‏ Luke 10

ព្រះយេស៊ូចាត់​ពួក​សិស្ស​

1បន្ទាប់ពី​ហេតុការណ៍​ទាំងនេះ​មក​ព្រះអម្ចាស់​រើសតាំង​សិស្ស​ចិតសិប​នាក់​ផ្សេង​ទៀត​និង​ចាត់​ពួកគេ​ពីរ​នាក់​ៗ​ឲ្យទៅ​មុន​ព្រះអង្គ​ឆ្ពោះទៅ​គ្រប់​ក្រុង​និង​គ្រប់​ទីកន្លែង​ដែល​ព្រះអង្គ​បម្រុងនឹង​ទៅ។ 2ព្រះអង្គមានបន្ទូល​ទៅ​ពួកគេ​ថា៖ ​«ចម្រូត​ធំណាស់​ប៉ុន្ដែ​ពួក​អ្នកច្រូត​មាន​តិច​ដូច្នេះ​ចូរ​ទូលសុំ​ព្រះអម្ចាស់​នៃ​ចម្រូត​ដើម្បី​ឲ្យ​ព្រះអង្គ​ចាត់​ពួក​អ្នកច្រូត​មក​ក្នុង​ចម្រូត​របស់​ព្រះអង្គ 3ចូរទៅ​ចុះ​ហើយ​មើល៍​ខ្ញុំ​ចាត់​អ្នករាល់គ្នា​ឲ្យ​ទៅ​ដូច​ជា​កូន​ចៀម​កណ្ដាល​ហ្វូង​ចចក។ 4កុំយក​ថង់​ប្រាក់​ថង់​យាម​ឬ​ស្បែកជើង​ទៅ​តាម​ឡើយ​ហើយ​កុំ​ជម្រាប​សួរ​អ្នកណា​នៅ​តាម​ផ្លូវ​ឲ្យ​សោះ។ 5អ្នករាល់គ្នាចូល​ទៅ​ក្នុង​ផ្ទះ​ណា​ក៏ដោយ​មុនដំបូង​ចូរ​និយាយ​ថា​សូម​ឲ្យ​ផ្ទះ​នេះ​មាន​សេចក្ដី​សុខសាន្ដ។ 6បើមាន​មនុស្ស​នៃ​សេចក្ដី​សុខសាន្ដ​នៅ​ទីនោះ​សេចក្ដី​សុខសាន្ដ​របស់​អ្នករាល់គ្នា​នឹង​សណ្ឋិត​លើ​អ្នក​នោះ​ប៉ុន្ដែ​បើ​គ្មាន​វិញ​សេចក្ដី​សុខសាន្ដ​នឹង​ត្រលប់​មក​លើ​អ្នករាល់គ្នា​វិញ។ 7ចូរនៅ​ផ្ទះ​ដដែល​នោះ​ចុះ​ទាំង​បរិភោគ​និង​ផឹក​អ្វីៗ​ដែល​គេ​ឲ្យ​ផង​ព្រោះ​អ្នក​ធ្វើការ​ស័ក្តិសម​នឹង​ទទួល​បាន​ឈ្នួល​របស់​ខ្លួន​ហើយ​កុំ​ប្ដូរ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ឲ្យ​សោះ។ 8ក្រុងណា​ក៏​ដោយ​ដែល​អ្នករាល់គ្នា​ចូល​ហើយ​គេ​ទទួល​អ្នករាល់គ្នា​ចូរ​បរិភោគ​អ្វីៗ​ដែល​គេ​រៀបចំ​នៅ​មុខ​អ្នករាល់គ្នា​ចុះ 9ហើយចូរ​ប្រោស​ពួក​អ្នក​ជំងឺ​នៅ​ក្រុង​នោះ​ឲ្យ​បាន​ជា​ចុះ​ព្រមទាំង​ប្រាប់​ពួកគេ​ថា​នគរ​ព្រះជាម្ចាស់​បាន​មក​ជិត​អ្នករាល់គ្នា​ហើយ។ 10ប៉ុន្ដែក្រុង​ណា​ក៏​ដោយ​ដែល​អ្នករាល់គ្នា​ចូល​ហើយ​គេ​មិន​ទទួល​អ្នករាល់គ្នា​ពេល​ចេញ​ទៅ​តាម​ផ្លូវ​នៃ​ក្រុង​នោះ​ចូរ​អ្នករាល់គ្នា​និយាយ​ថា 11សូម្បីតែធូលីដី​ពី​ក្រុង​របស់​អ្នករាល់គ្នា​ដែល​ជាប់​នឹង​ជើង​របស់​យើង​ក៏​យើង​រលាស់​ចេញ​ឲ្យ​អ្នករាល់គ្នា​វិញ​ដែរ​ប៉ុន្ដែ​ចូរ​ដឹង​ការ​នេះ​ចុះ​ថា​នគរ​ព្រះជាម្ចាស់​បាន​មក​ជិតបង្កើយ​ហើយ។ 12ខ្ញុំប្រាប់​អ្នករាល់គ្នា​ថា​នៅ​ថ្ងៃ​នោះ​សម្រាប់​ក្រុង​សូដុម​ងាយទ្រាំ​ជាង​ក្រុង​នោះ​ទៅទៀត។ 13វេទនាដល់​អ្នក​ហើយ​ក្រុង​ខូរ៉ាស៊ីន​វេទនា​ដល់​អ្នក​ហើយ​ក្រុង​បេតសៃដា! ​ព្រោះ​ប្រសិន​បើ​ការ​អស្ចារ្យ​ដែល​បាន​សំដែង​ក្នុងចំណោម​អ្នករាល់គ្នា​បាន​សំដែង​នៅ​ក្រុង​ទីរ៉ុស​និង​ក្រុង​ស៊ីដូន​វិញ​នោះ​គេ​មុខជា​ប្រែចិត្ដ​តាំងពី​យូរ​ដោយ​ស្លៀក​សំពត់​ធ្មៃ​ទាំង​អង្គុយ​ក្នុង​ផេះ​មិនខាន 14ប៉ុន្ដែនៅ​ពេល​ជំនុំជម្រះ​ក្រុង​ទីរ៉ុស​និង​ស៊ីដូន​មុខជា​ងាយទ្រាំ​ជាង​អ្នករាល់គ្នា។ 15ឯអ្នក​វិញ​ក្រុង​កាពើណិម​អើយ! ​តើ​អ្នក​នឹង​ថ្កើង​ឡើង​ដល់​ស្ថានសួគ៌​ឬ? ​អ្នក​នឹង​ត្រូវ​ធ្លាក់​ចុះ​ដល់​ស្ថាន​នរក​មិនខាន។ 16អ្នកណា​ស្ដាប់​អ្នករាល់គ្នា​គឺ​ស្ដាប់​ខ្ញុំ​អ្នក​ណា​បដិសេធ​នឹង​អ្នករាល់គ្នា​គឺ​បដិសេធ​ខ្ញុំ​ហើយ​អ្នក​ណា​បដិសេធ​ខ្ញុំ​គឺ​បដិសេធ​ព្រះអង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ដែរ»។

ពួក​សិស្ស​ព្រះយេស៊ូត្រលប់​មក​វិញ​

17សិស្ស​ទាំង​ចិតសិប​នាក់​បាន​ត្រលប់​មក​វិញ​ដោយ​អំណរ​ទាំង​ទូល​ថា៖ ​«ព្រះអម្ចាស់​អើយ! ​សូម្បីតែ​ពួក​អារក្ស​ក៏​ចុះចូល​នឹង​យើង​ក្នុង​នាម​របស់​ព្រះអង្គ​ដែរ» 18ប៉ុន្ដែព្រះអង្គ​មានបន្ទូល​ទៅ​គេ​ថា៖ ​«ខ្ញុំ​ឃើញ​អារក្ស​សាតាំង​ធ្លាក់​ពី​ស្ថានសួគ៌​ដូច​ជា​ផ្លេក​បន្ទោរ 19មើល៍ខ្ញុំ​បាន​ឲ្យ​សិទ្ធិអំណាច​ដល់​អ្នករាល់គ្នា​ដើរ​ជាន់​សត្វ​ពស់​សត្វ​ខ្យាដំរី​និង​លើ​អំណាច​ទាំងអស់​របស់​ខ្មាំង​សត្រូវ​ហើយ​គ្មាន​អ្វី​អាច​ធ្វើទុក្ខ​អ្នករាល់គ្នា​បាន​ឡើយ 20ដូច្នេះចូរ​កុំ​អរ​សប្បាយ​នឹង​ការ​ដែល​ពួក​អារក្ស​ចុះចូល​នឹង​អ្នករាល់គ្នា​នោះឡើយ​តែ​ចូរ​អរសប្បាយ​ដោយ​ឈ្មោះ​របស់​អ្នករាល់គ្នា​ត្រូវ​បាន​កត់ទុក​ក្នុង​ស្ថានសួគ៌​វិញ»។

ព្រះយេស៊ូអធិស្ឋាន​អរ​ព្រះគុណ​

21នៅ​ពេល​នោះ​ព្រះអង្គ​មាន​អំណរ​ជាខ្លាំង​ដោយសារ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ព្រះអង្គ​ក៏​មានបន្ទូល​ថា៖ ​«ឱ​ព្រះ​វរបិតា​ជា​ម្ចាស់​ស្ថានសួគ៌​និង​ផែនដី​អើយ! ​ខ្ញុំ​សរសើរ​តម្កើង​ព្រះអង្គ​ព្រោះ​ព្រះអង្គ​បាន​លាក់​សេចក្ដី​ទាំងនេះ​ពី​មនុស្ស​មាន​ប្រាជ្ញា​និង​មនុស្ស​ឈ្លាសវៃ​តែ​បើកសំដែង​ដល់​ទារក​វិញ​មែន​ហើយ​ព្រះវរបិតា​អើយ! ​ដ្បិត​ព្រះអង្គ​សព្វ​ព្រះហឫទ័យ​នឹង​ការ​បែបនេះ​ណាស់។ 22ព្រះវរបិតារបស់​ខ្ញុំ​បាន​ប្រគល់​អ្វីៗ​ទាំងអស់​ឲ្យ​ខ្ញុំ​ហើយ​គ្មាន​អ្នក​ណា​ស្គាល់​ថា​ព្រះរាជបុត្រា​ជា​អ្នក​ណា​ទេ​ក្រៅពី​ព្រះវរបិតា​ហើយក៏​គ្មាន​អ្នក​ណា​ស្គាល់​ថា​ព្រះវរបិតា​ជា​អ្នក​ណា​ដែរ​ក្រៅពី​ព្រះរាជបុត្រា​និង​អស់​អ្នក​ដែល​ព្រះរាជបុត្រា​មាន​បំណង​បើកសំដែង​ឲ្យ​ស្គាល់​ប៉ុណ្ណោះ»។ 23បន្ទាប់មកព្រះអង្គ​ក៏​បែរ​ទៅ​ពួក​សិស្ស​ហើយ​មានបន្ទូល​ដោយឡែក​ថា៖ ​«មានពរ​ហើយ​ភ្នែក​ណា​ឃើញ​អ្វីៗ​ដែល​អ្នករាល់គ្នា​កំពុង​ឃើញ 24ដ្បិតខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា​អ្នកនាំព្រះបន្ទូល​និង​ស្ដេច​ជាច្រើន​ចង់​ឃើញ​អ្វីៗ​ដែល​អ្នករាល់គ្នា​កំពុង​ឃើញ​ហើយ​ចង់​ឮ​អ្វីៗ​ដែល​អ្នករាល់គ្នា​កំពុង​ឮ​ប៉ុន្ដែ​គេ​មិន​បាន​ឃើញ​និង​មិន​បាន​ឮ​ឡើយ»។

រឿង​​​ជនជាតិ​សាម៉ារី​ដ៏​សប្បុរស

25ក្រោយមក​មាន​អ្នក​ជំនាញ​ច្បាប់​ម្នាក់​បាន​ក្រោកឈរឡើង​ល្បង​ព្រះអង្គ​ថា៖ ​«លោកគ្រូ​តើ​ខ្ញុំ​គួរ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​នឹង​បាន​ជីវិត​អស់កល្ប​ជានិច្ច​ជាមរតក?» 26ព្រះអង្គក៏​មានបន្ទូល​ទៅ​គាត់​ថា៖ ​«តើ​ក្នុង​គម្ពីរវិន័យ​មាន​ចែង​ទុក​យ៉ាងដូចម្ដេច? ​តើ​អ្នក​អាន​យ៉ាងណាដែរ?» 27គាត់ក៏​ទូល​ថា៖ ​«អ្នក​ត្រូវ​ស្រលាញ់​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក​ឲ្យ​អស់​ពី​ចិត្ដ​អស់​ពី​ព្រលឹង​អស់​ពី​កម្លាំង​និង​អស់​ពី​គំនិត​របស់​អ្នក​ហើយ​ត្រូវ​ស្រលាញ់​អ្នក​ជិត​ខាង​របស់​អ្នក​ឲ្យ​ដូចជា​ខ្លួន​អ្នក»។ 28ព្រះអង្គក៏​មានបន្ទូល​ទៅ​គាត់​ថា៖ ​«អ្នក​ឆ្លើយ​ត្រូវណាស់​ចូរ​ប្រព្រឹត្ដ​ការ​នេះ​ចុះ​នោះ​អ្នក​នឹង​មានជីវិត​មិនខាន»។ 29ប៉ុន្ដែដោយ​ចង់​បញ្ជាក់ថា​ខ្លួន​គាត់​សុចរិត​គាត់​ក៏​សួរ​ព្រះ​យេស៊ូ​ថា៖ ​«តើ​អ្នកណា​ជា​អ្នក​ជិត​ខាង​របស់​ខ្ញុំ?» 30ជាការ​ឆ្លើយតប​វិញ​ព្រះ​យេស៊ូ​មានបន្ទូល​ថា៖ ​«មាន​បុរស​ម្នាក់​មក​ពី​ក្រុង​យេរូសាឡិម​ចុះ​ទៅ​ក្រុង​យេរីខូរ​ហើយ​គាត់​បាន​ជួប​ពួក​ចោរប្លន់​ដែល​បាន​ប្លន់យក​អាវ​របស់​គាត់​ព្រមទាំង​បាន​វាយ​គាត់​ឲ្យរង​របួស​ជិតស្លាប់​រួច​ក៏​ទុក​គាត់​ចោល​ហើយ​ចេញ​បាត់​ទៅ។ 31ជួនជាមាន​សង្ឃ​ម្នាក់​ចុះ​មក​តាម​ផ្លូវ​នោះ​ពេល​ឃើញ​បុរសនោះ​គាត់​ក៏​ចៀសទៅម្ខាង​បង្ហួសទៅ។ 32អ្នកខាងអំបូរ​លេវី​ម្នាក់​បាន​មក​ដល់​កន្លែង​កើតហេតុ​ហើយ​ធ្វើ​ដូចគ្នា​គឺ​ពេល​គាត់​ឃើញ​បុរស​នោះ​គាត់​ក៏​ចៀសទៅម្ខាង​បង្ហួសទៅ 33ប៉ុន្ដែជនជាតិ​សាម៉ារី​ម្នាក់​បាន​ធ្វើដំណើរ​មក​ដល់​ពេល​គាត់​ឃើញ​បុរសនោះ​ក៏​មាន​សេចក្ដី​អាណិតអាសូរ 34រួចក៏​ចូលមកជិត​ហើយ​រុំ​របួស​ឲ្យ​បុរសនោះ​ដោយ​ចាក់​ប្រេង​និង​ស្រា​ពីលើ​ហើយ​បាន​បញ្ជិះ​បុរសនោះ​លើ​សត្វ​របស់​គាត់​នាំ​ទៅ​ផ្ទះសំណាក់​ដើម្បី​មើលថែ។ 35នៅថ្ងៃបន្ទាប់​គាត់​បាន​ដក​ប្រាក់​ពីរ​ឌេណារី​ឲ្យ​ម្ចាស់​ផ្ទះសំណាក់​និង​បាន​ប្រាប់​ថា​សូម​មើលថែ​គាត់​ផង​ហើយ​អ្វី​ក៏ដោយ​ដែល​អ្នក​ចាយលើស​នេះ​ខ្ញុំ​នឹង​សង​ដល់​អ្នក​នៅ​ពេល​ខ្ញុំ​ត្រលប់​មក​វិញ។ 36ក្នុងចំណោមអ្នក​ទាំង​បី​នេះ​តើ​អ្នក​គិត​ថា​ម្នាក់​ណា​គួរ​ក្លាយជា​អ្នក​ជិត​ខាង​របស់​បុរស​ម្នាក់​ដែល​បាន​ជួប​ពួក​ចោរប្លន់​នោះ?» 37អ្នកជំនាញច្បាប់នោះ​បាន​ទូល​ថា៖ ​«គឺ​ម្នាក់​ដែល​បាន​បង្ហាញ​សេចក្ដី​មេត្ដាករុណា​ដល់​បុរសនោះ» ​ព្រះ​យេស៊ូ​ក៏​មានបន្ទូល​ទៅ​គាត់​វិញ​ថា៖ ​«ចូរ​អ្នក​ទៅ​ហើយ​ប្រព្រឹត្ដ​ដូច្នោះ​ដែរ​ចុះ»។

ព្រះយេស៊ូមករក​​​នាង​ម៉ាថា​ និងនាង​ម៉ារា​

38កាល​ពួកគេ​កំពុង​ធ្វើដំណើរ​ទៅ​ព្រះអង្គ​បាន​យាង​ចូលទៅ​ក្នុង​ភូមិ​មួយ​ហើយ​មាន​ស្ដ្រី​ម្នាក់​ឈ្មោះ​ម៉ាថា​បាន​ទទួល​ព្រះអង្គ 39នាងមាន​ប្អូនស្រី​ម្នាក់​ទៀត​ដែរ​ឈ្មោះ​ម៉ារា​ដែល​កំពុង​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះអង្គ​ដោយ​អង្គុយ​នៅទៀប​បាទា​ព្រះអម្ចាស់។ 40ឯនាង​ម៉ាថា​វិញ​កំពុង​វក់វី​នឹង​ការបម្រើ​ជាច្រើន​នាង​ក៏​ចូល​មក​ទូល​ថា៖ ​«ព្រះអម្ចាស់​អើយ! ​តើ​ព្រះអង្គ​មិន​អើពើ​ទេឬ​ដែល​ប្អូនស្រី​ខ្ញុំ​ទុក​ឲ្យ​ខ្ញុំ​បម្រើ​តែម្នាក់ឯង? ​សូម​ប្រាប់​នាង​ឲ្យ​ជួយ​ខ្ញុំ​ផង» 41ប៉ុន្ដែព្រះអម្ចាស់​មានបន្ទូល​ឆ្លើយ​ទៅ​នាង​ថា៖ ​«ម៉ាថា​អើយ! ​ម៉ាថា​អ្នក​ព្រួយ​ខ្វល់ខ្វាយ​ពី​កិច្ចការ​ច្រើន​ម្ល៉េះ 42គឺមាន​កិច្ចការ​មួយ​ដែល​ចាំបាច់​ឯ​ម៉ារា​វិញ​ជ្រើសរើស​ចំណែក​ដ៏​ល្អ​នោះ​ហើយ​មិន​គួរ​ដកយក​ពី​នាង​ឡើយ»។
Copyright information for KhmKCB