‏ Hebrews 7

1ដ្បិតលោក​ម៉ិលគីស្សាដែក​នេះ​ជា​ស្ដេច​ក្រុង​សាឡិម​និង​ជា​សង្ឃ​របស់​ព្រះជាម្ចាស់​ដ៏​ខ្ពស់​បំផុត​គាត់​បាន​ជួប​លោក​អ័ប្រាហាំ​ដែល​បាន​វិល​ត្រលប់​មក​ពី​វាយ​កម្ទេច​ស្ដេច​នានា​ហើយ​គាត់​បាន​ឲ្យ​ពរ​ដល់​លោក​អ័ប្រាហាំ 2រីឯលោក​អ័ប្រាហាំ​ក៏​យក​មួយភាគដប់​ពី​អ្វីៗ​ទាំងអស់​មក​ជូន​លោក​ម៉ិលគីស្សាដែក​ដែរ។ ​មុនដំបូង​គេ​ហៅ​នាម​ស្ដេច​អង្គ​នេះ​ថា​ស្ដេច​នៃ​សេចក្ដី​សុចរិត​ហើយ​ក្រោយ​មក​គេ​ក៏​ហៅ​ថា​ស្ដេច​ក្រុង​សាឡិម​ដែរ​ដែល​មានន័យ​ថា​ស្ដេច​នៃ​សេចក្ដី​សុខសាន្ត។ 3គាត់គ្មាន​ឪពុក​ម្ដាយ​គ្មាន​ពង្សាវតារ​គ្មាន​ថ្ងៃ​កើត​ឬ​ថ្ងៃ​ស្លាប់​ឡើយ​គឺ​គាត់​មាន​លក្ខណៈ​ដូច​ព្រះ​រាជ​បុត្រា​របស់​ព្រះជាម្ចាស់​ហើយ​នៅ​ជា​សង្ឃ​រៀង​រហូត​ទៅ។ 4ពិចារណាមើល​ចុះ​លោក​ម៉ិលគីស្សាដែក​នេះ​មាន​ឋានៈ​ធំ​ប៉ុណ្ណា​បានជា​សូម្បីតែ​លោក​អ័ប្រាហាំ​ជា​បុព្វបុរស​របស់​យើង​ក៏​យក​មួយភាគដប់​ពី​ជ័យ​ភណ្ឌ​មក​ជូន​គាត់​ដូច្នេះ។ 5រីឯពួក​កូន​ចៅ​របស់​លោក​លេវី​ដែល​បាន​ទទួល​មុខងារ​ជា​សង្ឃ​ពួកគេ​ក៏​បាន​ទទួល​សេចក្ដី​បង្គាប់​ស្របតាម​គម្ពីរវិន័យ​ឲ្យ​យក​មួយ​ភាគ​ដប់​ពី​ប្រជាជន​ដែរ​គឺ​ពី​បងប្អូន​របស់​ពួកគេ​ទោះបី​អ្នក​ទាំងនោះ​កើត​ពី​ពូជពង្ស​របស់​លោក​អ័ប្រាហាំ​ក៏ដោយ។ 6លោកម៉ិលគីស្សាដែក​មិន​ជាប់​សាច់ឈាម​ជាមួយ​ពួកគេ​ទេ​ប៉ុន្ដែ​គាត់​បាន​ទទួល​យក​មួយ​ភាគ​ដប់​ពី​លោក​អ័ប្រាហាំ​ហើយ​បាន​ឲ្យ​ពរ​លោក​អ័ប្រាហាំ​ដែល​ជា​អ្នក​ទទួល​បាន​សេចក្ដី​សន្យា។ 7អ្នកធំ​ឲ្យ​ពរ​អ្នក​តូច​នោះ​គ្មាន​ទាស់​អ្វី​ឡើយ 8ហើយក្នុង​ករណី​នេះ​មនុស្ស​ដែល​តែងតែ​ស្លាប់​ទទួល​យក​តង្វាយ​មួយ​ភាគ​ដប់​ប៉ុន្ដែ​ក្នុង​ករណី​មួយទៀត​គឺ​អ្នក​ដែល​មាន​សេចក្ដី​បន្ទាល់​ថា​គាត់​មាន​ជីវិត​រស់​ជា​អ្នក​ទទួល​វិញ។ 9អាចនិយាយ​បាន​ម្យ៉ាងទៀត​ថា​សូម្បីតែ​លោក​លេវី​ដែល​ទទួល​យក​តង្វាយ​មួយ​ភាគ​ដប់​ក៏​បាន​ថ្វាយ​មួយ​ភាគ​ដប់​តាមរយៈ​លោក​អ័ប្រាហាំ​ដែរ 10ដ្បិតកាល​លោក​ម៉ិលគីស្សាដែក​ជួប​លោក​អ័ប្រាហាំ​នោះ​លោក​លេវី​នៅ​ក្នុង​ខ្លួន​ដូនតា​របស់​គាត់​នៅឡើយ​ទេ។ 11ដូច្នេះបើ​មុខងារ​ជា​សង្ឃ​របស់​ពួក​លេវី​នាំ​ឲ្យ​គ្រប់​លក្ខណ៍​(​ដ្បិត​ក្រោម​មុខងារ​នេះ​ប្រជាជន​ទទួល​យក​គម្ពីរ​វិន័យ​)​តើ​ហេតុអ្វី​បានជា​នៅតែ​ត្រូវការ​ឲ្យ​មាន​ការ​តែងតាំង​សង្ឃ​ផ្សេងទៀត​ដូច​លោក​ម៉ិលគីស្សាដែក​មិនមែន​ដូច​លោក​អើរ៉ុន​ដូច្នេះ? 12ដ្បិតពេលណា​មុខ​ងារ​ជា​សង្ឃ​ប្រែប្រួល​នោះ​ក្រឹត្យ​វិន័យ​ត្រូវតែ​ប្រែប្រួល​ដែរ។ 13ដ្បិតព្រះ​មួយ​អង្គ​ដែល​សេចក្ដី​ទាំងឡាយ​បាន​ប្រាប់​មក​នោះ​ព្រះអង្គ​មក​ពី​កុលសម្ព័ន្ធ​មួយ​ដែល​គ្មាន​អ្នកណា​ម្នាក់​ពី​កុលសម្ព័ន្ធ​នោះ​ធ្លាប់​បម្រើ​នៅ​កន្លែង​ថ្វាយតង្វាយ​ឡើយ។ 14ដ្បិតជាក់ស្ដែង​ណាស់​ព្រះអម្ចាស់​របស់​យើង​មក​ពី​កុលសម្ព័ន្ធ​យូដា​ប៉ុន្ដែ​ចំពោះ​កុលសម្ព័ន្ធ​នេះ​លោក​ម៉ូសេ​មិន​បាន​និយាយ​អ្វី​ទាក់ទង​នឹង​សង្ឃ​ទេ។ 15សេចក្ដីនេះ​កាន់តែ​ច្បាស់​ថែម​ទៀត​បើ​មាន​សង្ឃ​ម្នាក់​ទៀត​ដូច​លោក​ម៉ិលគីស្សាដែក 16គឺមិនមែន​ជា​សង្ឃ​ស្រប​ទៅ​តាម​ក្រឹត្យ​វិន័យ​ដែល​ជា​បញ្ញត្ដិ​ខាង​សាច់​ឈាម​ទេ​ប៉ុន្ដែ​ស្រប​ទៅ​តាម​អំណាច​នៃ​ជីវិត​ដ៏​មិន​សាប​សូន្យ​វិញ 17ដ្បិតមាន​សេចក្ដី​បន្ទាល់​ថា៖ ​«ព្រះអង្គ​ជា​សង្ឃ​ដូច​លោក​ម៉ិលគីស្សាដែក​អស់កល្ប​ជានិច្ច»។ 18រីឯបញ្ញត្ដិ​ពីមុន​ត្រលប់ជា​មិន​បាន​ការ​ព្រោះ​បញ្ញត្ដិ​ទាំងនោះ​ខ្សោយ​ហើយ​គ្មាន​ប្រយោជន៍ 19(ដ្បិត​គម្ពីរវិន័យ​មិន​នាំ​ឲ្យ​គ្រប់​លក្ខណ៍​ឡើយ​)​ដូច្នេះ​សេចក្ដី​សង្ឃឹម​មួយ​ដែល​ប្រសើរ​ជាង​ត្រូវ​បាន​នាំ​ចូល​មក​ហើយ​យើង​អាច​ចូល​ទៅ​ជិត​ព្រះជាម្ចាស់​បាន​តាមរយៈ​សេចក្ដី​សង្ឃឹម​នោះ។ 20អ្នកទាំងឡាយ​ដែល​ធ្វើ​ជា​សង្ឃ​មិនមាន​សម្បថ​ទេ​ប៉ុន្តែ​ព្រះអង្គ​វិញ​ពិតជា​មាន​សម្បថ 21តាមរយៈព្រះ​មួយ​អង្គ​ដែល​បាន​មានបន្ទូល​អំពី​ព្រះអង្គ​ផ្ទាល់​ថា៖ ​«ព្រះអម្ចាស់​បាន​ស្បថ​ហើយ​ព្រះអង្គ​មិន​ប្រែ​ព្រះ​ហឫទ័យ​ឡើយ​ព្រះអង្គ​ជា​សង្ឃ​អស់កល្ប​ជានិច្ច»។ 22ដូច្នេះហើយ​បាន​ជា​ព្រះ​យេស៊ូ​ត្រលប់ជា​អ្នក​ធានា​កិច្ច​ព្រមព្រៀង​ដ៏​ប្រសើរ​ជាង 23ម្យ៉ាងទៀតមាន​មនុស្ស​ជា​ច្រើន​បាន​ធ្វើ​ជា​សង្ឃ​ព្រោះ​សេចក្ដី​ស្លាប់​បាន​រារាំង​ពួកគេ​មិន​ឲ្យ​បន្ត​មុខងារ​នោះ​បាន​ទៀត 24ប៉ុន្តែដោយព្រោះ​ព្រះ​យេស៊ូ​គង់​នៅ​អស់កល្ប​ជានិច្ច​នោះ​មុខងារ​ជា​សង្ឃ​របស់​ព្រះអង្គ​មិន​ផ្ទេរ​ឲ្យ​អ្នកណា​ឡើយ 25ហេតុនេះហើយ​បាន​ជា​ព្រះអង្គ​អាច​សង្គ្រោះ​អស់​អ្នក​ដែល​ចូលទៅជិត​ព្រះជាម្ចាស់​តាមរយៈ​ព្រះអង្គ​បាន​ជា​ដរាប​ព្រោះ​ព្រះអង្គ​មាន​ព្រះជន្ម​រស់​ជានិច្ច​ដើម្បី​ជួយ​ទូល​អង្វរ​ជំនួស​ពួកគេ។ 26សម្ដេចសង្ឃ​បែបនេះ​ហើយ​ដែល​យើង​ត្រូវការ​គឺ​បរិសុទ្ធ​ស្លូតត្រង់​ឥតសៅហ្មង​ហើយ​ត្រូវ​បាន​ញែកចេញ​ពី​មនុស្ស​បាប​និង​ត្រលប់ជា​ខ្ពង់ខ្ពស់​ជាង​ស្ថានសួគ៌​ទៅ​ទៀត 27ព្រះអង្គមិន​ចាំបាច់​ថ្វាយ​យញ្ញ​បូជា​រៀងរាល់​ថ្ងៃ​ដូចជា​សម្ដេច​សង្ឃ​ផ្សេងៗ​ដែល​ថ្វាយ​តង្វាយ​សម្រាប់​បាប​របស់​ខ្លួន​ជា​មុន​រួច​បាន​ថ្វាយ​តង្វាយ​សម្រាប់​បាប​របស់​ប្រជាជន​នោះ​ឡើយ​ព្រោះ​ព្រះអង្គ​បាន​ធ្វើ​ការ​នេះ​តែម្ដង​ជា​ការ​សម្រេច​នៅ​ពេល​ដែល​ព្រះអង្គ​បាន​ថ្វាយ​អង្គទ្រង់។ 28ដ្បិតគម្ពីរវិន័យ​តែងតាំង​មនុស្ស​ដែល​មាន​ភាព​ទន់​ខ្សោយ​ឲ្យ​ធ្វើ​ជា​សម្ដេច​សង្ឃ​តែ​ព្រះបន្ទូល​សម្បថ​ដែល​មក​ក្រោយ​គម្ពីរវិន័យ​បាន​តែងតាំង​ព្រះ​រាជ​បុត្រា​ដ៏​គ្រប់​លក្ខណ៍​អស់កល្ប​ជានិច្ច​ឲ្យ​ធ្វើជា​សម្ដេច​សង្ឃ។
Copyright information for KhmKCB