‏ Luke 15

រឿង​ចៀម​វង្វេង​

1ពេលនោះ​ពួក​អ្នកទារពន្ធដារ​និង​ពួក​មនុស្ស​បាប​ទាំងអស់​បាន​ចូល​មក​ជិត​ដើម្បី​ស្ដាប់​ព្រះអង្គ 2ប៉ុន្ដែទាំង​ពួក​អ្នកខាងគណៈផារិស៊ី​និង​ពួក​គ្រូវិន័យ​បាន​រអ៊ូរទាំ​ថា៖ ​«អ្នក​នេះ​ស្វាគមន៍​ពួក​មនុស្ស​បាប​ហើយ​បរិភោគ​ជាមួយ​ពួកគេ​ទៀត​ផង» 3ប៉ុន្ដែព្រះអង្គ​មានបន្ទូល​ទៅ​ពួកគេ​ជា​រឿងប្រៀបប្រដូច​នេះ​ថា៖ 4«សន្មត​ថា​មាន​មនុស្ស​ម្នាក់​ក្នុងចំណោម​អ្នករាល់គ្នា​មាន​ចៀម​មួយរយ​ហើយ​ចៀម​មួយ​បាន​វង្វេង​ចេញ​ពី​ហ្វូង​តើ​គាត់​មិន​ទុក​ចៀម​កៅសិប​ប្រាំបួន​នៅ​វាល​ស្មៅ​រួច​ទៅ​តាម​រក​ចៀម​មួយ​ដែល​បាន​វង្វេង​នោះ​ទាល់តែ​ឃើញ​ទេ​ឬ? 5ពេលរកឃើញ​ហើយ​គាត់​ក៏​លី​វា​លើ​ស្មា​ទាំង​អរសប្បាយ។ 6កាលបាន​មក​ដល់​ផ្ទះ​គាត់​ក៏​ហៅ​មិត្តភក្តិ​និង​អ្នក​ជិត​ខាង​មក​ជុំគ្នា​ដោយ​ប្រាប់​ពួកគេ​ថា​សូម​អរ​សប្បាយ​ជាមួយ​ខ្ញុំ​ផង​ដ្បិត​ខ្ញុំ​បាន​រកឃើញ​ចៀម​របស់​ខ្ញុំ​ដែល​វង្វេង​នោះ​វិញ​ហើយ។ 7ខ្ញុំប្រាប់​អ្នករាល់គ្នា​ថា​នៅ​ស្ថានសួគ៌​នឹង​មាន​សេចក្ដី​អរសប្បាយ​យ៉ាងនោះ​ដែរ​ចំពោះ​មនុស្ស​បាប​ម្នាក់​បាន​ប្រែចិត្ដ​ជា​ជាង​មនុស្ស​សុចរិត​កៅសិប​ប្រាំបួន​នាក់​ដែល​មិន​ត្រូវការ​ការ​ប្រែចិត្ដ។

រឿងប្រាក់ដែលបាត់

8ឬ​សន្មត​ថា​ស្ដ្រី​ម្នាក់​មាន​កាក់​ប្រាក់​ដប់​កាក់​ប៉ុន្ដែ​បើ​នាង​ធ្វើ​ឲ្យ​បាត់​កាក់​មួយ​តើ​នាង​មិន​អុជ​ចង្កៀង​បោស​ផ្ទះ​ហើយ​រក​យ៉ាង​ល្អិតល្អន់​រហូត​ទាល់តែ​ឃើញ​វិញ​ទេ​ឬ? 9ពេលរកឃើញ​ហើយ​នាង​ក៏​ហៅ​មិត្តភក្តិ​និង​អ្នក​ជិតខាង​មក​ជុំគ្នា​ប្រាប់​ពួកគេ​ថា​សូម​អរសប្បាយ​ជាមួយ​ខ្ញុំ​ផង​ដ្បិត​ខ្ញុំ​រកឃើញ​កាក់​ប្រាក់​ដែល​ខ្ញុំ​បាន​បាត់​នោះ​វិញ​ហើយ។ 10ខ្ញុំប្រាប់​អ្នករាល់គ្នា​ថា​នៅ​ចំពោះ​មុខ​ពួក​ទេវតា​របស់​ព្រះជាម្ចាស់​ក៏​មាន​សេចក្ដី​អរសប្បាយ​យ៉ាង​ដូច្នេះ​ដែរ​ចំពោះ​មនុស្ស​បាប​ម្នាក់​ដែល​បាន​ប្រែចិត្ដ»។

រឿងកូនប្រុសវង្វេង

11ព្រះអង្គ​មានបន្ទូល​ទៀត​ថា៖ ​«មាន​បុរស​ម្នាក់​មាន​កូន​ប្រុស​ពីរ​នាក់ 12កូនប្អូន​បាន​និយាយ​ទៅ​ឪពុក​ថា​លោក​ឪពុក​អើយ! ​សូម​ប្រគល់​ទ្រព្យ​សម្បត្ដិ​ជា​ចំណែក​របស់​ខ្ញុំ​ឲ្យ​មក​ខ្ញុំ​រួច​ឪពុក​ក៏​ចែក​ទ្រព្យ​សម្បត្ដិ​ឲ្យ​ពួកគេ។ 13ប៉ុន្មានថ្ងៃ​ក្រោយមក​កូន​ប្រុស​ប្អូន​បាន​ប្រមូល​ទ្រព្យ​សម្បត្ដិ​ទាំងអស់​របស់​ខ្លួន​រួច​ធ្វើ​ដំណើរ​ទៅ​ស្រុក​ឆ្ងាយ។ ​នៅ​ទីនោះ​គាត់​បាន​ចាយ​បង្ហិន​ទ្រព្យ​សម្បត្ដិ​របស់​ខ្លួន​ដោយ​រស់​នៅ​យ៉ាង​លេលា។ 14ពេលគាត់​ចាយ​ទ្រព្យ​សម្បត្ដិ​របស់​គាត់​អស់​ហើយ​ក៏​កើត​មាន​គ្រោះ​អត់​ឃ្លាន​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ទូទាំង​ស្រុក​នោះ​ហើយ​គាត់​ក៏​ចាប់ផ្ដើម​ខ្វះខាត 15ដូច្នេះគាត់​ក៏​ទៅ​ស៊ី​ឈ្នួល​អ្នក​ស្រុក​ម្នាក់​នៅ​ស្រុក​នោះ​ហើយ​អ្នក​នោះ​បាន​ចាត់​គាត់​ឲ្យទៅ​ឃ្វាល​ជ្រូក​នៅ​ឯ​កសិដ្ឋាន​របស់​ខ្លួន។ 16គាត់ចង់​ចំអែត​ពោះ​ដោយ​ចំណី​ជ្រូក​ដែល​ជ្រូក​កំពុង​ស៊ី​ខ្លាំង​ណាស់​ប៉ុន្ដែ​គ្មាន​អ្នក​ណា​ឲ្យ​អ្វី​ដល់​គាត់​ឡើយ។ 17ពេលគាត់​ភ្ញាក់​ខ្លួន​ក៏​និយាយ​ថា​អ្នក​ស៊ី​ឈ្នួល​ទាំងឡាយ​របស់​ឪពុក​ខ្ញុំ​មាន​អាហារ​បរិបូរ​ប៉ុន្ដែ​ខ្ញុំ​វិញ​នៅ​ទីនេះ​ឃ្លាន​ជិត​ស្លាប់​ហើយ 18ខ្ញុំនឹង​ក្រោក​ឡើង​ទៅ​ឯ​ឪពុក​ខ្ញុំ​វិញ​ហើយ​ប្រាប់​គាត់​ថា​លោក​ឪពុក​អើយ! ​កូន​បាន​ធ្វើ​បាប​ទាស់​នឹង​ស្ថានសួគ៌​ហើយ​នឹង​លោក​ឪពុក 19កូនមិន​ស័ក្តិសម​នឹង​ហៅ​ថា​ជា​កូន​របស់​លោក​ឪពុក​ទៀត​ទេ​សូម​ឲ្យ​កូន​ធ្វើ​ជា​អ្នក​ស៊ី​ឈ្នួល​ម្នាក់​របស់​លោក​ឪពុក​ផង! 20រួចគាត់​ក៏​ក្រោក​ឡើង​ត្រលប់​ទៅ​ឯ​ឪពុក​វិញ​កាល​គាត់​នៅ​ឆ្ងាយ​នៅ​ឡើយ​នោះ​ឪពុក​របស់​គាត់​បាន​ឃើញ​គាត់​និង​មាន​ចិត្ដ​អាណិត​អាសូរ​ជា​ពន់ពេក​ក៏​រត់​ទៅ​ឱប​ថើប​គាត់។ 21កូនប្រុស​នោះ​ប្រាប់​ទៅ​ឪពុក​ថា​លោក​ឪពុក​អើយ! ​កូន​បាន​ធ្វើ​បាប​ទាស់​នឹង​ស្ថានសួគ៌​ហើយ​នឹង​លោក​ឪពុក​កូន​មិន​ស័ក្តិសម​នឹង​ហៅ​ថា​កូន​របស់​លោក​ឪពុក​ទៀត​ទេ។ 22ប៉ុន្ដែឪពុក​បាន​ប្រាប់​ទៅ​ពួក​បាវបម្រើ​របស់​គាត់​ថា​ចូរ​យក​អាវ​ដ៏​ល្អ​បំផុត​មក​បំពាក់​ឲ្យ​កូន​របស់​ខ្ញុំ​ជា​ប្រញាប់​ទាំង​បំពាក់​ចិញ្ជៀន​លើ​ដៃ​និង​ពាក់​ស្បែក​ជើង​ឲ្យ​ផង 23ហើយចូរ​យក​កូន​គោ​ដែល​បាន​បំប៉ន​ទុក​មក​កាប់​រួច​ចូរ​យើង​បរិភោគ​ដោយ​អរ​សប្បាយ​ចុះ 24ព្រោះកូន​ប្រុស​របស់​ខ្ញុំ​នេះ​បាន​ស្លាប់​ហើយ​ប៉ុន្ដែ​រស់​ឡើង​វិញ​វា​បាន​វង្វេង​បាត់​ទៅ​ប៉ុន្ដែ​រកឃើញ​វិញ។ ​រួច​ពួកគេ​ក៏​ចាប់ផ្ដើម​អរ​សប្បាយ។ 25រីឯកូន​ប្រុស​ច្បង​របស់​គាត់​វិញ​នៅ​ឯ​ចម្ការ​ពេល​គាត់​មក​ជិត​ដល់​ផ្ទះ​គាត់​បាន​ឮ​សូរ​តន្ដ្រី​និង​ការ​រាំរែក 26គាត់ក៏​ហៅ​បាវបម្រើ​ម្នាក់​មក​សួរ​ថា​តើ​មាន​ហេតុ​ការណ៍​អ្វី? 27បាវបម្រើនោះ​ប្រាប់​គាត់​ថា​ប្អូន​ប្រុស​របស់​លោក​មក​វិញ​ហើយ​ឪពុក​របស់​លោក​បាន​កាប់​កូន​គោ​ដែល​បាន​បំប៉ន​ទុក​ព្រោះ​គាត់​បាន​ទទួល​កូន​មក​វិញ​ដោយ​សុខសាន្ដ។ 28កូនប្រុសច្បងក៏​ខឹង​ហើយ​មិន​ចង់​ចូល​ក្នុង​ទេ​ដូច្នេះ​ឪពុក​របស់​គាត់​បាន​ចេញ​មក​អង្វរ​គាត់ 29ប៉ុន្ដែគាត់​បាន​ឆ្លើយ​ទៅ​ឪពុក​ថា​មើល៍​កូន​បាន​បម្រើ​លោក​ឪពុក​ជា​ច្រើន​ឆ្នាំ​ហើយ​មិន​ដែល​មិន​ស្ដាប់​បង្គាប់​លោក​ឪពុក​ទេ​ប៉ុន្ដែ​លោក​ឪពុក​មិន​ដែល​ឲ្យ​កូន​ពពែ​មួយ​ដល់​ខ្ញុំ​ដើម្បី​ឲ្យ​ខ្ញុំ​អរ​សប្បាយ​ជាមួយ​មិត្តភក្តិ​របស់​ខ្ញុំ​ទេ 30ប៉ុន្ដែនៅ​ពេល​កូន​របស់​លោក​ឪពុក​ម្នាក់​នេះ​ដែល​ជា​អ្នក​បំផ្លាញ​ទ្រព្យ​សម្បត្ដិ​របស់​លោក​ឪពុក​ជាមួយ​ស្ដ្រី​ពេស្យា​មក​ដល់​លោក​ឪពុក​ក៏​កាប់​កូន​គោ​ដែល​បំប៉ន​ទុក​សម្រាប់​វា។ 31ឪពុកក៏​ប្រាប់​កូន​នោះ​វិញ​ថា​កូន​អើយ! ​កូន​ឯង​នៅ​ជាមួយ​ឪពុក​ជានិច្ច​ហើយ​អ្វីៗ​ដែល​ជា​របស់​ឪពុក​គឺ​ជា​របស់​កូន​ហើយ 32ដូច្នេះត្រូវ​តែ​អរ​សប្បាយ​និង​មាន​អំណរ​ឡើង​ព្រោះ​ប្អូន​ប្រុស​របស់​កូន​នេះ​បាន​ស្លាប់​ហើយ​តែ​រស់​ឡើង​វិញ​និង​បាន​វង្វេង​បាត់​ទៅ​ប៉ុន្ដែ​រក​ឃើញ​វិញ»។
Copyright information for KhmKCB