‏ Luke 2

កំណើត​ព្រះយេស៊ូ

1នៅ​គ្រា​នោះ​ព្រះចៅ​អធិរាជ​អូគូស្ទ​បាន​ចេញ​ព្រះរាជ​ក្រឹត្យ​មួយ​ច្បាប់​គឺ​ឲ្យ​ធ្វើ​ជំរឿន​ប្រជាជន​ទូទាំង​អាណាចក្រ។ 2ការធ្វើ​ជំរឿន​ប្រជាជន​លើក​ទីមួយ​នេះ​បាន​ធ្វើទ្បើង​នៅអំឡុងពេល​ដែល​លោក​គីរេនាស​គ្រប់គ្រង​ស្រុក​ស៊ីរី។ 3មនុស្សគ្រប់គ្នា​បាន​ធ្វើដំណើរ​ទៅ​ស្រុក​កំណើត​របស់គេ​រៀងៗខ្លួន​ដើម្បី​ចុះឈ្មោះ 4ឯលោក​យ៉ូសែប​វិញ​ក៏​ចេញ​ពី​ក្រុង​ណាសារ៉ែត​ក្នុង​ស្រុក​កាលីឡេ​ឆ្ពោះទៅ​ភូមិ​មួយ​ជា​ក្រុង​របស់​ស្ដេច​ដាវីឌ​ក្នុង​ស្រុក​យូដា​ឈ្មោះ​បេថ្លេហិម​ព្រោះ​គាត់​ជា​សាច់ឈាម​និង​ជា​ពូជពង្ស​របស់​ស្ដេច​ដាវីឌ 5ដើម្បីចុះឈ្មោះ​ជាមួយ​នាង​ម៉ារា​ជា​គូដណ្ដឹង​របស់​គាត់​ដែល​កំពុង​មាន​ផ្ទៃពោះ។ 6ខណៈពេលដែល​ពួកគេ​នៅ​ទីនោះ​ក៏​ដល់​ពេល​នាង​គ្រប់​ខែ​សម្រាល​កូន 7ហើយនាង​សម្រាល​បាន​កូនប្រុស​ម្នាក់​ជា​កូនច្បង​រួច​បាន​រុំនឹងសំពត់​ដាក់ផ្ដេក​ក្នុង​ស្នូក​ព្រោះ​ក្នុង​ផ្ទះសំណាក់​គ្មាន​កន្លែង​សម្រាប់​ពួកគេ​ទេ។

ទេវតា​ប្រាប់​អ្នក​គង្វាល​​អំពី​កំណើត​ព្រះយេស៊ូ

8នៅក្នុង​តំបន់​ជាមួយគ្នា​នោះ​មាន​ពួក​អ្នកគង្វាលចៀម​កំពុង​យាម​ចៀម​របស់​ពួកគេ​នៅកណ្ដាលវាល​ទាំងយប់។ 9មានទេវតា​មួយរូប​របស់​ព្រះអម្ចាស់​បាន​មកឈរ​ចំពោះមុខ​ពួកគេ​ហើយ​សិរី​រុងរឿង​របស់​ព្រះអម្ចាស់​បាន​ចាំង​ចែង​ជុំវិញ​ពួកគេ​ដូច្នេះ​ពួកគេ​ក៏​ភ័យខ្លាច​ជាខ្លាំង 10ប៉ុន្ដែទេវតា​នោះ​បាន​និយាយ​ទៅ​ពួកគេ​ថា៖ ​«កុំ​ខ្លាច​អី! ​ដ្បិត​មើល៍​ខ្ញុំ​ប្រកាសដំណឹងល្អ​ប្រាប់​អ្នករាល់គ្នា​ជា​សេចក្ដីអំណរ​ដ៏អស្ចារ្យ​ដែល​នឹង​មាន​ដល់​ប្រជាជន​ទាំងអស់ 11ដ្បិតថ្ងៃនេះ​ព្រះអង្គ​សង្គ្រោះ​មួយ​អង្គ​ដែល​ជា​ព្រះ​គ្រិស្ដ​ដ៏ជា​ព្រះអម្ចាស់​បាន​ប្រសូត​មក​ឯ​អ្នករាល់គ្នា​នៅក្នុង​ក្រុង​របស់​ស្ដេច​ដាវីឌ 12ហើយនេះ​ជា​ទីសំគាល់​សម្រាប់​អ្នករាល់គ្នា​គឺ​អ្នករាល់គ្នា​នឹង​ឃើញ​បុត្រតូច​ដែល​គេ​រុំនឹងសំពត់​ដាក់ផ្ដេក​នៅក្នុង​ស្នូក»។ 13រំពេចនោះមាន​ពល​ទេវតា​នៃស្ថានសួគ៌​ច្រើនកុះករ​សរសើរតម្កើង​ព្រះជាម្ចាស់​ជាមួយ​ទេវតា​នោះ​ថា៖ 14«សូមឲ្យ​ព្រះជាម្ចាស់​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត​ប្រកប​ដោយ​សិរី​រុងរឿង​ហើយ​ក្ដី​សុខសាន្ដ​មាន​ដល់​អស់​អ្នក​នៅលើ​ផែនដី​ដែល​ព្រះអង្គ​គាប់​ព្រះ​ហឫទ័យ»។ 15កាលពួក​ទេវតា​បាន​ចាក​ចេញ​ពី​ពួកគេ​ទៅ​ឯ​ស្ថានសួគ៌​វិញ​ពួក​អ្នកគង្វាលចៀម​ក៏​និយាយ​គ្នា​ថា៖ ​«តោះ​យើងទៅ​ភូមិ​បេថ្លេហិម​ហើយ​មើល​ហេតុការណ៍​ដែល​បាន​កើតឡើង​នេះ​ដែល​ព្រះអម្ចាស់​បាន​ប្រាប់​យើង​ឲ្យដឹង»។ 16ពួកគេក៏​ធ្វើ​ដំណើរ​ទៅ​ជា​ប្រញាប់​ហើយ​ឃើញ​នាង​ម៉ារា​លោក​យ៉ូសែប​ព្រមទាំង​បុត្រតូច​ដែល​គេ​កំពុង​ដាក់​ផ្ដេក​ក្នុង​ស្នូក។ 17កាលបាន​ឃើញ​ហើយ​ពួកគេ​ក៏​រៀបរាប់​ពី​ពាក្យ​ដែល​ទេវតា​បាន​ប្រាប់​ពួកគេ​ឲ្យ​ដឹង​អំពី​បុត្រតូច​នេះ 18ឯមនុស្ស​ទាំងអស់​ដែល​បាន​ស្ដាប់ឮ​ក៏​នឹកអស្ចារ្យ​ពី​សេចក្ដី​ដែល​ពួក​អ្នកគង្វាលចៀម​បាន​ប្រាប់​ពួកគេ 19ប៉ុន្ដែនាង​ម៉ារា​បាន​រក្សា​សេចក្ដី​ទាំង​អស់​នេះ​ទុក​ហើយ​ពិចារណា​នៅក្នុង​ចិត្ដ។ 20ពួកអ្នកគង្វាលចៀម​បាន​វិលទៅវិញ​ទាំង​ថ្វាយ​សិរីរុងរឿង​និង​សរសើរតម្កើង​ព្រះជាម្ចាស់​ចំពោះ​ការទាំងអស់​ដែល​ពួកគេ​បាន​ឮ​និង​បាន​ឃើញ​ដូចដែល​ទេវតា​បាន​ប្រាប់​ពួកគេ។

ពិធី​កាត់​ស្បែក​ និងការ​ថ្វាយ​ទារក​យេស៊ូ

21លុះ​គ្រប់​ប្រាំបី​ថ្ងៃ​សម្រាប់​ធ្វើពិធី​កាត់ស្បែក​បុត្រតូច​គេ​បាន​ដាក់ឈ្មោះ​បុត្រតូច​នោះ​ថា​យេស៊ូ​ជាឈ្មោះ​ដែល​ទេវតា​បាន​ដាក់​ឲ្យ​មុនពេល​មានកំណើត​ក្នុង​ផ្ទៃ។ 22ដល់ពេល​ត្រូវធ្វើ​ពិធីជម្រះកាយ​ទៅតាម​ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ​ពួកគេ​ក៏​នាំយក​បុត្រតូច​ទៅ​ក្រុង​យេរូសាឡិម​ដើម្បី​ថ្វាយ​ដល់​ព្រះជាម្ចាស់ 23គឺដូចដែល​មាន​សេចក្ដីចែង​ទុក​ក្នុង​គម្ពីរ​វិន័យ​របស់​ព្រះអម្ចាស់​ថា​គ្រប់​កូន​ប្រុស​ដែល​កើត​ពី​ផ្ទៃ​មុនដំបូង​នឹង​ត្រូវ​រាប់​ជា​បរិសុទ្ធ​សម្រាប់​ព្រះអម្ចាស់ 24ហើយតាម​សេចក្ដី​ដែល​បាន​ចែង​ទុក​ក្នុង​គម្ពីរ​វិន័យ​របស់​ព្រះអម្ចាស់​គឺ​ត្រូវ​ថ្វាយ​លលក​មួយគូ​ឬ​ព្រាប​ជំទើរ​ពីរ​ជា​យញ្ញបូជា។

លោកស៊ីម្មាន​ថ្លែង​ព្រះបន្ទូល

25មើល៍​នៅ​ក្រុង​យេរូសាឡិម​មាន​បុរស​ម្នាក់​ឈ្មោះ​ស៊ីម្មាន​ជា​មនុស្ស​សុចរិត​ហើយ​ជា​អ្នក​គោរព​កោតខ្លាច​ព្រះជាម្ចាស់​គាត់​កំពុង​រង់ចាំ​ការ​សម្រាលទុក្ខ​សម្រាប់​អ៊ីស្រាអែល​ហើយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​សណ្ឋិត​លើ​គាត់។ 26ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​បើក​សំដែង​ឲ្យ​គាត់​ដឹង​ថា​គាត់​នឹង​មិន​ជួប​សេចក្ដី​ស្លាប់​ឡើយ​មុនពេល​បាន​ឃើញ​ព្រះ​គ្រិស្ដ​របស់​ព្រះអម្ចាស់។ 27ព្រះវិញ្ញាណ​បាន​នាំ​គាត់​ចូល​មក​ក្នុង​ព្រះ​វិហារ​ពេល​ដែល​ឪពុក​ម្ដាយ​បាន​នាំ​បុត្រតូច​យេស៊ូ​ចូល​មក​ក្នុង​ដើម្បី​ធ្វើ​តាម​ទំនៀមទម្លាប់​ក្នុង​គម្ពីរ​វិន័យ​សម្រាប់​បុត្រតូច។ 28លោកស៊ីម្មានបាន​ទទួល​យក​បុត្រតូច​នោះ​មកបី​នៅក្នុង​ដៃ​ហើយ​គាត់​បាន​ថ្វាយ​ព្រះពរ​ព្រះជាម្ចាស់​ដោយ​និយាយ​ថា៖ 29«ឱ​ព្រះអម្ចាស់​អើយ! ​សូម​ដកយក​បាវ​បម្រើ​របស់​ព្រះអង្គ​ទៅ​ក្នុង​សេចក្ដី​សុខសាន្ដ​នៅពេល​ឥឡូវនេះ​តាម​ព្រះបន្ទូល​របស់​ព្រះអង្គ​ចុះ។ 30ដ្បិតភ្នែក​របស់​ខ្ញុំ​បាន​ឃើញ​សេចក្ដីសង្គ្រោះ​របស់​ព្រះអង្គ 31ដែលព្រះអង្គ​បាន​ផ្ដល់ឲ្យ​នៅចំពោះ​មុខ​ប្រជាជន​ទាំងអស់ 32គឺជា​ពន្លឺ​សម្រាប់​បំភ្លឺ​សាសន៍​ដទៃ​និង​សិរី​រុងរឿង​ដល់​អ៊ីស្រាអែល​ដែល​ជា​ប្រជារាស្ដ្រ​របស់​ព្រះអង្គ»។ 33ឪពុកម្ដាយ​របស់​បុត្រតូច​នឹកអស្ចារ្យ​ពី​សេចក្ដី​ទាំងឡាយ​ដែល​បាន​ពោល​អំពី​ព្រះអង្គ។ 34លោកស៊ីម្មាន​បាន​ឲ្យពរ​ពួកគេ​និង​បាន​និយាយ​ទៅ​នាង​ម៉ារា​ជា​ម្ដាយ​ថា៖ ​«មើល៍​កូន​នេះ​ត្រូវបាន​កំណត់​សម្រាប់​ការជំពប់ដួល​និង​ការងើបឡើង​របស់​មនុស្ស​ជាច្រើន​នៅ​អ៊ីស្រាអែល​ហើយ​ជា​ទីសំគាល់​ដែល​ត្រូវ​គេ​ប្រឆាំង 35ឯអ្នក​វិញ​នឹង​មាន​ដាវ​មួយ​ចាក់ទម្លុះ​ព្រលឹង​របស់​អ្នក​ដើម្បី​ឲ្យ​ចិត្ដ​គំនិត​របស់​មនុស្ស​ជាច្រើន​បាន​សំដែង​ចេញ​ពី​ខាង​ក្នុង​មក»។

នាង​អាណថ្លែង​ព្រះបន្ទូល

36មាន​អ្នកនាំព្រះបន្ទូលស្រី​ម្នាក់​ឈ្មោះ​អាណ​ជា​កូនស្រី​របស់​លោក​ផាញូអែល​មកពី​កុលសម្ព័ន្ធ​អេស៊ើរ។ ​ស្ដ្រី​ម្នាក់​នេះ​មានវ័យចាស់ជរា​ទៅ​ហើយ​ក្រោយពី​វ័យក្រមុំ​របស់​គាត់​គាត់​បាន​រស់នៅ​ជាមួយ​ប្ដី​បាន​ប្រាំពីរ​ឆ្នាំ 37រួចគាត់​ក៏​នៅ​មេម៉ាយ​រហូតដល់​អាយុ​ប៉ែតសិប​បួន​ឆ្នាំ​គាត់​មិនដែល​ចាកចេញ​ពី​ព្រះ​វិហារ​ឡើយ​ហើយ​គាត់​បម្រើ​ព្រះជាម្ចាស់​ទាំង​យប់​ទាំង​ថ្ងៃ​ទាំង​តម​អាហារ​និង​អធិស្ឋាន​ផង។ 38នៅវេលានោះ​គាត់​បាន​មកក្បែរ​ហើយ​អរព្រះគុណ​ព្រះជាម្ចាស់​និង​បាន​ប្រកាស​ប្រាប់​អំពី​ព្រះអង្គ​ដល់​អស់​អ្នក​ដែល​កំពុង​ទន្ទឹងរង់ចាំ​សេចក្ដី​ប្រោស​លោះ​របស់​ក្រុង​យេរូសាឡិម។

គ្រួសារ​ព្រះយេស៊ូ​ត្រលប់​មក​ក្រុងណាសារ៉ែត​

39កាល​ធ្វើ​តាម​គម្ពីរវិន័យ​របស់​ព្រះអម្ចាស់​សព្វគ្រប់​ហើយ​ពួកគេ​ក៏​វិលត្រលប់​ទៅ​ស្រុក​កាលីឡេ​វិញ​គឺ​ឆ្ពោះទៅ​ក្រុង​ណាសារ៉ែត​ជា​ក្រុង​របស់​ពួកគេ។ 40កុមារយេស៊ូ​បាន​ចម្រើនវ័យឡើង​ទាំង​មាន​កម្លាំង​មាំមួន​ពោរពេញ​ដោយ​ប្រាជ្ញា​ឈ្លាសវៃ​ហើយ​ព្រះ​គុណ​របស់​ព្រះជាម្ចាស់​បាន​សណ្ឋិត​លើ​កុមារនោះ។

កុមារ​យេស៊ូនិយាយ​ជាមួយ​ពួក​គ្រូ​

41ជារៀងរាល់​ឆ្នាំ​ឪពុក​ម្ដាយ​របស់​កុមារ​យេស៊ូ​បាន​ធ្វើដំណើរ​ទៅ​ក្រុង​យេរូសាឡិម​ដើម្បី​ធ្វើ​ពិធី​បុណ្យ​រំលង។ 42លុះព្រះយេស៊ូ​មាន​អាយុ​ដប់ពីរ​ឆ្នាំ​ពួកគេ​ក៏​ឡើងទៅ​តាម​ទំនៀមទម្លាប់​នៃ​ពិធីបុណ្យ។ 43កាលថ្ងៃ​បុណ្យ​បាន​ចប់​សព្វ​គ្រប់​ហើយ​ពួកគេ​ក៏​វិលត្រលប់​ទៅវិញ​ឯ​កុមារ​យេស៊ូ​នៅក្នុង​ក្រុង​យេរូសាឡិម​នៅឡើយ​ប៉ុន្ដែ​ឪពុកម្ដាយ​មិន​បាន​ដឹង​ទេ 44ព្រោះស្មាន​ថា​ព្រះអង្គ​កំពុង​នៅ​ក្នុង​ក្បួនធ្វើដំណើរ។ ​កាល​ពួកគេ​ធ្វើដំណើរ​បាន​មួយ​ថ្ងៃ​ពួកគេ​ក៏​តាមរក​ព្រះអង្គ​ក្នុងចំណោម​សាច់ញាតិ​និង​ពួក​អ្នកស្គាល់គ្នា 45ប៉ុន្ដែពេល​រក​មិន​ឃើញ​ពួកគេ​ក៏​ត្រលប់​ទៅ​ក្រុង​យេរូសាឡិម​វិញ​ដើម្បី​តាមរក​ព្រះអង្គ។ 46បីថ្ងៃ​ក្រោយមក​ពួកគេ​បាន​រកឃើញ​ព្រះអង្គ​នៅក្នុង​ព្រះ​វិហារ​កំពុង​អង្គុយ​ស្ដាប់​និង​សួរ​សំណួរ​នៅ​កណ្ដាល​ចំណោម​ពួក​គ្រូ។ 47អស់អ្នក​ដែល​បាន​ស្ដាប់​ព្រះអង្គ​បាន​នឹកអស្ចារ្យ​ពី​តម្រិះប្រាជ្ញា​និង​ចម្លើយ​របស់​ព្រះអង្គ។ 48កាលឪពុក​ម្ដាយ​បាន​ជួប​ព្រះអង្គ​ហើយ​ក៏​ភាំង​ស្មារតី​រួច​ម្ដាយ​សួរ​ថា៖ ​«កូន​អើយ! ​ហេតុអ្វី​បានជា​កូន​ធ្វើ​យ៉ាង​ដូច្នេះ​ចំពោះ​ឪពុក​ម្ដាយ​មើល៍​ម្ដាយ​និង​ឪពុក​របស់​កូន​បាន​តាមរក​កូន​ទាំង​ព្រួយ​ចិត្ដ»។ 49ប៉ុន្ដែព្រះយេស៊ូ​ក៏​មានបន្ទូល​ទៅ​ឪពុក​ម្ដាយ​ថា៖ ​«ហេតុអ្វី​បានជា​ពុកម៉ែ​តាមរក​ខ្ញុំ​ដូច្នេះ​តើ​ពុកម៉ែ​មិន​ដឹង​ទេ​ឬ​ថា​ខ្ញុំ​ត្រូវ​នៅ​ជាប់​ក្នុង​កិច្ចការ​នៃ​ព្រះ​វរ​បិតា​របស់​ខ្ញុំ?»។ 50ពួកគេមិន​យល់​ពាក្យ​សំដី​ដែល​ព្រះអង្គ​បាន​មានបន្ទូល​ទៅ​ពួកគេ​ទេ។ 51បន្ទាប់មកព្រះអង្គ​ក៏​ចុះទៅ​ឯ​ក្រុង​ណាសារ៉ែត​ជាមួយ​ឪពុកម្ដាយ​វិញ​ហើយ​ព្រះអង្គ​បាន​ស្ដាប់បង្គាប់​ពួកគេ​ឯ​ម៉ារា​បាន​រក្សា​ហេតុការណ៍​ទាំងអស់​ទុក​ក្នុង​ចិត្ដ។ 52ព្រះយេស៊ូ​កាន់តែ​ចម្រើន​វ័យ​ឡើង​ទាំង​រូបកាយ​និង​ប្រាជ្ញា​ហើយ​បាន​ជាទី​គាប់ព្រះហឫទ័យ​ព្រះជាម្ចាស់​និង​ចិត្ដ​មនុស្ស​ផង។
Copyright information for KhmKCB