‏ Luke 12

ការ​ព្រមាន​អំពីពុតត្បុត​ខាង​​ជំនឿ​

1ពេល​បណ្ដាជន​រាប់ពាន់​នាក់​បាន​ប្រជុំគ្នា​ស្ទើរតែ​ជាន់​គ្នា​ព្រះអង្គ​ចាប់ផ្ដើម​មានបន្ទូល​ទៅ​ពួក​សិស្ស​របស់​ព្រះអង្គ​ជាមុន​ថា៖ ​«ចូរ​ប្រុងប្រយ័ត្ន​នឹង​មេនំប៉័ង​របស់​ពួក​អ្នកខាងគណៈផារិស៊ី​ដែល​ជា​សេចក្ដី​ពុតត្បុត​របស់​ពួកគេ 2គ្មានការ​លាក់កំបាំង​ណា​ដែល​មិន​បាន​បើកសំដែង​ឲ្យ​ឃើញ​នោះឡើយ​ហើយ​ក៏​គ្មាន​អាថ៌កំបាំង​អ្វី​ដែល​មិន​បានឲ្យ​គេ​ដឹង​ដែរ។ 3ដូច្នេះអ្វីៗ​ដែល​អ្នករាល់គ្នា​បាន​និយាយ​ក្នុង​ទីងងឹត​នឹង​ត្រូវ​គេ​ឮ​នៅ​ទីភ្លឺ​ហើយ​អ្វីៗ​ដែល​អ្នករាល់គ្នា​បាន​ខ្សឹប​នៅក្នុង​បន្ទប់ស្ងាត់​នឹង​ត្រូវ​ប្រកាស​នៅលើ​ដំបូលផ្ទះ។

ចូរ​កោត​ខ្លាច​ព្រះជាម្ចាស់

4សម្លាញ់​របស់​ខ្ញុំ​អើយ! ​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា​ចូរ​កុំ​ខ្លាច​អ្នក​ដែល​សម្លាប់​បាន​តែ​រូបកាយ​ហើយ​ក្រោយពី​នោះ​មក​មិន​អាច​ធ្វើ​អ្វី​កើត​ទៀត 5ប៉ុន្ដែខ្ញុំ​នឹង​បង្ហាញ​ដល់​អ្នករាល់គ្នា​ថា​អ្នក​ណា​ដែល​អ្នករាល់គ្នា​គួរ​ខ្លាច​គឺ​ត្រូវ​ខ្លាច​ព្រះ​មួយអង្គ​ដែល​មាន​សិទ្ធិអំណាច​សម្លាប់​និង​ក្រោយមក​បោះចូលទៅ​ក្នុង​ស្ថាននរក​មែនហើយ​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា​ចូរ​ខ្លាច​ព្រះ​មួយអង្គ​នេះ​ចុះ! 6តើចាប​ប្រាំ​មិនមែន​ថ្លៃ​ពីរ​សេន​ទេ​ឬ? ​ប៉ុន្ដែ​គ្មាន​ចាប​ណា​មួយ​ដែល​ព្រះជាម្ចាស់​មើលរំលង​ឡើយ 7ហើយសូម្បីតែ​សក់​ក្បាល​របស់​អ្នករាល់គ្នា​ក៏​ព្រះអង្គ​ដឹងចំនួន​ទាំងអស់​ដែរ​ដូច្នេះ​ចូរ​កុំ​ខ្លាច​អី​ដ្បិត​អ្នករាល់គ្នា​មានតម្លៃ​លើស​ចាប​ទៅទៀត។ 8ខ្ញុំប្រាប់​អ្នករាល់គ្នា​ថា​អ្នកណា​ក៏ដោយ​ដែល​ទទួលស្គាល់​ខ្ញុំ​នៅចំពោះមុខ​មនុស្ស​កូន​មនុស្ស​នឹង​ទទួលស្គាល់​អ្នកនោះ​វិញ​នៅចំពោះមុខ​ពួក​ទេវតា​របស់​ព្រះជាម្ចាស់​ដែរ 9ហើយអ្នក​ណា​ដែល​បដិសេធ​ខ្ញុំ​នៅមុខ​មនុស្ស​អ្នកនោះ​នឹង​ត្រូវ​បដិសេធ​វិញ​នៅចំពោះមុខ​ពួក​ទេវតា​របស់​ព្រះជាម្ចាស់។ 10អ្នកណា​ដែល​ពោល​ពាក្យ​ទាស់នឹង​កូន​មនុស្ស​នោះ​អាច​លើកលែងទោស​ឲ្យបាន​តែ​អ្នក​ណា​ប្រមាថ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​នោះ​មិន​អាច​លើកលែងទោស​ឲ្យបាន​ទេ។ 11ពេលពួកគេ​នាំ​អ្នករាល់គ្នា​ទៅ​ក្នុង​សាលាប្រជុំ​នៅចំពោះមុខ​ពួក​អ្នកគ្រប់គ្រង​និង​ពួក​អាជ្ញាធរ​ចូរ​កុំ​ព្រួយបារម្ភ​ថា​ត្រូវ​ឆ្លើយ​យ៉ាង​ដូចម្ដេច​ឬ​និយាយ​អ្វី​ឡើយ 12ពីព្រោះព្រះ​វិញ្ញាណ​បរិសុទ្ធ​នឹង​បង្រៀន​អ្នករាល់គ្នា​នៅ​ពេល​នោះ​អំពី​អ្វី​ដែល​ត្រូវ​និយាយ»។

រឿង​អ្នកមាន​ដ៏​សែន​ល្ងង់​

13មាន​មនុស្ស​ម្នាក់​ពីក្នុង​ចំណោម​បណ្ដាជន​បាន​ទូល​ទៅ​ព្រះអង្គ​ថា៖ ​«លោកគ្រូ​សូម​លោក​ប្រាប់​បង​ប្រុស​របស់​ខ្ញុំ​ឲ្យ​ចែក​មរតក​ដល់​ខ្ញុំ​ផង» 14ព្រះអង្គក៏​មានបន្ទូល​ទៅ​គាត់​ថា៖ ​«អ្នក​អើយ! ​តើ​អ្នក​ណា​តែងតាំង​ខ្ញុំ​ឲ្យ​ធ្វើ​ជា​ចៅក្រម​ឬ​ជា​អាជ្ញាកណ្ដាល​របស់​ពួកអ្នក?» 15រួចព្រះអង្គ​ក៏​មានបន្ទូល​ទៅ​ពួកគេ​ថា៖ ​«ចូរ​យកចិត្ដ​ទុកដាក់​ហើយ​ប្រុងប្រយ័ត្ន​ចំពោះ​សេចក្ដី​លោភលន់​ទាំងអស់​ព្រោះ​ជីវិត​របស់​មនុស្ស​មិន​ស្ថិត​លើ​ការ​មាន​ទ្រព្យ​សម្បត្ដិ​ដ៏​ហូរហៀរ​របស់​ខ្លួន​ទេ»។ 16ព្រះអង្គក៏​មានបន្ទូល​ជា​រឿងប្រៀបប្រដូច​មួយ​ទៅ​ពួកគេ​ថា៖ ​«បុរស​អ្នក​មាន​ម្នាក់​មាន​ចម្ការ​មួយ​ដែល​ឲ្យផលយ៉ាងច្រើន 17ហើយគាត់​បាន​គិត​ក្នុង​ចិត្ដ​ថា​តើ​ខ្ញុំ​គួរ​ធ្វើ​យ៉ាងដូចម្ដេច​ព្រោះ​ខ្ញុំ​គ្មាន​កន្លែង​ទុក​ផល​របស់​ខ្ញុំ? 18រួចគាត់​និយាយ​ថា​ខ្ញុំ​នឹង​ធ្វើ​បែប​នេះ​គឺ​ខ្ញុំ​នឹង​រុះ​ជង្រុក​ខ្ញុំ​ចោល​ហើយ​សង់​មួយទៀត​ធំជាង​នេះ​ខ្ញុំ​នឹង​ទុក​ផល​ស្រូវ​និង​របស់ទ្រព្យ​ទាំងអស់​របស់​ខ្ញុំ​នៅទីនោះ 19រួចខ្ញុំ​នឹង​ប្រាប់​ជីវិត​របស់​ខ្ញុំ​ថា​ឱ​ជីវិត​អើយ! ​ឯង​មាន​របស់ទ្រព្យ​ជាច្រើន​ទុក​សម្រាប់​រយៈពេល​ច្រើន​ឆ្នាំ​ចូរ​សម្រាក​ស៊ី​ផឹក​ហើយ​សប្បាយ​រីករាយ​ចុះ។ 20ប៉ុន្ដែព្រះជាម្ចាស់​បាន​មានបន្ទូល​ទៅ​គាត់​ថា​មនុស្ស​ល្ងង់! ​នៅ​យប់​នេះ​យើង​ដកយក​ជីវិត​របស់​អ្នក​ចេញ​ពី​អ្នក​ហើយ​ដូច្នេះ​តើ​អ្វីៗ​ដែល​អ្នក​បាន​បម្រុងទុក​នឹង​ត្រលប់ជា​របស់​អ្នកណា? 21អ្នកណាសន្សំ​របស់ទ្រព្យ​ទុក​សម្រាប់​តែ​ខ្លួនឯង​ប៉ុន្ដែ​មិន​មាន​ខាងឯ​ព្រះជាម្ចាស់​ក៏​ដូច្នោះដែរ»។

ព្រះយេស៊ូបង្រៀន​​កុំ​ឲ្យ​ខ្វល់ខ្វាយ​​

22បន្ទាប់មក​ព្រះអង្គ​ក៏​មានបន្ទូល​ទៅ​ពួក​សិស្ស​របស់​ព្រះអង្គ​ថា៖ ​«ដូច្នេះ​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា​កុំ​ឲ្យ​ខ្វល់ខ្វាយ​នឹង​ជីវិត​ថា​ត្រូវ​បរិភោគ​អ្វី​ឬ​រូបកាយ​ត្រូវ​ស្លៀកពាក់​អ្វី​ឡើយ 23ដ្បិតជីវិត​វិសេស​ជាង​អាហារ​ឯ​រូបកាយ​ក៏​វិសេស​ជាង​សម្លៀកបំពាក់​ដែរ។ 24ចូរពិចារណា​ពី​សត្វក្អែក​ពួកវា​មិន​បាន​សាបព្រោះ​ឬ​ច្រូតកាត់​ហើយ​ក៏​គ្មាន​ឃ្លាំង​ឬ​ជង្រុក​ដែរ​ប៉ុន្ដែ​ព្រះជាម្ចាស់​ចិញ្ចឹម​ពួកវា​ឯ​អ្នករាល់គ្នា​វិញ​មានតម្លៃ​ខ្លាំងណាស់​លើស​ពួកវា​ទៅទៀត 25ហើយក្នុង​ចំណោម​អ្នករាល់គ្នា​តើ​អ្នក​ដែល​ខ្វល់ខ្វាយ​អាច​បន្ថែម​កំពស់​របស់​ខ្លួន​បាន​មួយ​ហត្ថ​ដែរ​ឬទេ? 26ដូច្នេះបើ​រឿង​តូចតាច​បំផុត​អ្នករាល់គ្នា​គ្មាន​សមត្ថភាព​ផង​ចុះ​ហេតុអ្វី​បានជា​អ្នករាល់គ្នា​ខ្វល់ខ្វាយ​ពី​រឿង​ផ្សេងទៀត? 27ចូរពិចារណា​ពី​ផ្កាព្រៃ​តើ​ពួកវា​ដុះឡើង​យ៉ាង​ដូចម្ដេច​ពួកវា​មិន​ធ្វើការ​ឬ​ត្បាញរវៃ​អ្វី​ឡើយ​ប៉ុន្ដែ​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា​សូម្បីតែ​ស្ដេច​សាឡូម៉ូន​ដែល​មាន​សិរីរុងរឿង​គ្រប់យ៉ាង​ក៏​ស្លៀកពាក់​មិន​បានស្អាត​ដូចជា​ផ្កា​មួយ​ទង​ក្នុងចំណោម​ផ្កា​ទាំងនេះ​ផង 28បើព្រះជាម្ចាស់​តុបតែង​ស្មៅ​នៅ​តាម​វាល​ដែល​ដុះ​នៅ​ថ្ងៃនេះ​ហើយ​ថ្ងៃ​ស្អែក​ត្រូវ​បោះ​ទៅ​ក្នុង​ឡភ្លើង​យ៉ាង​នោះ​ទៅ​ហើយ​ឱ​មនុស្ស​មាន​ជំនឿ​តិច​អើយ! ​តើ​ព្រះអង្គ​មិន​ធ្វើ​ឲ្យ​អ្នករាល់គ្នា​វិសេស​ខ្លាំង​ជាង​នោះ​ទេ​ឬ? 29ដូច្នេះចូរ​អ្នករាល់គ្នា​កុំ​ស្វែងរក​តែ​អ្វី​ដែល​បរិភោគ​បាន​និង​ផឹក​បាន​ហើយ​ចូរ​កុំ​ខ្វល់ខ្វាយ​ឲ្យសោះ 30ដ្បិតសាសន៍​ដទៃ​នៅ​លោកិយ​នេះ​ស្វែងរក​របស់​ទាំងនេះ​ប៉ុន្ដែ​ព្រះវរបិតា​របស់​អ្នករាល់គ្នា​ជ្រាប​ហើយ​ថា​អ្នករាល់គ្នា​ត្រូវការ​របស់​ទាំងនេះ 31ប៉ុន្ដែចូរ​ស្វែងរក​នគរ​របស់​ព្រះអង្គ​ចុះ​នោះ​ព្រះជាម្ចាស់​នឹង​បំពេញ​សេចក្ដី​ត្រូវការ​ទាំងឡាយ​របស់​អ្នករាល់គ្នា។ 32ចូរកុំ​ខ្លាច​អី​ក្រុម​ដ៏តូច​អើយ! ​ដ្បិត​ព្រះវរបិតា​របស់​អ្នករាល់គ្នា​ពេញចិត្ដ​ប្រគល់​នគរ​នោះ​ឲ្យ​អ្នករាល់គ្នា​ហើយ។ 33ចូរលក់​ទ្រព្យ​សម្បត្ដិ​របស់​អ្នករាល់គ្នា​ហើយ​ចែក​ទាន​ចុះ​ចូរ​ធ្វើ​ថង់ប្រាក់​ដែល​មិន​ចេះ​ចាស់​សម្រាប់​ខ្លួន​ជា​ទ្រព្យសម្បត្ដិ​មិនចេះអស់​នៅ​ស្ថានសួគ៌​ជាកន្លែង​ដែល​គ្មាន​ចោរ​ចូលមកជិត​ឬ​កណ្ដៀរ​ស៊ីបំផ្លាញ​ទេ 34ដ្បិតទ្រព្យសម្បត្ដិ​របស់​អ្នករាល់គ្នា​នៅ​កន្លែងណា​ចិត្ដ​របស់​អ្នករាល់គ្នា​ក៏​នៅ​កន្លែងនោះ​ដែរ។

ចូរ​ប្រុង​ប្រៀប​ខ្លួន​ជាស្រេច​

35ចូរ​នៅ​ប្រុងប្រៀប​ខ្លួន​ហើយ​ឲ្យ​ចង្កៀង​របស់​អ្នករាល់គ្នា​ឆេះ​ជានិច្ច 36គឺអ្នករាល់គ្នា​គួរបែប​ដូចជា​ពួក​មនុស្ស​កំពុង​រង់ចាំ​ចៅហ្វាយ​របស់​ខ្លួន​ត្រលប់មក​ពី​ពិធីមង្គលការ​វិញ​ដើម្បី​នៅពេលណា​គាត់​មកដល់​ហើយ​គោះ​ទ្វារ​នោះ​ពួកគេ​អាច​បើក​ជូន​គាត់​បាន​ភ្លាម។ 37បាវបម្រើទាំងនោះ​មានពរ​ហើយ​នៅ​ពេល​ដែល​ចៅហ្វាយ​ត្រលប់​មកវិញ​ហើយ​ឃើញ​ពួកគេ​កំពុង​រង់ចាំ។ ​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ជាប្រាកដ​ថា​គាត់​នឹង​រៀបចំខ្លួន​ដោយ​ឲ្យ​ពួកគេ​អង្គុយ​នៅតុ​ហើយ​គាត់​ក៏​មកក្បែរ​បម្រើ​ពួកគេ​វិញ 38បើគាត់​មកដល់​នៅ​ពេល​កណ្ដាល​អធ្រាត្រ​ឬ​ទៀបភ្លឺ​ហើយ​គាត់​ឃើញ​ដូច្នេះ​គឺ​អ្នកទាំងនោះ​មានពរ​ហើយ។ 39ប៉ុន្ដែចូរ​អ្នករាល់គ្នា​ដឹង​ការនេះ​ថា​ប្រសិនបើ​ម្ចាស់ផ្ទះ​បាន​ដឹង​ថា​ចោរ​មក​នៅ​ម៉ោង​ណា​នោះ​គាត់​មុខជា​មិន​បណ្ដោយ​ឲ្យ​វា​គាស់​ផ្ទះ​របស់​គាត់​បាន​ឡើយ។ 40ដូច្នេះចូរ​អ្នករាល់គ្នា​ប្រុងប្រៀប​យ៉ាងដូច្នេះដែរ​ព្រោះ​អ្នករាល់គ្នា​ស្មាន​មិន​ត្រូវ​ទេ​ថា​កូន​មនុស្ស​មក​នៅ​ពេល​ណា»។

ព្រះយេស៊ូបង្រៀន​អំពីរង្ចាន់​ និងទណ្ឌកម្ម​

41លោក​ពេត្រុស​ទូល​សួរ​ថា៖ ​«ព្រះអម្ចាស់​អើយ! ​តើ​ព្រះអង្គ​មានបន្ទូល​ជា​រឿង​ប្រៀប​ប្រដូច​នេះ​សម្រាប់​យើង​ឬ​ក៏​សម្រាប់​មនុស្ស​ទាំងអស់​ដែរ?» 42ព្រះអម្ចាស់មានបន្ទូល​តប​ថា៖ ​«ដូច្នេះ​តើ​អ្នកណា​ជា​មេការ​ដ៏​ស្មោះត្រង់​ហើយ​ឆ្លាត​ដែល​ចៅហ្វាយ​តែងតាំង​ឲ្យ​មើល​ខុសត្រូវ​លើ​ពួក​បាវបម្រើ​របស់​គាត់​ដើម្បី​ចែក​អាហារ​ឲ្យ​តាម​ពេល​វេលា? 43មានពរហើយ​បាវបម្រើ​ណា​ដែល​ចៅហ្វាយ​មកដល់​ហើយ​ឃើញ​កំពុង​ធ្វើ​ដូច្នេះ។ 44ខ្ញុំប្រាប់​អ្នករាល់គ្នា​ជាប្រាកដ​ថា​គាត់​នឹង​តែងតាំង​អ្នកនោះ​ឲ្យ​មើល​ខុសត្រូវ​ទ្រព្យ​សម្បត្ដិ​របស់​គាត់​ទាំងអស់ 45ប៉ុន្ដែប្រសិនបើ​បាវបម្រើ​នោះ​គិត​នៅក្នុង​ចិត្ដ​ថា​ចៅហ្វាយ​របស់​អញ​ក្រ​មកដល់​ណាស់​នោះ​គាត់​ក៏​ចាប់ផ្ដើម​វាយ​បាវបម្រើ​ប្រុស​ស្រី​ឯទៀតៗ​ព្រមទាំង​ស៊ី​ផឹក​ទាល់តែ​ស្រវឹង 46ចៅហ្វាយរបស់​គាត់​នឹង​មកវិញ​នៅ​ថ្ងៃ​មួយ​ដែល​គាត់​ស្មាន​មិន​ដល់​និង​នៅ​ម៉ោង​ដែល​គាត់​មិន​ដឹង​ទាល់តែសោះ​ចៅហ្វាយ​នឹង​កាត់​គាត់​ជាកង់ៗ ▼
▼កាត់​​​ជា​កង់​ៗ​​ (គ្រាម​ភាសា​) មាន​ន័យ​ថា​ «ដាក់​ទោស​​យ៉ាង​ធ្ងន់​»
​រួច​ដាក់​គាត់​រួម​ជាមួយ​នឹង​ពួក​អ្នកមិនជឿ។
47ដូច្នេះបាវបម្រើ​ណា​ដែល​ដឹង​បំណង​របស់​ចៅហ្វាយ​ប៉ុន្ដែ​មិន​ប្រុងប្រៀប​ខ្លួន​ជាស្រេច​ឬ​មិន​ធ្វើ​តាម​បំណង​ចៅហ្វាយ​នោះ​នឹង​ត្រូវ​វាយ​ច្រើន​រំពាត់។ 48អ្នកណា​ដែល​មិន​ដឹង​ហើយ​បាន​ធ្វើ​អ្វីមួយ​សម​នឹង​ត្រូវ​រំពាត់​នោះ​នឹង​ត្រូវ​វាយ​តិចតួច​ទេ​ដ្បិត​អ្នកណា​ដែល​គេ​ឲ្យ​ច្រើន​នោះ​គេ​នឹង​ទារ​ច្រើន​ពី​អ្នកនោះ​វិញ​ឯ​អ្នកណា​ដែល​គេ​មាន​ទំនុកចិត្ដ​ច្រើន​នោះ​គេ​នឹង​សុំ​ពី​អ្នកនោះ​រឹតតែ​ច្រើន​ដែរ។

ព្រះយេស៊ូធ្វើ​ឲ្យ​បែក​បាក់​

49ខ្ញុំ​មក​ដើម្បី​នាំ​ភ្លើង​មក​ផែនដី​នេះ​ហើយ​ខ្ញុំ​ចង់​បាន​ណាស់​បើ​ភ្លើង​នោះ​បាន​ដុតឆេះ​រួច​ហើយ 50រីឯខ្ញុំ​វិញ​មាន​ពិធីជ្រមុជ​មួយ​ដែល​ខ្ញុំ​ត្រូវ​ទទួល​ហើយ​ខ្ញុំ​ត្រូវ​ទទួលការ​ឈឺចាប់​បំផុត​លុះត្រាតែ​ពិធី​នោះ​បាន​សម្រេច 51តើអ្នករាល់គ្នា​គិត​ថា​ខ្ញុំ​មក​ដើម្បី​នាំយក​សេចក្ដីសុខសាន្ដ​ដល់​ផែនដី​ឬ? ​ទេ​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា​គឺ​ជា​ការបាក់បែក​វិញ 52ដ្បិតចាប់ពី​ពេលនេះ​តទៅ​គ្រួសារ​មួយ​ដែល​មានគ្នា​ប្រាំ​នាក់​នឹង​បាក់បែក​គ្នា​គឺ​បី​នាក់​ទាស់នឹង​ពីរ​នាក់​ឬ​ពីរ​នាក់​ទាស់នឹង​បី​នាក់ 53ឪពុកនឹង​ត្រូវ​បែកបាក់​ទាស់​ជាមួយ​កូនប្រុស​កូនប្រុស​ទាស់​ជាមួយ​ឪពុក​ហើយ​ម្ដាយ​ទាស់​ជាមួយ​កូនស្រី​កូនស្រី​ទាស់​ជាមួយ​ម្ដាយ​ឯ​ម្ដាយក្មេក​ទាស់​ជាមួយ​កូនប្រសារស្រី​កូនប្រសារស្រី​ទាស់​ជាមួយ​ម្ដាយក្មេក» 54រួចព្រះអង្គ​ក៏​បាន​មានបន្ទូល​ទៅ​បណ្ដាជន​ដែរ​ថា៖ ​«ពេល​ណា​អ្នករាល់គ្នា​ឃើញ​ពពក​ពូនឡើង​នៅ​ទិសខាងលិច​អ្នករាល់គ្នា​ក៏​និយាយ​ភ្លាម​ថា​ជិត​ភ្លៀង​ហើយ​នោះ​ក៏​កើតឡើង​ដូច្នោះ​មែន 55ហើយពេល​ណា​មាន​ខ្យល់​ទិសខាងត្បូង​បក់​មក​អ្នករាល់គ្នា​និយាយ​ថា​អាកាស​ធាតុ​នឹង​ប្រែជា​ក្ដៅ​នោះ​ក៏​កើតមាន​មែន។ 56មនុស្សមានពុតអើយ! ​អ្នករាល់គ្នា​ចេះ​សំគាល់​សណ្ឋាន​របស់​ផ្ទៃមេឃ​និង​ផែនដី​ហេតុ​ដូចម្ដេច​បានជា​អ្នករាល់គ្នា​មិន​ចេះ​សំគាល់​សម័យ​នេះ​ដូច្នេះ? 57តើហេតុអ្វី​ក៏​អ្នករាល់គ្នា​មិន​វិនិច្ឆ័យ​ខ្លួនឯង​ផង​ពី​អ្វី​ដែល​ត្រឹមត្រូវ? 58ដ្បិតនៅពេល​អ្នក​នៅតាម​ផ្លូវ​ជាមួយ​គូវិវាទ​របស់​អ្នក​ទៅ​ជួប​អាជ្ញាធរ​ចូរ​ខំប្រឹង​ដោះស្រាយ​ជាមួយ​គាត់​នៅ​តាម​ផ្លូវ​ចុះ​ក្រែងលោ​គេ​អូស​អ្នក​ទៅ​ឲ្យ​ចៅក្រម​ចៅក្រម​ប្រគល់​អ្នក​ទៅ​ឲ្យ​នគរ​បាល​ហើយ​នគរ​បាល​ក៏​បោះ​អ្នក​ទៅ​ក្នុង​គុក។ 59ខ្ញុំប្រាប់​អ្នក​ថា​អ្នក​ចេញ​ពីទីនោះ​មិន​បាន​ឡើយ​លុះត្រាតែ​សង​គេ​ដោយ​ឥតខ្វះ​មួយ​ឡិបតា»។
Copyright information for KhmKCB