‏ Luke 21

តង្វាយ​របស់ស្ដ្រី​មេម៉ាយ​ម្នាក់​

1ពេលនោះ​ព្រះអង្គ​ក្រឡេក​ឃើញ​ពួក​អ្នក​មាន​កំពុង​ដាក់​តង្វាយ​របស់​ពួកគេ​ទៅក្នុង​ហិបតង្វាយ 2ហើយព្រះអង្គ​ក៏​ឃើញ​ស្ដ្រី​មេម៉ាយ​ក្រីក្រ​ម្នាក់​កំពុង​ដាក់​កាក់​ពីរ​ឡិបតា​ទៅ​ក្នុង​ហិប​នោះ​ដែរ។ 3ព្រះអង្គក៏​មានបន្ទូល​ថា៖ ​«ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ជា​ប្រាកដ​ថា​ស្ដ្រី​មេម៉ាយ​ក្រីក្រ​ម្នាក់​នេះ​បាន​ដាក់​តង្វាយ​ច្រើន​ជាង​មនុស្ស​គ្រប់​គ្នា 4ព្រោះមនុស្ស​ទាំងនោះ​ដាក់​តង្វាយ​ពី​សំណល់​របស់​ពួកគេ​ប៉ុន្ដែ​ស្ដ្រី​ម្នាក់​នេះ​ទោះបើ​នាង​ក្រីក្រ​យ៉ាងណា​នាង​បាន​ថ្វាយ​អ្វីៗ​ទាំងអស់​ដែល​នាង​មាន​ដល់​ព្រះជាម្ចាស់»។

ព្រះយេស៊ូប្រាប់​អំពីវិនាសកម្ម​​ព្រះវិហារ​

5កាល​អ្នក​ខ្លះ​កំពុង​និយាយ​អំពី​ព្រះ​វិហារ​ដែល​បាន​តុបតែង​ដោយ​ថ្ម​ប្រណិត​និង​តង្វាយ​ព្រះអង្គ​ក៏​មានបន្ទូល​ថា៖ 6«អ្វី​ដែល​អ្នករាល់គ្នា​ឃើញ​ទាំងនេះ​នៅ​ថ្ងៃ​មក​ដល់​ថ្ម​ដែល​ត្រួត​លើ​គ្នា​នឹង​ត្រូវ​រើ​ចោល​គ្មាន​សល់​ឡើយ»។

ព្រះយេស៊ូប្រាប់​អំពីទីសំគាល់នៃ​ថ្ងៃចុងក្រោយ​

7ពួកគេ​ក៏​ទូល​សួរ​ព្រះអង្គ​ថា៖ ​«លោក​គ្រូ​តើ​ការ​ទាំងនេះ​នឹង​កើតឡើង​នៅ​ពេល​ណា? ​នៅពេល​ការ​ទាំងនេះ​ជិត​កើតឡើង​តើ​នឹង​មាន​ទីសំគាល់​អ្វី​ខ្លះ?» 8ព្រះអង្គមានបន្ទូល​ថា៖ ​«ចូរ​ប្រយ័ត្ន​អ្នករាល់គ្នា​កុំ​ចាញ់បោក​គេ​ឡើយ​ដ្បិត​មនុស្ស​ជាច្រើន​នឹង​មក​ក្នុង​ឈ្មោះ​ខ្ញុំ​ហើយ​និយាយ​ថា​ខ្ញុំ​នេះ​ហើយ​ឬ​ពេល​វេលា​ជិត​ដល់​ហើយ​នោះ​ចូរ​កុំ​ទៅ​តាម​ពួកគេ​ឲ្យ​សោះ។ 9ពេលណាអ្នក​រាល់​គ្នា​ឮ​អំពី​សង្គ្រាម​និង​ចលាចល​ចូរ​កុំ​ភ័យ​ខ្លាច​ឡើយ​ព្រោះ​ការ​ទាំងអស់នេះ​ត្រូវតែ​កើតឡើង​ជាមុន​ប៉ុន្ដែ​មិន​ទាន់​ដល់​ទីបញ្ចប់​ភ្លាម​ទេ»។ 10រួចព្រះអង្គ​មានបន្ទូល​ទៅ​ពួកគេ​ទៀត​ថា៖ ​«ជនជាតិ​មួយ​នឹង​ក្រោកឡើង​ទាស់នឹង​ជនជាតិ​មួយ​ហើយ​ប្រទេស​មួយ​ទាស់នឹង​ប្រទេស​មួយ 11ព្រមទាំងមាន​ការ​រញ្ជួយដី​ធំៗ​គ្រោះ​អត់ឃ្លាន​និង​ជំងឺរាតត្បាត​នៅតាម​កន្លែង​ផ្សេងៗ​ព្រមទាំង​មាន​ហេតុការណ៍​តក់ស្លុត​និង​ទីសំគាល់​ធំ​ៗ​ពីលើ​មេឃ​ផង។ 12ប៉ុន្ដែនៅ​មុន​សេចក្ដី​ទាំង​អស់​នេះ​ពួកគេ​នឹង​ចាប់​អ្នករាល់គ្នា​បៀតបៀន​អ្នករាល់គ្នា​ប្រគល់​អ្នករាល់គ្នា​ទៅ​ឲ្យ​សាលាប្រជុំ​ហើយ​ដាក់​គុក​អ្នករាល់គ្នា​ទាំង​នាំ​ទៅ​ឲ្យ​ស្ដេច​និង​ពួក​អភិបាល​ព្រោះតែ​ឈ្មោះ​ខ្ញុំ 13តែពេល​វេលា​នោះ​ត្រលប់ជា​ឱកាស​សម្រាប់​អ្នករាល់គ្នា​ធ្វើទីបន្ទាល់​វិញ។ 14ដូច្នេះចូរ​ចាំ​ទុក​ក្នុង​ចិត្ដ​របស់​អ្នករាល់គ្នា​ចុះ​កុំ​រៀបចំ​ការពារ​ខ្លួន​ជា​មុន​ឲ្យ​សោះ 15ដ្បិតខ្ញុំ​នឹង​ឲ្យ​អ្នករាល់គ្នា​មាន​ថ្វីមាត់​ព្រមទាំង​ប្រាជ្ញា​ដែល​គូ​វិវាទ​ទាំងអស់​មិន​អាច​តតាំង​ឬ​ជំទាស់​នឹង​អ្នករាល់គ្នា​បាន​ឡើយ។ 16ប៉ុន្ដែសូម្បីតែ​ឪពុក​ម្ដាយ​បងប្អូន​សាច់​ញាតិ​និង​មិត្ដភក្ដិ​ក៏​ក្បត់​នឹង​អ្នករាល់គ្នា​ដែរ​ហើយ​ពួកគេ​នឹង​សម្លាប់​អ្នក​ខ្លះ​ក្នុងចំណោម​អ្នករាល់គ្នា 17ហើយមនុស្ស​ទាំងអស់​នឹង​ស្អប់​អ្នករាល់គ្នា​ដោយព្រោះតែ​ឈ្មោះ​ខ្ញុំ 18ប៉ុន្ដែសូម្បីតែ​សក់​មួយ​សរសៃ​លើ​ក្បាល​អ្នករាល់គ្នា​ក៏​មិន​បាន​វិនាស​ឡើយ។ 19ដោយសារការ​ស៊ូទ្រាំ​របស់​អ្នករាល់គ្នា​អ្នករាល់គ្នា​នឹង​ទទួល​បាន​ជីវិត​វិញ 20ប៉ុន្ដែនៅ​ពេល​អ្នករាល់គ្នា​ឃើញ​កងទ័ព​ឡោមព័ទ្ធ​ក្រុង​យេរូសាឡិម​នោះ​ចូរ​ដឹង​ថា​សេចក្ដី​រលំ​រលាយ​នៃ​ក្រុង​នោះ​ជិត​មកដល់​ហើយ។ 21ពេលនោះចូរ​ឲ្យ​ពួក​អ្នក​នៅ​ស្រុក​យូដា​ភៀសខ្លួន​ទៅ​ភ្នំ​ចុះ​ឯ​ពួក​អ្នក​នៅ​កណ្ដាល​ក្រុង​ចាក​ចេញ​ពី​ក្រុង​នោះ​ហើយ​កុំ​ឲ្យ​ពួក​អ្នក​នៅ​ស្រែ​ចម្ការ​ត្រលប់​ចូល​ក្នុង​ក្រុង​នោះ​ឲ្យ​សោះ 22ពីព្រោះថ្ងៃ​ទាំងនេះ​ជា​ថ្ងៃ​នៃ​សេចក្ដី​សង​សឹក​ដើម្បី​ធ្វើ​ឲ្យ​សេចក្ដី​ទាំងអស់​ដែល​បាន​ចែង​ទុក​មក​បាន​សម្រេច។ 23ស្ដ្រីមាន​ផ្ទៃ​ពោះ​និង​ស្ដ្រី​កំពុង​បំបៅ​កូន​នឹង​វេទនា​ណាស់​នៅ​គ្រា​នោះ​ព្រោះ​សេចក្ដី​ទុក្ខ​ព្រួយ​ដ៏​សម្បើម​នឹង​មាន​នៅ​លើ​ទឹកដី​នេះ​ហើយ​កំហឹង​ក៏​ធ្លាក់​លើ​ប្រជាជន​នេះ 24ពួកគេនឹង​ដួល​ស្លាប់​ដោយ​មុខ​ដាវ​ហើយ​ត្រូវ​នាំ​យក​ជា​ឈ្លើយ​ទៅ​គ្រប់​ជាតិ​សាសន៍​ទាំងអស់​ឯ​ក្រុង​យេរូសាឡិម​វិញ​នឹង​ត្រូវ​សាសន៍​ដទៃ​ជាន់​ឈ្លី​រហូតដល់​ពេល​វេលា​របស់​ពួកគេ​ត្រូវ​បាន​បញ្ចប់។ 25នឹងមាន​ទីសំគាល់​នៅក្នុង​ព្រះ​អាទិត្យ​លោក​ខែ​និង​ផ្កាយ​ហើយ​ជនជាតិ​នា​នា​នៅលើ​ផែនដី​នេះ​នឹង​មាន​សេចក្ដី​ថប់​បារម្ភ​ទាំង​ទ័ល​ប្រាជ្ញា​ដោយសារ​សំឡេង​សន្ធឹក​សមុទ្រ​និង​ទឹក​រលក 26មនុស្សនឹង​ស្រយុត​ចិត្ដ​ដោយសារ​ការ​ភ័យ​ខ្លាច​និង​ការ​ទន្ទឹង​រង់ចាំ​ហេតុការណ៍​ដែល​នឹង​កើតឡើង​នៅ​លើ​ពិភពលោក​ដ្បិត​អំណាច​នៅ​ស្ថានសួគ៌​នឹង​រង្គោះរង្គើ 27ពេលនោះពួកគេ​នឹង​ឃើញ​កូន​មនុស្ស​យាង​មក​នៅ​លើ​ពពក​ប្រកប​ដោយ​អំណាច​និង​សិរីរុងរឿង​ដ៏​អស្ចារ្យ។ 28នៅពេល​ហេតុ​ការណ៍​ទាំង​នេះ​ចាប់ផ្ដើម​កើតឡើង​ចូរ​អ្នករាល់គ្នា​ក្រោកឈរ​ងើយ​ក្បាល​របស់​អ្នករាល់គ្នា​ឡើង​ព្រោះ​សេចក្ដី​ប្រោសលោះ​សម្រាប់​អ្នករាល់គ្នា​ជិតមកដល់​ហើយ»។

រឿន​ដើមល្វា​

29ព្រះអង្គ​ក៏​មានបន្ទូល​ប្រាប់​ពួកគេ​ពី​រឿង​ប្រៀប​ប្រដូច​មួយ​ថា៖ ​«ចូរ​មើល​ដើម​ល្វា​និង​ដើមឈើ​ទាំងអស់​ចុះ 30ពេលណា​ឃើញ​ស្លឹក​វា​លាស់​ឡើង​ហើយ​នោះ​អ្នករាល់គ្នា​ដឹង​ដោយ​ខ្លួន​ឯង​ថា​រដូវ​ក្ដៅ​ជិតមកដល់​ហើយ។ 31ឯអ្នករាល់គ្នា​វិញ​ក៏​ដូច្នេះ​ដែរ​ពេល​ណា​អ្នករាល់គ្នា​ឃើញ​ហេតុ​ការណ៍​ទាំងនេះ​កើតឡើង​ចូរ​ដឹង​ថា​នគរ​ព្រះជាម្ចាស់​នៅ​ជិត​បង្កើយ 32ខ្ញុំប្រាប់​អ្នករាល់គ្នា​ជា​ប្រាកដ​ថា​មនុស្ស​ជំនាន់​នេះ​នឹង​មិន​ស្លាប់​អស់​ឡើយ​លុះត្រាតែ​ហេតុការណ៍​ទាំងអស់នេះ​កើតឡើង​សិន 33ផ្ទៃមេឃ​និង​ផែនដី​នឹង​រលាយ​បាត់​ទៅ​ប៉ុន្ដែ​ពាក្យ​របស់​ខ្ញុំ​នឹង​មិន​រលាយ​បាត់​សោះ​ឡើយ។ 34ដូច្នេះចូរ​អ្នករាល់គ្នា​ប្រយ័ត្ន​ខ្លួន​ក្រែង​លោ​ចិត្ដ​របស់​អ្នករាល់គ្នា​ផ្ទុក​ដោយ​ការស្រវឹង​អួ​និង​ការ​ខ្វល់​ខ្វាយ​នៃ​ជីវិត​ហើយ​ថ្ងៃ​នោះ​អាច​ធ្លាក់​មក​លើ​អ្នករាល់គ្នា​ភ្លាមៗ​ដូចជា​អន្ទាក់ 35ដ្បិតថ្ងៃ​នោះ​នឹង​ធ្លាក់​មក​លើ​មនុស្ស​ទាំងអស់​ដែល​កំពុង​រស់​នៅ​លើ​ផ្ទៃ​ផែនដី​ទាំង​មូល 36ដូច្នេះអ្នករាល់គ្នា​ត្រូវ​ប្រុង​ស្មារតី​ទាំង​អធិស្ឋាន​គ្រប់​ពេល​វេលា​ដើម្បី​ឲ្យ​អ្នករាល់គ្នា​អាច​គេច​ផុត​ពី​ហេតុ​ការណ៍​ទាំង​អស់​នេះ​ដែល​នឹង​កើត​ឡើង​ហើយ​ឈរ​នៅ​ចំពោះ​មុខ​កូន​មនុស្ស​បាន»។ 37ព្រះអង្គបាន​បង្រៀន​នៅក្នុង​ព្រះ​វិហារ​នៅ​ពេល​ថ្ងៃ​ហើយ​ពេល​យប់​បាន​ចេញ​ទៅ​សម្រាក​នៅ​ភ្នំ​មួយ​ឈ្មោះ​ថា​ភ្នំ​ដើម​អូលីវ 38រីឯប្រជាជន​ទាំងអស់​គ្នា​វិញ​ក្រោក​តាំង​ពី​ព្រលឹម​ទៅ​រក​ព្រះអង្គ​នៅក្នុង​ព្រះ​វិហារ​ដើម្បី​ស្ដាប់​ព្រះអង្គ។
Copyright information for KhmKCB