‏ Luke 22

យូដាស​យល់​ព្រម​ក្បត់​ព្រះយេស៊ូ

1នៅពេល​ពិធី​បុណ្យ​នំបុ័ងឥតមេ​ដែល​ហៅ​ថា​ពិធី​បុណ្យ​រំលង​ជិតមកដល់ 2ពួកសម្ដេច​សង្ឃ​និង​ពួក​គ្រូវិន័យ​បាន​រិះរក​មធ្យោបាយ​សម្លាប់​ព្រះអង្គ​ប៉ុន្ដែ​ពួកគេ​ខ្លាច​ប្រជាជន។ 3អារក្សសាតាំង​បាន​ចូល​យូដាស​ដែល​ហៅ​ថា​អ៊ីស្ការីយ៉ុត​ជា​សាវក​ម្នាក់​ក្នុងចំណោម​សាវក​ទាំង​ដប់ពីរ 4គាត់បាន​ចេញ​ទៅ​ពិគ្រោះ​ជាមួយ​ពួក​សម្ដេច​សង្ឃ​និង​ពួក​ប្រធាន​ឆ្មាំ​ព្រះវិហារ​ពី​មធ្យោបាយ​ដែល​គាត់​អាច​ប្រគល់​ព្រះអង្គ​ទៅ​ឲ្យ​ពួកគេ។ 5ពួកគេត្រេកអរ​ណាស់​ហើយ​បាន​យល់​ព្រម​ឲ្យ​ប្រាក់​គាត់ 6ឯយូដាស​ក៏​យល់ព្រម​រួច​រក​ឱកាស​ប្រគល់​ព្រះអង្គ​នៅ​ពេល​គ្មាន​បណ្ដាជន​នៅ​ជាមួយ​ពួកគេ។

ការ​រៀបចំ​ពិធី​​បុណ្យ​រំលង​

7ពេល​ដល់​ថ្ងៃ​បុណ្យ​នំបុ័ងឥតមេ​ជា​ថ្ងៃ​ដែល​គេ​ត្រូវ​ថ្វាយ​យញ្ញបូជា​ជា​កូន​ចៀម​សម្រាប់​ពិធី​បុណ្យ​រំលង 8ព្រះអង្គបាន​ចាត់​លោក​ពេត្រុស​និង​លោក​យ៉ូហាន​ឲ្យទៅ​ដោយ​មានបន្ទូល​ថា៖ ​«ចូរ​ទៅ​រៀបចំ​បុណ្យ​រំលង​ដើម្បី​ឲ្យ​ពួក​យើង​បាន​បរិភោគ» 9ប៉ុន្ដែពួកគេ​ទូល​ព្រះអង្គ​ថា៖ ​«តើ​លោក​ចង់​ឲ្យ​យើង​រៀបចំ​នៅ​កន្លែង​ណា?» 10ព្រះអង្គមានបន្ទូល​ទៅ​ពួកគេ​ថា៖ ​«មើល៍​ពេល​ពួក​អ្នក​ចូល​ទៅ​ក្នុង​ក្រុង​ពួក​អ្នក​នឹង​ជួប​បុរស​ម្នាក់​លី​ក្អម​ទឹក​ចូរ​ដើរ​តាម​អ្នក​នោះ​ទៅ​ក្នុង​ផ្ទះ​ដែល​អ្នក​នោះ​ចូល 11ហើយប្រាប់​ម្ចាស់​ផ្ទះ​នោះ​ថា​លោក​គ្រូ​សួរ​មក​អ្នក​ថា​តើ​បន្ទប់​ដែល​ខ្ញុំ​ត្រូវ​បរិភោគ​អាហារ​ជាមួយ​នឹង​សិស្ស​របស់​ខ្ញុំ​ក្នុង​ថ្ងៃ​បុណ្យ​រំលង​នៅ​ឯណា? 12គាត់នឹង​បង្ហាញ​ឲ្យ​អ្នករាល់គ្នា​ឃើញ​បន្ទប់​ដ៏​ធំ​មួយ​នៅ​ជាន់​លើ​ដែល​រៀប​ជា​ស្រេច​ចូរ​រៀបចំ​នៅ​ទីនោះ​ចុះ»។ 13អ្នកទាំង​ពីរ​ក៏​ចាក​ចេញ​ទៅ​ហើយ​ឃើញ​ដូច​ដែល​ព្រះអង្គ​បាន​មានបន្ទូល​ប្រាប់​ដូច្នេះ​ពួកគេ​ក៏​រៀបចំ​ពិធី​បុណ្យ​រំលង។

ព្រះអម្ចាស់បរិភោគ​ជាមួយ​ពួក​សិស្ស​

14លុះ​ដល់​ពេល​វេលា​ព្រះអង្គ​ក៏​អង្គុយ​នៅ​តុ​អាហារ​ជាមួយ​ពួក​សាវក​របស់​ព្រះអង្គ 15ព្រះអង្គបាន​មានបន្ទូល​ទៅ​ពួកគេ​ថា៖ ​«នៅ​ថ្ងៃ​បុណ្យ​រំលង​នេះ​ខ្ញុំ​ចង់​បរិភោគ​ជាមួយ​អ្នករាល់គ្នា​ឲ្យ​អស់​ចិត្ដ​មុនពេល​ខ្ញុំ​រងទុក្ខ​វេទនា 16ដ្បិតខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា​ខ្ញុំ​នឹង​មិន​បរិភោគ​អាហារ​នៃ​ថ្ងៃ​បុណ្យ​រំលង​នេះ​ទៀត​ទេ​រហូតដល់​ពិធី​នេះ​បាន​សម្រេច​នៅ​នគរ​ព្រះជាម្ចាស់» 17រួចព្រះអង្គ​យក​ពែង​មក​ទាំង​អរព្រះគុណ​ព្រះជាម្ចាស់​ហើយ​មានបន្ទូល​ថា៖ ​«ចូរ​ទទួល​យក​ពែង​នេះ​ហើយ​ចែក​គ្នា​ផឹក​ចុះ 18ដ្បិតខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា​ចាប់ពី​ពេលនេះ​តទៅ​ខ្ញុំ​មិន​ផឹក​ផល​ពី​ទំពាំងបាយជូរ​ទៀត​ទេ​រហូតដល់​នគរ​ព្រះជាម្ចាស់​មក​ដល់»។ 19បន្ទាប់មកព្រះអង្គ​យក​នំប៉័ង​មក​ទាំង​អរព្រះគុណ​ព្រះជាម្ចាស់​ហើយ​កាច់​ចែក​ឲ្យ​ពួក​សិស្ស​ទាំង​មានបន្ទូល​ថា៖ ​«នេះ​ជា​រូបកាយ​របស់​ខ្ញុំ​ដែល​បាន​ឲ្យ​មក​អ្នករាល់គ្នា​ចូរ​ធ្វើ​បែប​នេះ​ចុះ​ដើម្បី​រំឭក​ដល់​ខ្ញុំ»។ 20ក្រោយពី​បរិភោគ​រួច​ព្រះអង្គ​ក៏​មានបន្ទូល​អំពី​ពែង​បែប​ដូច្នោះ​ដែរ​ថា៖ ​«ពែង​នេះ​ជា​កិច្ច​ព្រម​ព្រៀង​ថ្មី​ដោយ​នូវ​ឈាម​ខ្ញុំ​ដែល​បាន​បង្ហូរ​សម្រាប់​អ្នករាល់គ្នា 21ប៉ុន្ដែមើល៍​ដៃ​របស់​អ្នក​ក្បត់​ខ្ញុំ​ក៏​ដាក់​នៅ​លើ​តុ​អាហារ​ជាមួយ​ខ្ញុំ​ដែរ 22ដ្បិតកូន​មនុស្ស​ត្រូវ​ទៅ​ដូចជា​សេចក្ដី​ដែល​បាន​ចែង​ទុក​មក​មែន​ប៉ុន្ដែ​វេទនា​ដល់​មនុស្ស​ម្នាក់​នោះ​ដែល​បាន​ក្បត់​កូន​មនុស្ស»។ 23ពួកគេក៏​ចាប់ផ្ដើម​សួរ​ដេញដោល​គ្នា​អំពី​អ្នក​ដែល​បម្រុង​ធ្វើ​ដូច្នេះ។

ពួក​សិស្ស​ជជែក​គ្នា​អំពីអ្នក​ធំ​ជាង​គេ​

24ពេលនោះ​ក៏​កើត​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​អំពី​អ្នក​ដែល​ទំនង​ជា​អ្នក​ធំ​ជាង​គេ​ក្នុង​ចំណោម​ពួកគេ។ 25ប៉ុន្ដែព្រះអង្គ​មានបន្ទូល​ទៅ​ពួកគេ​ថា៖ ​«ពួក​ស្ដេច​នៃ​ជនជាតិ​នានា​គ្រប់​គ្រង​លើ​ប្រជាជន​ហើយ​ពួក​អ្នក​មាន​សិទ្ធិ​អំណាច​លើ​ប្រជាជន​គេ​ហៅ​ថា​ពួក​អ្នក​មាន​គុណ 26ប៉ុន្ដែអ្នករាល់គ្នា​វិញ​មិន​មែន​ដូច្នោះ​ទេ​អ្នក​ធំ​ជាង​គេ​ក្នុងចំណោម​អ្នករាល់គ្នា​ចូរ​ឲ្យ​អ្នក​នោះ​ធ្វើ​ដូចជា​អ្នក​តូច​ជាងគេ​ឯ​អ្នក​ដឹកនាំ​ដូចជា​អ្នក​បម្រើ 27ដ្បិតអ្នក​ធំ​ជាង​ជា​អ្នកណា​តើ​ជា​អ្នក​ដែល​កំពុង​អង្គុយ​នៅ​តុអាហារ​ឬ​ជា​អ្នក​ដែល​កំពុង​បម្រើ​គេ? ​តើ​មិន​មែន​ជា​អ្នក​កំពុង​អង្គុយ​នៅ​តុអាហារ​ទេ​ឬ? ​ខ្ញុំ​ប្រៀប​ដូច​ជា​អ្នក​ដែល​កំពុង​បម្រើ​នៅ​ក្នុងចំណោម​អ្នករាល់គ្នា 28ហើយអ្នករាល់គ្នា​ជា​ពួក​អ្នក​ដែល​បាន​នៅ​ជាមួយ​ខ្ញុំ​នៅ​ពេល​ខ្ញុំ​ជួប​សេចក្ដី​ល្បួង 29ដូច្នេះព្រះ​វរ​បិតា​របស់​ខ្ញុំ​ឲ្យ​នគរ​មួយ​ដល់​ខ្ញុំ​ជា​យ៉ាង​ណា​ខ្ញុំ​នឹង​ឲ្យ​ដល់​អ្នករាល់គ្នា​ជា​យ៉ាង​នោះ​ដែរ 30ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​បរិភោគ​នៅ​តុ​ជាមួយ​ខ្ញុំ​ក្នុង​នគរ​របស់​ខ្ញុំ​ហើយ​អ្នករាល់គ្នា​នឹង​អង្គុយ​លើ​បល្ល័ង្ក​ជំនុំ​ជម្រះ​កុល​សម្ព័ន្ធ​អ៊ីស្រាអែល​ទាំង​ដប់ពីរ។

ព្រះយេស៊ូប្រាប់​អំពីការ​បដិសេធ​​របស់លោកពេត្រុស​​

31ស៊ីម៉ូន​ស៊ីម៉ូន​អើយ! ​មើល៍​អារក្ស​សាតាំង​បាន​សុំ​អ្នក​ហើយ​ដើម្បី​រែង​អ្នក​ដូចជា​ស្រូវ​ដូច្នោះ​ដែរ 32ប៉ុន្ដែខ្ញុំ​បាន​អធិស្ឋាន​ឲ្យ​អ្នក​ដើម្បី​កុំ​ឲ្យ​ជំនឿ​របស់​អ្នក​ធ្លាក់​ចុះ​ឡើយ​ហើយ​នៅ​ពេល​អ្នក​ប្រែចិត្ដ​ចូរ​ពង្រឹង​បងប្អូន​របស់​អ្នក​ផង»។ 33ប៉ុន្ដែលោក​ពេត្រុស​បាន​ទូល​ព្រះអង្គ​ថា៖ ​«ព្រះអម្ចាស់​អើយ! ​ខ្ញុំ​បាន​ត្រៀម​នៅ​ជាមួយ​ព្រះអង្គ​ហើយ​ទោះបី​ត្រូវ​ជាប់​គុក​ឬ​ស្លាប់​ក៏​ដោយ»។ 34ព្រះអង្គក៏​មានបន្ទូល​ថា៖ ​«ពេត្រុស​អើយ! ​ខ្ញុំ​ប្រាប់​អ្នក​ថា​នៅ​ថ្ងៃ​នេះ​មុន​មាន់​រងាវ​អ្នក​នឹង​បដិសេធ​បី​ដង​ថា​មិន​ស្គាល់​ខ្ញុំ»។ 35រួចព្រះអង្គ​មានបន្ទូល​ទៅ​ពួកគេ​ថា៖ ​«កាល​ខ្ញុំ​បាន​ចាត់​អ្នករាល់គ្នា​ឲ្យទៅ​ដោយ​គ្មាន​ថង់​ប្រាក់​ថង់​យាម​និង​ស្បែក​ជើង​តើ​អ្នករាល់គ្នា​បាន​ខ្វះខាត​អ្វី​ទេ?» ​ពួកគេ​ទូល​ថា៖ ​«គ្មាន​ទេ»។ 36ព្រះអង្គមានបន្ទូល​ទៅ​ពួកគេ​ទៀត​ថា៖ ​«ប៉ុន្ដែ​ឥឡូវនេះ​អ្នក​ណា​មាន​ថង់​ប្រាក់​ចូរ​យក​ទៅ​ហើយ​អ្នក​ណា​មាន​ថង់​យាម​ក៏​យក​ទៅ​ដូច​គ្នា​ឯ​អ្នក​ណា​ដែល​គ្មាន​វិញ​ចូរ​លក់​អាវ​របស់​ខ្លួន​ទិញ​ដាវ​មួយ​ចុះ 37ដ្បិតខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា​សេចក្ដី​ដែល​បាន​ចែង​ទុក​អំពី​ខ្ញុំ​នេះ​ត្រូវតែ​សម្រេច​ដែលថា​គេ​បាន​រាប់​លោក​បញ្ចូល​ជាមួយ​ពួក​ល្មើស​ច្បាប់។ ​សេចក្ដី​ដែល​ទាក់​ទង​នឹង​ខ្ញុំ​ឈាន​ដល់​ការ​សម្រេច​ហើយ»។ 38ពួកគេក៏​ទូល​ថា៖ ​«ព្រះអម្ចាស់​អើយ! ​មើល៍​នៅ​ទីនេះ​មាន​ដាវ​ពីរ» ​ព្រះអង្គ​មានបន្ទូល​ទៅ​ពួកគេ​ថា៖ ​«គ្រប់​ហើយ»។

ព្រះយេស៊ូអធិស្ឋានលើ​ភ្នំ​ដើម​អូលីវ​

39កាល​ព្រះអង្គ​ចេញ​ទៅ​ក៏​យាង​ទៅ​ភ្នំ​ដើម​អូលីវ​តាម​ទម្លាប់​ឯ​ពួក​សិស្ស​ក៏​បាន​ទៅ​តាម​ព្រះអង្គ​ដែរ។ 40ពេលមក​ដល់​កន្លែង​ហើយ​ព្រះអង្គ​មានបន្ទូល​ទៅ​ពួកគេ​ថា៖ ​«ចូរ​អធិស្ឋាន​ដើម្បី​កុំ​ឲ្យ​ធ្លាក់​ក្នុង​សេចក្ដី​ល្បួង» 41រួចព្រះអង្គ​ក៏​ចេញ​ពី​ពួកគេ​ចម្ងាយ​ប្រហែល​មួយ​ចោល​ដុំ​ថ្ម​ហើយ​ព្រះអង្គ​បាន​លុត​ជង្គង់​អធិស្ឋាន​ថា៖ 42«ឱ​ព្រះ​វរ​បិតា​អើយ! ​ប្រសិនបើ​ព្រះអង្គ​សព្វ​ព្រះហឫទ័យ​សូម​ដក​ពែង​នេះ​ចេញ​ពី​ខ្ញុំ​ទៅ​ប៉ុន្ដែ​កុំ​តាម​បំណង​របស់​ខ្ញុំ​ទ្បើយ​គឺ​តាម​ព្រះអង្គ​វិញ» 43នោះមាន​ទេវតា​ពី​ស្ថានសួគ៌​បាន​លេច​មក​ឯ​ព្រះអង្គ​ដើម្បី​ចម្រើន​កម្លាំង​ឲ្យ​ព្រះអង្គ 44ហើយកាល​ព្រះអង្គ​ខ្វល់​ខ្វាយ​ជា​ពន់ពេក​ក៏​ខំប្រឹង​អធិស្ឋាន​ខ្លាំង​ឡើង​ថែម​ទៀត​ញើស​របស់​ព្រះអង្គ​ត្រលប់​ដូច​ជា​តំណក់​ឈាម​កំពុង​ស្រក់​មក​លើ​ដី។ 45កាលព្រះអង្គ​ក្រោក​ពី​អធិស្ឋាន​ក៏​យាង​ទៅ​ឯ​ពួក​សិស្ស​វិញ​ហើយ​ឃើញ​ពួកគេ​កំពុង​ដេក​លក់​ដោយព្រោះ​សេចក្ដី​សោកសៅ 46ព្រះអង្គក៏​មានបន្ទូល​ទៅ​ពួកគេ​ថា៖ ​«ហេតុអ្វី​ក៏​អ្នករាល់គ្នា​ដេកលក់​ដូច្នេះ? ​ចូរ​ក្រោក​អធិស្ឋាន​ដើម្បី​កុំ​ឲ្យ​ធ្លាក់​ក្នុង​សេចក្ដី​ល្បួង»។

យូដាស​ក្បត់​ព្រះយេស៊ូដោយ​ថើប​​

47កាល​ព្រះអង្គ​កំពុង​មានបន្ទូល​នៅ​ឡើយ​នោះ​ក៏​មាន​បណ្ដាជន​មក​ឯ​ព្រះអង្គ​ហើយ​យូដាស​ជា​សាវក​ម្នាក់​ក្នុងចំណោម​សាវក​ទាំង​ដប់ពីរ​កំពុង​នាំ​មុខ​គេ។ ​គាត់​បាន​ចូលមកជិត​ព្រះ​យេស៊ូ​ដើម្បី​ថើប​ព្រះអង្គ។ 48ព្រះយេស៊ូ​មានបន្ទូល​ទៅ​គាត់​ថា៖ ​«យូដាស​តើ​អ្នក​ក្បត់​កូន​មនុស្ស​ដោយ​ការ​ថើប​ឬ?» 49ពេលពួក​អ្នក​នៅ​ជុំវិញ​ឃើញ​ហេតុការណ៍​ហៀប​នឹង​កើតទ្បើង​ក៏​ទូល​សួរ​ព្រះអង្គ​ថា៖ ​«ព្រះ​អម្ចាស់! ​តើ​ឲ្យ​យើង​ប្រយុទ្ធ​ដោយ​ដាវ​ដែរ​ឬ​ទេ?» 50ស្រាប់តែមាន​មនុស្ស​ម្នាក់​ក្នុង​ចំណោម​ពួកគេ​បាន​កាប់​បាវបម្រើ​របស់​សម្ដេច​សង្ឃ​ម្នាក់​ដាច់​ត្រចៀក​ខាង​ស្ដាំ។ 51ព្រះយេស៊ូ​ក៏​មានបន្ទូល​ថា៖ ​«ឈប់! ​ប៉ុណ្ណឹង​បាន​ហើយ» ​រួច​ព្រះអង្គ​ក៏​ពាល់​ត្រចៀក​នោះ​ហើយ​បាន​ប្រោស​គាត់​ឲ្យជា​វិញ។ 52ព្រះយេស៊ូ​មានបន្ទូល​ទៅ​ពួក​អ្នក​ដែល​បាន​មក​ទាស់​នឹង​ព្រះអង្គ​ពួក​សម្ដេច​សង្ឃ​ពួក​ប្រធាន​ឆ្មាំ​ព្រះ​វិហារ​និង​ពួក​ចាស់​ទុំ​ថា៖ ​«តើ​អ្នករាល់គ្នា​មក​តទល់​នឹង​ចោរ​ឬអី​បាន​ជា​មាន​ទាំង​ដាវ​និង​ដំបង​ដូច្នេះ? 53ខ្ញុំនៅ​ជាមួយ​អ្នករាល់គ្នា​រាល់​ថ្ងៃ​ក្នុង​ព្រះ​វិហារ​អ្នករាល់គ្នា​មិន​បាន​លូក​ដៃ​ចាប់​ខ្ញុំ​ទេ​ប៉ុន្ដែ​ឥឡូវ​នេះ​ជា​ពេល​វេលា​របស់​អ្នករាល់គ្នា​និង​ជា​សិទ្ធិអំណាច​នៃ​សេចក្ដីងងឹត»។

លោកពេត្រុស​បដិសេធ​ព្រះយេស៊ូ

54ពួកគេ​ក៏​ចាប់​ព្រះអង្គ​បណ្ដើរ​ទៅ​ផ្ទះ​របស់​សម្ដេច​សង្ឃ​ម្នាក់​ហើយ​លោក​ពេត្រុស​បាន​ដើរ​តាម​ពី​ចម្ងាយ។ 55ពេលពួកគេ​បង្កាត់​ភ្លើង​នៅ​កណ្ដាល​ទី​ធ្លា​ហើយ​ក៏​អង្គុយ​ចុះ​ជុំ​គ្នា​ឯ​លោក​ពេត្រុស​ក៏​នៅ​ក្នុងចំណោម​ពួកគេ​ដែរ។ 56កាលស្រី​បម្រើ​ម្នាក់​បាន​ឃើញ​គាត់​កំពុង​អង្គុយ​នៅ​ជិត​ភ្លើង​ក៏​សម្លឹង​មើល​គាត់​ទាំង​និយាយ​ថា៖ ​«អ្នក​នេះ​ក៏​នៅ​ជាមួយ​ម្នាក់​នោះ​ដែរ» 57ប៉ុន្ដែគាត់​បដិសេធ​ថា៖ ​«នែ​នាង! ​ខ្ញុំ​មិន​ស្គាល់​ម្នាក់​នោះ​ទេ»។ 58បន្ដិចក្រោយ​មក​កាល​ម្នាក់​ទៀត​ឃើញ​គាត់​ក៏​និយាយ​ថា៖ ​«អ្នក​ក៏​នៅ​ក្នុង​ចំណោម​ពួកគេ​ដែរ» ​តែ​លោក​ពេត្រុស​និយាយ​ថា៖ ​«នែ​លោក! ​មិន​មែន​ខ្ញុំ​ទេ!» 59ប្រហែលមួយ​ម៉ោង​ក្រោយ​មក​មាន​ម្នាក់​ទៀត​និយាយ​អះអាង​ថា៖ ​«អ្នក​នេះ​នៅ​ជាមួយ​ម្នាក់​នោះ​ប្រាកដ​ណាស់​ព្រោះ​គាត់​ជា​អ្នក​ស្រុក​កាលីឡេ​ដែរ» 60ប៉ុន្ដែលោក​ពេត្រុស​និយាយ​ថា៖ ​«នែ​អ្នក! ​ខ្ញុំ​មិន​ដឹង​ថា​អ្នក​កំពុង​និយាយ​អ្វី​ទេ»។ ​ពេល​គាត់​កំពុង​និយាយ​នៅ​ទ្បើយ​មាន់​ក៏​រងាវ​ទ្បើង​ភ្លាម 61ព្រះអម្ទាស់​បាន​ងាក​មក​មើល​លោក​ពេត្រុស​គាត់​ក៏​នឹក​ឃើញ​ពី​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ដែល​បាន​ប្រាប់​គាត់​ថា​ថ្ងៃ​នេះ​មុន​មាន់​រងាវ​អ្នក​នឹង​បដិសេធ​ខ្ញុំ​បី​ដង។ 62គាត់ក៏​ចេញ​ទៅ​ក្រៅ​ទាំង​ទ្រហោ​យំ​យ៉ាង​ក្ដុកក្ដួល។

ព្រះយេស៊ូត្រូវ​គេ​ចំអក​ វាយ​ដំ​

63ពួក​មនុស្ស​ដែល​កំពុង​យាម​ព្រះ​យេស៊ូ​បាន​ចំអក​ឲ្យ​ព្រះអង្គ​ទាំង​វាយ​ដំ 64និងបាន​បិទ​មុខ​ព្រះអង្គ​ហើយ​សួរ​ថា៖ ​«ទាយ​ទៅ​មើល៍​តើ​អ្នក​ណា​វាយ​ឯង?» 65ហើយពួកគេ​បាន​និយាយ​ពាក្យ​ប្រមាថ​ដល់​ព្រះអង្គ​ជា​ច្រើន​ទៀត។

ព្រះយេស៊ូជួប​​ក្រុម​ប្រឹក្សា​សម្ដេច​សង្ឃ​

66លុះ​ព្រឹក​ឡើង​ពួក​ចាស់​ទុំ​របស់​ប្រជាជន​បាន​ជួបជុំ​គ្នា​មាន​ទាំង​ពួក​សម្ដេចសង្ឃ​និង​ពួក​គ្រូវិន័យ​ហើយ​ពួកគេ​បាន​បណ្ដើរ​ព្រះអង្គ​ទៅ​ក្រុមប្រឹក្សាកំពូល​របស់​ពួកគេ​រួច​ក៏​សួរ​ថា៖ 67«ប្រាប់​យើង​មើល៍​បើ​អ្នក​ជា​ព្រះ​គ្រិស្ដ​មែន» ​ប៉ុន្ដែ​ព្រះអង្គ​មានបន្ទូល​ទៅ​ពួកគេ​ថា៖ ​«ទោះ​បី​ខ្ញុំ​ប្រាប់​ពួកលោក​ក៏​ពួកលោក​មិន​ជឿ 68ហើយទោះ​បី​ខ្ញុំ​សួរ​ពួក​លោក​វិញ​ក៏​ពួក​លោក​មិន​ព្រម​ឆ្លើយ​ដែរ 69ប៉ុន្ដែពី​ពេលនេះ​ទៅ​កូន​មនុស្ស​នឹង​អង្គុយ​នៅ​កន្លែង​មាន​អំណាច​គឺ​ខាង​ស្ដាំ​នៃ​ព្រះជាម្ចាស់» 70ពួកគេទាំងអស់​គ្នា​ក៏​សួរ​ថា៖ ​«បើ​ដូច្នេះ​អ្នក​ជា​ព្រះរាជបុត្រា​របស់​ព្រះជាម្ចាស់​ឬ?» ​ព្រះអង្គ​មានបន្ទូល​ទៅ​ពួកគេ​ថា៖ ​«ពួក​លោក​និយាយ​ត្រូវ​គឺ​ខ្ញុំ​នេះ​ហើយ» 71ពួកគេក៏​និយាយ​ថា៖ ​«តើ​យើង​នៅ​ត្រូវការ​សាក្សី​ធ្វើ​អ្វី​ទៀត? ​ព្រោះ​យើង​បាន​ឮ​ផ្ទាល់​ចេញ​ពី​មាត់​របស់​វា​ហើយ!»
Copyright information for KhmKCB