‏ Luke 20

ការ​សួរ​ផ្ចាញ់​អំពីសិទ្ធិ​អំណាច​របស់​ព្រះយេស៊ូ

1ថ្ងៃ​មួយ​នៅពេល​ព្រះអង្គ​កំពុង​បង្រៀន​ប្រជាជន​នៅក្នុង​ព្រះ​វិហារ​និង​ប្រកាស​ដំណឹងល្អ​នោះ​ពួក​សម្ដេចសង្ឃ​ពួក​គ្រូវិន័យ​និង​ពួក​ចាស់ទុំ​បាន​ក្រោក​ឈរ​ឡើង 2ទូលសួរ​ថា៖ ​«ចូរ​ប្រាប់​យើង​មក​តើ​អ្នក​ធ្វើ​ការ​ទាំងនេះ​ដោយ​សិទ្ធិអំណាច​អ្វី? ​តើ​នរណា​ឲ្យ​សិទ្ធិអំណាច​នេះ​ដល់​អ្នក?» 3ព្រះអង្គមានបន្ទូល​ទៅ​ពួកគេ​ថា៖ ​«ខ្ញុំ​នឹង​សួរ​ពួក​លោក​មួយ​សំណួរ​ដែរ​ចូរ​ប្រាប់​ខ្ញុំ​មក 4តើពិធី​ជ្រមុជ​ទឹក​របស់​លោក​យ៉ូហាន​មក​ពី​ស្ថានសួគ៌​ឬ​មក​ពី​មនុស្ស?» 5ពួកគេក៏​ពិគ្រោះ​គ្នា​ថា៖ ​«បើ​យើង​ឆ្លើយ​ថា​មក​ពី​ស្ថានសួគ៌​នោះ​គាត់​នឹង​និយាយ​ថា​ចុះ​ហេតុអ្វី​បានជា​ពួក​លោក​មិន​ជឿ​លោក​យ៉ូហាន? 6ប៉ុន្ដែបើ​យើង​ឆ្លើយ​ថា​មកពី​មនុស្ស​នោះ​ប្រជាជន​ទាំង​អស់​មុខ​ជា​ចោល​យើង​នឹង​ដុំ​ថ្ម​ព្រោះ​គេ​រាប់​លោក​យ៉ូហាន​ថា​ជា​អ្នកនាំព្រះបន្ទូល» 7ពួកគេក៏​ទូល​ឆ្លើយ​ថា៖ ​«មិន​ដឹង​មក​ពី​ណា​ទេ» 8ព្រះយេស៊ូ​ក៏​មានបន្ទូល​ទៅ​ពួកគេ​វិញ​ថា៖ ​«ខ្ញុំ​ក៏​មិន​ប្រាប់​ពួកលោក​ដែរ​ថា​ខ្ញុំ​ធ្វើ​ការ​ទាំង​នេះ​ដោយ​សិទ្ធិអំណាច​អ្វី»។

រឿង​អ្នកចំការ​ដ៏​អាក្រក់​

9ព្រះអង្គ​ចាប់ផ្ដើម​មានបន្ទូល​ប្រាប់​ប្រជាជន​ពី​រឿង​ប្រៀប​ប្រដូច​នេះ​ថា៖ ​«មាន​បុរស​ម្នាក់​បាន​ធ្វើ​ចម្ការទំពាំងបាយជូរ​មួយ​រួច​ប្រវាស់​ឲ្យ​ពួក​អ្នកចម្ការ​ហើយ​ក៏​ចេញ​ដំណើរ​ទៅ​អស់​រយៈ​ពេល​យ៉ាង​យូរ។ 10លុះដល់​រដូវ​ប្រមូល​ផល​គាត់​ក៏​ចាត់​បាវបម្រើ​ម្នាក់​ឲ្យ​ទៅ​ឯ​ពួក​អ្នកចម្ការ​ដើម្បី​ឲ្យ​ពួកគេ​ចែក​ផល​នៃ​ចម្ការទំពាំងបាយជូរ​ដល់​គាត់​ប៉ុន្ដែ​ពួក​អ្នកចម្ការ​បាន​វាយ​បណ្ដេញ​បាវនោះ​ឲ្យ​មក​វិញ​ដោយ​ដៃ​ទទេ។ 11គាត់ក៏​បន្ដ​ចាត់​បាវបម្រើ​ម្នាក់​ទៀត​ឲ្យទៅ​ប៉ុន្ដែ​ពួកគេ​បាន​វាយ​បាវបម្រើ​នោះ​ទាំង​ប្រមាថ​ទៀត​ផង​ហើយ​បណ្ដេញ​ឲ្យ​មក​វិញ​ដោយ​ដៃ​ទទេ។ 12គាត់ក៏​បន្ដ​ចាត់​អ្នក​ទីបី​ឲ្យទៅ​ប៉ុន្ដែ​ពួកគេ​បាន​វាយ​ម្នាក់​នេះ​ឲ្យ​របួស​ដែរ​ហើយ​បោះ​ទៅ​ខាង​ក្រៅ។ 13ម្ចាស់ចម្ការទំពាំងបាយជូរ​ក៏​និយាយ​ថា​តើ​ខ្ញុំ​គួរ​ធ្វើ​យ៉ាងដូចម្ដេច? ​ខ្ញុំ​នឹង​ចាត់​កូន​ប្រុស​ជា​ទីស្រលាញ់​របស់​ខ្ញុំ​ឲ្យទៅ​ប្រហែល​ជា​ពួកគេ​គោរព​កូន​នេះ។ 14ប៉ុន្ដែកាល​ពួក​អ្នកចម្ការ​ឃើញ​ក៏​និយាយ​គ្នា​ថា​ម្នាក់​នេះ​ជា​អ្នក​ស្នង​មរតក​ចូរ​យើង​សម្លាប់​វា​ចោល​ទៅ​មរតក​ទាំងអស់​នឹង​ត្រលប់ជា​របស់​យើង​ហើយ។ 15ពួកគេក៏​បោះ​កូន​ប្រុស​នោះ​ទៅ​ក្រៅ​ចម្ការទំពាំងបាយជូរ​ហើយ​សម្លាប់​ចោល។ ​បន្ទាប់​មក​តើ​ម្ចាស់​ចម្ការទំពាំងបាយជូរ​នឹង​ធ្វើ​ដូចម្ដេច​ចំពោះ​ពួកគេ? 16គាត់នឹង​មក​សម្លាប់​ពួក​អ្នកចម្ការ​ទាំងនេះ​វិញ​ហើយ​ឲ្យ​ចម្ការទំពាំងបាយជូរ​នោះ​ទៅ​អ្នក​ចម្ការ​ផ្សេង​ទៀត»។ ​ពេល​ឮ​ដូច្នេះ​ពួកគេ​និយាយ​ថា៖ ​«សូម​កុំ​ឲ្យ​មាន​រឿង​បែបនេះ​កើត​ឡើង​ឡើយ» 17ព្រះអង្គក៏​មើល​ទៅ​ពួកគេ​ទាំង​មានបន្ទូល​ថា៖ ​«ចុះ​តើ​សេចក្ដី​ដែល​ចែង​ទុក​មក​ថា​ថ្ម​ដែល​ជាង​សំណង់​បោះ​បង់​ចោល​នោះ​បាន​ត្រលប់ជា​ថ្ម​ដ៏​សំខាន់​នៅ​តាម​ជ្រុង​វិញ​មាន​ន័យ​យ៉ាងដូចម្ដេច? 18អ្នកណា​ធ្លាក់​លើ​ថ្ម​នេះ​អ្នក​នោះ​នឹង​ត្រូវ​បាក់​បែក​ហើយ​ប្រសិនបើ​ថ្ម​នេះ​ធ្លាក់​លើ​អ្នក​ណា​វិញ​វា​នឹង​កិន​កម្ទេច​អ្នក​នោះ»។ 19ពួកសម្ដេច​សង្ឃ​និង​ពួក​គ្រូវិន័យ​រក​ចាប់​ព្រះអង្គ​នៅ​ពេល​នោះ​ព្រោះ​ពួកគេ​ដឹង​ថា​ព្រះអង្គ​មានបន្ទូល​ជា​រឿង​ប្រៀប​ប្រដូច​នោះ​គឺ​សំដៅ​លើ​ពួកគេ​ប៉ុន្ដែ​ពួកគេ​ខ្លាច​ប្រជាជន។

ព្រះជាម្ចាស់ និងព្រះចៅ​សេសា​

20ដូច្នេះ​ពួកគេ​ក៏​ចាត់​អ្នក​ស៊ើប​ការណ៍​ក្លែង​ជា​អ្នក​សុចរិត​ឃ្លាំ​មើល​ព្រះអង្គ​យ៉ាង​ប្រុង​ប្រយ័ត្ន​ដើម្បី​ឲ្យ​ពួកគេ​អាច​ចាប់​កំហុស​ព្រះ​បន្ទូល​របស់​ព្រះអង្គ​បាន​ហើយ​ប្រគល់​ព្រះអង្គ​ឲ្យ​ទៅ​ពួក​អ្នកគ្រប់គ្រង​និង​ពួក​អាជ្ញាធរ​របស់​លោក​អភិបាល។ 21ពួកគេបាន​សួរ​ព្រះអង្គ​ថា៖ ​«លោក​គ្រូ​អើយ! ​យើង​ដឹង​ថា​លោក​និយាយ​និង​បង្រៀន​យ៉ាង​ត្រឹម​ត្រូវ​ហើយ​លោក​មិន​យោគ​យល់​មុខ​មនុស្ស​ណា​ឡើយ​ផ្ទុយទៅវិញ​លោក​បង្រៀន​អំពី​ផ្លូវ​របស់​ព្រះជាម្ចាស់​ទៅ​តាម​សេចក្ដីពិត 22តើការ​បង់​ពន្ធដារ​ឲ្យ​ព្រះចៅអធិរាជ​នោះ​ត្រឹម​ត្រូវ​តាម​វិន័យ​ដែរ​ឬ​ទេ?» 23ពេលព្រះអង្គ​ឈ្វេងយល់​ពី​ល្បិច​កល​របស់​ពួកគេ​ក៏​មានបន្ទូល​ទៅ​ពួកគេ​ថា៖ 24«ចូរ​បង្ហាញ​កាក់​មួយ​ឌេណារី​ដល់​ខ្ញុំ​តើ​កាក់​នេះ​មាន​រូប​និង​ចំណារ​របស់​នរណា?» ​ពួកគេ​ទូល​ថា៖ ​«ព្រះចៅអធិរាជ» 25ព្រះអង្គមានបន្ទូល​ទៅ​ពួកគេ​ថា៖ ​«ដូច្នេះ​ចូរ​ឲ្យ​អ្វីៗ​ដែល​ជា​របស់​ព្រះចៅអធិរាជ​ដល់​ព្រះចៅអធិរាជ​ឯ​អ្វីៗ​ដែល​ជា​របស់​ព្រះជាម្ចាស់​ដល់​ព្រះជាម្ចាស់​ចុះ» 26ដូច្នេះពួកគេ​មិន​អាច​ចាប់​កំហុស​ព្រះបន្ទូល​របស់​ព្រះអង្គ​នៅ​ចំពោះ​មុខ​ប្រជាជន​បាន​ឡើយ​ពួកគេ​នៅ​ស្ងៀមស្ងាត់​ទាំង​នឹកអស្ចារ្យ​ពី​ចម្លើយ​របស់​ព្រះអង្គ។

ពួក​គណៈ​សាឌូស៊ី​ និងការ​រស់​ឡើង​វិញ​

27ពួក​អ្នកខាងគណៈសាឌូស៊ី​ខ្លះ​ដែល​និយាយ​ជំទាស់​ថា​គ្មាន​ការ​រស់​ឡើង​វិញ​បាន​ចូលមកជិត​សួរ​ព្រះអង្គ​ថា៖ 28«លោក​គ្រូ​លោក​ម៉ូសេ​បាន​សរសេរ​ទុក​សម្រាប់​យើង​ថា​ប្រសិន​បើ​បង​ប្រុស​របស់​អ្នក​ណា​ម្នាក់​មាន​ប្រពន្ធ​ហើយ​ប៉ុន្ដែ​ស្លាប់​ទៅ​ដោយ​គ្មាន​កូន​សោះ​នោះ​ប្អូន​របស់​គាត់​ត្រូវ​យក​ប្រពន្ធ​របស់​គាត់​ដើម្បី​បង្កើត​កូន​ឲ្យ​គាត់ 29ឥឡូវនេះ​មាន​បងប្អូន​ប្រុស​ប្រាំពីរ​នាក់​បង​ប្រុស​ច្បង​បាន​យក​ប្រពន្ធ​ប៉ុន្ដែ​បាន​ស្លាប់​ទៅ​គ្មាន​កូន​សោះ 30ប្អូនប្រុសទីពីរ 31និងប្អូន​ប្រុស​ទីបី​បាន​យក​នាង​ទៀត​ហើយ​បង​ប្អូន​ប្រុស​ទាំង​ប្រាំពីរ​នាក់​នោះ​បាន​ស្លាប់​ទៅ​ដោយ​គ្មាន​កូន​ដូច​គ្នា។ 32នៅទី​បំផុត​ស្ដ្រី​នោះ​ក៏​ស្លាប់​ដែរ។ 33ដូច្នេះនៅ​ពេល​រស់​ឡើង​វិញ​តើ​នាង​ជា​ប្រពន្ធ​របស់​អ្នក​ណា​ក្នុង​ចំណោម​ពួកគេ? ​ដ្បិត​បង​ប្អូន​ប្រុស​ទាំង​ប្រាំពីរ​នាក់​បាន​យក​នាង​ធ្វើជា​ប្រពន្ធ​គ្រប់គ្នា» 34ព្រះយេស៊ូ​មានបន្ទូល​ទៅ​ពួកគេ​ថា៖ ​«ពួក​កូន​ចៅ​នៃ​ជំនាន់​នេះ​រៀបការ​ជា​ប្ដី​ប្រពន្ធ 35ប៉ុន្ដែអស់​អ្នក​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ស័ក្តិសម​ទទួល​បាន​ចំណែក​នៃ​ជំនាន់​នោះ​ព្រមទាំង​ការ​រស់​ពី​ស្លាប់​ឡើងវិញ​គេ​មិន​រៀបការ​ជា​ប្ដី​ប្រពន្ធ​ទៀត​ឡើយ 36ព្រោះពួកគេ​ដូច​ជា​ពួក​ទេវតា​មិន​អាច​ស្លាប់​ទៀត​ឡើយ​ជា​កូន​របស់​ព្រះជាម្ចាស់​និង​ជា​កូន​នៃ​ការ​រស់​ឡើង​វិញ។ 37សូម្បីតែលោក​ម៉ូសេ​ក៏​បាន​បង្ហាញ​នៅ​ត្រង់​គុម្ពបន្លា​ដែរ​ពី​ការ​ដែល​មនុស្ស​ស្លាប់​រស់ឡើងវិញ​គឺ​ពេល​គាត់​ហៅ​ព្រះអម្ចាស់​ថា​ព្រះ​របស់​អ័ប្រាហាំ​ព្រះ​របស់​អ៊ីសាក​និង​ព្រះ​របស់​យ៉ាកុប 38ដូច្នេះព្រះជាម្ចាស់​មិន​មែន​ជា​ព្រះ​របស់​មនុស្ស​ស្លាប់​ទេ​ប៉ុន្ដែ​ជា​ព្រះ​របស់​មនុស្ស​រស់​ព្រោះ​មនុស្ស​ទាំងអស់​មានជីវិត​ដោយសារ​ព្រះអង្គ»។ 39ពួកគ្រូវិន័យ​ខ្លះ​បាន​ឆ្លើយ​ថា៖ ​«លោក​គ្រូ​លោក​និយាយ​បាន​ល្អ​ណាស់» 40ហើយពួកគេ​មិន​ហ៊ាន​សួរ​ព្រះអង្គ​អំពី​អ្វី​ទៀត​ឡើយ។

សំនួរ​អំពីព្រះមែស៊ី​

41ព្រះ​យេស៊ូ​មានបន្ទូល​សួរ​ពួកគេ​ថា៖ ​«តើ​ដូចម្ដេច​បានជា​ពួកគេ​និយាយ​ថា​ព្រះ​គ្រិស្ដ​ជា​ពូជពង្ស​ដាវីឌ​ដូច្នេះ? 42ដ្បិតដាវីឌ​និយាយ​ក្នុង​គម្ពីរ​ទំនុកតម្កើង​ថា​ព្រះអម្ចាស់​មានបន្ទូល​មក​កាន់​ព្រះអម្ចាស់​របស់​ខ្ញុំ​ថា​ចូរ​អង្គុយ​នៅ​ខាង​ស្ដាំ​យើង 43រហូតដល់យើង​ដាក់​ខ្មាំង​សត្រូវ​របស់​អ្នក​ជា​កំណល់​ជើង​របស់​អ្នក។ 44ដូច្នេះបើ​ដាវីឌ​ហៅ​ព្រះអង្គ​ថា​ជា​ព្រះអម្ចាស់​តើ​ព្រះអង្គ​ជា​ពូជពង្ស​ដាវីឌ​យ៉ាងដូចម្ដេច​ទៅ?»

ការ​ព្រមាន​ដល់​ពួក​គ្រូ​វិន័យ​

45ពេល​ប្រជាជន​ទាំងអស់​កំពុង​ស្ដាប់​ព្រះអង្គ​ក៏​មានបន្ទូល​ទៅ​ពួក​សិស្ស​ព្រះអង្គ​ថា៖ 46«ចូរ​ប្រយ័ត្ន​នឹង​ពួក​គ្រូវិន័យ​ដែល​ចូល​ចិត្ដ​ពាក់​អាវវែង​ដើរ​ចុះ​ដើរ​ឡើង​ឲ្យ​គេ​គោរព​នៅ​តាម​ទី​ប្រជុំជន​ហើយ​ចូលចិត្ដ​អង្គុយ​មុខគេ​ក្នុង​សាលាប្រជុំ​និង​នៅ​កន្លែង​កិត្ដិយស​ក្នុង​ពិធីជប់លៀង។ 47ពួកគេបំផ្លាញ​ទ្រព្យសម្បត្ដិ​របស់​ស្ដ្រី​មេម៉ាយ​ហើយ​ធ្វើ​ពុត​ជា​អធិស្ឋាន​យ៉ាងយូរ​អ្នក​ទាំងនោះ​នឹង​ទទួល​ទោស​ធ្ងន់​ជាង​គេ»។
Copyright information for KhmKCB