‏ James 1

1ខ្ញុំយ៉ាកុប​ជា​បាវបម្រើ​របស់​ព្រះអម្ចាស់​និង​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ​ជូន​ចំពោះ​កុលសម្ព័ន្ធ​ទាំង​ដប់ពីរ​ដែល​បែកខ្ញែក​គ្នា។ 2បងប្អូនរបស់​ខ្ញុំ​អើយ! ​កាលណា​អ្នករាល់គ្នា​ជួប​សេចក្ដី​ល្បួង​ផ្សេងៗ​នោះ​ត្រូវ​ចាត់ទុក​ថា​ជា​អំណរ​ដ៏​ក្រៃលែង 3ទាំងដឹង​ថា​ការ​ល្បងល​ជំនឿ​របស់​អ្នករាល់គ្នា​បង្កើត​សេចក្ដី​អត់ធ្មត់ 4ហើយចូរ​ទុក​ឲ្យ​សេចក្ដី​អត់ធ្មត់​នោះ​បង្កើត​ផល​គ្រប់​លក្ខណ៍​ចុះ​ដើម្បី​ឲ្យ​អ្នករាល់គ្នា​បាន​ពេញវ័យ​ហើយ​គ្រប់​លក្ខណ៍​ឥត​ខ្វះ​អ្វី​ឡើយ 5ប៉ុន្ដែនៅក្នុង​ចំណោម​អ្នករាល់គ្នា​បើ​មាន​អ្នកណា​ម្នាក់​ខ្វះ​ប្រាជ្ញា​ចូរ​ឲ្យ​អ្នកនោះ​ទូល​សុំ​ព្រះជាម្ចាស់​ដែល​ប្រទាន​ឲ្យ​មនុស្ស​ទាំងអស់​ដោយ​សប្បុរស​និង​មិន​បន្ទោស​ចុះ​នោះ​ព្រះអង្គ​នឹង​ប្រទាន​ឲ្យ​មិនខាន 6ប៉ុន្ដែអ្នកនោះ​ត្រូវ​ទូល​សុំ​ដោយ​ជំនឿ​ឥត​សង្ស័យ​អ្វី​ឡើយ​ដ្បិត​អ្នកណា​ដែល​សង្ស័យ​អ្នកនោះ​ប្រៀប​ដូចជា​រលក​សមុទ្រ​ដែល​ត្រូវ​ខ្យល់​បោកបក់​កម្រើក​ចុះឡើង។ 7ចូរកុំ​ឲ្យ​អ្នកនោះ​នឹកស្មាន​ថា​ខ្លួន​នឹង​បាន​អ្វី​ពី​ព្រះអម្ចាស់​ឲ្យ​សោះ 8ព្រោះគេ​ជា​មនុស្ស​មាន​ចិត្ដ​ពីរ​មិន​នឹងន​ក្នុង​ការ​ប្រព្រឹត្ដិ​ទាំ​ងស្រុង​របស់​ខ្លួន​ទេ។ 9ចូរបងប្អូន​ដែល​ក្រីក្រ​មាន​មោទនៈ​ភាព​ឡើង​ដោយព្រោះ​បាន​ថ្កើង​ឡើង 10ហើយអ្នក​មាន​ក៏​មាន​មោទនៈ​ភាព​ដែរ​ដោយព្រោះ​បាន​បន្ទាប​ចុះ​ព្រោះ​គេ​នឹង​វិនាស​ទៅ​ដូចជា​ផ្កា​ស្មៅ។ 11ពេលថ្ងៃ​រះ​ឡើង​ពេញ​កំដៅ​ស្មៅ​ក៏​ក្រៀមស្វិត​ហើយ​ផ្កា​ស្មៅ​ក៏​រុះរោយ​រីឯ​សម្រស់​របស់​វា​ក៏​បាត់បង់​ដែរ​ដូច្នេះ​អ្នក​មាន​នឹង​វិនាស​ទៅ​ជា​យ៉ាងនោះ​ដែរ​នៅក្នុង​ដំណើរ​ជីវិត​របស់​ខ្លួន។ 12មានពរ​ហើយ​អ្នកណា​ដែល​ស៊ូទ្រាំ​នឹង​សេចក្ដី​ល្បួង​ព្រោះ​ក្រោយ​ពី​បាន​ឃើញ​ថា​ខ្ជាប់ខ្ជួន​អ្នកនោះ​នឹង​ទទួល​បាន​មកុដ​នៃ​ជីវិត​ដែល​ព្រះអង្គ​បាន​សន្យា​សម្រាប់​អស់អ្នក​ដែល​ស្រលាញ់​ព្រះអង្គ។ 13កាលណាជួប​សេចក្ដី​ល្បួង​កុំ​ឲ្យ​អ្នកណា​ម្នាក់​និយាយ​ថា​ព្រះជាម្ចាស់​ល្បួង​ខ្ញុំ​ឡើយ​ដ្បិត​ការ​អាក្រក់​មិន​អាច​ល្បួង​ព្រះជាម្ចាស់​បាន​ទេ​ហើយ​ព្រះអង្គ​ក៏​មិន​ល្បួង​អ្នកណា​ដែរ 14ព្រោះការ​ដែល​ម្នាក់ៗ​ជួប​សេចក្ដី​ល្បួង​គឺ​ដោយសារ​ត្រូវ​សេចក្ដី​ប៉ងប្រាថ្នា​របស់​ខ្លួន​ទាក់ទាញ​និង​លួងលោម​ប៉ុណ្ណោះ។ 15ពេលសេចក្ដី​ប៉ងប្រាថ្នា​ចាប់​កំណើត​នោះ​សម្រាល​បាន​បាប​ហើយ​ពេល​បាប​ពេញ​វ័យ​ឡើង​នោះ​ក៏​បង្កើត​បាន​សេចក្ដី​ស្លាប់។ 16បងប្អូនជាទី​ស្រលាញ់​របស់​ខ្ញុំ​អើយ! ​ចូរ​កុំ​ឲ្យ​ចាញ់​បញ្ឆោត​ឡើយ 17ដ្បិតគ្រប់​ទាំង​របស់​ល្អ​និង​គ្រប់​ទាំង​អំណោយ​ទាន​ដ៏​គ្រប់​លក្ខណ៍​សុទ្ធ​តែ​មក​ពី​ស្ថាន​លើ​គឺ​មក​ពី​ព្រះ​វរ​បិតា​នៃ​ពន្លឺ​ដែល​ព្រះអង្គ​មិន​ប្រែប្រួល​សូម្បីតែ​ស្រមោល​នៃ​ការ​ផ្លាស់ប្រែ​ក៏​គ្មាន​ដែរ។ 18ព្រះអង្គបាន​បង្កើត​យើង​ទៅតាម​បំណង​របស់​ព្រះអង្គ​ដោយសារ​ព្រះ​បន្ទូល​នៃ​សេចក្ដីពិត​ដើម្បី​ឲ្យ​យើង​ត្រលប់​ជា​ផល​ដំបូង​មួយ​នៅក្នុង​ចំណោម​អ្វីៗ​ដែល​ព្រះអង្គ​បាន​បង្កើត​មក។ 19បងប្អូនជា​ទី​ស្រលាញ់​របស់​ខ្ញុំ​អើយ! ​ចូរ​អ្នករាល់គ្នា​ដឹង​សេចក្ដី​នេះ​ចុះ​ថា​ចូរ​ឲ្យ​គ្រប់គ្នា​ឆាប់​នឹង​ស្ដាប់​យឺត​នឹង​និយាយ​ហើយ​កុំ​រហ័ស​ខឹង​ឡើយ 20ដ្បិតកំហឹង​របស់​មនុស្ស​មិន​អាច​សម្រេច​បាន​សេចក្ដី​សុចរិត​របស់​ព្រះជាម្ចាស់​ទេ។ 21ដូច្នេះចូរ​បោះបង់​សេចក្ដី​ស្មោកគ្រោក​គ្រប់​បែបយ៉ាង​និង​សេចក្ដី​អាក្រក់​ទាំងឡាយ​ចោល​ហើយ​ទទួល​យក​ព្រះបន្ទូល​ដែល​បាន​ដាំ​នៅក្នុង​ចិត្ដ​របស់​អ្នករាល់គ្នា​ដោយ​ចិត្ដ​ស្លូតបូត​ដ្បិត​ព្រះបន្ទូល​អាច​ជួយ​សង្គ្រោះ​ព្រលឹង​របស់​អ្នករាល់គ្នា​បាន។ 22ចូរធ្វើ​ជា​អ្នក​ប្រព្រឹត្ដ​តាម​ព្រះបន្ទូល​កុំ​ឲ្យ​គ្រាន់តែ​ស្ដាប់​ដោយ​បញ្ឆោត​ខ្លួនឯង​នោះ​ឡើយ 23ដ្បិតបើ​អ្នកណា​ស្ដាប់​ព្រះបន្ទូល​ហើយ​ប៉ុន្ដែ​មិន​ប្រព្រឹត្ត​តាម​អ្នកនោះ​ប្រៀប​ដូចជា​មនុស្ស​ម្នាក់​ដែល​ឆ្លុះ​កញ្ចក់​មើល​មុខ​ខ្លួនឯង 24ពេលមើល​រួច​ហើយ​ក៏​ចេញ​ទៅ​ភ្លាមនោះ​ក៏​ភ្លេច​ថា​ខ្លួន​មាន​មុខ​យ៉ាងណា 25ប៉ុន្ដែអ្នកណា​ដែល​ពិនិត្យ​មើល​ក្រឹត្យវិន័យ​ដ៏​គ្រប់​លក្ខណ៍​ជា​ក្រឹត្យវិន័យ​នៃ​សេរីភាព​ហើយ​នៅ​ខ្ជាប់ខ្ជួន​ទាំង​មិន​ភ្លេច​សេចក្ដី​ដែល​ខ្លួន​បាន​ឮ​ផ្ទុយទៅវិញ​ប្រព្រឹត្ដ​តាម​អ្នកនោះ​នឹង​មាន​ពរ​នៅក្នុង​កិច្ចការ​ដែល​ខ្លួន​ធ្វើ។ 26បើអ្នកណា​គិត​ថា​ខ្លួន​ជា​អ្នក​កាន់​សាសនា​តែ​មិន​ចេះ​ទប់​អណ្ដាត​របស់​ខ្លួន​អ្នកនោះ​បញ្ឆោត​ចិត្ត​ខ្លួនឯង​ហើយ​រីឯ​សាសនា​ដែល​អ្នកនោះ​កាន់​ក៏​គ្មាន​ប្រយោជន៍​ដែរ។ 27រីឯសាសនា​បរិសុទ្ធ​ហើយ​ឥតសៅហ្មង​នៅចំពោះ​ព្រះជាម្ចាស់​ដ៏​ជា​ព្រះ​វរ​បិតា​នោះ​គឺ​ថា​ត្រូវ​សួរ​សុខទុក្ខ​ក្មេង​កំព្រា​និង​ស្ដ្រី​មេម៉ាយ​ដែល​មាន​សេចក្ដី​វេទនា​ហើយ​រក្សា​ខ្លួន​មិន​ឲ្យ​សៅហ្មង​ដោយសារ​លោកិយ​នេះ​ឡើយ។
Copyright information for KhmKCB