‏ James 2

1បងប្អូនរបស់​ខ្ញុំ​អើយ! ​ត្រូវ​មាន​ជំនឿ​លើ​ព្រះ​យេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​របស់​យើង​ដែល​ប្រកប​ដោយ​សិរីរុងរឿង​ដោយ​មិន​មាន​សេចក្ដី​លំអៀង​ឡើយ 2ដ្បិតបើ​មាន​មនុស្ស​ម្នាក់​ចូល​ក្នុង​សាលាប្រជុំ​របស់​អ្នករាល់គ្នា​ទាំង​ពាក់​ចិញ្ចៀន​មាស​និង​សម្លៀក​បំពាក់​ភ្លឺផ្លេក​ហើយ​មាន​អ្នកក្រ​ម្នាក់​ស្លៀកពាក់​កខ្វក់​ចូល​មក​ដែរ 3រួចអ្នករាល់គ្នា​ក៏​មើល​ទៅ​អ្នក​ដែល​ស្លៀកពាក់​ភ្លឺផ្លេក​នោះ​ទាំង​និយាយ​ថា​សូម​អញ្ជើញ​អង្គុយ​នៅ​កន្លែង​កិត្ដិយស​នេះ​ចុះ​ហើយ​និយាយ​ទៅកាន់​អ្នក​ក្រ​ថា​ចូរ​ឈរ​នៅទីនោះ​ឬ​និយាយ​ថា​ចូរ​អង្គុយ​នៅ​ក្បែរ​កំណល់​ជើង​របស់​ខ្ញុំ​នេះ​ចុះ 4តើនោះ​មិន​បាន​សេចក្ដី​ថា​អ្នករាល់គ្នា​រាប់អាន​មនុស្ស​ដោយ​រើសមុខ​ក្នុងចំណោម​អ្នករាល់គ្នា​ហើយ​ត្រលប់ជា​អ្នកវិនិច្ឆ័យ​គេ​ដោយ​គំនិត​អាក្រក់​របស់​ខ្លួន​ទេ​ឬ? 5ចូរស្ដាប់​ចុះ​បងប្អូន​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ! ​តើ​ព្រះជាម្ចាស់​មិន​បាន​ជ្រើសរើស​អ្នកក្រ​នៅក្នុង​ពិភពលោក​នេះ​ឲ្យ​ធ្វើ​ជា​អ្នកមាន​ខាងឯ​ជំនឿ​និង​ជា​អ្នកទទួល​បាន​នគរ​ដែល​ព្រះអង្គ​បាន​សន្យា​សម្រាប់​អស់អ្នក​ដែល​ស្រលាញ់​ព្រះអង្គ​ទុកជា​មរតក​ទេ​ឬ? 6ប៉ុន្ដែអ្នករាល់គ្នា​បែរជា​ធ្វើ​ឲ្យ​អ្នកក្រ​អាម៉ាស់​ទៅ​វិញ​តើ​មិនមែន​ពួក​អ្នកមាន​ទេ​ឬ​ដែល​សង្កត់​សង្កិន​ហើយ​អូស​អ្នករាល់គ្នា​ទៅ​តុលាការ? 7តើមិនមែន​ពួក​អ្នកមាន​ទេ​ឬ​ដែល​ប្រមាថ​នាម​ដ៏​ល្អ​ដែល​គេ​ហៅ​អ្នករាល់គ្នា​តាម​នាម​នោះ? 8បើអ្នករាល់គ្នា​ធ្វើតាម​ក្រឹត្យវិន័យ​ដ៏​ប្រសើរ​ស្របតាម​បទគម្ពីរ​ដែល​បាន​ចែង​ថា​ចូរ​ស្រលាញ់​អ្នក​ជិតខាង​របស់​ខ្លួន​ឲ្យ​ដូច​ខ្លួនឯង​នោះ​អ្នករាល់គ្នា​ប្រព្រឹត្ដ​បាន​ល្អ​ហើយ 9ប៉ុន្ដែបើ​អ្នករាល់គ្នា​មាន​សេចក្ដី​លំអៀង​នោះ​អ្នករាល់គ្នា​ប្រព្រឹត្ដ​បាប​ហើយ​ក្រឹត្យវិន័យ​ក៏​បង្ហាញ​ថា​អ្នករាល់គ្នា​ជា​អ្នក​ល្មើស​ក្រិត្យវិន័យ​ដែរ។ 10ដ្បិតអ្នកណា​ដែល​កាន់តាម​ក្រឹត្យវិន័យ​ទាំងអស់​ប៉ុន្ដែ​បាន​ធ្វើខុស​ត្រង់​ចំណុច​ណាមួយ​នោះ​ត្រលប់ជា​មាន​ទោស​នៅចំពោះ​ក្រឹត្យវិន័យ​ទាំងអស់​ហើយ 11ដ្បិតព្រះជាម្ចាស់​ដែល​មានបន្ទូល​ថា​កុំ​ប្រព្រឹត្ដ​អំពើ​ផិតក្បត់​ព្រះអង្គ​ក៏​បាន​មានបន្ទូល​ដែរ​ថា​កុំ​សម្លាប់​មនុស្ស។ ​ដូច្នេះ​ទោះបី​អ្នក​មិន​បាន​ប្រព្រឹត្ត​អំពើ​ផិតក្បត់​ក៏ដោយ​ប៉ុន្ដែ​បាន​សម្លាប់​មនុស្ស​នោះ​អ្នក​បាន​ត្រលប់ជា​អ្នកល្មើស​នឹង​ក្រឹត្យវិន័យ​ហើយ។ 12ដូច្នេះចូរ​អ្នករាល់គ្នា​និយាយ​ព្រមទាំង​ប្រព្រឹត្ដ​ឲ្យ​ស័ក្ដិសម​ជា​ពួក​អ្នក​ដែល​ក្រឹត្យវិន័យ​នៃ​សេរីភាព​រៀបនឹង​ជំនុំជម្រះ​ចុះ 13ដ្បិតការ​ជំនុំជម្រះ​គ្មាន​សេចក្ដី​មេត្ដាករុណា​ទេ​ចំពោះ​អស់អ្នក​ដែល​គ្មាន​សេចក្ដី​មេត្ដាករុណា​ប៉ុន្ដែ​សេចក្ដី​មេត្ដាករុណា​នឹង​ឈ្នះ​ការ​ជំនុំជម្រះ។ 14ឱបងប្អូន​របស់​ខ្ញុំ​អើយ! ​បើ​មាន​អ្នកណា​និយាយ​ថា​ខ្លួន​មាន​ជំនឿ​ប៉ុន្ដែ​គ្មាន​ការ​ប្រព្រឹត្ដិ​តើ​មាន​ប្រយោជន៍​អ្វី? ​តើ​ជំនឿ​បែបនេះ​អាច​សង្គ្រោះ​អ្នកនោះ​បាន​ដែរ​ឬ​ទេ? 15បើមាន​បងប្អូន​ប្រុស​ឬ​ស្រី​ណា​ម្នាក់​រស់នៅ​ដោយ​ខ្វះ​សម្លៀក​បំពាក់​និង​ខ្វះ​អាហារ​បរិភោគ​ប្រចាំថ្ងៃ 16ហើយមាន​ម្នាក់​ក្នុង​ចំណោម​អ្នករាល់គ្នា​និយាយ​ទៅ​បងប្អូន​នោះ​ថា​សូម​អញ្ជើញ​ទៅ​ឲ្យ​បាន​សេចក្ដី​សុខ​សូម​ឲ្យ​បាន​កក់ក្ដៅ​និង​ឆ្អែត​ចុះ​ប៉ុន្ដែ​មិន​បាន​ឲ្យ​អ្វីៗ​ដែល​បងប្អូន​នោះ​ត្រូវការ​សម្រាប់​រូបកាយ​ទេ​តើ​នោះ​មាន​ប្រយោជន៍​អ្វី? 17រីឯជំនឿ​ក៏​ដូច្នោះ​ដែរ​បើ​គ្មាន​ការ​ប្រព្រឹត្ដិ​ទេ​នោះ​ស្លាប់​ហើយ 18ប៉ុន្ដែអ្នក​ខ្លះ​នឹង​និយាយ​ថា​អ្នក​មាន​ជំនឿ​រីឯ​ខ្ញុំ​មាន​ការ​ប្រព្រឹត្ដិ។ ​ដូច្នេះ​ចូរ​បង្ហាញ​ខ្ញុំ​អំពី​ជំនឿ​របស់​អ្នក​ដែល​គ្មាន​ការ​ប្រព្រឹត្ដិ​ហើយ​ខ្ញុំ​នឹង​បង្ហាញ​អ្នក​អំពី​ជំនឿ​របស់​ខ្ញុំ​តាមរយៈ​ការ​ប្រព្រឹត្ដិ​វិញ។ 19អ្នកជឿ​ថា​មាន​ព្រះជាម្ចាស់​តែមួយ​នោះ​ត្រឹមត្រូវ​ហើយ​សូម្បីតែ​អារក្ស​ក៏​ជឿ​ដូច្នេះ​ដែរ​ហើយ​វា​ភ័យខ្លាច​ទៀត​ផង។ 20ឱមនុស្ស​ឥតប្រាជ្ញា​អើយ! ​តើ​អ្នក​ចង់​ដឹង​ដែរ​ឬ​ទេ​ថា​ជំនឿ​ដែល​គ្មាន​ការ​ប្រព្រឹត្ដិ​គឺ​គ្មាន​ប្រយោជន៍​អ្វី​ឡើយ។ 21តើលោក​អ័ប្រាហាំ​ដែល​ជា​ដូនតា​របស់​យើង​មិន​ត្រូវ​បាន​រាប់​ជា​សុចរិត​ដោយសារ​ការ​ប្រព្រឹត្ដិ​នៅពេល​គាត់​ថ្វាយ​អ៊ីសាក​ជា​កូន​ប្រុស​របស់​គាត់​នៅលើ​កន្លែងថ្វាយតង្វាយ​ទេ​ឬ? 22អ្នកឃើញ​ថា​ជំនឿ​គួប​ផ្សំ​ជាមួយ​ការ​ប្រព្រឹត្ដិ​របស់​គាត់​ហើយ​ដោយសារ​ការ​ប្រព្រឹត្ដិ​របស់​គាត់​បាន​ធ្វើ​ឲ្យ​ជំនឿ​គ្រប់​លក្ខណ៍ 23និងបាន​សម្រេច​តាម​បទគម្ពីរ​ដែល​ចែង​ថា​លោក​អ័ប្រាហាំ​បាន​ជឿ​ព្រះជាម្ចាស់​ហើយ​គាត់​ត្រូវ​បាន​រាប់​ជា​សុចរិត​ដោយសារ​ចំនឿ​នោះ​ឯង​ព្រមទាំង​ត្រូវ​បាន​ហៅ​ថា​ជា​សម្លាញ់​របស់​ព្រះជាម្ចាស់។ 24ដូច្នេះអ្នករាល់គ្នា​ឃើញ​ហើយ​ថា​មនុស្ស​ត្រូវ​បាន​រាប់​ជា​សុចរិត​មិនមែន​ដោយសារ​ជំនឿ​ប៉ុណ្ណោះ​ទេ​គឺ​ដោយសារ​ការ​ប្រព្រឹត្ដិ​ដែរ។ 25រីឯនាង​រ៉ាហាប​ជា​ស្ដ្រី​ពេស្យា​ក៏​ដូច្នោះ​ដែរ​តើ​នាង​មិន​ត្រូវ​បាន​រាប់​ជា​សុចរិត​ដោយសារ​ការ​ដែល​នាង​បាន​ប្រព្រឹត្ត​ទេ​ឬ​គឺ​ក្នុង​កាល​ដែល​នាង​បាន​ទទួល​ពួក​អ្នកនាំសារ​ហើយ​បាន​ឲ្យ​ពួកគេ​ចេញ​តាម​ផ្លូវ​មួយ​ទៀត។ 26ដូច្នេះរូបកាយ​គ្មាន​វិញ្ញាណ​ស្លាប់​ជា​យ៉ាងណា​នោះ​ជំនឿ​ដែល​គ្មាន​ការ​ប្រព្រឹត្ដិ​ក៏​ស្លាប់​ជា​យ៉ាងនោះ​ដែរ។
Copyright information for KhmKCB