‏ Luke 17

សេចក្ដីបង្រៀន​អំពីការ​លើកលែង​ និងជំនឿ​

1ព្រះ​យេស៊ូ​មានបន្ទូល​ទៅ​ពួក​សិស្ស​ថា៖ ​«សេចក្ដី​ដែល​នាំ​ឲ្យ​ជំពប់ដួល​ត្រូវ​តែ​កើត​មាន​ប៉ុន្ដែ​វេទនា​ដល់​អ្នក​ណា​ដែល​នាំ​ឲ្យ​មាន​សេចក្ដី​ជំពប់ដួល 2ហើយស៊ូ​ឲ្យ​អ្នកនោះ​ចង​ក​នឹង​ត្បាល់​ថ្ម​ហើយ​ទម្លាក់​ទៅ​ក្នុង​សមុទ្រ​ប្រសើរ​ជាង​ឲ្យ​អ្នក​នោះ​ធ្វើ​ឲ្យ​អ្នក​តូច​ណា​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​នេះ​ជំពប់​ដួល។ 3ចូរប្រយ័ត្ន​ខ្លួន​បើ​បងប្អូន​របស់​អ្នក​ប្រព្រឹត្ដ​បាប​ចូរ​ទូន្មាន​គាត់​ហើយ​បើ​គាត់​ប្រែចិត្ដ​ចូរ​លើកលែងទោស​ឲ្យ​គាត់​ចុះ 4បើគាត់​ប្រព្រឹត្ដ​បាប​ទាស់​នឹង​អ្នក​ក្នុង​មួយ​ថ្ងៃ​ប្រាំពីរ​ដង​ក៏ដោយ​ពេល​ណា​គាត់​ត្រលប់មក​ឯ​អ្នក​ប្រាំពីរ​ដង​ទាំង​និយាយ​ថា​ខ្ញុំ​ប្រែចិត្ដ​ហើយ​នោះ​ចូរ​លើក​លែង​ទោស​ឲ្យ​គាត់​ចុះ»។ 5ពួកសាវក​ទូល​ព្រះអម្ចាស់​ថា៖ ​«សូម​បន្ថែម​ជំនឿ​ដល់​យើង​ផង!» 6ព្រះអម្ចាស់ក៏​មានបន្ទូល​ថា៖ ​«បើ​អ្នករាល់គ្នា​មាន​ជំនឿ​ប៉ុន​គ្រាប់​មូតា​មួយ​គ្រាប់​ហើយ​អ្នករាល់គ្នា​និយាយ​ទៅ​ដើមមន​នេះ​ថា​ចូរ​រលើង​ឫស​ទៅ​ដុះ​ក្នុង​សមុទ្រ​ទៅ​នោះ​វា​មុខជា​ស្ដាប់​បង្គាប់​អ្នករាល់គ្នា​មិនខាន។ 7ក្នុងចំណោមអ្នករាល់គ្នា​អ្នក​ដែល​មាន​បាវបម្រើ​កំពុង​ភ្ជួរ​ឬ​ឃ្វាល​ចៀម​ពេល​បាវបម្រើ​នោះ​ត្រលប់​មក​ពី​វាល​វិញ​តើ​នឹង​ប្រាប់​គាត់​ដែរ​ឬ​ថា​ចូរ​មក​អង្គុយ​បរិភោគ​អាហារ​ភ្លាម​មក? 8ផ្ទុយទៅវិញតើ​មិន​ប្រាប់​ទេ​ឬ​ថា​ចូរ​រៀបចំ​អាហារ​ឲ្យ​ខ្ញុំ​បរិភោគ​ហើយ​ចាំ​បម្រើ​ខ្ញុំ​រហូតដល់​ខ្ញុំ​បរិភោគ​រួចសិន​សឹម​ឯង​បរិភោគ​តាម​ក្រោយ​ចុះ? 9តើចៅហ្វាយ​ត្រូវ​អរគុណ​បាវបម្រើ​ដោយ​ព្រោះតែ​បាវបម្រើ​បាន​ធ្វើ​កិច្ចការ​តាម​បង្គាប់​ឬ? 10អ្នករាល់គ្នាក៏​ដូច្នោះ​ដែរ​ពេល​ណា​អ្នករាល់គ្នា​ធ្វើ​កិច្ចការ​ទាំងអស់​តាម​បង្គាប់​ចូរ​អ្នករាល់គ្នា​និយាយ​ថា​យើង​ជា​បាវបម្រើ​ដែល​គ្មានតម្លៃ​គឺ​យើង​ធ្វើ​អ្វីៗ​តាម​តួនាទី​របស់​យើង​ប៉ុណ្ណោះ»។

ព្រះយេស៊ូប្រោស​មនុស្សឃ្លាង់​ដប់នាក់

11នៅពេល​ព្រះអង្គ​ធ្វើ​ដំណើរ​ទៅឯ​ក្រុង​យេរូសាឡិម​កាត់​តាម​ព្រំប្រទល់​ស្រុក​សាម៉ារី​និង​ស្រុក​កាលីឡេ 12ព្រះអង្គក៏​យាង​ចូល​ទៅ​ក្នុង​ភូមិ​មួយ​ហើយ​បាន​ជួប​មនុស្ស​ឃ្លង់​ដប់​នាក់​ដែល​ឈរ​ពី​ចម្ងាយ 13ទាំងបន្លឺ​សំឡេង​ថា៖ ​«លោក​គ្រូ​យេស៊ូ​អើយ! ​សូម​មេត្ដា​ដល់​យើង​ផង»។ 14ពេលព្រះអង្គ​ឃើញ​ក៏​មានបន្ទូល​ទៅ​ពួកគេ​ថា៖ ​«ចូរ​ទៅ​បង្ហាញ​ខ្លួន​ដល់​ពួក​សង្ឃ​ចុះ» ​ពេល​ពួកគេ​កំពុង​ទៅ​ពួកគេ​ក៏​បាន​ជា​ស្អាត។ 15កាលម្នាក់​ក្នុងចំណោម​ពួកគេ​ឃើញ​ថា​ខ្លួន​បាន​ជា​ស្អាត​ក៏​ត្រលប់​មកវិញ​ទាំង​សរសើរតម្កើង​ព្រះជាម្ចាស់​ដោយ​សំឡេង​ឮៗ 16ហើយគាត់​ផ្កាប់​មុខ​ចុះ​នៅ​ទៀប​បាទា​ព្រះអង្គ​ទាំង​អរ​ព្រះគុណ​ព្រះអង្គ​ឯ​អ្នក​នោះ​ជា​ជនជាតិ​សាម៉ារី។ 17ព្រះយេស៊ូ​មានបន្ទូល​សួរ​ថា៖ ​«តើ​មិន​បាន​ជា​ស្អាត​ទាំង​ដប់​នាក់​ទេ​ឬ? ​ចុះ​ប្រាំបួន​នាក់​ទៀត​នៅ​ឯ​ណា? 18ម្ដេចក៏​មិន​ឃើញ​អ្នក​ទាំងនោះ​ត្រលប់​មក​ថ្វាយ​សិរីរុងរឿង​ដល់​ព្រះជាម្ចាស់​លើកលែងតែ​សាសន៍​ដទៃ​ម្នាក់​នេះ​ដូច្នេះ?» 19រួចព្រះអង្គ​ក៏​មានបន្ទូល​ទៅ​គាត់​ថា៖ ​«ចូរ​ក្រោក​ឡើង​ហើយ​ទៅ​ចុះ​ជំនឿ​របស់​អ្នក​បាន​ធ្វើ​ឲ្យ​អ្នក​ជា​សះ​ស្បើយ​ហើយ»។

ការ​មក​ដល់​នៃ​នគរ​ព្រះជាម្ចាស់

20កាល​ពួក​អ្នកខាងគណៈផារិស៊ី​បាន​សួរ​ថា​នគរ​ព្រះជាម្ចាស់​មក​ដល់​នៅ​ពេល​ណា​នោះ​ព្រះអង្គ​ក៏​មានបន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា៖ ​«នគរ​ព្រះជាម្ចាស់​មិន​មែន​មក​ដោយ​សង្កេត​មើល​ឃើញ​ឡើយ 21គ្មានអ្នក​ណា​នឹង​និយាយ​បាន​ថា​មើល៍​នៅ​ទីនេះ​ឬ​នៅ​ទីនោះ​បាន​ឡើយ​ដ្បិត​មើល៍​នគរ​ព្រះជាម្ចាស់​នៅ​កណ្ដាល​ចំណោម​អ្នករាល់គ្នា​ហើយ»។ 22រួចព្រះអង្គ​ក៏​មានបន្ទូល​ទៅ​ពួក​សិស្ស​ថា៖ ​«នឹង​មាន​ថ្ងៃ​មួយ​មក​ដល់​នៅពេល​ដែល​អ្នករាល់គ្នា​ចង់​ឃើញ​ថ្ងៃ​មួយ​របស់​កូន​មនុស្ស​ប៉ុន្ដែ​អ្នករាល់គ្នា​មើល​មិន​ឃើញ​ឡើយ។ 23ហើយពួកគេ​នឹង​ប្រាប់​អ្នករាល់គ្នា​ថា​មើល៍​នៅ​ទីនេះ​ឬ​មើល៍​នៅ​ទីនោះ​ចូរ​កុំ​ចេញ​ទៅ​ក្រៅ​តាម​ពួកគេ​ឲ្យ​សោះ 24ដ្បិតផ្លេកបន្ទោរ​ជះ​ពន្លឺ​ពី​ជើង​មេឃ​ម្ខាង​ទៅ​ជើង​មេឃ​ម្ខាង​ជា​យ៉ាងណា​នៅ​ថ្ងៃ​របស់​កូន​មនុស្ស​នឹង​បាន​ដូច​ជា​យ៉ាង​នោះ​ដែរ។ 25ប៉ុន្ដែមុនដំបូង​លោក​ត្រូវ​រង​ទុក្ខវេទនា​ជា​ច្រើន​ហើយ​ត្រូវ​ជំនាន់​នេះ​បដិសេធ​ទៀត​ផង។ 26នៅសម័យ​លោក​ណូអេ​មាន​កើត​ឡើង​ជា​យ៉ាង​ណា​នៅ​ថ្ងៃ​របស់​កូន​មនុស្ស​នឹង​មាន​កើត​ឡើង​ជា​យ៉ាង​នោះ​ដែរ 27ពួកគេស៊ី​ផឹក​រៀបការ​ជា​ប្ដី​ប្រពន្ធ​រហូតដល់​ថ្ងៃ​លោក​ណូអេ​ចូល​ទៅ​ក្នុង​ទូកធំ​ហើយ​ទឹក​ជំនន់​ក៏​មក​បំផ្លាញ​អ្វីៗ​ទាំងអស់​ទៅ 28និងដូច​ជា​នៅ​សម័យ​លោក​ឡុត​ដែរ​គឺ​ពួកគេ​ស៊ី​ផឹក​លក់​ដូរ​ដាំ​ដុះ​និង​សាង​សង់ 29ប៉ុន្ដែនៅ​ថ្ងៃ​ដែល​លោក​ឡុត​ចេញ​ពី​ក្រុង​សូដុម​នោះ​មាន​ភ្លើង​និង​ស្ពាន់ធ័រ​ធ្លាក់​មក​ពី​លើ​មេឃ​បំផ្លាញ​អ្វីៗ​ទាំងអស់​ទៅ។ 30វានឹង​មាន​ហេតុការណ៍​ដូច្នោះ​ដែរ​នៅ​ថ្ងៃ​កូន​មនុស្ស​លេច​មក។ 31នៅថ្ងៃ​នោះ​អ្នក​នៅ​លើ​ដំបូល​ផ្ទះ​ដែល​មាន​របស់​របរ​នៅក្នុង​ផ្ទះ​មិន​ត្រូវ​ចុះ​មក​យក​របស់​ទាំងនោះ​ទេ​អ្នក​នៅ​ស្រែ​ចម្ការ​ក៏​ដូចគ្នា​ដែរ​មិន​ត្រូវ​បកមក​ក្រោយ​ទៅ​យក​របស់​របរ​ទេ។ 32ចូរនឹក​ចាំ​ពី​ប្រពន្ធ​របស់​លោក​ឡុត​ចុះ។ 33ដ្បិតអ្នក​ណា​ដែល​ខិតខំ​រក្សា​ជីវិត​ខ្លួន​អ្នក​នោះ​នឹង​បាត់​ជីវិត​ទៅ​ប៉ុន្ដែ​អ្នក​ណា​ដែល​បាត់​បង់​ជីវិត​អ្នក​នោះ​នឹង​រក្សា​ជីវិត​បាន​វិញ។ 34ខ្ញុំប្រាប់​អ្នករាល់គ្នា​ថា​នៅ​យប់​នោះ​មនុស្ស​ពីរ​នាក់​នៅ​លើ​គ្រែ​តែ​មួយ​ម្នាក់​នឹង​ត្រូវ​ដក​យក​ទៅ​ហើយ​ម្នាក់​ទៀត​នឹង​ត្រូវ​ទុក​នៅ។ 35ឯស្ដ្រី​ពីរ​នាក់​កំពុង​កិន​ម្សៅ​ជាមួយ​គ្នា​ម្នាក់​នឹង​ត្រូវ​ដក​យក​ទៅ​ហើយ​ម្នាក់​ទៀត​នឹង​ត្រូវ​ទុក​នៅ 36[បុរស​ពីរ​នាក់​ដែល​នៅ​ស្រែ​ចំការ​ម្នាក់​នឹង​ត្រូវ​ដក​យក​ទៅ​ហើយ​ម្នាក់​ទៀត​នឹង​ត្រូវ​ទុក​នៅ។ ​] ▼
▼នៅក្នុងឯកសារដើមមួយចំនួនពុំមានខនេះទេ ។
37កាលពួកគេ​ទូល​សួរ​ព្រះអង្គ​ទៀត​ថា៖ ​«តើ​នៅ​ឯណា​ទៅ​ព្រះអម្ចាស់​អើយ?» ​នោះ​ព្រះអង្គ​មានបន្ទូល​ទៅ​ពួកគេ​ថា៖ ​«សព​នៅ​ទីណា​សត្វ​ត្មាត​ក៏​ផ្ដុំគ្នា​នៅ​ទីនោះ​ដែរ»។
Copyright information for KhmKCB