‏ Hebrews 8

1រីឯចំណុច​ដ៏​សំខាន់​ក្នុង​សេចក្ដី​ដែល​បាន​រៀបរាប់​មក​នេះ​គឺ​យើង​មាន​សម្ដេច​សង្ឃ​ដែល​គង់​នៅ​ខាង​ស្ដាំ​បល្ល័ង្ក​នៃ​ព្រះ​ដ៏​ឧត្ដុង្គ​ឧត្ដម​នៅ​ស្ថានសួគ៌ 2ជាអ្នក​បម្រើ​ការ​នៅក្នុង​ទី​បរិសុទ្ធ​និង​នៅក្នុង​រោង​ដ៏​ពិត​ដែល​ព្រះអម្ចាស់​ជា​អ្នក​សង់​មិន​មែន​មនុស្ស​ទេ។ 3ដ្បិតសម្ដេច​សង្ឃ​គ្រប់រូប​ត្រូវ​បាន​តែងតាំង​ឲ្យ​ថ្វាយ​ទាំង​តង្វាយ​និង​យញ្ញបូជា​ដូច្នេះ​សម្ដេច​សង្ឃ​ម្នាក់​នេះ​ក៏​ត្រូវ​មាន​អ្វី​ថ្វាយ​ដែរ។ 4បើព្រះអង្គ​គង់​នៅ​ផែនដី​នោះ​ព្រះអង្គ​មិន​មែន​ជា​សង្ឃ​ទេ​ព្រោះ​មាន​ពួក​សង្ឃ​ដែល​ថ្វាយ​តង្វាយ​តាម​គម្ពីរវិន័យ​រួច​ទៅ​ហើយ 5គឺពួកគេ​បម្រើ​ទៅតាម​គំរូ​និង​លំនាំ​នៅ​ស្ថានសួគ៌​ស្របតាម​ព្រះបន្ទូល​ដែល​លោក​ម៉ូសេ​បាន​ទទួល​នៅពេល​គាត់​កំពុង​រៀប​នឹង​សង់​រោង​គឺ​ព្រះជាម្ចាស់​មានបន្ទូល​ថា៖ ​«ចូរ​ប្រយ័ត្ន​អ្នក​ត្រូវ​ធ្វើ​សព្វគ្រប់​ទៅតាម​គំរូ​ដែល​យើង​បាន​បង្ហាញ​ដល់​អ្នក​នៅ​លើ​ភ្នំ» 6ប៉ុន្ដែឥឡូវនេះ​ព្រះអង្គ​បាន​ទទួល​កិច្ចការ​ប្រសើរ​ជាង​នោះ​ដូច្នេះ​ព្រះអង្គ​ក៏​ជា​អ្នក​សម្រុះ​សម្រួល​កិច្ច​ព្រមព្រៀង​ដ៏​ប្រសើរ​ជាង​ដែរ​គឺ​ជា​កិច្ច​ព្រមព្រៀង​ដែល​បាន​តាំង​នៅលើ​សេចក្ដី​សន្យា​ដ៏​ប្រសើរ​ជាង។ 7ដ្បិតបើ​កិច្ច​ព្រមព្រៀង​មុន​គ្មាន​កំហុស​មែន​នោះ​មិន​ត្រូវ​ការ​កិច្ច​ព្រម​ព្រៀង​ថ្មី​មក​ជំនួស​ទេ។ 8ដោយព្រោះព្រះជាម្ចាស់​ឃើញ​ប្រជារាស្ដ្រ​របស់​ព្រះអង្គ​មាន​កំហុស​ព្រះអង្គ​ក៏​មានបន្ទូល​ថា៖ ​«មើល៍​ព្រះអម្ចាស់​បាន​មានបន្ទូល​ថា​នឹង​មាន​ថ្ងៃ​មួយ​មកដល់​ដែល​យើង​នឹង​តាំង​កិច្ច​ព្រមព្រៀង​ថ្មី​ជាមួយ​ពូជពង្ស​របស់​អ៊ីស្រាអែល​និង​ពូជពង្ស​របស់​យូដា 9មិនមែនជា​កិច្ច​ព្រមព្រៀង​ដែល​យើង​បាន​តាំង​ជាមួយ​ពួក​ដូនតា​របស់​ពួកគេ​នៅ​ថ្ងៃ​ដែល​យើង​បាន​ដឹក​ដៃ​ដូនតា​ទាំង​នោះ​នាំ​ចេញ​ពី​ទឹកដី​អេស៊ីព្ទ​ទេ​ព្រោះ​ពួកគេ​មិន​បាន​កាន់​តាម​កិច្ច​ព្រម​ព្រៀង​របស់​យើង​ហើយ​យើង​ក៏​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួកគេ​ដែរ។ ​នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់។ 10ព្រះអម្ចាស់មានបន្ទូល​ថា​ប៉ុន្ដែ​នេះ​ជា​កិច្ច​ព្រមព្រៀង​ដែល​យើង​នឹង​តាំង​ជាមួយ​ពូជពង្ស​អ៊ីស្រាអែល​នៅក្រោយ​ថ្ងៃ​ទាំងនោះ​គឺ​យើង​នឹង​ដាក់​ក្រឹត្យវិន័យ​របស់​យើង​ក្នុង​ចិត្ដ​របស់​ពួកគេ​ទាំង​ចារឹក​ក្នុង​គំនិត​របស់​ពួកគេ​ផង​ហើយ​យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​ពួកគេ​ហើយ​ពួកគេ​នឹង​ធ្វើ​ជា​ប្រជារាស្ដ្រ​របស់​យើង។ 11ពេលនោះ​មិន​ចាំបាច់​ឲ្យ​ពួកគេ​ម្នាក់ៗ​បង្រៀន​ជន​រួមជាតិ​និង​បងប្អូន​របស់​ខ្លួន​ទៀត​ឡើយ​ថា​ចូរ​ស្គាល់​ព្រះ​អម្ចាស់​ព្រោះ​ពួកគេ​ទាំងអស់គ្នា​ទាំង​តូច​ទាំង​ធំ​នឹង​ស្គាល់​យើង 12ដ្បិតយើង​នឹង​មេត្ដា​ចំពោះ​សេចក្ដី​ទុច្ចរិត​របស់​ពួកគេ​ហើយ​យើង​មិន​នឹក​ចាំ​ពី​បាប​របស់​ពួកគេ​ទៀត​ឡើយ»។ 13ដោយព្រោះព្រះអង្គ​មាងបន្ទូល​ថា​នេះ​ជា​កិច្ច​ព្រមព្រៀង​ថ្មី​នោះ​ព្រះអង្គ​បាន​ធ្វើ​ឲ្យ​កិច្ច​ព្រមព្រៀង​មុន​ទៅជា​ចាស់​វិញ។ ​ដូច្នេះ​អ្វីៗ​ដែល​ចាស់​នឹង​កាន់តែ​ចាស់​ទៅៗ​ហើយ​ក៏​ជិត​សាបសូន្យ​ដែរ។
Copyright information for KhmKCB