‏ Luke 18

រឿង​ស្ត្រី​មាន​ចិត្ដតស៊ូ​

1ព្រះអង្គ​ក៏​មានបន្ទូល​ទៅ​ពួកគេ​ជា​រឿង​ប្រៀប​ប្រដូច​មួយ​អំពី​ភាព​ចាំបាច់​ដែល​ត្រូវ​អធិស្ឋាន​ជានិច្ច​ទាំង​មិន​ត្រូវ​រសាយ​ចិត្ដ 2ថា៖ ​«នៅក្នុង​ក្រុង​មួយ​មាន​ចៅក្រម​ម្នាក់​ដែល​មិន​កោត​ខ្លាច​ព្រះជាម្ចាស់​ហើយ​ក៏​មិន​កោត​ក្រែង​មនុស្ស​ណា​ដែរ។ 3នៅក្នុង ▼
▼ElementText was blank in previous row. I deleted that row and renumbered the words in this verse.
ក្រុង​នោះ​ក៏​មាន​ស្ដ្រី​មេម៉ាយ​ម្នាក់​ចេះតែ​មក​រក​គាត់​ទាំង​និយាយ​ថា​សូម​លោក​រក​យុត្តិធម៌​ពី​គូ​វិវាទ​របស់​ខ្ញុំ​ឲ្យ​ខ្ញុំ​ផង។
4ក្នុងមួយ​រយៈ​ពេល​នោះ​ចៅក្រម​មិន​ព្រម​ទេ​ប៉ុន្ដែ​ក្រោយមក​គាត់​បាន​គិត​នៅក្នុង​ចិត្ដ​ថា​ទោះបី​ខ្ញុំ​មិន​កោត​ខ្លាច​ព្រះជាម្ចាស់​ឬ​មិន​កោត​ក្រែង​មនុស្ស​ណា​មែន​ក៏​ដោយ 5ប៉ុន្ដែដោយព្រោះ​ស្ដ្រី​មេម៉ាយ​នេះ​ចេះតែ​មក​រំខាន​ខ្ញុំ​ខ្ញុំ​នឹង​រក​យុត្ដិធម៌​ឲ្យ​នាង​ម្ដង​ចុះ​បើ​មិន​ដូច្នោះ​ទេ​ខ្ញុំ​មុខជា​ធុញ​ទ្រាន់​នឹង​ការ​ដែល​នាង​ចេះតែ​មក​មិនខាន»។ 6ព្រះអម្ចាស់ក៏​មានបន្ទូល​ទៀត​ថា៖ ​«ចូរ​ស្ដាប់​អ្វី​ដែល​ចៅក្រម​ទុច្ចរិត​នេះ​និយាយ​ចុះ 7ដូច្នេះតើ​ព្រះជាម្ចាស់​មិន​រក​យុត្ដិធម៌​ទាល់តែ​សោះ​ឲ្យ​ពួក​អ្នក​ព្រះអង្គ​ជ្រើស​តាំង​ដែល​អំពាវនាវ​ទៅ​ព្រះអង្គ​ទាំង​យប់​ទាំង​ថ្ងៃ​ទេ​ឬ? ​តើ​ព្រះអង្គ​ពន្យា​ពេល​ជាមួយ​ពួកគេ​ឬ? 8ខ្ញុំប្រាប់​អ្នករាល់គ្នា​ថា​ព្រះអង្គ​មុខជា​រក​យុត្ដិធម៌​សម្រាប់​ពួកគេ​ដោយ​រួស​រាន់​ប៉ុន្ដែ​កាល​ណា​កូន​មនុស្ស​មក​ដល់​តើ​លោក​នឹង​ឃើញ​ជំនឿ​នៅ​លើ​ផែនដី​ឬ​ទេ?»

រឿង​អ្នកខាង​គណៈ​ផារីស៊ី​ និងអ្នកទារពន្ធ​ដារ​

9ព្រះអង្គ​ក៏​មានបន្ទូល​ជា​រឿងប្រៀបប្រដូច​មួយ​ទៀត​នេះ​ទៅ​អ្នក​ខ្លះ​ដែល​គិត​ថា​ខ្លួនឯង​សុចរិត​ហើយ​មើលងាយ​អ្នកដទៃ​ថា៖ 10«មាន​បុរស​ពីរ​នាក់​បាន​ឡើង​ទៅ​ព្រះ​វិហារ​ដើម្បី​អធិស្ឋាន​ម្នាក់​ជា​អ្នកខាងគណៈផារិស៊ី​ឯ​ម្នាក់​ទៀត​ជា​អ្នកទារពន្ធដារ។ 11អ្នកខាងគណៈផារិស៊ីបាន​ឈរ​អធិស្ឋាន​សម្រាប់​ខ្លួនឯង​យ៉ាងដូច្នេះ​ថា​ឱ​ព្រះជាម្ចាស់​អើយ! ​ខ្ញុំ​អរព្រះគុណ​ព្រះអង្គ​ដែល​ខ្ញុំ​មិន​ដូច​ជា​មនុស្ស​ដទៃ​ទៀត​ដែល​ជា​មនុស្ស​បោក​ប្រាស់​ទុច្ចរិត​និង​ផិតក្បត់​ហើយ​ក៏​មិន​ដូចជា​អ្នកទារពន្ធដារ​នេះ​ដែរ។ 12ខ្ញុំបាន​តម​អាហារ​ពីរដង​ក្នុង​មួយ​សប្ដាហ៍​ខ្ញុំ​ថ្វាយ​មួយ​ភាគ​ដប់​គ្រប់​របស់​ទាំងឡាយ​ដែល​ខ្ញុំ​រក​បាន។ 13ឯអ្នកទារពន្ធដារ​វិញ​បាន​ឈរ​ពី​ចម្ងាយ​សូម្បីតែ​ភ្នែក​ក៏​មិន​ហ៊ាន​ងើយ​ទៅ​ឯ​ស្ថានសួគ៌​ដែរ​គាត់​និយាយ​ទាំង​គក់​ទ្រូង​ថា​ព្រះជាម្ចាស់​អើយ! ​សូម​មេត្ដា​ដល់​ខ្ញុំ​ដែល​ជា​មនុស្ស​បាប​ផង។ 14ខ្ញុំប្រាប់​អ្នករាល់គ្នា​ថា​ពេល​ម្នាក់​នេះ​ទៅ​ដល់​ផ្ទះ​វិញ​គាត់​ត្រូវ​បាន​រាប់​ជា​សុចរិត​នៅ​ចំពោះ​ព្រះជាម្ចាស់​មិនមែន​អ្នកខាងគណៈផារិស៊ី​ម្នាក់​នោះ​ទេ​ដ្បិត​អ្នក​ណា​លើក​តម្កើង​ខ្លួន​នឹង​ត្រូវ​បន្ទាប​ចុះ​ឯ​អ្នក​ណា​បន្ទាប​ខ្លួន​នឹង​ត្រូវ​លើក​តម្កើង​វិញ»។

ព្រះយេស៊ូប្រទានពរដល់ក្មេងៗ

15ពួកគេ​នាំ​ក្មេង​ៗ​មក​ឯ​ព្រះអង្គ​ដែរ​ដើម្បី​ឲ្យ​ព្រះអង្គ​ពាល់​ពួកវា​ប៉ុន្ដែ​ពេល​ឃើញ​ដូច្នេះ​ពួក​សិស្ស​ក៏​ស្ដីបន្ទោស​អ្នក​ទាំង​នោះ 16ប៉ុន្ដែព្រះ​យេស៊ូ​ហៅ​ពួកគេ​ដោយ​មានបន្ទូល​ថា៖ ​«កុំ​ឃាត់​ពួកគេ​អី! ​ចូរ​ឲ្យ​ក្មេង​ៗ​ទាំងនេះ​មក​ឯ​ខ្ញុំ​ចុះ​ដ្បិត​នគរ​ស្ថានសួគ៌​ជា​របស់​មនុស្ស​ដូច​ក្មេង​តូចៗ​ទាំង​នេះ 17ខ្ញុំប្រាប់​អ្នករាល់គ្នា​ជា​ប្រាកដ​ថា​អ្នក​ណា​ដែល​មិន​ទទួល​នគរ​ព្រះជាម្ចាស់​ដូច​ជា​កូន​ក្មេង​អ្នក​នោះ​មិន​អាច​ចូល​ទៅ​ក្នុង​នគរ​ព្រះជាម្ចាស់​បាន​ឡើយ»។

បុរស​អ្នកមាន​ជួប​ព្រះយេស៊ូ

18មាន​អ្នក​គ្រប់គ្រង​ម្នាក់​បាន​សួរ​ព្រះអង្គ​ថា៖ ​«លោក​គ្រូ​ល្អ​អើយ! ​តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូចម្ដេច​ដើម្បី​ទទួលបាន​ជីវិត​អស់កល្ប​ជានិច្ច​ទុកជា​មរតក?» 19ព្រះយេស៊ូ​ក៏​មានបន្ទូល​ទៅ​គាត់​ថា៖ ​«ហេតុអ្វី​អ្នក​ហៅ​ខ្ញុំ​ថា​ល្អ​ដូច្នេះ? ​គ្មាន​នរណា​ម្នាក់​ល្អ​ទេ​លើកលែងតែ​ព្រះជាម្ចាស់​មួយ​អង្គ​គត់។ 20អ្នកស្គាល់​បញ្ញត្ដិ​ហើយ​ថា​កុំ​ផិតក្បត់​កុំ​សម្លាប់​មនុស្ស​កុំ​លួច​កុំ​ធ្វើ​ជា​សាក្សី​ក្លែងក្លាយ​ហើយ​ចូរ​គោរព​ឪពុក​ម្ដាយ​របស់​អ្នក» 21ប៉ុន្ដែគាត់​ទូល​ព្រះអង្គ​ថា៖ ​«ខ្ញុំ​បាន​ធ្វើ​តាម​បញ្ញត្ដិ​ទាំង​អស់​នេះ​តាំងពី​ខ្ញុំ​នៅ​វ័យ​ជំទង់​ម៉្លេះ» 22ពេលឮ​ដូច្នេះ​ព្រះ​យេស៊ូ​ក៏​មានបន្ទូល​ទៅ​គាត់​ថា៖ ​«អ្នក​នៅ​ខ្វះ​សេចក្ដី​មួយ​ចូរ​ទៅ​លក់​ទ្រព្យសម្បត្ដិ​ទាំងអស់​ដែល​អ្នក​មាន​ចែក​ឲ្យ​អ្នកក្រ​ចុះ​នោះ​អ្នក​នឹង​មាន​ទ្រព្យសម្បត្ដិ​នៅ​ស្ថានសួគ៌​រួច​ចូរ​មក​តាម​ខ្ញុំ​ចុះ» 23ពេលបាន​ឮ​សេចក្ដី​ទាំងនេះ​គាត់​ប្រែ​ជា​ព្រួយ​ចិត្ដ​ណាស់​ព្រោះ​គាត់​មាន​ទ្រព្យ​សម្បត្ដិ​ច្រើន។

ទ្រព្យសម្បត្ដិ​ និងនគរ​ព្រះជាម្ចាស់

24កាល​ព្រះ​យេស៊ូ​ឃើញ​គាត់​ប្រែ​ជា​ព្រួយ​ចិត្ដ​ដូច្នេះ​ក៏​មានបន្ទូល​ថា៖ ​«អ្នក​មាន​ពិបាក​នឹង​ចូល​ទៅ​ក្នុង​នគរ​ព្រះជាម្ចាស់​ណាស់ 25ដ្បិតសត្វ​អូដ្ឋ​ចូល​តាម​ប្រហោង​ម្ជុល​នោះ​ងាយ​ជាង​អ្នក​មាន​ចូល​ក្នុង​នគរ​ព្រះជាម្ចាស់​ទៅទៀត» 26ពួកអ្នក​ដែល​ឮ​ក៏​ទូល​សួរ​ថា៖ ​«បើ​ដូច្នោះ​តើ​នរណា​អាច​ទទួល​សេចក្ដី​សង្គ្រោះ​បាន?» 27ព្រះអង្គក៏​មានបន្ទូល​ថា៖ ​«អ្វីៗ​ដែល​មនុស្ស​មិន​អាច​ធ្វើ​បាន​ព្រះជាម្ចាស់​អាច​ធ្វើ​បាន»។ 28លោកពេត្រុស​បាន​ទូល​ថា៖ ​«មើល៍​យើង​បាន​លះ​បង់​ទ្រព្យសម្បត្ដិ​របស់​យើង​ហើយ​ដើរតាម​លោក» 29ព្រះអង្គក៏​មានបន្ទូល​ទៅ​ពួកគេ​ថា៖ ​«ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ជា​ប្រាកដ​ថា​គ្មាន​អ្នក​ណា​ដែល​លះបង់​ផ្ទះ​សំបែង​ប្រពន្ធ​កូន​ឪពុក​ម្ដាយ​បងប្អូន​ព្រោះ​យល់​ដល់​នគរ​ព្រះជាម្ចាស់ 30មិនបាន​ទទួល​ច្រើន​លើសលប់​នៅ​ពេល​នេះ​ទេ​ហើយ​នៅ​គ្រា​មក​ដល់​នឹង​ទទួល​បាន​ជីវិត​អស់កល្ប​ជានិច្ច​ទៀត​ផង»។

ការ​ប្រាប់​អោយ​ដឹង​មុនជា​លើកទី​បី​​​​អំពី​ការ​សុគត​

31កាល​ព្រះអង្គ​នាំ​សាវក​ទាំង​ដប់ពីរ​ទៅ​ជាមួយ​ព្រះអង្គ​មានបន្ទូល​ទៅ​ពួកគេ​ថា៖ ​«មើល៍​យើង​កំពុង​ឡើង​ទៅ​ក្រុង​យេរូសាឡិម​ហើយ​គ្រប់​សេចក្ដី​ដែល​ពួក​អ្នកនាំព្រះបន្ទូល​បាន​ចែង​ទុក​អំពី​កូន​មនុស្ស​នឹង​បាន​សម្រេច។ 32ដ្បិតពួកគេ​នឹង​ប្រគល់​លោក​ឲ្យ​ពួក​សាសន៍ដទៃ​ដើម្បី​ឲ្យ​ពួកគេ​ចំអក​ធ្វើ​បាប​ស្ដោះទឹកមាត់​ដាក់ 33វាយនឹង​ខ្សែតី​ហើយ​សម្លាប់​ប៉ុន្ដែ​នៅ​ថ្ងៃ​ទីបី​លោក​នឹង​រស់​ឡើង​វិញ»។ 34ប៉ុន្ដែពួកគេ​មិន​យល់​សេចក្ដី​ទាំង​នេះ​ឡើយ​ដ្បិត​ព្រះបន្ទូល​នេះ​ត្រូវ​បាន​លាក់​បាំង​ពី​ពួកគេ​ហើយ​ពួកគេ​មិន​យល់​ពី​សេចក្ដី​ដែល​ព្រះអង្គ​បាន​មានបន្ទូល​ទេ។

ព្រះយេស៊ូប្រោស​អ្នកសុំទាន​ខ្វាក់​ភ្នែក​

35កាល​ព្រះអង្គ​យាង​ជិត​ដល់​ក្រុង​យេរីខូរ​នោះ​មាន​មនុស្ស​ខ្វាក់​ម្នាក់​កំពុង​អង្គុយ​សុំ​ទាន​នៅ​ចិញ្ចើម​ផ្លូវ 36ពេលឮ​បណ្ដាជន​កំពុង​ធ្វើ​ដំណើរ​ឆ្លង​កាត់​នោះ​គាត់​ក៏​សួរ​អំពី​អ្វី​ដែល​កើត​ឡើង​នេះ 37ពួកគេប្រាប់​គាត់​ថា៖ ​«ព្រះ​យេស៊ូ​អ្នក​ក្រុង​ណាសារ៉ែត​យាង​កាត់​នេះ» 38គាត់ក៏​ស្រែក​ថា៖ ​«ព្រះ​យេស៊ូ​ជា​ពូជ​ពង្ស​ដាវីឌ​អើយ! ​សូម​មេត្ដា​ខ្ញុំ​ផង» 39ពួកអ្នក​ដើរ​នៅ​ខាង​មុខ​បាន​បន្ទោស​គាត់​ឲ្យ​នៅ​ស្ងៀម​ប៉ុន្ដែ​គាត់​ស្រែក​ថែម​ទៀត​ថា៖ ​«ពូជ​ពង្ស​ដាវីឌ​អើយ​សូម​មេត្ដា​ដល់​ខ្ញុំ​ផង!»។ 40ព្រះយេស៊ូ​ក៏​ឈប់​ហើយ​បង្គាប់​ឲ្យ​គេ​នាំ​មនុស្ស​ខ្វាក់​នោះ​មក​ឯ​ព្រះអង្គ​ពេល​គេ​នាំ​គាត់​មក​ជិត​ព្រះអង្គ​ក៏​សួរ​គាត់​ថា៖ 41«តើ​អ្នក​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ឲ្យ​អ្នក?» ​គាត់​ទូល​វិញ​ថា៖ ​«ព្រះអម្ចាស់​អើយ! ​សូម​ធ្វើ​ឲ្យ​ភ្នែក​ខ្ញុំ​មើល​ឃើញ​ផង!» 42ព្រះយេស៊ូ​ក៏​មានបន្ទូល​ទៅ​គាត់​ថា៖ ​«ចូរ​មើល​ឃើញ​វិញ​ចុះ​ជំនឿ​របស់​អ្នក​បាន​ធ្វើ​ឲ្យ​អ្នក​ជា​សះស្បើយ​ហើយ»។ 43ភ្លាមនោះ​គាត់​ក៏​មើល​ឃើញ​ហើយ​ដើរតាម​ព្រះអង្គ​ទាំង​សរសើរតម្កើង​ព្រះជាម្ចាស់​ឯ​មនុស្ស​ទាំងអស់​ដែល​បាន​ឃើញ​ក៏​ថ្វាយ​ការ​សរសើរ​ដល់​ព្រះជាម្ចាស់។
Copyright information for KhmKCB