‏ James 3

1បងប្អូនរបស់​ខ្ញុំ​អើយ! ​កុំ​ធ្វើ​គ្រូ​ច្រើន​គ្នា​ពេក​ព្រោះ​អ្នករាល់គ្នា​ដឹង​ហើយ​ថា​យើង​ត្រូវ​ទទួល​ទោស​ធ្ងន់ធ្ងរ​ជាង​គេ 2ដ្បិតយើង​ទាំងអស់​គ្នា​តែងតែ​ធ្វើខុស​ជាច្រើន​បើ​អ្នកណា​ម្នាក់​មិន​ធ្វើខុស​ដោយសារ​ពាក្យសំដី​ទេ​អ្នកនោះ​ជា​មនុស្ស​គ្រប់​លក្ខណ៍​ហើយ​ក៏​អាច​គ្រប់គ្រង​រូបកាយ​ទាំងមូល​បាន​ដែរ។ 3បើយើង​ដាក់​បង្ហៀរ​នៅ​នឹង​មាត់​សេះ​នោះ​ធ្វើ​ឲ្យ​វា​ស្ដាប់បង្គាប់​យើង​ហើយ​អាច​ញាក់​រូបកាយ​ទាំងមូល​របស់​វា​បាន​ទៀត​ផង។ 4ចូរមើល​នាវា​ដែរ​ចុះ​ទោះបី​សំពៅ​ធំ​សម្បើម​ហើយ​មាន​ខ្យល់​បក់​ខ្លាំង​យ៉ាងណា​ក្ដី​ក៏​អ្នក​បើកបរ​អាច​បត់បែន​ទៅ​មក​បាន​តាម​ចិត្ត​ដោយសារ​ចង្កូត​តូច​មួយ​ប៉ុណ្ណោះ។ 5រីឯអណ្ដាត​ក៏​ដូច្នោះ​ដែរ​វា​ជា​អវយវៈ​មួយ​តូច​មែន​ប៉ុន្ដែ​ពូកែ​អួតអាង​សម្បើម​ណាស់។ ​សូម​មើល​ភ្លើង​តែ​បន្ដិច​អាច​ឆេះ​ព្រៃ​ដ៏​ធំ​បាន 6រីឯអណ្ដាត​ក៏​ជា​ភ្លើង​ម្យ៉ាង​ដែរ​វា​ជា​ពិភព​នៃ​សេចក្ដី​ទុច្ចរិត​ហើយ​អណ្ដាត​ត្រូវ​បាន​ដាក់​ក្នុងចំណោម​អវយវៈ​របស់​យើង​ដែល​អាច​ធ្វើ​ឲ្យ​រូបកាយ​ទាំងមូល​ស្មោកគ្រោក​ហើយ​បញ្ឆេះ​អស់ទាំង​ដំណើរ​ជីវិត​គឺ​បញ្ឆេះ​ដោយ​ភ្លើង​មក​ពី​នរក 7ដ្បិតគ្រប់ទាំង​ពូជ​សត្វ​ព្រៃ​សត្វ​ស្លាប​សត្វ​លូនវារ​និង​សត្វ​ក្នុង​សមុទ្រ​នោះ​អាច​ផ្សាំង​បាន​ហើយ​ក៏​មាន​មនុស្ស​ដែល​បាន​ផ្សាំង​ពួកវា​រួច​ហើយ 8ប៉ុន្ដែគ្មាន​អ្នកណា​ម្នាក់​អាច​ផ្សាំង​អណ្ដាត​បាន​ទេ​វា​ជា​អវយវៈ​អាក្រក់​ដែល​មិន​អាច​គ្រប់គ្រង​បាន​ហើយ​ពេញ​ដោយ​ពិស​ដែល​អាច​ឲ្យ​ស្លាប់​បាន។ 9យើងសរសើរ​តម្កើង​ព្រះអម្ចាស់​ដែល​ជា​ព្រះ​វរ​បិតា​ដោយ​អណ្ដាត​នេះ​ហើយ​យើង​ដាក់​បណ្ដាសា​មនុស្ស​ដែល​ព្រះអង្គ​បាន​បង្កើត​មក​ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះអង្គ​ដោយ​អណ្ដាត​តែមួយ​នេះ​ដែរ។ 10ដូច្នេះមាន​ទាំង​ពាក្យ​សរសើរ​និង​ពាក្យ​បណ្ដាសា​បាន​ចេញ​ពី​មាត់​តែមួយ។ ​បងប្អូន​របស់​ខ្ញុំ​អើយ! ​មិន​ត្រូវ​ឲ្យ​មាន​ដូច្នេះ​ឡើយ។ 11ជាការ​ពិតណាស់​មិន​ដែល​មាន​ប្រភពទឹក​ណា​បញ្ចេញ​ទឹក​សាប​និង​ទឹក​ប្រៃ​ពី​រន្ធទឹក​តែមួយ​ទេ 12បងប្អូនរបស់​ខ្ញុំ​អើយ! ​ដើមល្វា​មិន​អាច​មាន​ផ្លែ​អូលីវ​ទេ​ហើយ​ដើម​ទំពាំងបាយជូរ​ក៏​មិន​អាច​មាន​ផ្លែ​ល្វា​ដែរ​ដូច្នេះ​រន្ធ​ទឹក​ប្រៃ​មិន​ក៏​អាច​បញ្ចេញ​ទឹក​សាប​បាន​ដែរ។ 13ក្នុងចំណោមអ្នករាល់គ្នា​បើ​មាន​អ្នកណា​ម្នាក់​មាន​ប្រាជ្ញា​និង​ចំណេះដឹង​ចូរ​ឲ្យ​អ្នកនោះ​បង្ហាញ​ការ​ប្រព្រឹត្ដិ​របស់​ខ្លួន​តាមរយៈ​កិរិយា​ល្អ​ដោយ​ចិត្ដ​ស្លូតបូត​ប្រកប​ដោយ​ប្រាជ្ញា​ចុះ 14ប៉ុន្ដែបើ​អ្នករាល់គ្នា​មាន​សេចក្ដី​ច្រណែន​ដ៏​ល្វីង​ជូរចត់​ហើយ​មាន​ចិត្ដ​អាត្មានិយម​នោះ​ចូរ​កុំ​អួតខ្លួន​ហើយ​កុហក​ទាស់​នឹង​សេចក្ដីពិត​ឡើយ។ 15ប្រាជ្ញាបែបនេះ​មិនមែន​មក​ពី​ស្ថាន​លើ​ទេ​ផ្ទុយទៅវិញ​ជា​ប្រាជ្ញា​របស់​លោកិយ​ជា​ប្រាជ្ញា​របស់​មនុស្ស​និង​ជា​ប្រាជ្ញា​របស់​អារក្សសាតាំង 16ដ្បិតកន្លែង​ណា​មាន​សេចក្ដី​ច្រណែន​និង​ភាព​អាត្មានិយម​កន្លែង​នោះ​មាន​ភាព​វឹកវរ​និង​អំពើ​អាក្រក់​គ្រប់​បែបយ៉ាង។ 17ប៉ុន្ដែប្រាជ្ញា​ដែល​មក​ពី​ស្ថានលើ​មុនដំបូង​បរិសុទ្ធ​បន្ទាប់​មក​ផ្ដល់​សេចក្ដី​សុខសាន្ត​ស្លូតបូត​អធ្យាស្រ័យ​ពេញ​ដោយ​សេចក្ដី​មេត្តាករុណា​និង​ផល​ល្អ​គ្រប់​បែបយ៉ាង​មិន​លំអៀង​ហើយ​ឥត​ពុតត្បុត​ឡើយ។ 18រីឯពួក​អ្នក​ដែល​បង្កើត​សេចក្ដី​សុខសាន្ដ​សាបព្រោះ​ផល​នៃ​សេចក្ដី​សុចរិត​ដោយ​សេចក្ដី​សុខសាន្ដ។
Copyright information for KhmKCB