‏ Luke 19

ព្រះយេស៊ូជួប​លោកសាខេ​

1ពេល​ចូល​ដល់​ក្នុង​ក្រុង​យេរីខូរ​ព្រះអង្គ​ក៏​យាង​កាត់​ក្រុង 2មើល៍មាន​បុរស​ម្នាក់​ឈ្មោះ​សាខេ​គាត់​ជា​មេ​អ្នកទារពន្ធដារ​ម្នាក់​ហើយ​ជា​អ្នក​មាន 3គាត់កំពុង​រក​មើល​ថា​នរណា​ជា​ព្រះ​យេស៊ូ​ប៉ុន្ដែ​គាត់​មិន​អាច​មើល​ឃើញ​សោះ​ពី​ក្នុង​ចំណោម​បណ្ដាជន​ព្រោះ​គាត់​មាន​មាឌ​តូច​ល្អិត។ 4គាត់រត់​ទៅ​មុខ​មុន​ហើយ​ឡើង​លើ​ដើម​ល្វា​ដើម្បី​មើល​ឃើញ​ព្រះអង្គ​ព្រោះ​ព្រះអង្គ​ឆ្លង​កាត់​ជិត​ដល់​ផ្លូវ​នោះ​ហើយ 5ពេលព្រះអង្គ​យាង​មក​ដល់​កន្លែង​នោះ​ហើយ​ព្រះ​យេស៊ូ​ក៏​មើល​ទៅ​លើ​ទាំង​មានបន្ទូល​ទៅ​គាត់​ថា៖ ​«សាខេ​អើយ! ​ចូរ​ប្រញាប់​ចុះ​មក​ព្រោះ​ខ្ញុំ​ត្រូវ​នៅ​ផ្ទះ​របស់​អ្នក​ថ្ងៃ​នេះ»។ 6គាត់ក៏​ប្រញាប់​ចុះ​មក​ស្វាគមន៍​ព្រះអង្គ​ទាំង​អំណរ។ 7ពេលមនុស្ស​ទាំងអស់​ឃើញ​ក៏​រអ៊ូរទាំ​ថា៖ ​«គាត់​ចូល​ទៅ​ស្នាក់​នៅ​ជាមួយ​មនុស្ស​បាប!» 8លោកសាខេ​ក៏​ក្រោក​ឈរ​ទូល​ទៅ​ព្រះអម្ចាស់​ថា៖ ​«ព្រះអម្ចាស់​អើយ! ​ខ្ញុំ​ចែក​ទ្រព្យ​សម្បត្ដិ​ពាក់​កណ្ដាល​របស់​ខ្ញុំ​ដល់​អ្នក​ក្រីក្រ​ហើយ​បើ​ខ្ញុំ​កេង​បន្លំ​អ្វី​មួយ​ពី​អ្នក​ណា​ម្នាក់​ខ្ញុំ​នឹង​សង​វិញ​មួយ​ជា​បួន​ដង»។ 9ព្រះយេស៊ូ​មានបន្ទូល​ទៅ​គាត់​ថា៖ ​«ថ្ងៃ​នេះ​សេចក្ដី​សង្គ្រោះ​បាន​មក​ដល់​ផ្ទះ​នេះ​ហើយ​ព្រោះ​គាត់​ក៏​ជា​ពូជពង្ស​របស់​លោក​អ័ប្រាហាំ​ដែរ 10ដ្បិតកូន​មនុស្ស​បាន​មក​រក​និង​សង្គ្រោះ​អ្នក​ដែល​វង្វេង»។

រឿង​ប្រាក់​ដប់មីណា​

11កាល​ពួកគេ​កំពុង​ស្ដាប់​សេចក្ដី​ទាំង​នេះ​ព្រះអង្គ​មានបន្ទូល​បន្ថែម​ជា​រឿង​ប្រៀប​ប្រដូច​មួយ​ទៀត​ព្រោះតែ​ព្រះអង្គ​កំពុង​នៅ​ជិត​ក្រុង​យេរូសាឡិម​រួច​ពួកគេ​ស្មាន​ថា​នគរ​ព្រះជាម្ចាស់​នឹង​លេច​មក​ភ្លាមៗ 12គឺព្រះអង្គ​មានបន្ទូល​ថា៖ ​«មាន​បុរស​ត្រកូល​ខ្ពង់ខ្ពស់​ម្នាក់​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ស្រុក​ឆ្ងាយ​ដើម្បី​ទទួល​យក​នគរ​មួយ​សម្រាប់​គាត់​រួច​ត្រូវ​ត្រលប់​មកវិញ 13កាលបាន​ហៅ​បាវបម្រើ​ទាំង​ដប់​នាក់​របស់​គាត់​មក​ហើយ​គាត់​ក៏​ឲ្យ​ប្រាក់​ដល់​ពួកគេ​ដប់​មីណា ▼
▼១៩:១៣ ប្រាក់មីណា
​និង​បាន​ប្រាប់​ថា​ចូរ​ប្រកប​របររកស៊ី​រហូត​ដល់​ខ្ញុំ​មក​វិញ។
14ប៉ុន្ដែជនជាតិ​របស់​គាត់​ស្អប់​គាត់​ក៏​ចាត់​តំណាង​ឲ្យ​ទៅ​តាម​ក្រោយ​គាត់​ដើម្បី​ប្រាប់​ថា​យើង​មិន​ចង់​ឲ្យ​ម្នាក់​នេះ​គ្រប់​គ្រង​លើ​យើង​ទេ។ 15កាលទទួល​នគរ​នោះ​ហើយ​គាត់​ក៏​ត្រលប់​មកវិញ​ហើយ​ប្រាប់​ឲ្យ​គេ​ហៅ​បាវបម្រើ​ទាំង​នោះ​មក​ជា​ពួក​អ្នក​ដែល​គាត់​បាន​ឲ្យ​ប្រាក់​ដើម្បី​ឲ្យ​គាត់​ដឹង​ថា​ពួកគេ​រកស៊ី​ចំណេញ​បាន​អ្វី​ខ្លះ។ 16អ្នកទីមួយ​ចូល​មក​ប្រាប់​ថា​លោក​ម្ចាស់​អើយ! ​មួយ​មីណា​របស់​លោក​ចំណេញ​បាន​ដប់​មីណា។ 17គាត់ក៏​ប្រាប់​បាវបម្រើ​នោះ​ថា​ប្រសើរ​ណាស់​បាវបម្រើ​ដ៏ល្អ​អើយ! ​ដោយព្រោះ​អ្នក​ស្មោះត្រង់​ក្នុង​កិច្ចការ​តូចតាច​ចូរ​អ្នក​មាន​សិទ្ធិអំណាច​គ្រប់គ្រង​ដប់​ក្រុង​ចុះ។ 18អ្នកទីពីរ​ចូល​មក​ប្រាប់​ថា​លោក​ម្ចាស់​អើយ! ​មួយ​មីណា​របស់​លោក​ចំណេញ​បាន​ប្រាំ​មីណា។ 19គាត់ប្រាប់​បាវបម្រើ​នោះ​ដែរ​ថា​ចូរ​អ្នក​គ្រប់​គ្រង​ប្រាំ​ក្រុង​ចុះ។ 20បាវបម្រើម្នាក់​ទៀត​បាន​មក​ប្រាប់​ថា​លោក​ម្ចាស់​អើយ! ​មើល៍​មួយ​មីណា​របស់​លោក​ខ្ញុំ​បាន​ខ្ចប់​ទុក​ក្នុង​កន្សែង 21ដ្បិតខ្ញុំ​ខ្លាច​លោក​ណាស់​ព្រោះ​លោក​ជា​មនុស្ស​តឹងរ៉ឹង​លោក​ដក​យក​អ្វី​ដែល​លោក​មិន​បាន​ទុក​ហើយ​ច្រូត​អ្វី​ដែល​លោក​មិន​បាន​សាប​ព្រោះ។ 22គាត់ក៏​ប្រាប់​បាវបម្រើ​នោះ​ថា​បាវបម្រើ​ដ៏​អាក្រក់​អើយ! ​ខ្ញុំ​នឹង​ជំនុំ​ជម្រះ​អ្នក​ដោយសារ​សំដី​របស់​អ្នក​បើ​អ្នក​ដឹង​ថា​ខ្ញុំ​ជា​មនុស្ស​ម្នាក់​តឹង​រឹង​ដក​យក​អ្វី​ដែល​មិន​បាន​ទុក​ហើយ​ច្រូត​អ្វី​ដែល​មិន​បាន​សាប​ព្រោះ​ដែរ 23ហេតុអ្វីបានជា​មិន​ដាក់​ប្រាក់​របស់​ខ្ញុំ​នៅ​កន្លែង​ចងការ​ដើម្បី​ពេល​ខ្ញុំ​មក​វិញ​នោះ​ប្រមូល​បាន​ទាំង​ដើម​ទាំង​ការ​ដូច្នេះ? 24រួចគាត់​ប្រាប់​ពួក​អ្នក​ឈរ​នៅក្បែរ​នោះ​ថា​ចូរ​ដក​យក​ប្រាក់​មួយ​មីណា​ពី​វា​ឲ្យ​ទៅ​ម្នាក់​ទៀត​ដែល​មាន​ដប់​មីណា​ទៅ។ 25ប៉ុន្ដែអ្នក​ទាំង​នោះ​ប្រាប់​គាត់​ថា​លោក​ម្ចាស់​អើយ! ​អ្នក​នោះ​មាន​ដប់​មីណា​ហើយ។ 26ខ្ញុំប្រាប់​អ្នករាល់គ្នា​ថា​អស់​អ្នក​ដែល​មាន​នឹង​បន្ថែម​ឲ្យ​ប៉ុន្ដែ​អ្នក​ណា​ដែល​គ្មាន​នឹង​ត្រូវ​ដក​យក​វិញ​សូម្បីតែ​អ្វី​ដែល​អ្នក​នោះ​មាន​ផង 27រីឯពួក​សត្រូវ​របស់​ខ្ញុំ​ដែល​មិន​ចង់​ឲ្យ​ខ្ញុំ​គ្រប់​គ្រង​លើ​ពួកគេ​ចូរ​នាំ​ពួកគេ​មក​ទីនេះ​ហើយ​សម្លាប់​នៅ​មុខ​ខ្ញុំ​ទៅ»។

ព្រះយេស៊ូយាងចូលក្រុងយេរូសាឡិម

28កាល​ព្រះអង្គ​មានបន្ទូល​អំពី​សេចក្ដី​ទាំងនេះ​ហើយ​ក៏​ធ្វើ​ដំណើរ​បន្ដ​ទៀត​ឡើង​ទៅ​ក្រុង​យេរូសាឡិម 29ហើយពេល​មក​ជិត​ដល់​ក្រុង​បេតផាសេ​និង​ក្រុង​បេថានី​ក្បែរ​ភ្នំ​មួយ​ឈ្មោះ​ភ្នំ​ដើមអូលីវ​ព្រះអង្គ​ក៏​ចាត់​សិស្ស​ពីរ​នាក់​ឲ្យ​ទៅ 30ដោយមានបន្ទូល​ថា៖ ​«ចូរ​ទៅ​ក្នុង​ភូមិ​នៅ​ទល់​មុខ​នោះ​ពេល​អ្នក​ចូល​ទៅ​ដល់​អ្នក​នឹង​ឃើញ​កូនលា​មួយ​ដែល​គេ​ចង​ទុក​មិន​ទាន់​មាន​មនុស្ស​ណា​ជិះ​នៅឡើយ​ចូរ​ស្រាយ​ហើយ​នាំ​វា​មក។ 31ប្រសិនបើ​មាន​អ្នក​ណា​សួរ​ពួក​អ្នក​ថា​ហេតុអ្វី​ពួក​អ្នក​ស្រាយ​វា? ​ចូរ​ប្រាប់​ថា​ព្រះអម្ចាស់​ត្រូវការ​វា»។ 32ពួកអ្នក​ដែល​ព្រះអង្គ​បាន​ចាត់​ក៏​ចេញ​ដំណើរ​ទៅ​ហើយ​បាន​ឃើញ​ដូច​ដែល​ព្រះអង្គ​បាន​ប្រាប់​ពួកគេ​មែន 33ពេលកំពុង​ស្រាយ​កូនលា​ម្ចាស់​របស់​វា​សួរ​ពួកគេ​ថា៖ ​«ហេតុ​អ្វី​ពួក​អ្នក​ស្រាយ​វា​ដូច្នេះ?» 34ពួកគេក៏​ឆ្លើយ​ថា៖ ​«ព្រះអម្ចាស់​ត្រូវការ​វា»។ 35ពួកគេក៏​បាន​ដឹក​កូន​លា​នោះ​មក​ឯ​ព្រះ​យេស៊ូ​រួច​ក៏​ក្រាល​អាវ​របស់​ពួកគេ​លើ​ខ្នង​វា​និង​បាន​បញ្ជិះ​ព្រះ​យេស៊ូ​លើ​នោះ។ 36ពេលព្រះអង្គ​កំពុង​យាង​ទៅ​ពួកគេ​ក៏​ក្រាល​អាវ​របស់​ខ្លួន​នៅ​លើ​ផ្លូវ។ 37កាលព្រះអង្គ​មក​ដល់​ត្រង់​ផ្លូវ​ចុះ​ពី​ភ្នំ​ដើម​អូលីវ​ពួក​សិស្ស​ច្រើន​កុះករ​ចាប់ផ្ដើម​អរសប្បាយ​ទាំងអស់​គ្នា​ព្រមទាំង​សរសើរ​តម្កើង​ព្រះជាម្ចាស់​ដោយ​សំឡេង​ឮៗ​អំពី​ការ​អស្ចារ្យ​ទាំងអស់​ដែល​ពួកគេ​បាន​ឃើញ 38ថា៖ ​«សូម​ថ្វាយ​ព្រះពរ​ដល់​ស្ដេច​មួយ​អង្គ​ដែល​យាង​មក​ក្នុង​ព្រះ​នាម​ព្រះអម្ចាស់​ចូរ​មាន​សេចក្ដី​សុខសាន្ដ​នៅ​ស្ថានសួគ៌​និង​សិរី​រុងរឿង​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត»។ 39ពួកអ្នកខាងគណៈផារិស៊ី​ខ្លះ​បាន​ទូល​ពី​ក្នុង​ចំណោម​បណ្ដាជន​ទៅ​ព្រះអង្គ​ថា៖ ​«លោក​គ្រូ​អើយ! ​សូម​ស្ដី​ឲ្យ​ពួក​សិស្ស​របស់​លោក​ផង» 40ប៉ុន្ដែព្រះអង្គ​មានបន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា៖ ​«ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា​ប្រសិន​បើ​អ្នក​ទាំងនេះ​នៅ​ស្ងៀម​ស្ងាត់​នោះ​ថ្ម​នឹង​ស្រែក​ឡើង»។

ព្រះយេស៊ូស្រណោះក្រុងយេរូសាឡិម

41នៅពេល​ព្រះអង្គ​យាង​មក​ជិត​ដល់​ក្រុង​យេរូសាឡិម​ពេល​ព្រះអង្គ​មើល​ឃើញ​ក្រុង​ក៏​យំ​ស្រណោះ​ក្រុង​នោះ 42ថា៖ ​«បើ​អ្នក​គឺ​អ្នក​ហ្នឹង​ហើយ​គួរ​តែ​ស្គាល់​សេចក្ដី​ដែល​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុខសាន្ដ​នៅ​ថ្ងៃ​នេះ! ​ប៉ុន្ដែ​ពេលនេះ​សេចក្ដី​នោះ​បាន​លាក់​កំបាំង​ពី​ភ្នែក​របស់​អ្នក​ទៅ​ហើយ 43ដ្បិតនឹង​មាន​ថ្ងៃ​ធ្លាក់​មក​លើ​អ្នក​គឺ​នៅ​ពេល​នោះ​ពួក​សត្រូវ​របស់​អ្នក​សង់​របង​ចម្រឹង​ព័ទ្ធ​ជុំ​វិញ​អ្នក​ហើយ​ស្ទាក់​អ្នក​គ្រប់​ទិស​ទាំង​អស់ 44ពួកគេនឹង​កម្ទេច​អ្នក​រាប​ដល់​ដី​ព្រម​ជាមួយ​នឹង​កូន​ចៅ​របស់​អ្នក​ដែល​នៅ​ក្នុង​អ្នក​ផង​ពួកគេ​ក៏​មិន​ទុក​ឲ្យ​ថ្ម​មួយ​ដុំ​ត្រួត​លើ​គ្នា​នៅក្នុង​អ្នក​ដែរ​ព្រោះ​អ្នក​ពុំ​បាន​ដឹង​ពី​ពេល​វេលា​នៃ​ការ​យាង​មក​ប្រោស​អ្នក​សោះ»។

ព្រះយេស៊ូសំអាត​ព្រះវិហារ​​

45ពេល​ព្រះអង្គ​យាង​ចូល​ទៅ​ក្នុង​ព្រះ​វិហារ​ក៏​ចាប់ផ្ដើម​បណ្ដេញ​ពួក​អ្នក​កំពុង​លក់​ដូរ 46ដោយមានបន្ទូល​ទៅ​ពួកគេ​ថា៖ ​«មាន​សេចក្ដី​បាន​ចែង​ទុក​មក​ថា​ដំណាក់​របស់​យើង​ជា​ដំណាក់​នៃ​ការអធិស្ឋាន​ប៉ុន្ដែ​អ្នករាល់គ្នា​បាន​ធ្វើ​ឲ្យ​ដំណាក់​នេះ​ក្លាយ​ជា​សំបុក​ចោរ​ទៅ​វិញ» 47រួចព្រះអង្គ​ក៏​បង្រៀន​នៅក្នុង​ព្រះ​វិហារ​រាល់​ថ្ងៃ​រីឯ​ពួក​សម្ដេចសង្ឃ​ពួក​គ្រូវិន័យ​និង​ពួក​មេ​ដឹកនាំ​ប្រជាជន​វិញ​កំពុង​រក​មធ្យោបាយ​សម្លាប់​ព្រះអង្គ 48ប៉ុន្ដែពួកគេ​រក​មិន​ឃើញ​មធ្យោបាយ​ណា​មួយ​ដែល​អាច​ឲ្យ​ពួកគេ​ធ្វើ​បាន​សោះ​ព្រោះ​ប្រជាជន​ទាំង​អស់​កំពុង​ជក់​ចិត្ដ​ស្ដាប់​ព្រះអង្គ។
Copyright information for KhmKCB