‏ Luke 11

ព្រះយេស៊ូបង្រៀនអំពីការអធិស្ឋាន

1ថ្ងៃមួយ​កាល​ព្រះយេស៊ូ​កំពុង​អធិស្ឋាន​នៅ​កន្លែង​មួយ​ហើយ​ពេល​អធិស្ឋាន​ចប់​សិស្ស​ម្នាក់​ក្នុងចំណោម​សិស្ស​របស់​ព្រះអង្គ​ទូល​ព្រះអង្គ​ថា៖ ​«ព្រះអម្ចាស់​អើយ! ​សូម​បង្រៀន​យើង​ឲ្យ​ចេះ​អធិស្ឋាន​ដូចជា​លោក​យ៉ូហាន​បាន​បង្រៀន​ពួក​សិស្ស​របស់​គាត់​ដែរ»។ 2ព្រះអង្គក៏​មានបន្ទូល​ទៅ​ពួកគេ​ថា៖ ​«នៅពេល​អ្នករាល់គ្នា​អធិស្ឋាន​ចូរ​និយាយ​ថា​ឱ​ព្រះវរបិតា​អើយ! ​សូមឲ្យ​ព្រះនាម​របស់​ព្រះអង្គ​បាន​បរិសុទ្ធ​សូមឲ្យ​រាជ្យ​របស់​ព្រះអង្គ​បាន​មកដល់។ 3សូមប្រទាន​អាហារ​ប្រចាំថ្ងៃ​ដល់​យើងខ្ញុំ​ជារៀងរាល់​ថ្ងៃ។ 4សូមលើកលែងទោស​បាប​របស់​យើងខ្ញុំ​ដ្បិត​យើងខ្ញុំ​ក៏​បាន​លើកលែងទោស​ដល់​អស់​អ្នក​ដែល​ធ្វើខុស​នឹង​យើងខ្ញុំ​ដែរ​ហើយ​កុំ​បណ្ដោយ​ឲ្យ​យើងខ្ញុំ​ទៅក្នុង​សេចក្ដីល្បួង​ឡើយ»។ 5ព្រះអង្គក៏​មានបន្ទូល​ទៅ​ពួកគេ​ទៀត​ថា៖ ​«សន្មតថា​ក្នុងចំណោម​អ្នករាល់គ្នា​បើអ្នកណា​ម្នាក់​មាន​សម្លាញ់​ហើយ​អ្នកនោះ​បាន​មក​រក​សម្លាញ់​របស់ខ្លួន​ទាំង​កណ្ដាល​អធ្រាត្រ​និង​បាន​និយាយ​ថា​សម្លាញ់​អើយ! ​ឲ្យ​ខ្ញុំ​ខ្ចី​នំប៉័ង​បី​ដុំ​មក 6ដ្បិតសម្លាញ់​ខ្ញុំ​ម្នាក់​បាន​ធ្វើដំណើរ​មក​លេង​ខ្ញុំ​ហើយ​ខ្ញុំ​គ្មាន​អ្វី​រៀបចំទទួល​គាត់​ទេ។ 7សម្លាញ់នោះក៏​តប​ពីខាង​ក្នុងមក​វិញ​ថា​កុំ​រំខាន​ខ្ញុំ​អី​ទ្វារ​ក៏​បាន​បិទ​រួចហើយ​ឯ​កូនៗ​របស់​ខ្ញុំ​នៅ​លើ​គ្រែ​ជាមួយ​ខ្ញុំ​ដែរ​ខ្ញុំ​មិន​អាច​ក្រោក​យក​អ្វី​ឲ្យ​អ្នក​បាន​ទេ។ 8ខ្ញុំប្រាប់​អ្នករាល់គ្នា​ថា​ទោះបីជា​អ្នកនោះ​មិន​ក្រោកឡើង​យក​អ្វី​ឲ្យ​គាត់​ដោយព្រោះ​គាត់​ជា​សម្លាញ់​នឹងគ្នា​ក៏ដោយ​ក៏គង់តែ​អ្នកនោះ​ក្រោកឡើង​យក​ឲ្យ​គាត់​តាម​សេចក្ដីត្រូវការ​ដោយព្រោះ​ការ​ទទូចសុំ​របស់​គាត់​ដែរ។ 9ដូច្នេះខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា​ចូរ​សុំ​នោះ​អ្នករាល់គ្នា​នឹង​បាន​ទទួល​ចូរ​រក​នោះ​អ្នករាល់គ្នា​នឹង​រកឃើញ​ចូរ​គោះ​នោះ​នឹង​បើក​ឲ្យ​អ្នករាល់គ្នា។ 10ដ្បិតអ្នក​ណា​សុំ​នោះ​បាន​ទទួល​អ្នក​ណា​រក​នោះ​បានឃើញ​ហើយ​អ្នក​ណា​គោះ​នោះ​នឹង​បើក​ឲ្យ 11តើមាន​ឪពុក​ណា​ក្នុងចំណោម​អ្នករាល់គ្នា​ឲ្យ​ពស់វែក​ដល់​កូន​ពេល​កូន​សុំ​ត្រី​ដែរឬទេ? 12ឬឲ្យ​ខ្យាដំរី​ដល់​កូន​ពេល​កូន​សុំ​ពងមាន់​ដែរ​ឬទេ? 13ដូច្នេះបើ​អ្នករាល់គ្នា​ជា​មនុស្ស​អាក្រក់​ចេះ​ឲ្យ​អំណោយ​ល្អៗ​ដល់​កូន​នោះ​ព្រះវរបិតា​របស់​អ្នករាល់គ្នា​ដែល​នៅ​ស្ថានសួគ៌​នឹង​ប្រទាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដល់​អ្នក​ដែល​សុំ​ពី​ព្រះអង្គ​លើសជាង​នេះ​ទៅទៀត!»

ព្រះយេស៊ូ និងអារក្ស​បេលសេ​ប៊ូល​

14ព្រះយេស៊ូ​កំពុង​បណ្ដេញ​អារក្ស​ដែល​បាន​ធ្វើឲ្យ​មនុស្ស​គ​ពេល​វា​ចេញ​ហើយ​មនុស្សគ​នោះ​ក៏​អាច​និយាយ​បាន​វិញ​ហើយ​បណ្ដាជន​នឹកអស្ចារ្យ 15ប៉ុន្ដែមាន​អ្នក​ខ្លះ​ក្នុងចំណោម​ពួកគេ​និយាយ​ថា៖ ​«អ្នកនេះ​បណ្ដេញ​ពួក​អារក្ស​ដោយសារ​មេ​អារក្ស​បេលសេប៊ូល​ទេតើ» 16អ្នកខ្លះទៀត​ល្បងល​ព្រះអង្គ​ដោយ​រក​ទីសំគាល់​នៃ​ស្ថានសួគ៌​ពី​ព្រះអង្គ 17ប៉ុន្ដែកាល​ព្រះអង្គ​ដឹង​ពី​គំនិត​របស់​ពួកគេ​ព្រះអង្គ​មានបន្ទូល​ទៅ​ពួកគេ​ថា៖ ​«នគរ​ណា​បែកបាក់​គ្នា​នោះ​វិនាស​ហើយ​ឯ​គ្រួសារ​ណា​បែកបាក់​គ្នា​នោះ​ដួលរលំ​ហើយ 18បើអារក្ស​សាតាំង​បែកបាក់​គ្នា​វា​តើ​នគរ​របស់​ពួកវា​នឹង​ស្ថិតស្ថេរ​យ៉ាង​ដូចម្ដេច​បាន? ​ដ្បិត​អ្នករាល់គ្នា​និយាយ​ថា​ខ្ញុំ​បណ្ដេញ​ពួក​អារក្ស​ដោយសារ​អារក្ស​បេលសេប៊ូល 19ហើយបើ​ខ្ញុំ​បណ្ដេញ​ពួក​អារក្ស​ដោយ​អារក្ស​បេលសេប៊ូល​មែន​តើ​កូនចៅ​របស់​អ្នករាល់គ្នា​បណ្ដេញ​ពួកវា​ដោយសារ​អ្នកណា? ​ដូច្នេះ​ពួកគេ​នឹង​ត្រលប់ជា​ចៅក្រម​របស់​អ្នករាល់គ្នា 20ប៉ុន្ដែបើ​ខ្ញុំ​បណ្ដេញ​ពួក​អារក្ស​ដោយ​អំណាច​របស់​ព្រះជាម្ចាស់​នោះ​នគរ​ព្រះជាម្ចាស់​បាន​មក​ដល់​អ្នករាល់គ្នា​ហើយ។ 21នៅពេលមនុស្ស​ខ្លាំង​ប្រដាប់​អាវុធ​យាម​ផ្ទះ​របស់​គាត់​នោះ​ទ្រព្យសម្បត្ដិ​របស់​គាត់​មុខជា​គង់វង្ស។ 22ប៉ុន្ដែនៅពេល​មនុស្ស​ខ្លាំង​ជាង​គាត់​មក​យកឈ្នះ​លើ​គាត់​អ្នកនោះ​នឹង​ដកយក​អាវុធ​ជា​ទីទុកចិត្ដ​របស់​គាត់​ចេញ​រួច​ក៏​យក​របស់​ដែល​ប្លន់បាន​ទៅ​ចែកគ្នា​ទៀតផង។ 23អ្នកដែល​មិន​នៅ​ខាង​ខ្ញុំ​អ្នកនោះ​ប្រឆាំង​នឹង​ខ្ញុំ​អ្នក​ដែល​មិន​ប្រមូល​ជាមួយ​ខ្ញុំ​អ្នកនោះ​កំចាត់កំចាយ​ហើយ។ 24ពេលវិញ្ញាណ​អាក្រក់​ចេញ​ពី​មនុស្ស​ម្នាក់​វា​ក៏​ទៅ​ស្វែងរក​កន្លែង​សម្រាក​នៅ​ទី​ហួតហែង​ប៉ុន្ដែ​រក​មិន​បាន​នោះ​វា​និយាយ​ថា​អញ​នឹង​ត្រលប់​ទៅ​ផ្ទះ​របស់​អញ​ដែល​អញ​បាន​ចេញមក​នោះ​វិញ 25ហើយពេល​មកដល់​វា​ក៏​ឃើញ​ថា​ផ្ទះនោះ​បោស​ស្អាត​ទាំង​មានរបៀប​ផង 26នោះវា​ក៏​ទៅ​នាំ​វិញ្ញាណ​ប្រាំពីរ​ទៀត​ដែល​អាក្រក់​ជាង​វា​ចូល​ទៅ​នៅ​ទីនោះ​ដូច្នេះ​ស្ថានភាព​ក្រោយ​របស់​មនុស្ស​នេះ​នឹង​អាក្រក់​ជាង​មុន​ទៅទៀត»។ 27នៅពេល​ព្រះអង្គ​កំពុង​មានបន្ទូល​ពី​សេចក្ដី​ទាំងនេះ​មាន​ស្ដ្រី​ម្នាក់​បន្លឺសំឡេង​ពីក្នុង​ចំណោម​បណ្ដាជន​ទូល​ទៅ​ព្រះអង្គ​ថា៖ ​«មានពរ​ហើយ​ម្ដាយ​ណា​ដែល​បាន​បង្កើត​អ្នក​និង​បាន​បំបៅ​អ្នក»។ 28ប៉ុន្ដែព្រះអង្គ​មានបន្ទូល​ថា៖ ​«គឺ​អស់​អ្នក​ដែល​ឮ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ហើយ​កាន់តាម​ទេតើ​ដែល​មានពរ»។

ទីសំគាល់​នៃ​លោកយ៉ូណាស​​

29កាល​បណ្ដាជន​កំពុង​ជួបជុំគ្នា​ច្រើនឡើងៗ​ព្រះអង្គ​ចាប់ផ្ដើម​មានបន្ទូល​ថា៖ ​«ជំនាន់​នេះ​ជា​ជំនាន់​អាក្រក់​ណាស់​គេ​ស្វែងរក​តែ​ទីសំគាល់​ទេ​ប៉ុន្ដែ​គ្មាន​ទីសំគាល់​ណា​ប្រទាន​ឲ្យ​មនុស្ស​ជំនាន់នេះ​ទេ​ក្រៅពី​ទីសំគាល់​លោក​យ៉ូណាស 30ដ្បិតលោក​យ៉ូណាស​បាន​ត្រលប់ជា​ទីសំគាល់​មួយ​ដល់​អ្នកក្រុង​នីនីវេ​ជា​យ៉ាងណា​កូន​មនុស្ស​ក៏​នឹង​ត្រលប់ជា​ទីសំគាល់​មួយ​ដល់​ជំនាន់​នេះ​ជាយ៉ាងនោះ​ដែរ។ 31នៅគ្រា​ជំនុំ​ជម្រះ​ម្ចាស់ក្សត្រី​ភាគ​ខាងត្បូង​នឹង​ក្រោកឡើង​ជាមួយ​នឹង​មនុស្ស​ជំនាន់​នេះ​រួច​ដាក់ទោស​ដល់​ជំនាន់នេះ​ដ្បិត​ព្រះនាង​បាន​មក​ពី​ចុងបំផុត​នៃ​ផែនដី​ដើម្បី​ស្ដាប់​ប្រាជ្ញា​របស់​ស្ដេច​សាឡូម៉ូន​តែ​ម្នាក់​ដែល​វិសេសជាង​ស្ដេច​សាឡូម៉ូន​នៅទីនេះ​ស្រាប់​ហើយ។ 32នៅគ្រា​ជំនុំ​ជម្រះ​អ្នក​ក្រុង​នីនីវេ​នឹង​ក្រោកឡើង​ជាមួយ​មនុស្ស​ជំនាន់​នេះ​រួច​ដាក់ទោស​ដល់​ជំនាន់នេះ​ព្រោះ​គេ​បាន​ប្រែចិត្ដ​ពេល​ឮ​សេចក្ដី​ប្រកាស​របស់​លោក​យ៉ូណាស​ប៉ុន្ដែ​ម្នាក់​ដែល​វិសេស​ជាង​លោក​យ៉ូណាស​នៅទីនេះ​ស្រាប់​ហើយ។

ការ​ទទួល​យក​ពន្លឺ​

33គ្មាន​អ្នកណា​អុជ​ចង្កៀង​ដាក់​នៅ​ទីកំបាំង​ឬ​នៅក្រោម​ថាំង​ទេ​គឺ​ដាក់​នៅលើ​ជើងចង្កៀង​វិញ​ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ចូលមក​អាច​មើលឃើញ​ពន្លឺ​នោះ។ 34ភ្នែកជា​ចង្កៀង​នៃ​រូបកាយ​ដូច្នេះ​បើ​ភ្នែក​របស់​អ្នក​ភ្លឺ​ល្អ​នោះ​រូបកាយ​របស់​អ្នក​ទាំងមូល​នឹង​ភ្លឺ​ប៉ុន្ដែ​ពេល​ភ្នែក​របស់​អ្នក​មិនល្អ​នោះ​រូបកាយ​របស់​អ្នក​នឹង​ត្រលប់​ជា​ងងឹត​សូន្យសុង។ 35ដូច្នេះចូរ​ពិចារណា​ចុះ​ដើម្បី​កុំ​ឲ្យ​ពន្លឺ​នៅក្នុង​អ្នក​ប្រែ​ជា​សេចក្ដីងងឹត 36ហើយបើ​រូបកាយ​ទាំងមូល​របស់​អ្នក​ភ្លឺ​ឥត​មាន​ងងឹត​ត្រង់​ណា​សោះ​នោះ​រូបកាយ​ទាំងមូល​ក៏​ភ្លឺ​ដូចជា​នៅពេល​ដែល​ពន្លឺ​ចង្កៀង​បំភ្លឺ​អ្នក​ដែរ»។

ព្រះយេស៊ូរិះគន់​ពួក​មេ​ដឹកនាំ​សាសនា​

37ពេល​ព្រះអង្គ​កំពុង​មានបន្ទូល​មាន​អ្នកខាង​គណៈ​ផារិស៊ី​ម្នាក់​បាន​ទូល​សូម​ឲ្យ​ព្រះអង្គ​បរិភោគ​អាហារ​ជាមួយ​គាត់​ព្រះអង្គ​ក៏​ចូល​ទៅ​អង្គុយ​នៅ​តុអាហារ។ 38ពេលអ្នកខាងគណៈផារិស៊ី​នោះ​ឃើញ​ដូច្នេះ​គាត់​ក៏​ងឿងឆ្ងល់​ដែល​ព្រះអង្គ​មិន​បាន​ធ្វើ​ពិធី​លាងសំអាត​នៅមុន​ពេល​បរិភោគ​អាហារ។ 39ប៉ុន្ដែព្រះអម្ចាស់​មានបន្ទូល​ទៅ​គាត់​ថា៖ ​«អ្នករាល់គ្នា​ជា​អ្នកខាងគណៈផារិស៊ី​សំអាត​ពែង​និង​ចាន​តែ​ខាងក្រៅ​ប៉ុន្ដែ​ខាងក្នុង​អ្នករាល់គ្នា​វិញ​ពេញ​ដោយ​សេចក្ដី​លោភលន់​និង​សេចក្ដី​អាក្រក់។ 40ពួកមនុស្ស​ល្ងង់​អើយ! ​ព្រះ​ដែល​បាន​បង្កើត​ខាងក្រៅ​តើ​ព្រះអង្គ​មិន​បង្កើត​ខាងក្នុង​ដែរ​ទេ​ឬ? 41ដូច្នេះចូរ​យក​របស់​នៅខាងក្នុង​មក​ចែក​ទាន​នោះ​របស់​ទាំងអស់​នឹង​ស្អាត​សម្រាប់​អ្នករាល់គ្នា។ 42វេទនាដល់​អ្នករាល់គ្នា​ហើយ​ពួក​អ្នកខាងគណៈផារិស៊ី​ដ្បិត​អ្នករាល់គ្នា​ថ្វាយ​តង្វាយ​មួយ​ភាគ​ដប់​ជា​ជីរអង្កាម​រមៀត​និង​បន្លែ​គ្រប់​មុខ​ប៉ុន្ដែ​អ្នករាល់គ្នា​ល្មើស​លើ​សេចក្ដី​យុត្ដិធម៌​និង​សេចក្ដី​ស្រលាញ់​របស់​ព្រះជាម្ចាស់។ ​អ្នករាល់គ្នា​ត្រូវ​ប្រព្រឹត្ដ​តាម​សេចក្ដី​ទាំងនេះ​សេចក្ដីទាំងនេះ​ចាំបាច់​ត្រូវតែ​ធ្វើ​ហើយ​ក៏​មិន​ត្រូវ​ល្មើស​នឹង​សេចក្ដី​ទាំងនេះ​ដែរ។ 43វេទនាដល់​អ្នករាល់គ្នា​ហើយ​ពួក​អ្នកខាងគណៈផារិស៊ី​អើយ​ដ្បិត​អ្នករាល់គ្នា​ចូលចិត្ត​អង្គុយ​មុខគេ​ក្នុង​សាលាប្រជុំ​ហើយ​ចូលចិត្ត​ឲ្យ​គេ​គោរព​នៅ​តាម​ទីប្រជុំជន។ 44វេទនាដល់​អ្នករាល់គ្នា​ហើយ​ដ្បិត​អ្នករាល់គ្នា​ប្រៀបដូច​ជា​ផ្នូរ​ដែល​គេ​មើល​មិនដឹង​ហើយ​មនុស្ស​ក៏​ដើរ​ជាន់​លើ​ដោយ​មិន​ដឹងខ្លួន» 45មានម្នាក់​ក្នុងចំណោម​ពួក​អ្នកជំនាញច្បាប់​បាន​ទូល​តប​ទៅ​ព្រះអង្គ​ថា៖ ​«លោកគ្រូ​លោក​និយាយ​សេចក្ដី​ទាំងនេះ​គឺ​លោក​ត្មះតិះដៀល​យើង​ដែរ» 46ប៉ុន្ដែព្រះអង្គ​មានបន្ទូល​ថា៖ ​«វេទនា​ដល់​អ្នករាល់គ្នា​ដែរ​ពួក​អ្នកជំនាញច្បាប់​ដ្បិត​អ្នករាល់គ្នា​ដាក់​បន្ទុកធ្ងន់​ដែល​ពិបាក​ធ្វើតាម​លើ​មនុស្ស​ប៉ុន្ដែ​អ្នករាល់គ្នា​វិញ​មិន​បាន​យក​ម្រាមដៃ​ណា​មួយ​មក​ប៉ះ​បន្ទុក​ទាំងនេះ​សោះឡើយ។ 47វេទនាដល់​អ្នករាល់គ្នា​ហើយ​ដ្បិត​អ្នករាល់គ្នា​សង់​ស្ដូប​របស់​ពួក​អ្នកនាំព្រះបន្ទូល​ដែល​ដូនតា​របស់​អ្នករាល់គ្នា​បាន​សម្លាប់។ 48ដូច្នេះអ្នករាល់គ្នា​ជា​សាក្សី​ហើយ​អ្នករាល់គ្នា​ក៏​យល់ស្រប​នឹង​អំពើ​របស់​ដូនតា​អ្នករាល់គ្នា​ដែរ​គឺ​ដូនតា​របស់​អ្នករាល់គ្នា​បាន​សម្លាប់​ពួកគេ​ឯ​អ្នករាល់គ្នា​វិញ​សង់​ស្ដូប​ឲ្យ​ពួកគេ។ 49ដូច្នេះហើយ​ព្រះជាម្ចាស់​ក៏​បាន​មានបន្ទូល​ដោយ​ព្រះប្រាជ្ញាញាណ​ថា​យើង​នឹង​ចាត់​ពួក​អ្នកនាំព្រះបន្ទូល​និង​ពួក​សាវក​ឲ្យទៅ​ឯ​ពួកគេ​ប៉ុន្ដែ​ពួកគេ​នឹង​សម្លាប់​ហើយ​បៀតបៀន​អ្នកខ្លះ​ក្នុងចំណោម​អ្នកទាំងនោះ 50ដើម្បីឲ្យ​ឈាម​ពួក​អ្នកនាំព្រះបន្ទូល​ទាំងអស់​ដែល​ត្រូវ​បាន​កម្ចាយ​តាំងពី​ដើមកំណើត​ពិភពលោក​មក​ត្រូវ​ទារ​ពី​ជំនាន់​នេះ​វិញ 51គឺចាប់ពី​ឈាម​របស់​លោក​អេបិល​រហូតដល់​ឈាម​របស់​លោក​សាការី​ដែល​ត្រូវ​បាន​សម្លាប់​នៅចន្លោះ​កន្លែងថ្វាយតង្វាយ​និង​ដំណាក់​របស់​ព្រះជាម្ចាស់។ ​មែនហើយ​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា​ឈាម​ទាំងនោះ​នឹង​ត្រូវ​ទារ​ពី​ជំនាន់​នេះ​វិញ។ 52វេទនាដល់​អ្នករាល់គ្នា​ហើយ​ពួក​អ្នកជំនាញច្បាប់​ដ្បិត​អ្នករាល់គ្នា​បាន​ដកយក​កូនសោរ​នៃ​ចំណេះដឹង​រួច​អ្នករាល់គ្នា​មិន​ចូល​ទេ​ថែម​ទាំង​រារាំង​អ្នក​ដែល​កំពុង​ចូល​ទៀត​ផង»។ 53ពេលព្រះអង្គ​យាងចេញ​ពីទីនោះ​ពួក​គ្រូវិន័យ​និង​ពួក​អ្នកខាងគណៈផារិស៊ី​បាន​ចាប់ផ្ដើម​ជំទាស់​នឹង​ព្រះអង្គ​យ៉ាងខ្លាំង​ទាំង​សួរ​ដេញដោល​ព្រះអង្គ​អំពី​ការ​ជាច្រើន 54ហើយលប​ចាប់​កំហុស​នូវ​អ្វី​ដែល​ព្រះអង្គ​មានបន្ទូល។
Copyright information for KhmKCB