‏ Hebrews 9

1នៅក្នុងកិច្ច​ព្រមព្រៀង​មុន​មាន​ក្បួន​តម្រា​សម្រាប់​ការ​បម្រើ​ហើយ​ក៏​មាន​ទីបរិសុទ្ធ​នៅ​លោកិយ៍​នេះ​ដែរ។ 2ដ្បិតពួកគេ​សង់​រោង​ហើយ​នៅ​ផ្នែក​ខាង​មុខ​ដែល​គេ​ហៅ​ថា​ទី​បរិសុទ្ធ​នោះ​មាន​ជើង​ចង្កៀង​តុ​និង​នំប៉័ង​តាំង​ថ្វាយ។ 3រីឯនៅ​ខាង​ក្រោយ​វាំង​នន​ទីពីរ​មាន​ផ្នែក​មួយ​ទៀត​ដែល​ហៅ​ថា​ទី​បរិសុទ្ធ​បំផុត 4នៅទីនោះ​មាន​ឧបករណ៍​សម្រាប់​ដុត​គ្រឿង​ក្រអូប​ធ្វើ​អំពី​មាស​និង​ហិប​នៃ​កិច្ច​ព្រមព្រៀង​ដែល​ស្រោប​មាស​ជុំវិញ​ទាំង​អស់​ហើយ​នៅក្នុង​ហិប​នោះ​មាន​ពាន​មាស​មួយ​ដាក់​នំ​ម៉ាណា​ព្រមទាំង​ដំបង​របស់​លោក​អើរ៉ុន​ដែល​មាន​ស្លឹក​ដុះ​ចេញ​មក​និង​បន្ទះ​ថ្ម​នៃ​កិច្ច​ព្រម​ព្រៀង 5ហើយពីលើ​ហិប​នោះ​មាន​រូប​ចេរ៉ូប៊ីន​ដ៏​មាន​សិរីរុងរឿង​បាំង​ពីលើ​ទី​សណ្ដោស​ប្រោស​ប៉ុន្ដែ​នៅ​ពេលនេះ​យើង​មិន​អាច​និយាយ​អំពី​រឿង​ទាំងនេះ​ឲ្យ​បាន​ល្អិតល្អន់​ទេ។ 6ពេលរបស់​ទាំងនេះ​បាន​រៀបចំ​រួចរាល់​ហើយ​ពួក​សង្ឃ​ក៏​ចូល​ទៅ​ក្នុង​រោង​ផ្នែក​ខាង​មុខ​ដើម្បី​ធ្វើ​ការ​បម្រើ 7ប៉ុន្ដែនៅ​ផ្នែក​ទីពីរ​មាន​តែ​សម្ដេច​សង្ឃ​ប៉ុណ្ណោះ​ដែល​អាច​ចូល​បាន​ក្នុង​មួយ​ឆ្នាំ​ម្ដង​ដោយ​មាន​ឈាម​ដែល​គាត់​ត្រូវ​ថ្វាយ​សម្រាប់​ខ្លួនឯង​និង​សម្រាប់​បាប​របស់​ប្រជាជន។ 8ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​បង្ហាញ​ឲ្យ​ឃើញ​អំពី​ការ​នេះ​ថា​ដរាបណា​ផ្នែក​ខាង​មុខ​នៃ​រោង​នៅ​មាន​នៅ​ឡើយ​នោះ​ផ្លូវ​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​បំផុត​ក៏​ពុំ​ទាន់​បើក​ចំហ​ដែរ។ 9នេះគឺ​ជា​ការ​ប្រៀបប្រដូច​អំពី​បច្ចុប្បន្ន​កាល​ដែល​ការ​ថ្វាយ​តង្វាយ​និង​យញ្ញបូជា​ពុំ​អាច​ធ្វើ​ឲ្យ​មនសិការ​របស់​អ្នក​បម្រើ​គ្រប់​លក្ខណ៍​បាន​ឡើយ។ 10ទាំងនោះគ្រាន់តែ​ជា​ក្បួន​តម្រា​ខាង​សាច់ឈាម​អំពី​ម្ហូប​អាហារ​ភេសជ្ជះ​និង​ការ​លាង​សំអាត​ផ្សេងៗ​ប៉ុណ្ណោះ​ដែល​បាន​ប្រើ​រហូតដល់​ពេល​ដែល​មាន​ការ​កែប្រែ​ឡើង​វិញ។ 11កាលព្រះ​គ្រិស្ដ​បាន​យាង​មក​ធ្វើ​ជា​សម្ដេច​សង្ឃ​ខាងឯ​សេចក្ដី​ល្អ​ដែល​ត្រូវ​មក​ព្រះអង្គ​បាន​យាង​កាត់​រោង​ដ៏​វិសេស​ជាង​ហើយ​គ្រប់​លក្ខណ៍​ជាង​ដែល​មិនមែន​ធ្វើ​ឡើង​ដោយ​ដៃ​មនុស្ស​ទេ​ហើយ​ក៏​មិនមែន​ជា​របស់​ពិភពលោក​នេះ​ដែរ។ 12ព្រះអង្គមិន​បាន​យក​ឈាម​ពពែ​ឈ្មោល​ឬ​ឈាម​កូន​គោ​ទេ​តែ​បាន​យក​ឈាម​របស់​ព្រះអង្គ​ផ្ទាល់​ចូល​ក្នុង​ទី​បរិសុទ្ធ​បំផុត​តែម្ដង​ជា​ការ​ស្រេច​ទាំង​ទទួល​បាន​សេចក្ដី​ប្រោសលោះ​ដ៏​អស់កល្ប​ជានិច្ច។ 13ដ្បិតបើ​ឈាម​គោ​ឈ្មោល​ឈាម​ពពែ​ឈ្មោល​និង​ផេះ​គោ​ក្រមុំ​ដែល​គេ​ប្រោះ​លើ​ពួក​អ្នក​ស្មោគគ្រោក​ធ្វើ​ឲ្យ​អ្នក​ទាំងនោះ​បរិសុទ្ធ​ហើយ​ធ្វើ​ឲ្យ​សាច់ឈាម​ជ្រះ​ស្អាត​ទៅ​ហើយ 14នោះឈាម​របស់​ព្រះ​គ្រិស្ដ​ដែល​បាន​ថ្វាយ​អង្គទ្រង់​ទុកជា​តង្វាយ​ដ៏​ឥតសៅហ្មង​ដល់​ព្រះជាម្ចាស់​តាមរយៈ​ព្រះ​វិញ្ញាណ​ដ៏​អស់កល្ប​ជានិច្ច​វិញ​កាន់តែ​ធ្វើ​ឲ្យ​មនសិការ​របស់​យើង​ស្អាត​ពី​កិច្ចការ​ខាង​ឯ​សេចក្ដី​ស្លាប់​ទៅ​ទៀត​ដើម្បី​ឲ្យ​បម្រើ​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់ 15ហេតុនេះហើយ​បានជា​ព្រះអង្គ​ជា​អ្នក​សម្រុះ​សម្រួល​កិច្ច​ព្រមព្រៀង​ថ្មី​ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ព្រះជាម្ចាស់​ត្រាស់ហៅ​ទទួល​បាន​មរតក​ដ៏​អស់កល្ប​ជានិច្ច​ដែល​បាន​សន្យា​ដោយ​ព្រះអង្គ​សោយ​ទិវង្គត​ដើម្បី​លោះ​គេ​ឲ្យ​រួច​ពី​ការ​ល្មើស​ទាំងឡាយ​ដែល​បាន​ប្រព្រឹត្ត​កាល​នៅ​ក្រោម​កិច្ច​ព្រម​ព្រៀង​មុន។ 16ដ្បិតទីណា​មាន​បណ្ដាំ​មរតក​ទីនោះ​ត្រូវតែ​មាន​សេចក្ដី​បញ្ជាក់​ថា​អ្នក​ដែល​សរសេរ​បណ្ដាំ​បាន​ស្លាប់​ហើយ 17ដ្បិតបណ្ដាំ​មរតក​អាច​យក​ជាការ​បាន​លុះត្រា​តែ​អ្នក​សរសេរ​បាន​ស្លាប់​ហើយ​ប៉ុន្ដែ​ពេល​អ្នក​សរសេរ​នៅ​រស់​នៅ​ឡើយ​បណ្ដាំ​នោះ​មិន​អាច​យក​ជាការ​បាន​ទេ 18ដូច្នេះហើយ​កិច្ច​ព្រមព្រៀង​មុន​ក៏​មិន​អាច​យក​ជាការ​បាន​ដែរ​បើ​គ្មាន​ឈាម។ 19ដ្បិតពេល​លោក​ម៉ូសេ​បាន​ប្រកាស​ប្រាប់​ប្រជាជន​ទាំងអស់​អំពី​បញ្ញត្ដិ​ទាំងឡាយ​ស្របតាម​គម្ពីរវិន័យ​រួច​ហើយ​គាត់​ក៏​យក​រោម​ចៀម​ពណ៌​ក្រហម​ទុំ​និង​ស្លឹក​ហ៊ីសុប​មក​ជ្រលក់​នៅក្នុង​ឈាម​កូន​គោ​ឈាម​ពពែ​និង​ទឹក​ហើយ​ប្រោះ​លើ​គម្ពីរ​និង​ប្រជាជន​ទាំងអស់ 20ទាំងនិយាយ​ថា​នេះ​ជា​ឈាម​នៃ​កិច្ច​ព្រមព្រៀង​ដែល​ព្រះជាម្ចាស់​បាន​បង្គាប់​មក​អ្នករាល់គ្នា។ 21បន្ទាប់មកគាត់​ក៏​ប្រោះ​ឈាម​បែបដូច្នោះ​ដែរ​ទៅលើ​រោង​និង​ទៅ​លើ​ឧបករណ៍​ទាំងអស់​សម្រាប់​ការ​បម្រើ។ 22ស្របតាមគម្ពីរវិន័យ​អ្វីៗ​ស្ទើរតែ​ទាំងអស់​បាន​ស្អាត​ដោយសារ​ឈាម​ហើយ​បើ​គ្មាន​ការ​បង្ហូរ​ឈាម​ទេ​នោះ​ក៏​គ្មាន​ការ​លើកលែង​ទោស​ដែរ។ 23ដូច្នេះចាំបាច់​ត្រូវ​ឲ្យ​គំរូ​នៃ​អ្វីៗ​ដែល​នៅ​ស្ថានសួគ៌​មាន​ការ​សំអាត​ដោយ​ពិធី​ទាំងនេះ​ប៉ុន្ដែ​អ្វីៗ​ដែល​នៅ​ស្ថានសួគ៌​នោះ​ត្រូវ​សំអាត​ដោយ​យញ្ញបូជា​ដ៏​ប្រសើរ​ជាង​នេះ 24ដ្បិតព្រះ​គ្រិស្ដ​មិន​បាន​យាង​ចូល​ក្នុង​ទី​បរិសុទ្ធ​ដែល​ធ្វើ​ឡើង​ដោយ​ដៃ​មនុស្ស​ដែល​គ្រាន់តែ​ជា​រូប​តំណាង​នៃ​របស់​ពិត​ប៉ុណ្ណោះ​ទេ​គឺ​ព្រះអង្គ​បាន​យាង​ចូល​ក្នុង​ស្ថានសួគ៌​តែម្ដង​ដើម្បី​នឹង​បង្ហាញ​អង្គទ្រង់​ជំនួស​យើង​នៅចំពោះ​ព្រះ​ភក្ដ្រ​របស់​ព្រះជាម្ចាស់​នៅពេល​ឥឡូវនេះ។ 25ព្រះអង្គមិន​បាន​ថ្វាយ​អង្គទ្រង់​ជា​ច្រើន​លើក​ដូចជា​សម្ដេច​សង្ឃ​ដែល​ចូល​ក្នុង​ទី​បរិសុទ្ធ​បំផុត​ជា​រៀងរាល់​ឆ្នាំ​ដោយ​យក​ឈាម​ដែល​មិនមែន​ជា​របស់​ខ្លួនឯង​នោះ​ឡើយ 26ដ្បិតបើ​ដូច្នេះ​មែន​នោះ​ព្រះអង្គ​មុខជា​ត្រូវ​រងទុក្ខ​ជា​ច្រើន​លើក​តាំងពី​កំណើត​ពិភពលោក​មក​ម៉្លេះ​ប៉ុន្ដែ​នៅ​គ្រា​ចុងក្រោយ​នេះ​ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​តែ​មួយដង​គត់​ដើម្បី​លុបបំបាត់​បាប​ដោយ​ថ្វាយ​អង្គទ្រង់​ទុកជា​យញ្ញបូជា។ 27មនុស្សត្រូវ​កំណត់​ឲ្យ​ស្លាប់​មួយដង​ហើយ​បន្ទាប់​មក​ត្រូវ​ជាប់​ជំនុំជម្រះ​ជា​យ៉ាងណា 28ព្រះគ្រិស្ដ​ក៏​ថ្វាយ​អង្គទ្រង់​តែ​មួយដង​ដើម្បី​ដក​យក​បាប​ចេញ​ពី​មនុស្ស​ជាច្រើន​ជា​យ៉ាងនោះ​ដែរ​ព្រះអង្គ​នឹង​បង្ហាញ​ខ្លួន​ជា​លើក​ទីពីរ​ប៉ុន្ដែ​គ្មាន​ការ​ដក​យក​បាប​ទៀត​ទេ​គឺ​សង្គ្រោះ​អស់​អ្នក​ដែល​ទន្ទឹង​រង់ចាំ​ព្រះអង្គ​វិញ។
Copyright information for KhmKCB