‏ Luke 16

រឿងមេការដ៏ទុច្ចរិត

1ព្រះយេស៊ូ​មានបន្ទូល​ទៅ​ពួក​សិស្ស​របស់​ព្រះអង្គ​ទៀត​ដែរ​ថា៖ ​«បុរស​អ្នក​មាន​ម្នាក់​មាន​មេការ​ម្នាក់​ដែល​ត្រូវ​បាន​គេ​ប្ដឹង​ថា​បាន​បង្ហិន​ទ្រព្យ​សម្បត្ដិ​របស់​គាត់។ 2ដូច្នេះលោក​ក៏​ហៅ​មេការ​នោះ​មក​សួរ​ថា​តើ​រឿង​របស់​អ្នក​ដែល​ខ្ញុំ​បាន​ឮ​នេះ​យ៉ាង​ដូចម្ដេច​ដែរ? ​ចូរ​ធ្វើ​បញ្ជី​ឲ្យ​ខ្ញុំ​សម្រាប់​ការ​មើល​ខុសត្រូវ​របស់​អ្នក​ព្រោះ​អ្នក​មិន​អាច​ធ្វើ​ជា​មេ​ការ​បាន​ត​ទៅ​ទៀត​ទេ។ 3មេការ​នោះ​ក៏​គិត​ក្នុង​ចិត្ដ​ថា​តើ​ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាង​ដូច​ម្ដេច​ព្រោះ​ចៅហ្វាយ​របស់​ខ្ញុំ​ដក​យក​តួនាទី​មើល​ការ​ខុសត្រូវ​ពី​ខ្ញុំ​វិញ​ហើយ? ​ខ្ញុំ​គ្មាន​កម្លាំង​កាប់​គាស់​ទេ​ហើយ​បើ​សុំទាន​ក៏​ខ្មាស​គេ​ដែរ។ 4ខ្ញុំដឹង​ហើយ​ថា​ខ្ញុំ​គួរ​ធ្វើ​យ៉ាង​ដូច​ម្ដេច​នោះ​ដើម្បី​នៅ​ពេល​ណា​លោក​ដក​ខ្ញុំ​ពី​តួនាទី​មើល​ការ​ខុសត្រូវ​មនុស្ស​មុខជា​ស្វាគមន៍​ខ្ញុំ​នៅក្នុង​ផ្ទះ​របស់​ពួកគេ​មិនខាន។ 5គាត់ក៏​ហៅ​ពួក​កូន​បំណុល​របស់​ចៅហ្វាយ​គាត់​ម្នាក់​ម្ដងៗ​មក​រួច​សួរ​ទៅ​អ្នក​ទីមួយ​ថា​តើ​អ្នក​ជំពាក់​ចៅហ្វាយ​របស់​ខ្ញុំ​ប៉ុន្មាន? 6អ្នកនោះ​ប្រាប់​ថា​ប្រេង​មួយ​រយ​ធុង។ ​គាត់​ក៏​ប្រាប់​អ្នក​នោះ​ថា​ចូរ​យក​សំបុត្រ​ជំពាក់​របស់​អ្នក​ទៅ​រួច​អង្គុយ​ចុះ​សរសេរ​ដាក់​ថា​ហាសិប​ធុង​ជា​ប្រញាប់។ 7គាត់សួរ​ម្នាក់​ទៀត​ថា​ចុះ​អ្នក​វិញ​តើ​ជំពាក់​ប៉ុន្មាន​ដែរ? ​អ្នក​នោះ​ប្រាប់​ថា​ស្រូវ​មួយរយ​ហាប។ ​គាត់​ក៏​ប្រាប់​អ្នក​នោះ​ថា​ចូរ​យក​សំបុត្រ​ជំពាក់​របស់​អ្នក​ទៅ​ហើយ​សរសេរ​ដាក់​ថា​ប៉ែតសិប។ 8ចៅហ្វាយក៏​សរសើរ​មេ​ការ​ដ៏​ទុច្ចរិត​នោះ​ព្រោះ​គាត់​បាន​ប្រព្រឹត្ដ​យ៉ាង​ឆ្លាតវៃ។ ​នៅ​ជំនាន់​របស់​ពួកគេ​នេះ​ពួក​កូន​ចៅ​នៃ​លោកិយ​ឆ្លាត​ជាង​ពួក​កូន​ចៅ​នៃ​ពន្លឺ។ 9ខ្ញុំប្រាប់​អ្នករាល់គ្នា​ថា​ចូរ​ប្រើ​ទ្រព្យសម្បត្ដិ​លោកិយ​បង្កើត​មិត្ដភក្ដិ​សម្រាប់​អ្នករាល់គ្នា​ចុះ​ដើម្បី​ពេល​ណា​ទ្រព្យ​នោះ​អស់ទៅ​នោះ​ពួក​មិត្ដភក្ដិ​អាច​ស្វាគមន៍​អ្នករាល់គ្នា​មក​ក្នុង​លំនៅ​អស់កល្ប​ជានិច្ច។ 10អ្នកណា​ដែល​ស្មោះ​ត្រង់​ក្នុង​ការ​តូច​នោះ​ក៏​ស្មោះ​ត្រង់​ក្នុង​ការ​ធំ​ដែរ​ហើយ​អ្នក​ណា​ដែល​ទុច្ចរិត​ក្នុង​ការ​តូច​នោះ​ក៏​ទុច្ចរិត​ក្នុង​ការ​ធំ​ដែរ។ 11ដូច្នេះបើ​អ្នករាល់គ្នា​មិន​ស្មោះ​ត្រង់​ជាមួយ​នឹង​ទ្រព្យសម្បត្ដិ​លោកិយ​ផង​តើ​អ្នក​ណា​នឹង​ទុក​ចិត្ដ​អ្នករាល់គ្នា​ជាមួយ​ទ្រព្យ​សម្បត្ដិ​ពិត​ប្រាកដ? 12ហើយប្រសិនបើ​អ្នករាល់គ្នា​មិន​ស្មោះ​ត្រង់​ជាមួយ​របស់ទ្រព្យ​អ្នកដទៃ​ផង​តើ​អ្នក​ណា​នឹង​ឲ្យ​របស់ទ្រព្យ​ដែល​ត្រៀមទុក​សម្រាប់​អ្នករាល់គ្នា​ទៅ​អ្នករាល់គ្នា​បាន? 13គ្មានបាវបម្រើ​ណា​អាច​បម្រើ​ចៅហ្វាយ​ពីរ​នាក់​បាន​ទេ​ដ្បិត​បាវបម្រើ​នោះ​នឹង​ស្អប់​មួយ​ស្រលាញ់​មួយ​ឬ​ក៏​ស្មោះ​ត្រង់​នឹង​មួយ​ហើយ​មើល​ងាយ​មួយ​ទៀត​ឯ​អ្នករាល់គ្នា​វិញ​មិន​អាច​បម្រើ​ព្រះជាម្ចាស់​ផង​បម្រើ​ទ្រព្យសម្បត្ដិ​ផង​បាន​ទេ»។ 14កាលពួក​អ្នកខាងគណៈផារិស៊ី​ដែល​ស្រលាញ់​លុយ​បាន​ឮ​សេចក្ដី​ទាំង​អស់​នេះ​ក៏​ចំអក​ឲ្យ​ព្រះអង្គ 15ប៉ុន្ដែព្រះអង្គ​មានបន្ទូល​ទៅ​គេ​ថា៖ ​«អ្នករាល់គ្នា​ជា​ពួក​អ្នក​ដែល​រាប់​ខ្លួន​ឯង​ថា​សុចរិត​នៅ​ចំពោះ​មុខ​មនុស្ស​តែ​ព្រះជាម្ចាស់​ជ្រាប​ពី​ចិត្ដ​អ្នករាល់គ្នា​ដ្បិត​អ្វី​ដែល​ជា​ទី​រាប់អាន​បំផុត​នៅក្នុង​ចំណោម​មនុស្ស​គឺ​ជា​ទី​ស្អប់​ខ្ពើម​បំផុត​នៅ​មុខ​ព្រះជាម្ចាស់។ 16ដ្បិតគម្ពីរ​វិន័យ​និង​អ្នកនាំព្រះបន្ទូល​ទាំងអស់​បាន​ថ្លែងទុក​អំពី​ការនេះ​រហូតដល់​ជំនាន់​លោក​យ៉ូហាន​ប៉ុន្ដែ​ចាប់ពី​នោះ​មក​គេ​ប្រកាស​អំពី​នគរ​ព្រះជាម្ចាស់​វិញ​ហើយ​មនុស្ស​គ្រប់គ្នា​កំពុង​ខំប្រឹង​ចូល​ទៅ​ក្នុង​នគរ​នោះ។ 17ផ្ទៃមេឃ​និង​ផែនដី​ងាយ​វិនាស​ទៅ​ជាង​ការដែល​សញ្ញា​បន្ដក់​ណា​មួយ​នៅក្នុង​គម្ពីរវិន័យ​ត្រលប់ជា​ឥតបានការ​ទៅទៀត។ 18អ្នកណា​ដែល​លែង​ប្រពន្ធ​របស់ខ្លួន​ហើយ​រៀបការ​នឹង​ស្ដ្រី​ម្នាក់​ទៀត​នោះ​ផិតក្បត់​ហើយ​ឯ​បុរស​ណា​ដែល​រៀបការ​នឹង​ស្ត្រី​ប្ដី​លែង​នោះ​ក៏​ផិតក្បត់​ដែរ។

រឿង​អ្នកមាន​ និងឡាសា​រ

19មាន​បុរស​ម្នាក់​ជា​អ្នក​មាន​គាត់​ស្លៀក​ពាក់​សំពត់​ពណ៌​ស្វាយ​និង​ក្រណាត់​ទេសឯក​ប្រណិត​ហើយ​រស់​នៅ​សប្បាយ​រីករាយ​យ៉ាង​រុងរឿង​ជា​រៀង​រាល់​ថ្ងៃ។ 20មានបុរស​ក្រីក្រ​ម្នាក់​ឈ្មោះ​ឡាសារ​គាត់​កើត​ដំបៅ​ពេញ​ខ្លួន​គេ​បាន​ផ្ដេក​គាត់​នៅ​មាត់​ទ្វារ​របស់​អ្នក​មាន​នោះ។ 21គាត់ចង់​ចំអែត​ពោះ​ដោយ​កម្ទេច​អាហារ​ដែល​ធ្លាក់​ពី​លើ​តុ​របស់​អ្នក​មាន​នោះ​ហើយ​សូម្បីតែ​ឆ្កែ​ក៏​មក​លិទ្ធ​ដំបៅ​របស់​គាត់​ដែរ។ 22ក្រោយមក​ទៀត​បុរស​ក្រីក្រ​នោះ​បាន​ស្លាប់​ទៅ​ហើយ​ពួក​ទេវតា​បាន​នាំយក​គាត់​ទៅ​ឯ​ដើមទ្រូង​លោក​អ័ប្រាហាំ​ឯ​អ្នកមាន​នោះ​ក៏​ស្លាប់​ដែរ​ហើយ​គេ​បាន​បញ្ចុះ​គាត់ 23ហើយពេល​កំពុង​រង​ទារុណកម្ម​នៅ​ស្ថាននរក ▼
▼Hell of differnt region
​អ្នកមាន​ងើយ​ភ្នែក​ឡើង​ឃើញ​លោក​អ័ប្រាហាំ​ពី​ចម្ងាយ​ព្រមទាំង​ឡាសារ​នៅ​ដើមទ្រូង​លោក
24គាត់ក៏​ស្រែក​ហៅ​ថា​លោក​ឪពុក​អ័ប្រាហាំ​អើយ! ​សូម​មេត្ដា​ដល់​ខ្ញុំ​ផង​គឺ​សូម​ឲ្យ​ឡាសារ​ជ្រលក់​ចុង​ម្រាមដៃ​របស់​គាត់​ក្នុង​ទឹក​ហើយ​បន្ដក់លើ​អណ្ដាត​របស់​ខ្ញុំ​ដើម្បី​ឲ្យ​ខ្ញុំ​បាន​ត្រជាក់​ផង​ព្រោះ​ខ្ញុំ​កំពុង​រង​ទុក្ខ​វេទនា​ក្នុង​ភ្លើង​នេះ។ 25លោកអ័ប្រាហាំ​ក៏​ប្រាប់​គាត់​វិញ​ថា​កូន​អើយ! ​ចូរ​ចាំ​ថា​កូន​បាន​ទទួល​របស់​ល្អៗ​រួច​ហើយ​កាល​កូន​នៅ​មាន​ជីវិត​ឯ​ឡាសារ​វិញ​អភ័ព្វ​ណាស់​ប៉ុន្ដែ​ឥឡូវនេះ​គាត់​ត្រូវ​ទទួល​សេចក្ដី​ក្សេមក្សាន្ដ​នៅ​ទីនេះ​ឯ​កូន​វិញ​ត្រូវ​រង​ទុក្ខ​វេទនា។ 26លើសពី​បញ្ហា​ទាំងអស់​នេះ​ទៀត​គឺ​មាន​ជង្ហុក​យ៉ាង​ធំ​មួយ​ខណ្ឌ​ផ្ដាច់​រវាង​យើង​និង​អ្នករាល់គ្នា​ដូច្នេះ​ពួក​អ្នក​ដែល​ចង់​ឆ្លង​ពី​ទីនេះ​ទៅឯ​អ្នករាល់គ្នា​មិន​អាច​ឆ្លង​បាន​ឡើយ​ឬ​ពី​ទីនោះ​មក​ឯ​យើង​ក៏​មិន​បាន​ដែរ។ 27អ្នកមាន​ក៏​និយាយ​ទៀត​ថា​ដូច្នេះ​ខ្ញុំ​សូម​អង្វរ​លោក​ឪពុក​អើយ! ​សូម​លោក​ចាត់​ឡាសារ​ឲ្យទៅ​ឯ​គ្រួសារ​ឪពុក​របស់​ខ្ញុំ​ផង 28ដ្បិតខ្ញុំ​មាន​បងប្អូន​ប្រាំ​នាក់​ទៀត​ដើម្បី​ឲ្យ​គាត់​ធ្វើបន្ទាល់​ប្រាប់​ពួកគេ​ក្រែងលោ​ពួកគេ​មក​កន្លែង​រង​ទារុណកម្ម​នេះ​ដែរ។ 29ប៉ុន្ដែលោក​អ័ប្រាហាំ​ប្រាប់​ថា​ពួកគេ​មាន​លោក​ម៉ូសេ​និង​ពួក​អ្នកនាំព្រះបន្ទូល​ហើយ​ចូរ​ឲ្យ​ពួកគេ​ស្ដាប់​អ្នក​ទាំង​នោះ​ចុះ។ 30គាត់ក៏​តប​វិញ​ថា​ទេ​លោក​ឪពុក​អ័ប្រាហាំ​អើយ! ​បើ​មាន​អ្នកណា​ម្នាក់​រស់​ពី​ស្លាប់​ទៅ​ឯ​ពួកគេ​នោះ​ពួកគេ​មុខជា​ប្រែចិត្ដ​មិនខាន។ 31ប៉ុន្ដែលោក​អ័ប្រាហាំ​ប្រាប់វិញ​ថា​ប្រសិនបើ​ពួកគេ​មិន​ស្ដាប់​ម៉ូសេ​និង​ពួក​អ្នកនាំព្រះបន្ទូល​ផង​នោះ​ទោះ​បី​មាន​អ្នក​ណា​ម្នាក់​រស់​ពី​ស្លាប់​ឡើង​វិញ​ក៏​ដោយ​ក៏​ពួកគេ​មិន​ជឿ​ដែរ»។
Copyright information for KhmKCB