‏ Luke 1

អារម្ភកថា

1មាន​មនុស្ស​ជាច្រើន​បាន​ព្យាយាម​ចងក្រង​រឿងរ៉ាវ​អំពី​ហេតុការណ៍​ទាំងឡាយ​ដែល​បាន​សម្រេច​នៅក្នុង​ចំណោម​យើង 2គឺទៅតាម​អស់​អ្នក​ជា​សាក្សី​ផ្ទាល់​ភ្នែក​តាំងពី​ដំបូង​និង​បាន​ត្រលប់ជា​អ្នកបម្រើ​ព្រះ​បន្ទូល​ដែល​បាន​ប្រគល់​ឲ្យ​យើង 3ដូច្នេះលោក​ថេវភីល​ជាទីគោរព​ដ៏ខ្ពង់ខ្ពស់​អើយ! ​កាល​ដែល​ខ្ញុំ​សាកសួរ​សព្វគ្រប់​យ៉ាងហ្មត់ចត់​តាំងពី​ដំបូងមក​នោះ​ក៏​យល់ឃើញ​ថា​ជាការប្រសើរ​សម្រាប់​ខ្ញុំ​ដែរ​ដែល​សរសេរ​តាមលំដាប់លំដោយ​ជូន​ដល់​លោក 4ដើម្បីឲ្យ​លោក​ដឹង​ថា​សេចក្ដី​ទាំងឡាយ​ដែល​លោក​បាន​រៀន​មក​នោះ​ជា​ការពិត​ប្រាកដ។

ការប្រាប់ឲ្យដឹង​មុនអំពីកំណើតលោកយ៉ូហាន

5នៅ​សម័យ​ស្ដេច​ហេរ៉ូឌ​ជាស្ដេច​ស្រុក​យូដា​មាន​សង្ឃ​ម្នាក់​ក្នុង​ក្រុម​សង្ឃ​អ័ប៊ីយ៉ា​ឈ្មោះ​សាការី​មាន​ប្រពន្ធ​ម្នាក់​ឈ្មោះ​អេលីសាបិត​ជា​ពូជពង្ស​របស់​លោក​អើរ៉ុន 6ពួកគេទាំងពីរ​នាក់​សុចរិត​នៅចំពោះ​ព្រះជាម្ចាស់​ដោយ​ដើរ​តាម​បញ្ញត្ដិ​និង​ច្បាប់​ទាំងឡាយ​របស់​ព្រះអម្ចាស់​ឥតបន្ទោសបានឡើយ 7ប៉ុន្ដែពួកគេ​គ្មាន​កូន​សោះ​ព្រោះ​អេលីសាបិត​ជា​ស្ដ្រីអារ​ហើយ​អ្នក​ទាំងពីរ​ក៏​មាន​វ័យ​ចាស់​ជរា​ដែរ។ 8ថ្ងៃមួយជា​វេន​ក្រុម​របស់​គាត់​ហើយ​គាត់​ត្រូវ​បំពេញ​តួនាទី​ជាសង្ឃ​នៅចំពោះ​ព្រះជាម្ចាស់ 9ព្រោះគាត់​ត្រូវបាន​គេ​ចាប់ឆ្នោត​ជ្រើសរើស​ទៅតាម​ទំនៀមទម្លាប់​សង្ឃ​ដើម្បី​ចូល​ដុត​គ្រឿងក្រអូប​ក្នុង​ព្រះ​វិហារ​របស់​ព្រះអម្ចាស់។ 10នៅពេលកំពុង​ថ្វាយ​គ្រឿងក្រអូប​និង​ប្រជាជន​ច្រើនកុះករ​បាន​អធិស្ឋាន​ទាំងអស់គ្នា​នៅខាងក្រៅ 11នោះមាន​ទេវតា​របស់​ព្រះអម្ចាស់​មួយរូប​បាន​លេចមក​ឲ្យ​គាត់​ឃើញ​ដោយ​ឈរ​នៅ​ខាងស្ដាំ​កន្លែងថ្វាយតង្វាយ​គ្រឿងក្រអូប។ 12កាលលោក​សាការី​ឃើញ​គាត់​ក៏​តក់ស្លុត​ហើយ​មាន​សេចក្ដីភ័យខ្លាច 13ប៉ុន្ដែទេវតា​នោះ​បាន​និយាយ​ទៅ​គាត់​ថា៖ ​«សាការី​អើយ! ​កុំ​ខ្លាច​អី​ដ្បិត​ព្រះជាម្ចាស់​បាន​ស្ដាប់ឮ​សេចក្ដីអធិស្ឋាន​ទូលសូម​របស់​អ្នក​ហើយ​រីឯ​អេលីសាបិត​ជា​ប្រពន្ធ​របស់​អ្នក​នឹង​បង្កើត​កូនប្រុស​ម្នាក់​ឲ្យ​អ្នក​ហើយ​អ្នក​នឹង​ដាក់​ឈ្មោះ​កូននោះ​ថា​យ៉ូហាន។ 14កូននោះនឹង​ក្លាយជា​អំណរ​និង​ជា​សេចក្ដីរីករាយ​ដល់​អ្នក​ឯ​មនុស្ស​ជាច្រើន​នឹង​ត្រេកអរ​ចំពោះ​កំណើត​របស់​កូននោះ 15ដ្បិតកូននោះ​នឹង​ត្រលប់ជា​មនុស្ស​ដ៏អស្ចារ្យ​នៅចំពោះ​ព្រះអម្ចាស់​កូននោះ​នឹង​មិន​ផឹក​ស្រា​ទំពាំងបាយជូរ​និង​គ្រឿងស្រវឹង​ឡើយ​ហើយ​បានពេញ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​តាំងពី​នៅក្នុងផ្ទៃ​ម្ដាយ​មក។ 16កូននោះនឹង​នាំ​កូនចៅ​អ៊ីស្រាអែល​ជាច្រើន​ឲ្យ​ត្រលប់មក​ឯ​ព្រះអម្ចាស់​ជា​ព្រះ​របស់​ពួកគេ​វិញ 17ដ្បិតកូននោះ​នឹង​ទៅមុខ​មុន​ព្រះអង្គ​ដោយ​វិញ្ញាណ​និង​អំណាច​របស់​លោក​អេលីយ៉ា​ដើម្បី​បង្វែរ​ចិត្ដ​ឪពុក​មក​ឯ​កូន​និង​ពួក​មនុស្ស​មិនស្ដាប់បង្គាប់​មកឯ​ប្រាជ្ញា​របស់​មនុស្ស​សុចរិត​ដើម្បី​រៀបចំ​ប្រជារាស្ដ្រ​មួយ​ជាស្រេច​សម្រាប់​ព្រះអម្ចាស់»។ 18លោកសាការីសួរ​ទៅ​ទេវតា​ថា៖ ​«តើ​ឲ្យ​ខ្ញុំ​ដឹង​អំពី​សេចក្ដីនេះ​យ៉ាងដូចម្ដេច​បាន? ​ព្រោះ​ខ្ញុំ​ជា​មនុស្សចាស់​ឯ​ប្រពន្ធ​របស់​ខ្ញុំ​ក៏​មានវ័យចាស់ជរា​ដែរ» 19ទេវតាឆ្លើយ​ទៅ​គាត់​ថា៖ ​«ខ្ញុំ​ឈ្មោះ​កាព្រីយ៉ែល​ជាអ្នក​ឈរ​នៅ​ក្នុង​ព្រះវត្តមាន​ព្រះជាម្ចាស់​ហើយ​ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យមក​ប្រកាស​សេចក្ដី​ទាំងនេះ​ប្រាប់​អ្នក។ 20មើល៍អ្នក​នឹង​គ​ហើយ​មិន​អាច​និយាយ​បាន​ទេ​រហូតដល់​ថ្ងៃ​ដែល​សេចក្ដី​ទាំងនេះ​កើតឡើង​ព្រោះ​អ្នក​មិន​ជឿ​ពាក្យ​សំដី​របស់​ខ្ញុំ​ដែល​នឹង​សម្រេច​តាម​ពេល​កំណត់»។ 21រីឯប្រជាជន​ដែល​កំពុង​ទន្ទឹងមើល​លោក​សាការី​ពួកគេ​ឆ្ងល់​ចំពោះ​ការ​ដែល​គាត់​យឺតយូរ​នៅក្នុង​ព្រះ​វិហារ 22ហើយកាល​គាត់​ចេញមក​គាត់​មិន​អាច​និយាយ​ទៅ​ពួកគេ​បាន​សោះ​ដូច្នេះ​ពួកគេ​ដឹងច្បាស់​ថា​គាត់​បាន​ឃើញ​ការជាក់ស្ដែង​មួយ​នៅក្នុង​ព្រះ​វិហារ​ហើយ​គាត់​ធ្វើ​បានតែ​សញ្ញា​ទៅ​ពួកគេ​ប៉ុណ្ណោះ​ប៉ុន្តែ​គាត់​នៅតែ​គ​ដដែល។ 23លុះក្រោយពេល​បាន​បំពេញ​កិច្ចការ​ទាំងប៉ុន្មាន​ថ្ងៃ​របស់​គាត់​ចប់​សព្វគ្រប់​ហើយ​គាត់​ក៏​ត្រលប់​ទៅ​ផ្ទះ​វិញ 24ហើយប៉ុន្មាន​ថ្ងៃ​ក្រោយមក​អេលីសាបិត​ជា​ប្រពន្ធ​របស់​គាត់​ក៏​មានផ្ទៃពោះ​និង​បាន​លាក់​ខ្លួន​អស់​ប្រាំ​ខែ​ដោយ​និយាយ​ថា៖ 25«ព្រះអម្ចាស់​បាន​ធ្វើ​ចំពោះ​ខ្ញុំ​យ៉ាងដូច្នេះ​ក្នុង​គ្រា​ដែល​ព្រះអង្គ​បាន​ទតដោយសន្ដោស​ដកយក​សេចក្ដីអាម៉ាស់​របស់​ខ្ញុំ​ចេញ​ពីក្នុងចំណោម​មនុស្ស»។

ការ​ប្រាប់​ឲ្យដឹង មុនអំ​ពី​កំណើត​ព្រះយេស៊ូ

26ដល់​ខែ​ទីប្រាំមួយ​ព្រះជាម្ចាស់​បាន​ចាត់​ទេវតា​កាពី្រយ៉ែល​ឲ្យទៅ​ក្រុង​មួយ​ក្នុង​ស្រុក​កាលីឡេ​ដែល​មាន​ឈ្មោះ​ថា​ណាសារ៉ែត 27គឺទៅឯ​ស្ដ្រីព្រហ្មចារី​ម្នាក់​ដែល​បាន​ភ្ជាប់ពាក្យ​នឹង​បុរស​ម្នាក់​ឈ្មោះ​យ៉ូសែប​ជា​ពូជពង្ស​ស្ដេច​ដាវីឌ​ហើយ​ស្ដ្រីព្រហ្មចារី​នោះ​ឈ្មោះ​ម៉ារា។ 28កាលបាន​ចូល​មក​ជិត​នាង​ហើយ​ទេវតា​ក៏​និយាយ​ថា៖ ​«ចូរ​អរសប្បាយ​ឡើង​ឱ​នាង​ដ៏ជាទីគាប់ព្រះហឫទ័យ​ព្រះអម្ចាស់​ព្រះអង្គ​គង់​ជាមួយ​នាង​ហើយ»។ 29នាងរារែក​យ៉ាងខ្លាំង​ចំពោះ​ពាក្យ​សំដី​នេះ​និង​បាន​រិះគិត​អំពី​ពាក្យ​ជម្រាប​សួរ​នេះ​ថា​តើ​មានន័យ​ដូចម្ដេច។ 30ប៉ុន្ដែទេវតា​និយាយ​ទៅ​នាង​ថា៖ ​«ម៉ារា​អើយ! ​កុំ​ខ្លាច​អី​ដ្បិត​ព្រះជាម្ចាស់​សព្វព្រះហឫទ័យ​នឹង​នាង​ណាស់ 31មើល៍នាង​នឹង​មានគភ៌​រួច​សម្រាល​បាន​កូនប្រុស​ម្នាក់​ហើយ​នាង​នឹង​ដាក់​ឈ្មោះ​កូននោះ​ថា​យេស៊ូ 32កូននោះ​នឹង​ត្រលប់ជា​អ្នក​ដ៏អស្ចារ្យ​ហើយ​គេ​នឹង​ហៅ​កូននោះ​ថា​ព្រះរាជបុត្រា​នៃ​ព្រះ​ដ៏ខ្ពស់បំផុត​ឯ​ព្រះអម្ចាស់​ដ៏ជា​ព្រះ​នឹង​ប្រទាន​បល្ល័ង្ក​របស់​ស្ដេច​ដាវីឌ​ដែល​ជា​ដូនតា​ឲ្យ​ទៅ​ព្រះអង្គ 33រួចព្រះអង្គ​នឹង​គ្រប់គ្រង​លើ​ពូជពង្ស​របស់​លោក​យ៉ាកុប​អស់កល្បជានិច្ច​ហើយ​នគរ​របស់​ព្រះអង្គ​គ្មាន​ទីបញ្ចប់​ឡើយ»។ 34ប៉ុន្ដែនាង​ម៉ារា​សួរ​ទៅ​ទេវតា​ថា៖ ​«តើ​ការ​នេះ​នឹងបាន​សម្រេច​យ៉ាង​ដូចម្ដេច​បើ​ខ្ញុំ​មិនទាន់​ស្គាល់​ប្រុស​ណា​ផង?» 35ទេវតាឆ្លើយ​តប​ទៅ​នាង​ថា៖ ​«ព្រះ​វិញ្ញាណ​បរិសុទ្ធ​នឹង​យាងមក​សណ្ឋិត​លើ​នាង​ហើយ​អំណាច​នៃ​ព្រះ​ដ៏ខ្ពស់បំផុត​នឹង​គ្របបាំង​នាង​ដោយស្រមោល។ ​ដូច្នេះ​គេ​នឹង​ហៅ​បុត្រតូច​ដ៏បរិសុទ្ធ​ដែល​នឹង​កើត​មក​នោះ​ថា​ព្រះរាជបុត្រា​របស់​ព្រះជាម្ចាស់ 36ហើយមើល៍! ​នាង​អេលីសាបិត​សាច់ញាតិ​របស់​នាង​ក៏​មានគភ៌​ជា​កូនប្រុស​ម្នាក់​ដែរ​ក្នុង​វ័យចាស់ជរា​និង​ក្នុងកាលដែល​គេ​ហៅ​ថា​ស្ត្រីអារ​នាង​មាន​ផ្ទៃពោះ​ប្រាំមួយ​ខែ​ហើយ 37ដ្បិតគ្មាន​អ្វី​ដែល​ព្រះជាម្ចាស់​ធ្វើ​មិន​កើត​នោះ​ឡើយ»។ 38នាង ▼
▼ElementText was blank in previous row. I deleted that row and renumbered the words in this verse.
ម៉ារា​ក៏​និយាយ​ទៅ​ទេវតា​ថា៖ ​«មើល៍​នាងខ្ញុំ​ជា​បាវបម្រើ​របស់​ព្រះអម្ចាស់​សូម​ឲ្យ​សម្រេច​ដល់​ខ្ញុំ​តាម​ពាក្យ​សំដី​របស់​លោក​ចុះ!» ​រួច​ទេវតា​ក៏​ចាកចេញ​ពី​នាង​ទៅ។

នាង​ម៉ារា​សួរ​សុខទុក្ខ​នាង​អេលីសាបិត​

39នៅ​គ្រា​នោះ​នាង​ម៉ារា​ក៏​ក្រោកឡើង​ធ្វើដំណើរ​ទៅ​តំបន់ភ្នំ​ដោយ​ប្រញាប់ប្រញាល់​សំដៅទៅ​ក្រុង​មួយ​ក្នុង​ស្រុកយូដា 40រួចនាង​ក៏​ចូលទៅ​ក្នុង​ផ្ទះ​របស់​លោក​សាការី​ហើយ​បាន​ជម្រាប​សួរ​នាង​អេលីសាបិត។ 41ពេលនាង​អេលីសាបិត​បាន​ឮ​ពាក្យ​ជម្រាប​សួរ​របស់​នាង​ម៉ារា​ទារក​នៅក្នុង​ផ្ទៃ​របស់​នាង​ក៏​បំរះឡើង​ឯ​នាង​អេលីសាបិត​បាន​ពេញ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ

42រួច​នាង​ក៏​ស្រែក​ដោយ​សំឡេង​ខ្លាំងៗ​ថា៖ ​«អ្នក​មានពរណាស់​ក្នុងចំណោម​ពួក​ស្ដ្រី​ឯ​កូន​ក្នុង​ផ្ទៃ​របស់​អ្នក​គឺជា​ព្រះពរ​ហើយ 43តើនេះ​កើតឡើង​ចំពោះ​ខ្ញុំ​យ៉ាងដូចម្ដេចហ្ន៎​បានជា​មាតា​របស់​ព្រះអម្ចាស់​នៃ​ខ្ញុំ​មក​ឯ​ខ្ញុំ​ដូច្នេះ? 44ព្រោះមើល៍​ពេល​សំឡេង​ជម្រាប​សួរ​របស់​អ្នក​បាន​ឮដល់​ត្រចៀក​ខ្ញុំ​ទារក​ក្នុង​ផ្ទៃ​របស់​ខ្ញុំ​បាន​បំរះ​ដោយ​អំណរ 45ស្ដ្រីណា​ដែល​ជឿ​ថា​សេចក្ដី​ដែល​ព្រះអម្ចាស់​បាន​មានបន្ទូល​នឹង​សម្រេច​ពិតប្រាកដមែន​នោះ​មានពរ​ហើយ»។

ចម្រៀង​របស់នាង​ម៉ារា​

46រួច​នាង​ម៉ារា​តប​ថា៖ ​«ព្រលឹង​ខ្ញុំ​លើកតម្កើង​ព្រះអម្ចាស់ 47ហើយវិញ្ញាណ​ខ្ញុំ​សប្បាយរីករាយ​ខ្លាំងណាស់​នឹង​ព្រះជាម្ចាស់​ជា​ព្រះអង្គ​សង្គ្រោះ​នៃ​ខ្ញុំ 48ដ្បិតព្រះអង្គ​បាន​ទត​សន្ដោស​ដល់​ភាព​ទន់ទាប​នៃ​បាវបម្រើ​របស់​ព្រះអង្គ។ ​មើល៍​ចាប់ពី​ពេលនេះ​តទៅ​មនុស្ស​គ្រប់​ជំនាន់​នឹង​រាប់​ខ្ញុំ​ថា​ជាអ្នកមានពរ 49ព្រោះព្រះ​ដ៏​មានអំណាច​បាន​ធ្វើ​ការអស្ចារ្យ​ដល់​ខ្ញុំ​ហើយ​ព្រះនាម​ព្រះអង្គ​ក៏​បរិសុទ្ធ 50សេចក្ដីមេត្ដាករុណារបស់​ព្រះអង្គ​មាន​ដល់​អស់​អ្នក​ដែល​កោតខ្លាច​ព្រះអង្គ​រហូត​តរៀងទៅ 51ព្រះអង្គបាន​ធ្វើ​ការ​យ៉ាងអស្ចារ្យ​ដោយ​ព្រះ​ហស្ដ​របស់​ព្រះអង្គ​ហើយ​កំចាត់កំចាយ​អំនួត​ចេញ​ពី​ក្នុង​ចិត្ដ​គំនិត​របស់​មនុស្ស 52ព្រះអង្គទម្លាក់​ស្ដេច​ពី​បល្ល័ង្ក​របស់​គេ​ហើយ​លើកតម្កើង​អ្នក​ទន់ទាប 53ហើយបំពេញ​អស់​អ្នក​ស្រេកឃ្លាន​ដោយ​សេចក្ដី​ល្អ​និង​បញ្ចូន​អ្នក​មាន​ឲ្យទៅ​ដោយ​ដៃទទេ 54ដោយនឹកចាំ​ពី​សេចក្ដីមេត្តាករុណា​ព្រះអង្គ​ជួយ​អ៊ីស្រាអែល​ជា​បាវបម្រើ​របស់​ព្រះអង្គ 55ដូចដែលព្រះអង្គ​បាន​មានបន្ទូល​នឹង​ដូនតា​របស់​យើង​គឺ​លោក​អ័ប្រាហាំ​និង​ពូជពង្ស​របស់​គាត់​រហូត​តរៀងមក»។ 56នាងម៉ារា​បាន​ស្នាក់នៅ​ជាមួយ​នាង​អេលីសាបិត​ប្រហែល​បី​ខែ​ហើយ​ក៏​ត្រលប់​ទៅ​ផ្ទះ​របស់​នាង​វិញ។

កំណើត​របស់លោក យ៉ូហាន​ និងការ​ដាក់​ឈ្មោះ

57កាល​នាង​អេលីសាបិត​គ្រប់​ខែ​សម្រាល​កូន​នាង​ក៏​សម្រាល​បាន​កូនប្រុស​ម្នាក់។ 58ពេលអ្នកជិតខាង​និង​សាច់ញាតិ​របស់​នាង​បាន​ឮ​ថា​ព្រះអម្ចាស់​បាន​សំដែង​សេចក្ដីមេត្ដាករុណា​ដ៏សម្បើម​ដល់​នាង​ពួកគេ​ក៏​អរសប្បាយ​ជាមួយ​នាង។ 59លុះដល់ថ្ងៃ​ទីប្រាំបី​ពួកគេ​បាន​មក​ដើម្បី​ធ្វើពិធីកាត់ស្បែក​ឲ្យ​ទារក​នោះ​ហើយ​ចង់​ដាក់ឈ្មោះ​ថា​សាការី​តាម​ឈ្មោះ​របស់​ឪពុក 60ប៉ុន្ដែម្ដាយ​របស់​ទារកនោះ​ឆ្លើយ​ថា៖ ​«ទេ​ត្រូវ​ដាក់​ឈ្មោះ​ថា​យ៉ូហាន​វិញ»។ 61ពួកគេនិយាយ​ទៅ​នាង​ថា៖ ​«គ្មាន​អ្នក​ណា​ម្នាក់​ក្នុងចំណោម​សាច់ញាតិ​អ្នក​មាន​ឈ្មោះ​ហ្នឹង​ទេ» 62ហើយពួកគេ​ធ្វើសញ្ញា​សួរ​ទៅ​ឪពុក​របស់​ទារកនោះ​ថា​តើ​គាត់​ចង់​ដាក់​ឈ្មោះ​អ្វី។ 63គាត់ក៏​សុំ​ក្ដារឆ្នួន​មួយ​ហើយ​សរសេរ​ថា​ឈ្មោះ​របស់​ទារកនេះ​គឺ​យ៉ូហាន។ ​គេ​គ្រប់គ្នា​ក៏​នឹកអស្ចារ្យ។ 64រំពេចនោះមាត់​និង​អណ្ដាត​របស់​គាត់​បាន​ហើបឡើង​គាត់​ក៏​ពោល​សរសើរតម្កើង​ព្រះជាម្ចាស់ 65ហើយអ្នក​ទាំងឡាយ​ដែល​រស់នៅ​ជុំវិញ​មាន​សេចក្ដី​រន្ធត់​ជាខ្លាំង​ពួកគេ​បាន​និយាយគ្នា​អំពី​ហេតុការណ៍​ទាំង​អស់​នេះ​នៅក្នុង​តំបន់ភ្នំ​នៃ​ស្រុក​យូដា​ទាំងមូល។ 66អស់អ្នក​ដែល​បាន​ឮ​ក៏​រក្សាទុក​ក្នុង​ចិត្ដ​ទាំង​និយាយ​គ្នា​ថា៖ ​«ដូច្នេះ​តើ​ទារក​នេះ​នឹង​ត្រលប់ជា​អ្វី? ​ដ្បិត​ព្រះ​ហស្ដ​របស់​ព្រះអម្ចាស់​នៅ​ជាមួយ​វា​យ៉ាងប្រាកដ»។

លោកសាការីថ្លែង​ព្រះបន្ទូល

67ឯ​លោក​សាការី​ជា​ឪពុក​បាន​ពេញ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ក៏​ថ្លែង​ព្រះបន្ទូល​ថា៖ 68«សូម​ឲ្យ​ព្រះអម្ចាស់​ជា​ព្រះ​នៃ​អ៊ីស្រាអែល​ប្រកប​ដោយ​ព្រះពរ​ដ្បិត​ព្រះអង្គ​បាន​មកមើល​និង​ធ្វើឲ្យ​សេចក្ដី​ប្រោស​លោះ​សម្រាប់​ប្រជារាស្ដ្រ​របស់​ព្រះអង្គ​បានសម្រេច 69ព្រមទាំងបាន​លើក​ស្នែង​នៃ​សេចក្ដី​សង្គ្រោះ​ឡើង​សម្រាប់​យើង​នៅក្នុង​ពូជពង្ស​របស់​ដាវីឌ​ជា​បាវបម្រើ​របស់​ព្រះអង្គ 70ដូចដែលព្រះអង្គ​បាន​មានបន្ទូល​តាមរយៈ​មាត់​ពួក​អ្នកនាំ​ព្រះបន្ទូល​ដ៏បរិសុទ្ធ​របស់​ព្រះអង្គ​តាំងពី​ដើមរៀងមក 71គឺជាសេចក្ដី​សង្គ្រោះ​ឲ្យផុត​ពី​ខ្មាំងសត្រូវ​របស់​យើង​និង​ពី​ដៃ​របស់​មនុស្ស​ទាំងអស់​ដែល​ស្អប់​យើង 72ដើម្បីប្រោសប្រទាន​សេចក្ដី​មេត្ដា​ករុណា​ដល់​ដូនតា​របស់​យើង​និង​ដើម្បី​នឹកចាំ​ពី​កិច្ចព្រមព្រៀង​ដ៏បរិសុទ្ធ​របស់​ព្រះអង្គ 73ជាសម្បថ​ដែល​ព្រះអង្គ​បាន​ស្បថ​នឹង​លោក​អ័ប្រាហាំ​ជា​ដូនតា​របស់​យើង​គឺ​ប្រោសប្រទាន​ឲ្យ​យើង 74ផុតពី​ដៃ​ខ្មាំងសត្រូវ​ទាំងឡាយ​របស់​យើង​ដើម្បី​ឲ្យ​យើង​បម្រើ​ព្រះអង្គ​ដោយ​ឥតភ័យខ្លាច 75ដោយសេចក្ដី​បរិសុទ្ធ​និង​សេចក្ដី​សុចរិត​ក្នុង​ព្រះវត្ដមាន​របស់​ព្រះអង្គ​អស់​មួយជីវិត​របស់​យើង។ 76ឱទារក​តូច​អើយ! ​អ្នក​នឹងត្រូវគេ​ហៅ​ដែរ​ថា​ជា​អ្នកនាំ​ព្រះបន្ទូល​របស់​ព្រះ​ដ៏ខ្ពស់បំផុត​ដ្បិត​អ្នក​នឹង​ទៅមុខ​មុន​ព្រះអម្ចាស់​ដើម្បី​រៀបចំ​ដំណើរ​របស់​ព្រះអង្គ 77និងផ្ដល់​ការយល់ដឹង​ដល់​ប្រជាជន​របស់​ព្រះអង្គ​អំពី​សេចក្ដី​សង្គ្រោះ​ដោយ​ការ​លើកលែងទោស​បាប​របស់​ពួកគេ 78ទៅតាម​ព្រះ​ហឫទ័យ​មេត្ដា​ករុណា​របស់​ព្រះជាម្ចាស់​នៃ​យើង​ដែល​ជា​ការបំភ្លឺ​ពី​ស្ថានសួគ៌​មកប្រោស​យើង 79ដើម្បីបំភ្លឺ​ដល់​អស់​អ្នក​ដែល​នៅក្នុង​សេចក្ដីងងឹត​និង​អស់​អ្នក​ដែល​អង្គុយ​ក្រោម​ស្រមោល​នៃ​សេចក្ដីស្លាប់​ហើយ​ដើម្បី​នាំ​ជើង​យើង​ទៅ​ក្នុង​ផ្លូវ​នៃ​សេចក្ដីសុខសាន្ដ»។ 80ទារកនោះ​បាន​ចម្រើន​វ័យ​ឡើង​ព្រមទាំង​មាន​ភាពមាំមួន​ខាង​វិញ្ញាណ​ហើយ​គាត់​បាន​រស់នៅ​ក្នុង​ទីរហោឋាន​រហូតដល់​ថ្ងៃ​ដែល​គាត់​បាន​បង្ហាញ​ខ្លួន​ដល់​ជនជាតិ​អ៊ីស្រាអែល។
Copyright information for KhmKCB