‏ Luke 14

ព្រះយេស៊ូ​ប្រោស​ឲ្យ​ជា​នៅ​ថ្ងៃសប្ប័ទ​​

1នៅ​ថ្ងៃ​សប្ប័ទ​មួយ​កាល​ព្រះអង្គ​យាង​ទៅ​បរិភោគ​អាហារ​នៅ​ផ្ទះ​របស់​អ្នកដឹកនាំ​ខាង​គណៈផារិស៊ី​ម្នាក់​ពួកគេ​តាម​ឃ្លាំ​មើល​ព្រះអង្គ​យ៉ាង​ដិតដល់ 2ហើយមើល៍​នៅ​ចំពោះ​ព្រះភក្ដ្រ​ព្រះអង្គ​មាន​បុរស​ម្នាក់​មាន​ជំងឺ​ទាច។ 3ព្រះយេស៊ូ​ក៏​មានបន្ទូល​សួរ​ទៅ​ពួក​អ្នកជំនាញច្បាប់​និង​ពួក​អ្នកខាងគណៈផារិស៊ី​ថា៖ ​«តើ​វិន័យ​អនុញ្ញាត​ឲ្យ​ប្រោស​មនុស្ស​ឲ្យ​ជា​នៅ​ថ្ងៃសប្ប័ទ​ដែរ​ឬ​ទេ?» 4ប៉ុន្ដែពួកគេ​នៅ​ស្ងៀម​ដូច្នេះ​ព្រះអង្គ​ក៏​ចាប់​គាត់​ឡើង​ហើយ​ប្រោស​គាត់​ឲ្យជា​រួច​ក៏​ឲ្យ​គាត់​ចេញ​ទៅ។ 5បន្ទាប់មកព្រះអង្គ​មានបន្ទូល​ទៅ​ពួកគេ​ថា៖ ​«បើ​មនុស្ស​ម្នាក់​ក្នុងចំណោម​អ្នករាល់គ្នា​មាន​កូន​ម្នាក់​ឬ​គោ​មួយ​ក្បាល​ធ្លាក់​ក្នុង​អណ្ដូង​នៅ​ថ្ងៃ​សប្ប័ទ​តើ​មិន​ស្រង់​វា​ភ្លាម​ៗ​ទេ​ឬ?» 6ពួកគេមិន​អាច​ឆ្លើយ​តប​នឹង​សំណួរ​ទាំងនេះ​បាន​ឡើយ។

សេចក្ដីបង្រៀនអំពីការបន្ទាបខ្លួន

7កាល​ព្រះអង្គ​សំគាល់​ឃើញ​របៀប​ដែល​ភ្ញៀវ​ជ្រើសរើស​កន្លែង​កិត្ដិយស​ព្រះអង្គ​មានបន្ទូល​ជា​រឿង​ប្រៀប​ប្រដូច​ទៅ​ពួកគេ​ថា៖ 8«ពេល​អ្នក​ណា​ម្នាក់​អញ្ជើញ​អ្នក​ទៅ​ពិធី​មង្គលការ​ចូរ​អ្នក​កុំ​អង្គុយ​នៅ​កន្លែង​កិត្ដិយស​អី​ក្រែងលោ​អ្នកនោះ​បាន​អញ្ជើញ​អ្នក​មាន​កិត្ដិយស​ជាង​អ្នក​មក​ដែរ។ 9ពេលនោះ​អ្នក​ដែល​បាន​អញ្ជើញ​អ្នក​និង​ភ្ញៀវ​នោះ​នឹង​មក​ប្រាប់​អ្នក​ថា​សូម​ឲ្យ​កន្លែង​នេះ​ទៅ​គាត់​នោះ​អ្នក​មុខជា​បាន​កន្លែង​នៅ​ខាង​ក្រោយ​បំផុត​ទាំង​អាម៉ាស់​មុខ​មិនខាន។ 10ដូច្នេះពេល​គេ​អញ្ជើញ​អ្នក​ទៅ​បរិភោគ​អាហារ​ចូរ​អង្គុយ​នៅ​កន្លែង​ខាង​ក្រោយ​បំផុត​ដើម្បី​ពេល​ណា​អ្នក​ដែល​អញ្ជើញ​អ្នក​មក​ដល់​គាត់​នឹង​ប្រាប់​អ្នក​ថា​សម្លាញ់​អើយ! ​សូម​ឡើង​មក​កន្លែង​កិត្ដិយស​នោះ​អ្នក​មុខជា​ខ្ពស់​មុខ​នៅ​ចំពោះ​មុខ​ភ្ញៀវ​ទាំងឡាយ​ដែល​អង្គុយ​រួម​តុ​ជាមួយ​អ្នក​មិនខាន 11ដ្បិតអ្នក​ណា​លើកតម្កើង​ខ្លួន​នឹង​ត្រូវ​បន្ទាប​ចុះ​ឯ​អ្នក​ណា​បន្ទាប​ខ្លួន​នឹង​ត្រូវ​លើកតម្កើង​វិញ»។ 12ព្រះអង្គបាន​មានបន្ទូល​ទៅ​អ្នក​ដែល​អញ្ជើញ​ព្រះអង្គ​ដែរ​ថា៖ ​«ពេល​អ្នក​រៀបចំ​ជប់លៀង​អាហារ​ថ្ងៃ​ត្រង់​ឬ​អាហារ​ពេល​ល្ងាច​ចូរ​កុំ​អញ្ជើញ​មិត្ដភក្ដិ​បងប្អូន​សាច់​ញាតិ​ឬ​អ្នកជិតខាង​របស់​អ្នក​ដែល​ជា​អ្នកមាន​ឡើយ​ក្រែងលោ​ពួកគេ​នឹង​អញ្ជើញ​អ្នក​ដូច្នេះ​ដែរ​ហើយ​វា​ក៏​ត្រលប់ជា​ការ​តបស្នង​ចំពោះ​អ្នក​វិញ។ 13ប៉ុន្ដែពេល​អ្នក​រៀបចំ​ពិធីជប់លៀង​ចូរ​អញ្ជើញ​អ្នកក្រ​មនុស្ស​ពិការ​មនុស្ស​ខ្វិន​និង​មនុស្ស​ខ្វាក់​វិញ 14នោះអ្នក​នឹង​មានពរ​ហើយ​ព្រោះ​ពួកគេ​សង​អ្នក​វិញ​មិន​បាន​ឡើយ​ដូច្នេះ​អ្នក​នឹង​ទទួល​ការ​តបស្នង​នៅ​ពេល​មនុស្ស​សុចរិត​រស់​ឡើង​វិញ»។

រឿង​ពិធី​ជប់លៀង​ដ៏​ធំ​មួយ​

15ពេល​ឮ​សេចក្ដី​ទាំងនេះ​ភ្ញៀវ​ម្នាក់​ក្នុង​ចំណោម​ពួក​ភ្ញៀវ​អង្គុយ​រួម​តុ​ជាមួយ​ព្រះអង្គ​បាន​ទូល​ព្រះអង្គ​ថា៖ ​«មានពរ​ហើយ​អ្នកណា​ដែល​នឹង​បរិភោគ​អាហារ​នៅក្នុង​នគរ​ព្រះជាម្ចាស់» 16តែព្រះអង្គ​បាន​មានបន្ទូល​ទៅ​គាត់​ថា៖ ​«មាន​បុរស​ម្នាក់​រៀបចំ​ពិធី​ជប់លៀង​ពេល​ល្ងាច​ដ៏​ធំ​មួយ​ហើយ​គាត់​បាន​អញ្ជើញ​ភ្ញៀវ​ជា​ច្រើន 17លុះដល់​ពេល​ម៉ោង​អាហារ​ពេល​ល្ងាច​គាត់​បាន​ចាត់​បាវបម្រើ​របស់​គាត់​ឲ្យ​ទៅ​ប្រាប់​ពួក​ភ្ញៀវ​ដែល​បាន​អញ្ជើញ​ថា​សូម​អញ្ជើញ​មក​ដ្បិត​អ្វីៗ​បាន​រៀបចំ​រួច​រាល់​ហើយ! 18ប៉ុន្ដែភ្ញៀវ​ទាំងអស់​បាន​ចាប់ផ្ដើម​ដោះសា​បន្ដ​បន្ទាប់​គ្នា​គឺ​អ្នក​ទីមួយ​ប្រាប់​បាវបម្រើ​នោះ​ថា​ខ្ញុំ​បាន​ទិញ​ចម្ការ​មួយ​កន្លែង​ហើយ​ខ្ញុំ​ត្រូវ​ទៅ​មើល​ចម្ការ​សូម​ឲ្យ​គាត់​អភ័យ​ទោស​ឲ្យ​ខ្ញុំ​ផង។ 19ម្នាក់ទៀត​ប្រាប់​ថា​ខ្ញុំ​បាន​ទិញ​គោ​ប្រាំ​នឹម​ហើយ​ខ្ញុំ​ត្រូវ​ទៅ​សាក​ទឹម​ពួកវា​សូម​ឲ្យ​គាត់​អភ័យទោស​ឲ្យ​ខ្ញុំ​ផង 20ម្នាក់ផ្សេង​ទៀត​បាន​ប្រាប់​ថា​ខ្ញុំ​ទើប​តែ​រៀបការ​ប្រពន្ធ​ហើយ​ដូច្នេះ​ខ្ញុំ​មិន​អាច​ទៅ​បាន​ទេ។ 21កាលបាន​មក​ដល់​ហើយ​បាវបម្រើ​នោះ​ក៏​ជម្រាប​ចៅហ្វាយ​គាត់​ពី​សេចក្ដី​ទាំងនេះ​ពេល​នោះ​ម្ចាស់​ដំណាក់​ខឹង​ណាស់​ក៏​ប្រាប់​ទៅ​បាវបម្រើ​របស់​គាត់​ថា​ចូរ​ចេញ​ទៅ​តាម​ផ្លូវ​ទាំង​ធំ​ទាំង​តូច​ក្នុង​ក្រុង​ជា​ប្រញាប់​ហើយ​ចូរ​នាំ​អ្នក​ក្រ​មនុស្ស​ពិការ​មនុស្ស​ខ្វាក់​និង​មនុស្ស​ខ្វិន​មក​ទីនេះ​ចុះ។ 22បន្ទាប់មកបាវបម្រើ​នោះ​បាន​ប្រាប់​ថា​លោក​ម្ចាស់​អ្វី​ដែល​លោក​បាន​បង្គាប់​បាន​ធ្វើ​រួច​ហើយ​ប៉ុន្ដែ​នៅ​មាន​កន្លែង​សល់​ទៀត 23ចៅហ្វាយក៏​ប្រាប់​ទៅ​បាវបម្រើ​នោះ​ថា​ចូរ​ចេញ​ទៅ​តាម​ផ្លូវ​និង​ច្រក​នានា​ហើយ​តឿន​ឲ្យ​ពួកគេ​មក​ដើម្បី​ឲ្យ​បាន​ពេញ​ដំណាក់​របស់​ខ្ញុំ 24ដ្បិតខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា​ក្នុង​ចំណោម​ពួក​អ្នក​ដែល​បាន​អញ្ជើញ​រួចហើយ​នោះ​គ្មាន​អ្នក​ណា​ម្នាក់​នឹង​បាន​ភ្លក់​អាហារ​ពេល​ល្ងាច​របស់​ខ្ញុំ​ឡើយ!»

ការលះបង់នៅក្នុងការដើរតាមព្រះយេស៊ូ

25មាន​បណ្ដាជន​ច្រើន​កុះករ​បាន​មក​ជាមួយ​ព្រះអង្គ​ហើយ​ព្រះអង្គ​បាន​បែរ​មក​មានបន្ទូល​នឹង​ពួកគេ​ថា៖ 26«បើ​អ្នក​ណា​មក​ឯ​ខ្ញុំ​ដោយ​មិន​ស្អប់​ឪពុក​ម្ដាយ​ប្រពន្ធ​កូន​បងប្អូន​ប្រុស​ស្រី​និង​សូម្បីតែ​ជីវិត​របស់​ខ្លួន​ទេ​អ្នក​នោះ​មិន​អាច​ធ្វើជា​សិស្ស​របស់​ខ្ញុំ​បាន​ឡើយ 27ហើយអ្នក​ណា​មិន​លី​ឈើឆ្កាង​របស់​ខ្លួន​មក​តាម​ខ្ញុំ​អ្នក​នោះ​ក៏​មិន​អាច​ធ្វើជា​សិស្ស​របស់​ខ្ញុំ​បាន​ដែរ 28ដ្បិតក្នុងចំណោម​អ្នករាល់គ្នា​បើ​អ្នក​ណា​ចង់​សង់​ប៉ម​មួយ​តើ​មិន​អង្គុយ​គិត​ជាមុន​អំពី​ការចំណាយ​ទេ​ឬ​អី​ដើម្បី​ឲ្យ​ដឹង​ថា​មាន​គ្រប់​គ្រាន់​នឹង​ធ្វើ​ឲ្យ​រួច​រាល់​ឬ​អត់? 29ក្រែងលោពេល​ចាក់​គ្រឹះ​ហើយ​មិន​អាច​ធ្វើ​រួច​រាល់​បាន​មនុស្ស​គ្រប់គ្នា​ដែល​ឃើញ​នឹង​ចាប់ផ្ដើម​ចំអក​ឲ្យ​ជា​មិន​ខាន 30ទាំងនិយាយ​ថា​អ្នក​នេះ​ចាប់ផ្ដើម​សាង​សង់​បាន​ប៉ុន្ដែ​មិន​អាច​ធ្វើ​រួច​រាល់។ 31ពេលស្ដេច​មួយអង្គ​ទៅ​ច្បាំង​ជាមួយ​ស្ដេច​មួយ​អង្គ​ទៀត​តើ​គាត់​មិន​អង្គុយ​ពិចារណា​ជាមុន​ទេ​ឬ​អី​ដើម្បីឲ្យដឹងថា​ទ័ព​មួយម៉ឺន​នាក់​របស់​គាត់​អាច​តទល់​ជាមួយ​ទ័ព​ពីរម៉ឺន​នាក់​ដែល​កំពុង​មក​ច្បាំង​នោះ​បាន? 32បើមិន​បាន​ទេ​ស្ដេច​នោះ​នឹង​ចាត់​ទូត​ឲ្យ​ទៅ​សុំ​ចរចា​រក​សន្ដិភាព​នៅ​ពេល​ដែល​ស្ដេច​មួយ​ទៀត​នៅ​ឆ្ងាយ​នៅ​ឡើយ។ 33ដូច្នេះនៅក្នុងចំណោម​អ្នក​ទាំងអស់​គ្នា​បើ​មិន​លះបង់​ទ្រព្យ​សម្បត្ដិ​ទាំងអស់​របស់​ខ្លួន​ទេ​នោះ​មិន​អាច​ធ្វើ​ជា​សិស្ស​របស់​ខ្ញុំ​បាន​ឡើយ។ 34អំបិលល្អ​ទេ​ប៉ុន្ដែ​បើ​អំបិល​ប្រែ​ជា​បាត់​ជាតិ​ប្រៃ​តើ​នឹង​យក​អ្វី​មក​ធ្វើឲ្យ​វា​ប្រៃ​វិញ​បាន? 35វាគ្មាន​ប្រយោជន៍​អ្វី​ទៀត​ឡើយ​ទោះ​ជា​ប្រើ​សម្រាប់​ដី​ឬ​ជី​ក៏​ដោយ​គឺ​មាន​តែ​បោះ​ចោល​ទៅ​ក្រៅ។ ​អ្នក​ណា​មាន​ត្រចៀក​ស្ដាប់​ចូរ​ស្ដាប់​ចុះ!»
Copyright information for KhmKCB