‏ James 5

1ចូរមក៍​ឱ​ពួក​អ្នកមាន​អើយ! ​ចូរ​ស្រែក​ទ្រហោ​យំ​ចំពោះ​សេចក្ដី​វេទនា​ដែល​នឹង​ធ្លាក់​មក​លើ​អ្នករាល់គ្នា​ចុះ 2ទ្រព្យសម្បត្ដិរបស់​អ្នករាល់គ្នា​បាន​ពុកផុយ​ហើយ​សម្លៀកបំពាក់​របស់​អ្នករាល់គ្នា​ក៏​ត្រូវ​ខ្មូត​ស៊ី​អស់​ដែរ។ 3មាសប្រាក់​របស់​អ្នករាល់គ្នា​ដុះ​ស្និម​ហើយ​ស្និម​នេះ​ជា​ទីបន្ទាល់​ទាស់​នឹង​អ្នករាល់គ្នា​ហើយ​ស៊ី​សាច់​អ្នករាល់គ្នា​ដូចជា​ភ្លើង​អ្នករាល់គ្នា​បាន​សន្សំ​ទ្រព្យសម្បត្តិ​ទុក​នៅ​គ្រា​ចុងក្រោយ​នេះ។ 4មើល៍ប្រាក់​ឈ្នួល​ដែល​អ្នករាល់គ្នា​បាន​លួច​បន្លំ​កម្មករ​ដែល​បាន​ច្រូតកាត់​នៅក្នុង​ស្រែ​របស់​អ្នករាល់គ្នា​បាន​ស្រែក​ឡើង​ហើយ​សម្រែក​របស់​ពួក​អ្នក​ច្រូត​បាន​ឮ​ដល់​ព្រះកាណ៌​របស់​ព្រះអម្ចាស់​នៃ​ពួក​ពលបរិវា​ហើយ។ 5អ្នករាល់គ្នាបាន​រស់នៅ​លើ​ផែនដី​នេះ​យ៉ាង​ថ្កុំថ្កើង​រុងរឿង​តាម​បំណង​ស្រើបស្រាល​ហើយ​អ្នករាល់គ្នា​បាន​ចម្អែត​ចិត្ដ​របស់​ខ្លួន​ដូចជា​នៅ​ថ្ងៃ​សម្លាប់​សត្វ។ 6អ្នករាល់គ្នាបាន​កាត់ទោស​ហើយ​សម្លាប់​មនុស្ស​សុចរិត​ប៉ុន្ដែ​ពួកគេ​មិន​បាន​ប្រឆាំង​នឹង​អ្នករាល់គ្នា​ទេ។ 7ដូច្នេះបងប្អូន​អើយ! ​ចូរ​អត់ធ្មត់​រហូតដល់​ថ្ងៃ​ដែល​ព្រះអម្ចាស់​យាង​មក​ចុះ​មើល៍​កសិករ​ទន្ទឹង​រងចាំ​ផលផ្លែ​ដ៏​មាន​តម្លៃ​ដែល​កើត​ចេញ​ពី​ដី​ដោយ​អត់ធ្មត់​ដែរ​គឺ​តាំងពី​ភ្លៀង​ដើម​រដូវ​រហូតដល់​ចុង​រដូវ។ 8រីឯអ្នករាល់គ្នា​ក៏​ដូច្នោះ​ដែរ​ចូរ​អត់ធ្មត់​ហើយ​ពង្រឹង​ចិត្ត​របស់​អ្នក​ឲ្យ​មាំមួន​ឡើង​ដ្បិត​ព្រះអម្ចាស់​ជិត​យាង​មក​ហើយ។ 9បងប្អូនអើយ! ​ចូរ​កុំ​រអ៊ូរទាំ​ទាស់​គ្នា​ទៅវិញ​ទៅមក​ឡើយ​ក្រែងលោ​ត្រូវ​ជាប់​ជំនុំជម្រះ​មើល៍​ចៅក្រម​ឈរ​នៅ​មាត់​ទ្វារ​ស្រាប់​ហើយ។ 10បងប្អូនអើយ! ​ចូរ​យក​ពួក​អ្នកនាំព្រះបន្ទូល​ដែល​បាន​ថ្លែង​ព្រះបន្ទូល​នៅក្នុង​ព្រះនាម​របស់​ព្រះអម្ចាស់​ទុកជា​គំរូ​អំពី​សេចក្ដី​អត់ធ្មត់​និង​ការ​រងទុក្ខ​លំបាក​ចុះ។ 11មើល៍យើង​រាប់​ពួក​អ្នក​ដែល​បាន​ស៊ូទ្រាំ​ថា​ជា​អ្នក​មាន​ពរ។ ​អ្នករាល់គ្នា​បាន​ឮ​អំពី​ការ​ស៊ូទ្រាំ​របស់​លោក​យ៉ូប​ហើយ​ឃើញ​លទ្ធផល​ចុងក្រោយ​របស់​គាត់​ដែល​មក​ពី​ព្រះអម្ចាស់​ដែរ​ដ្បិត​ព្រះអម្ចាស់​ពេញ​ដោយ​ព្រះហឫទ័យ​អាណិត​អាសូរ​និង​មេត្តាករុណា។ 12លើសពី​នេះ​ទៅ​ទៀត​បងប្អូន​របស់​ខ្ញុំ​អើយ! ​កុំ​ស្បថ​ឲ្ស​សោះ​មិន​ថា​ស្បថ​នឹង​ស្ថានសួគ៌​ឬ​ផែនដី​ឬ​សម្បថ​ណា​ផ្សេង​ទៀត​ក្ដី​ផ្ទុយទៅវិញ​ចូរ​ឲ្យ​ពាក្យ​របស់​អ្នករាល់គ្នា​បាទ​គឺ​បាទ​ហើយ​ទេ​គឺ​ទេ​ចុះ​ដើម្បី​កុំ​ឲ្យ​អ្នករាល់គ្នា​ជាប់​ជំនុំជម្រះ​ឡើយ។ 13នៅក្នុងចំណោម​អ្នករាល់គ្នា​មាន​អ្នកណា​រងទុក្ខ​លំ​បាក​ដែរ​ឬ​ចូរ​ឲ្យ​អ្នកនោះ​អធិស្ឋាន​ចុះ​មាន​អ្នកណា​អរសប្បាយ​ដែរ​ឬ​ចូរ​ឲ្យ​អ្នកនោះ​ច្រៀង​សរសើរ​ចុះ 14នៅក្នុងចំណោម​អ្នករាល់គ្នា​មាន​អ្នកណា​ឈឺ​ដែរ​ឬ​ចូរ​ឲ្យ​អ្នកនោះ​ហៅ​ពួក​ចាស់ទុំ​របស់​ក្រុមជំនុំ​មក​អធិស្ឋាន​ទាំង​លាប​ប្រេង​នៅក្នុង​ព្រះនាម​របស់​ព្រះអម្ចាស់​ចុះ 15ការអធិស្ឋាន​ដោយ​ជំនឿ​នឹង​សង្គ្រោះ​អ្នក​ឈឺ​ហើយ​ព្រះអម្ចាស់​នឹង​ប្រោស​គាត់​ឲ្យ​បាន​ជា​បើ​គាត់​បាន​ប្រព្រឹត្ដ​បាប​គាត់​នឹង​បាន​ទទួល​ការ​លើកលែង​ទោស។ 16ដូច្នេះចូរ​អ្នករាល់គ្នា​សារភាព​បាប​ដល់​គ្នា​ទៅវិញ​ទៅមក​ហើយ​អធិស្ឋាន​ឲ្យ​គ្នា​ទៅវិញ​ទៅមក​ដើម្បី​ឲ្យ​បាន​ជា​សះ​ស្បើយ​ចុះ​ដ្បិត​សេចក្ដី​ទូលអង្វរ​របស់​មនុស្ស​សុចរិត​ពូកែ​និង​មាន​ប្រសិទ្ធភាព​ខ្លាំង​ណាស់។ 17លោកអេលីយ៉ា​ជា​មនុស្ស​ដែល​មាន​លក្ខណៈ​ដូច​យើង​គាត់​បាន​អធិស្ឋាន​សុំ​កុំ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​នោះ​ក៏​គ្មាន​ភ្លៀង​ធ្លាក់​លើ​ផែនដី​អស់​បី​ឆ្នាំ​ប្រាំមួយ​ខែ។ 18បន្ទាប់មកគាត់​បាន​អធិស្ឋាន​ម្ដងទៀត​នោះ​មេឃ​ក៏​បង្អុរ​ភ្លៀង​ហើយ​ដី​ក៏​បាន​បង្កើត​ផលផ្លែ។ 19បងប្អូនរបស់​ខ្ញុំ​អើយ! ​បើ​មាន​អ្នកណា​ម្នាក់​នៅក្នុង​ចំណោម​អ្នករាល់គ្នា​វង្វេង​ចេញ​ពី​សេចក្ដីពិត​ហើយ​មាន​អ្នកណា​ម្នាក់​បាន​នាំ​គាត់​មក​វិញ 20ចូរឲ្យ​អ្នកនោះ​ដឹង​ថា​អ្នក​ដែល​នាំ​មនុស្ស​បាប​ចេញ​ពី​ផ្លូវ​ដែល​គេ​បាន​វង្វេង​គឺ​បាន​សង្គ្រោះ​ព្រលឹង​របស់​គេ​ឲ្យ​រួច​ពី​សេចក្ដី​ស្លាប់​ព្រមទាំង​គ្របបាំង​បាប​ដ៏​ច្រើន​លើសលុប​ទៀត​ផង។
Copyright information for KhmKCB