‏ James 4

1តើការ​ទាស់ទែង​និង​ជម្លោះ​ក្នុងចំណោម​អ្នករាល់គ្នា​កើត​មកពីណា? ​តើ​មិនមែន​មកពី​ចិត្ត​ស្រើបស្រាល​ដែល​ច្បាំង​ក្នុង​អវយវៈ​របស់​អ្នករាល់គ្នា​ទេ​ឬ? 2អ្នករាល់គ្នាលោភ​ចង់​បាន​ប៉ុន្ដែ​មិន​បាន​អ្វី​ឡើយ។ ​អ្នករាល់គ្នា​សម្លាប់​គេ​ហើយ​ច្រណែន​គេ​ប៉ុន្ដែ​មិន​អាច​ទទួល​បាន​អ្វី​ឡើយ។ ​អ្នករាល់គ្នា​ឈ្លោះ​ហើយ​ទាស់ទែង​គ្នា។ ​អ្នករាល់គ្នា​មិន​បាន​អ្វី​សោះ​ព្រោះ​អ្នករាល់គ្នា​មិន​បាន​សុំ។ 3អ្នករាល់គ្នាសុំ​ដែរ​ប៉ុន្ដែ​មិន​បាន​ទទួល​អ្វី​ឡើយ​ពីព្រោះ​អ្នករាល់គ្នា​សុំ​ដោយ​បំណង​អាក្រក់​គឺ​អ្នករាល់គ្នា​ចង់​បាន​សម្រាប់​តែ​ចាយ​បំពេញ​ចិត្ដ​ស្រើបស្រាល​របស់​ខ្លួន​ប៉ុណ្ណោះ។ 4ឱពួក​ផិតក្បត់​អើយ! ​តើ​មិន​ដឹង​ទេ​ឬ​ថា​ការ​ស្រលាញ់​លោកិយ​ជា​សត្រូវ​ព្រះជាម្ចាស់? ​ដូច្នេះ​អ្នកណា​ចង់​ធ្វើ​មិត្ត​របស់​លោកិយ​អ្នកនោះ​តាំងខ្លួន​ជា​សត្រូវ​នឹង​ព្រះជាម្ចាស់​ហើយ។ 5តើអ្នករាល់គ្នា​ស្មាន​ថា​បទគម្ពីរ​គ្មាន​ប្រយោជន៍​ឬ​ដែល​បាន​ចែង​ទុក​ថា​ព្រះវិញ្ញាណ​ដែល​ព្រះជាម្ចាស់​ឲ្យ​សណ្ឋិត​នៅក្នុង​យើង​នោះ​ព្រះអង្គ​ស្រលាញ់​ដោយ​ចិត្ដ​ប្រចណ្ឌ 6ប៉ុន្ដែព្រះអង្គ​ផ្ដល់​ព្រះ​គុណ​កាន់តែ​ខ្លាំង​ឡើងៗ​ហេតុនេះ​ហើយ​បានជា​មាន​សេចក្ដី​ចែង​ទុក​ថា៖ ​«ព្រះអង្គ​ប្រឆាំង​នឹង​មនុស្ស​អួតអាង​ប៉ុន្ដែ​ផ្ដល់​ព្រះ​គុណ​ដល់​មនុស្ស​បន្ទាប​ខ្លួន​វិញ»។ 7ដូច្នេះត្រូវ​ចុះចូល​ជាមួយ​ព្រះជាម្ចាស់​ហើយ​ប្រឆាំង​នឹង​អារក្ស​នោះ​វា​នឹង​រត់​ចេញ​ពី​អ្នករាល់គ្នា។ 8ចូរចូល​ទៅ​ជិត​ព្រះជាម្ចាស់​នោះ​ព្រះអង្គ​នឹង​ចូល​មក​ជិត​អ្នករាល់គ្នា​វិញ​ឱ​មនុស្សបាប​អើយ! ​ចូរ​លាង​ដៃ​ឲ្យ​បាន​ស្អាត​ចុះ​ឱ​មនុស្ស​មាន​ចិត្ត​ពីរ​អើយ! ​ចូរ​ជម្រះ​ចិត្ត​ឲ្យ​បាន​បរិសុទ្ធ​ចុះ។ 9ចូរមាន​ទុក្ខវេទនា​ហើយ​កាន់ទុក្ខ​ព្រមទាំង​យំសោក​ចូរ​ឲ្យ​សំណើច​របស់​អ្នករាល់គ្នា​ត្រលប់ជា​ទុក្ខព្រួយ​ចុះ​ហើយ​ឲ្យ​អំណរ​របស់​អ្នករាល់គ្នា​ត្រលប់ជា​ភាព​សោកសង្រេង​វិញ។ 10ចូរបន្ទាប​ខ្លួន​នៅចំពោះ​ព្រះអម្ចាស់​នោះ​ព្រះអង្គ​នឹង​លើកតម្កើង​អ្នករាល់គ្នា​ឡើង។ 11បងប្អូនអើយ! ​មិន​ត្រូវ​និយាយមួលបង្កាច់​គ្នា​ឡើយ​អ្នកណា​ដែល​និយាយមួលបង្កាច់​ឬ​ថ្កោលទោស​បងប្អូន​របស់​ខ្លួន​អ្នកនោះ​និយាយមួលបង្កាច់​និង​ថ្កោលទោស​ក្រឹត្យវិន័យ​ហើយ។ ​បើ​អ្នក​ថ្កោលទោស​ក្រឹត្យវិន័យ​នោះ​អ្នក​មិនមែន​ជា​​អ្នក​​ប្រព្រឹត្ត​តាម​ក្រឹត្យវិន័យ​ទេ​គឺ​ជា​​អ្នក​​ថ្កោលទោស​វិញ។ 12មានតែ​ព្រះអង្គ​មួយ​ប៉ុណ្ណោះ​ដែល​ជា​អ្នក​ផ្ដល់​ក្រឹត្យវិន័យ​ហើយ​ជា​ចៅក្រម​ដែល​អាច​សង្គ្រោះ​និង​បំផ្លាញ​បាន។ ​រីឯ​អ្នក​វិញ​តើ​អ្នក​ជា​អ្នកណា​បានជា​ហ៊ាន​ថ្កោលទោស​អ្នកជិតខាង​របស់​ខ្លួន​ដូច្នេះ? 13ចូរមក៍​ឱ​ពួក​អ្នក​ដែល​និយាយ​ថា​ថ្ងៃនេះ​ឬ​ថ្ងៃស្អែក​យើង​នឹង​ធ្វើដំណើរ​ទៅកាន់​ក្រុង​មួយ​ហើយ​ស្នាក់នៅ​ទីនោះ​មួយ​ឆ្នាំ​រួច​រកស៊ី​ឲ្យ​បាន​ចំណេញ​អើយ! 14អ្នករាល់គ្នាមិន​ដឹង​ថា​ថ្ងៃស្អែក​មាន​អ្វី​កើត​ឡើង​ទេ​ហើយ​ក៏​មិន​ដឹង​ថា​ជីវិត​របស់​អ្នករាល់គ្នា​នឹង​ទៅជា​យ៉ាងណា​ដែរ! ​ដ្បិត​អ្នករាល់គ្នា​គ្រាន់តែ​ជា​ចំហាយ​ទឹក​ដែល​មាន​តែ​មួយភ្លែត​ហើយ​ហួត​អស់​ទៅ​វិញ​ប៉ុណ្ណោះ។ 15ផ្ទុយទៅវិញអ្នករាល់គ្នា​គួរតែ​និយាយ​ថា​បើ​ព្រះអម្ចាស់​សព្វ​ព្រះហឫទ័យ​យើង​នឹង​មាន​ជីវិត​រស់​ហើយ​យើង​នឹង​ធ្វើ​ការ​នេះ​ឬ​ការ​នោះ 16ប៉ុន្ដែឥឡូវនេះ​អ្នករាល់គ្នា​អួតអាង​អំពី​អំនួត​របស់​ខ្លួន​វិញ​ដែល​ការ​អួតអាង​បែបនេះ​សុទ្ធតែ​អាក្រក់​ទាំងអស់។ 17ដូច្នេះអ្នកណា​ដែល​ដឹង​អំពើ​ល្អ​ដែល​គួរ​ធ្វើ​ប៉ុន្ដែ​មិន​ព្រម​ធ្វើ​អ្នកនោះ​មាន​បាប​ហើយ។
Copyright information for KhmKCB