឋម​អំពី​ព្រះ​គ្រិស្ដ​ហើយ​ឆ្ពោះទៅ​កាន់​ភាព​គ្រប់លក្ខណ៍​កុំ​ឲ្យ​យើង​ចាក់​គ្រឹះ​ម្ដងទៀត​ឡើយ​ដូចជា​ខាងឯ​ការ​ប្រែចិត្ដ​ចេញ​ពី​កិច្ចការ​របស់​សេចក្ដី​ស្លាប់​ជំនឿ​លើ​ព្រះជាម្ចាស់ 2សេចក្ដីបង្រៀន​អំពី​ពិធី​ជ្រមុជទឹក​ពិធី​ដាក់ដៃ​ការ​រស់​ពី​ស្លាប់​ឡើង​វិញ​និង​ការ​ជំនុំជម្រះ​អស់កល្ប​ជានិច្ច។ 3បើព្រះជាម្ចាស់​អនុញ្ញាត​នោះ​យើង​នឹង​ធ្វើ​ការ​នេះ។ 4ដ្បិតអស់​អ្នក​ដែល​បាន​ទទួល​ពន្លឺ​ម្ដង​ហើយ​ព្រមទាំង​បាន​ភ្លក់​អំណោយ​ទាន​ពី​ស្ថានសួគ៌​បាន​ត្រលប់ជា​ដៃគូ​នឹង​ព្រះ​វិញ្ញាណ​បរិសុទ្ធ 5បានភ្លក់​ព្រះបន្ទូល​ដ៏​ល្អ​របស់​ព្រះជាម្ចាស់​និង​អំណាច​នៃ​លោក​ខាង​មុខ​រួច​ហើយ 6ប៉ុន្ដែបាន​ធ្លាក់​ចុះ​វិញ​អ្នក​ទាំងនោះ​មិន​អាច​ប្រែចិត្ត​ជាថ្មី​ម្ដងទៀត​បាន​ឡើយ​ព្រោះ​ពួកគេ​បាន​ឆ្កាង​ព្រះ​រាជ​បុត្រា​របស់​ព្រះជាម្ចាស់​សាជាថ្មី​ទាំង​ធ្វើ​ឲ្យ​ព្រះអង្គ​អាម៉ាស់​ជា​សាធារណៈ​ទៀត​ផង។ 7ដ្បិតដី​ណា​ស្រូប​ទឹក​ភ្លៀង​ដែល​ធ្លាក់​មក​ជា​ញឹកញាប់​ហើយ​បង្កើត​ដំណាំ​ដ៏​មាន​ប្រយោជន៍​ដល់​អស់​អ្នក​ភ្ជួររាស់​ដី​នោះ​ក៏​ទទួល​បាន​ព្រះ​ពរ​មកពី​ព្រះជាម្ចាស់​ដែរ 8ប៉ុន្ដែបើ​ដី​នោះ​ដុះ​សុទ្ធតែ​បន្លា​និង​កន្ដ្រើយ​វិញ​ដី​នោះ​គ្មាន​តម្លៃ​សោះ​ឡើយ​បន្ដិច​ទៀត​នឹង​ត្រូវ​បណ្ដាសារ​ហើយ​នៅ​ទីបញ្ចប់​ត្រូវ​គេ​ដុត​ចោល​តែម្ដង។ 9បងប្អូនជា​ទី​ស្រលាញ់​អើយ! ​ទោះបី​យើង​និយាយ​បែបនេះ​ក៏ដោយ​ក៏​យើង​ជឿ​ជាក់​ថា​មាន​សេចក្ដី​ដ៏​ប្រសើរ​ជាង​ដែល​ទាក់ទង​នឹង​សេចក្ដី​សង្គ្រោះ​សម្រាប់​អ្នករាល់គ្នា 10ដ្បិតព្រះជាម្ចាស់​មិនមែន​អយុត្តិធម៌​ទេ​ព្រះអង្គ​មិន​ភ្លេច​កិច្ចការ​របស់​អ្នករាល់គ្នា​ឬ​សេចក្ដី​ស្រលាញ់​ដែល​អ្នករាល់គ្នា​បាន​បង្ហាញ​ចំពោះ​ព្រះ​នាម​របស់​ព្រះអង្គ​ឡើយ​គឺ​ការ​ដែល​អ្នករាល់គ្នា​បាន​បម្រើ​ពួក​បរិសុទ្ធ​ហើយ​នៅ​តែ​បម្រើ​ត​ទៅ​ទៀត​នោះ។ 11យើងចង់​ឲ្យ​អ្នករាល់គ្នា​បង្ហាញ​សេចក្ដី​ឧស្សាហ៍​ដដែល​ដើម្បី​ឲ្យ​បាន​ជឿ​ជាក់​ទាំងស្រុង​លើ​សេចក្ដី​សង្ឃឹម​រហូតដល់​ទីបញ្ចប់ 12ដើម្បីកុំ​ឲ្យ​អ្នករាល់គ្នា​ត្រលប់ជា​ខ្ជិល​ច្រអូស​ឡើយ​ផ្ទុយទៅវិញ​ជា​អ្នក​យកតម្រាប់​តាម​អស់​អ្នក​ដែល​ទទួល​បាន​សេចក្ដី​សន្យា​ទុកជា​មរតក​ដោយសារ​ជំនឿ​និង​សេចក្ដី​អត់ធ្មត់។ 13នៅពេលព្រះជាម្ចាស់​សន្យា​ជាមួយ​លោក​អ័ប្រាហាំ​ព្រះអង្គ​បាន​ស្បថ​នឹង​អង្គទ្រង់​ព្រោះ​គ្មាន​អ្នកណា​ធំ​ជាង​ព្រះអង្គ​ដែល​ព្រះអង្គ​ត្រូវ​ស្បថ​នឹង​គេ​ឡើយ 14ព្រះអង្គមានបន្ទូល​ថា៖ ​«យើង​ប្រាកដ​ជា​នឹង​ប្រទាន​ពរ​ជាច្រើន​ដល់​អ្នក​ហើយ​យើង​ប្រាកដជា​នឹង​ធ្វើ​ឲ្យ​ពូជ​របស់​អ្នក​កើន​ចំនួន​ច្រើន​ឡើង»។ 15ដូច្នេះក្រោយពី​លោក​អ័ប្រាហាំ​បាន​អត់ធ្មត់​យ៉ាង​យូរ​គាត់​ក៏​បាន​ទទួល​តាម​សេចក្ដី​សន្យា 16ដ្បិតមនុស្ស​តែងតែ​ស្បថ​នឹង​អ្នក​ដែល​ធំ​ជាង​ខ្លួន​ហើយ​គេ​ចាត់​ទុក​សម្បថ​នោះ​ថា​បាន​ការ​ដើម្បី​បញ្ចប់​ទំនាស់​គ្រប់​បែបយ៉ាង។ 17ដូច្នេះព្រះជាម្ចាស់​ចង់​បង្ហាញ​អស់​អ្នក​ស្នង​មរតក​តាម​សេចក្ដី​សន្យា​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ពី​បំណង​ដែល​មិន​ចេះ​ប្រែប្រួល​របស់​ព្រះអង្គ​ហេតុនេះ​ហើយ​បានជា​ព្រះអង្គ​ធានា​ដោយ​ព្រះ​បន្ទូល​សម្បថ 18ហើយដោយសារ​សេចក្ដី​ពីរ​យ៉ាង​ដ៏​មិន​ចេះ​ប្រែប្រួល​ដែល​ព្រះជាម្ចាស់​មិន​អាច​កុហក​បាន​នេះ​នោះ​យើង​ដែល​បាន​រត់​មក​ជ្រកកោន​ដើម្បី​ឈោង​ចាប់​យក​សេចក្ដី​សង្ឃឹម​ដែល​បាន​ដាក់​នៅ​ចំពោះ​មុខ​អាច​ទទួល​បាន​ការ​កម្សាន្ដចិត្ដ​យ៉ាងខ្លាំង។ 19យើងមាន​សេចក្ដី​សង្ឃឹម​នេះ​ប្រៀប​ដូចជា​យុថ្កា​ដ៏​ជាប់​មាំមួន​របស់​ព្រលឹង។ ​សេចក្ដី​សង្ឃឹម​នេះ​បាន​ចូល​ទៅ​ខាង​ក្នុង​វាំងនន 20ជាកន្លែង​ដែល​ព្រះ​យេស៊ូ​បាន​យាង​ចូល​ទៅ​មុន​ជំនួស​យើង​រួច​ព្រះអង្គ​បាន​ត្រលប់ជា​សម្ដេច​សង្ឃ​ដូច​លោក​ម៉ិលគីស្សាដែក​រហូត​អស់កល្ប​ជានិច្ច។
Copyright information for KhmKCB