‏ Luke 23

ព្រះយេស៊ូជួប​លោកពីឡាត់​

1រួច​អ្នកនៅក្នុង​អង្គ​ប្រជុំ​ទាំងមូល​ក៏​ក្រោក​ឡើង​នាំ​ព្រះអង្គ​ទៅ​ជួប​លោក​ពីឡាត់ 2ពួកគេក៏​ចាប់ផ្ដើម​ចោទប្រកាន់​ព្រះអង្គ​ថា៖ ​«យើង​បាន​ឃើញ​អ្នក​នេះ​កំពុង​នាំ​ជនជាតិ​របស់​យើង​បះបោរ​និង​ហាម​ការ​បង់​ពន្ធដារ​ឲ្យ​ព្រះចៅអធិរាជ​ព្រមទាំង​ហៅ​ខ្លួន​ឯង​ថា​ជា​ព្រះ​គ្រិស្ដ​គឺ​ជា​ស្ដេច»។ 3លោកពីឡាត់​ក៏​សួរ​ព្រះអង្គ​ថា៖ ​«តើ​អ្នក​ជា​ស្ដេច​របស់​ជនជាតិ​យូដា​ឬ?» ​ព្រះអង្គ​មាន​បន្ទូល​ឆ្លើយ​ថា៖ ​«លោក​និយាយ​ត្រូវ​ហើយ» 4លោកពីឡាត់​ក៏​និយាយ​ទៅ​ពួក​សម្ដេច​សង្ឃ​និង​បណ្ដាជន​ថា៖ ​«ខ្ញុំ​មិន​ឃើញ​ថា​បុរស​ម្នាក់​នេះ​មាន​ទោស​សោះ» 5ប៉ុន្ដែពួកគេ​និយាយ​ទទូច​ថា៖ ​«គាត់​ញុះញង់​ប្រជាជន​ទាំង​បង្រៀន​ពាស​ពេញ​ស្រុក​យូដា​ទាំងមូល​គឺ​ចាប់​ពី​ស្រុក​កាលីឡេ​រហូតមកដល់​ទីនេះ»។

ព្រះយេស៊ូជួប​ស្ដេចហេរ៉ូឌ​អន់​ទីប៉ាស​

6ពេល​លោក​ពីឡាត់​ឮ​ដូច្នេះ​ក៏​សាក​សួរ​ថា​បុរស​ម្នាក់​នេះ​ជា​អ្នក​ស្រុក​កាលីឡេ​មែន​ដែរ​ឬ​អត់ 7កាលដឹង​ថា​ព្រះអង្គ​ស្ថិត​ក្នុង​សិទ្ធិអំណាច​របស់​ស្ដេច​ហេរ៉ូឌ​លោក​ពីឡាត់​ក៏​បញ្ជូន​ព្រះអង្គ​ទៅ​ឯ​ស្ដេច​ហេរ៉ូឌ​ដ្បិត​នៅ​ថ្ងៃ​នោះ​ស្ដេច​ក៏​នៅក្នុង​ក្រុង​យេរូសាឡិម​ដែរ 8ពេលស្ដេច​ជួប​ព្រះ​យេស៊ូ​ក៏​ត្រេកអរ​ជា​ពន់ពេក​ព្រោះ​ស្ដេច​បាន​ឮ​អំពី​ព្រះអង្គ​និង​ចង់​ជួប​ព្រះអង្គ​ជា​យូរ​មក​ហើយ​ស្ដេច​សង្ឃឹម​ថា​នឹង​ឃើញ​ព្រះអង្គ​សំដែង​ទីសំគាល់​អស្ចារ្យ​ណា​មួយ។ 9ស្ដេចក៏​សួរ​ព្រះអង្គ​ជា​ច្រើន​ប៉ុន្ដែ​ព្រះអង្គ​មិន​បាន​ឆ្លើយ​អ្វី​ឡើយ។ 10ពួកសម្ដេច​សង្ឃ​និង​ពួក​គ្រូវិន័យ​ក៏​ក្រោក​ឈរ​ចោទប្រកាន់​ព្រះអង្គ​យ៉ាងធ្ងន់ៗ។ 11កាលស្ដេច​ហេរ៉ូឌ​និង​ពួក​ទាហាន​របស់​ស្ដេច​ចំអក​មើល​ងាយ​ព្រះអង្គ​រួច​ក៏​ពាក់​អាវ​ភ្លឺ​រលោង​ឲ្យ​ព្រះអង្គ​ហើយ​ក៏​បញ្ជូន​ព្រះអង្គ​ទៅ​ឲ្យ​លោក​ពីឡាត់​វិញ។ 12នៅថ្ងៃ​នោះ​លោក​ពីឡាត់​និង​ស្ដេច​ហេរ៉ូឌ​ទាំង​ពីរ​នាក់​បាន​ត្រលប់ជា​មិត្ដសម្លាញ់​នឹង​គ្នា​ដ្បិត​កាល​ពីមុន​ជា​សត្រូវ​នឹង​គ្នា។

លោកពីឡាត់​ចង់​ដោះ​លែង​ព្រះយេស៊ូ

13កាល​លោក​ពីឡាត់​ហៅ​ពួក​សម្ដេច​សង្ឃ​ពួក​អាជ្ញាធរ​និង​ប្រជាជន​មក​ជុំ​គ្នា​ហើយ 14ក៏និយាយ​ទៅ​ពួកគេ​ថា៖ ​«អ្នករាល់គ្នា​បាន​នាំ​បុរស​ម្នាក់​នេះ​មក​ឲ្យ​ខ្ញុំ​ដោយ​ចោទ​ថា​ជា​អ្នក​ញុះញង់​ប្រជាជន​ប៉ុន្ដែ​មើល៍​នៅ​ចំពោះ​មុខ​អ្នករាល់គ្នា​ខ្ញុំ​បាន​សាក​សួរ​គាត់​អស់​ហើយ​ឃើញ​ថា​បុរស​ម្នាក់​នេះ​គ្មាន​ទោស​ដូច​ដែល​អ្នករាល់គ្នា​ចោទ​ប្រកាន់​សោះ។ 15ស្ដេចហេរ៉ូឌ​ក៏​ដូច​គ្នា​ដែរ​ដ្បិត​ស្ដេច​បាន​បញ្ជូន​បុរស​នេះ​មក​ឲ្យ​យើង​វិញ​ហើយ​មើល៍​គាត់​មិន​បាន​ប្រព្រឹត្ត​អ្វី​មួយ​ដែល​សម​នឹង​ស្លាប់​សោះ 16ដូច្នេះពេល​ដាក់​ទណ្ឌកម្ម​គាត់​ហើយ​ខ្ញុំ​នឹង​ដោះ​លែង​គាត់» 17[ ▼
▼នៅក្នុងឯកសារដើមមួយចំនួនគ្មានខនេះទេ។
រៀង​រាល់​ថ្ងៃ​បុណ្យ​លោក​ពីឡាត់​ធ្លាប់​ដោះ​លែង​អ្នក​ទោស​ម្នាក់​អោយ​ពួកគេ​]
18ប៉ុន្ដែពួកគេ​ស្រែក​ទាំងអស់គ្នា​ថា៖ ​«សូម​យក​ម្នាក់​នេះ​ទៅ​ហើយ​ដោះ​លែង​បារ៉ាបាស​ឲ្យ​យើង​វិញ!» 19បារ៉ាបាសត្រូវ​គេ​ចាប់​ដាក់​គុក​ដោយព្រោះតែ​ការបះបោរ​និង​ការ​កាប់សម្លាប់​ដែល​បាន​កើតឡើង​នៅក្នុង​ក្រុង។ 20ដោយចង់​ដោះ​លែង​ព្រះ​យេស៊ូ​លោក​ពីឡាត់​ក៏​និយាយ​បញ្ជាក់​ទៅ​ពួកគេ​ម្ដងទៀត។ 21ប៉ុន្ដែពួកគេ​ស្រែក​ថា៖ ​«ឆ្កាង​វា​ទៅ​ឆ្កាង​វា​ទៅ!» 22លោកពីឡាត់​ក៏​និយាយ​ទៅ​ពួកគេ​ជា​លើក​ទីបី​ថា៖ ​«ហេតុអ្វី​តើ​អ្នក​នេះ​បាន​ធ្វើ​អ្វី​អាក្រក់​ឬ? ​ខ្ញុំ​ឃើញ​ថា​គាត់​គ្មាន​ទោស​ត្រូវ​ស្លាប់​ទេ​ដូច្នេះ​ពេល​ដាក់​ទណ្ឌកម្ម​ហើយ​ខ្ញុំ​នឹង​ដោះ​លែង​គាត់!» 23ប៉ុន្ដែពួកគេ​បាន​ទទូច​ដោយ​សំឡេង​ឮៗ​ទាមទារ​ឲ្យ​ឆ្កាង​ព្រះអង្គ​ហើយ​សំឡេង​របស់​ពួកគេ​ក៏​យក​ឈ្នះ​បាន 24ដូច្នេះលោក​ពីឡាត់​ក៏​សម្រេច​ចិត្ដ​ធ្វើ​តាម​ការ​ទាមទារ​របស់​ពួកគេ 25ហើយលោក​ក៏​ដោះ​លែង​មនុស្ស​ម្នាក់​ដែល​ពួកគេ​បាន​សូម​ជា​ម្នាក់​ដែល​ត្រូវ​គេ​ចាប់​ដាក់​គុក​ពី​បទ​បះបោរ​និង​កាប់​សម្លាប់​ឯ​ព្រះ​យេស៊ូ​វិញ​លោក​បាន​ប្រគល់​ទៅ​តាម​ចិត្ដ​របស់​ពួកគេ។

ការ​​ឆ្កាង​ព្រះយេស៊ូ

26កាល​ពួកគេ​នាំ​ព្រះអង្គ​ទៅ​ក៏​ចាប់​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន​ជា​អ្នកក្រុង​គីរេន​ដែល​ទើប​មក​ពី​ចម្ការ​គឺ​ពួកគេ​បាន​ដាក់​ឈើឆ្កាង​លើ​គាត់​ឲ្យ​លី​ដើរតាម​ព្រះ​យេស៊ូ 27ហើយមាន​ប្រជាជន​ច្រើន​កុះករ​បាន​ដើរ​តាម​ព្រះអង្គ​មាន​ទាំង​ពួក​ស្ដ្រី​កំពុង​កាន់ទុក្ខ​និង​កំពុង​យំសោក​សម្រាប់​ព្រះអង្គ​ផង។ 28ប៉ុន្ដែព្រះ​យេស៊ូ​ងាក​មក​មានបន្ទូល​ទៅ​ពួកគេ​ថា៖ ​«កូន​ស្រី​ក្រុង​យេរូសាឡិម​អើយ! ​កុំ​យំ​សម្រាប់​ខ្ញុំ​អី​ចូរ​យំ​សម្រាប់​អ្នករាល់គ្នា​និង​កូន​ចៅ​របស់​អ្នករាល់គ្នា​វិញ​ចុះ 29ដ្បិតមើល៍​នឹង​មាន​ថ្ងៃ​មួយ​មក​ដល់​ដែល​ពួកគេ​នឹង​និយាយ​ថា​មានពរ​ហើយ​ដល់​ពួក​ស្ដ្រីអារ​និង​ផ្ទៃ​ដែល​មិន​បាន​បង្កើត​កូន​ព្រមទាំង​ស្ដ្រី​ដែល​មិន​បាន​បំបៅ​កូន។ 30ពេលនោះ​ពួកគេ​នឹង​ចាប់ផ្ដើម​និយាយ​ទៅ​កាន់​ភ្នំ​នានា​ថា​សូម​ធ្លាក់​សង្កត់​យើង​ទៅ​ហើយ​និយាយ​ទៅ​ទីទួល​នានា​ទៀត​ថា​សូម​គ្រប​លើ​យើង​ទៅ 31ព្រោះកាល​ដើម​ឈើ​នៅ​ស្រស់​នៅ​ឡើយ​ពួកគេ​ធ្វើ​ការ​ទាំង​នេះ​ទៅ​ហើយ​ចុះ​ពេល​ដើម​ឈើ​ក្រៀម​នោះតើ​នឹង​មាន​អ្វី​កើត​ឡើង?» 32គេនាំ​មនុស្ស​មាន​ទោស​ធ្ងន់​ពីរ​នាក់​ទៀត​ទៅ​ឆ្កាង​ជាមួយ​ព្រះអង្គ​ដែរ។ 33កាលមក​ដល់​កន្លែង​មួយ​ឈ្មោះ​លលាដ៌ក្បាល​ពួកគេ​ក៏​ឆ្កាង​ព្រះអង្គ​និង​មនុស្ស​មាន​ទោស​ធ្ងន់​ពីរ​នាក់​ទៀត​នៅ​ទីនោះ​ដែរ​គឺ​ម្នាក់​នៅ​ខាង​ស្ដាំ​ព្រះអង្គ​និង​ម្នាក់​ទៀត​នៅ​ខាង​ឆ្វេង​ព្រះអង្គ។ 34ព្រះយេស៊ូ​បាន​មានបន្ទូល​ថា៖ ​«ឱ​ព្រះវរបិតា​អើយ! ​សូម​លើក​លែង​ទោស​ដល់​ពួកគេ​ផង​ដ្បិត​ពួកគេ​មិន​ដឹង​ថា​ពួកគេ​កំពុង​ធ្វើ​អ្វី​ទេ»។ ​ពួកគេ​បាន​ចាប់​ឆ្នោត​ចែក​អាវ​របស់​ព្រះអង្គ។ 35ប្រជាជនបាន​ឈរ​មើល​ព្រះអង្គ​ឯ​ពួក​អាជ្ញាធរ​ក៏​មើលងាយ​ព្រះអង្គ​ដែរ​ដោយ​និយាយ​ថា៖ ​«វា​សង្គ្រោះ​អ្នក​ដទៃ​បាន​ចូរ​ឲ្យ​វា​សង្គ្រោះ​ខ្លួន​ឯង​មើល៍​បើ​វា​នេះ​ជា​ព្រះ​គ្រិស្ដ​ដែល​ព្រះជាម្ចាស់​រើស​តាំង​មែន» 36ឯពួក​ទាហាន​ក៏​ចំអក​ឲ្យ​ព្រះអង្គ​ដែរ​និង​បាន​ចូលមកជិត​ឲ្យ​ទឹក​ខ្មេះ​ដល់​ព្រះអង្គ 37ទាំងនិយាយ​ថា៖ ​«បើ​ឯង​ជា​ស្ដេច​របស់​ជនជាតិ​យូដា​មែន​ចូរ​សង្គ្រោះ​ខ្លួន​ឯង​មើល៍!» 38ហើយនៅ​ចំ​ពី​លើ​ព្រះអង្គ​មាន​ចំណារ​មួយ​ថា​នេះ​ជា​ស្ដេច​របស់​ជនជាតិ​យូដា។ 39មនុស្សមាន​ទោស​ធ្ងន់​ម្នាក់​ដែល​ត្រូវ​គេ​ឆ្កាង​ដែរ​នោះ​បាន​ប្រមាថ​ព្រះអង្គ​ថា៖ ​«តើ​ឯង​មិន​មែន​ជា​ព្រះ​គ្រិស្ដ​ទេ​ឬ? ​ចូរ​សង្គ្រោះ​ខ្លួន​ឯង​និង​យើង​មើល៍!» 40ប៉ុន្ដែម្នាក់ទៀត​បន្ទោស​ម្នាក់​នោះ​ថា៖ ​«តើ​ឯង​មិន​កោត​ខ្លាច​ព្រះជាម្ចាស់​ទេ​ឬ​ដ្បិត​ឯង​ក៏​ជាប់​ទោស​ដូចគ្នា? 41សម្រាប់យើង​យុត្ដិធម៌​ហើយ​ដ្បិត​យើង​ទទួល​ទោស​សម​នឹង​អ្វី​ដែល​យើង​បាន​ប្រព្រឹត្ដ​ប៉ុន្ដែ​ម្នាក់​នេះ​មិន​បាន​ធ្វើ​ខុស​អ្វី​សោះ»។ 42រួចគាត់​ទូល​ទៅ​ព្រះអង្គ​ថា៖ ​«ព្រះ​យេស៊ូ​អើយ! ​ពេល​ព្រះអង្គ​ចូល​ទៅ​ក្នុង​នគរ​របស់​ព្រះអង្គ​សូម​នឹកចាំ​ពី​ខ្ញុំ​ផង»។ 43ព្រះអង្គមាន​បន្ទូល​ទៅ​គាត់​វិញ​ថា៖ ​«ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា​ថ្ងៃនេះ​អ្នក​នឹង​នៅ​ស្ថានសួគ៌​ជាមួយ​ខ្ញុំ»។

ការ​សុគត​របស់ព្រះយេស៊ូ

44ប្រហែល​ជា​ម៉ោង​ដប់​ពីរ​ថ្ងៃ​ត្រង់​ភាពងងឹត​បាន​គ្រប​ដណ្ដប់​លើ​តំបន់​នោះ​ទាំងមូល​រហូតដល់​ម៉ោង​បី​រសៀល 45ថ្ងៃបាន​បាត់​រស្មី​ហើយ​វាំងនន​នៅ​ក្នុង​ព្រះ​វិហារ​បាន​រហែក​ជា​ពីរ 46ព្រះយេស៊ូ​ស្រែក​ដោយ​សំឡេង​ខ្លាំងៗ​ថា៖ ​«ព្រះ​វរ​បិតា​អើយ! ​ខ្ញុំ​សូម​ប្រគល់​វិញ្ញាណ​របស់​ខ្ញុំ​ទៅ​ក្នុង​ព្រះ​ហស្ដ​របស់​ព្រះអង្គ​វិញ» ​ពេល​មានបន្ទូល​បែប​នេះ​ហើយ​ព្រះអង្គ​ផុតដង្ហើម​ទៅ។ 47កាលនាយ​ទាហាន​ម្នាក់​បាន​ឃើញ​ហេតុ​ការណ៍​ដែល​កើត​ឡើង​ក៏​សរសើរ​តម្កើង​ព្រះជាម្ចាស់​ថា៖ ​«បុរស​នេះ​ជា​មនុស្ស​សុចរិត​មែន» 48រីឯបណ្ដាជន​ទាំងអស់​ដែល​ជួបជុំ​គ្នា​មើល​ហេតុ​ការណ៍​នេះ​កាល​បាន​សង្កេត​ឃើញ​ហេតុ​ការណ៍​ដែល​បាន​កើត​ឡើង​ក៏​ត្រលប់​ទៅវិញ​ទាំង​គក់​ទ្រូង។ 49ពួកអ្នក​ដែល​ស្គាល់​ព្រះអង្គ​ទាំងអស់​និង​ពួក​ស្ដ្រី​ដែល​បាន​ដើរតាម​ព្រះអង្គ​ពី​ស្រុក​កាលីឡេ​មក​បាន​ឈរ​មើល​ហេតុ​ការណ៍​ទាំងនេះ​ពី​ចម្ងាយ។

ការ​បញ្ចុះ​សព​ព្រះយេស៊ូ

50មើល៍​មាន​បុរស​ម្នាក់​ឈ្មោះ​យ៉ូសែប​ជា​សមាជិក​ម្នាក់​នៃ​ក្រុម​ប្រឹក្សា​កំពូល​និង​ជា​មនុស្ស​ល្អ​ហើយ​សុចរិត។ 51គាត់មិន​បាន​យល់​ស្រប​ជាមួយ​ផែនការ​និង​អំពើ​របស់​ពួកគេ​នេះ​ទេ។ ​គាត់​មក​ពី​ក្រុង​អើរីម៉ាថេ​ជា​ក្រុង​មួយ​នៃ​ស្រុក​យូដា​គាត់​ជា​អ្នក​ដែល​កំពុង​រង់ចាំ​នគរ​ព្រះជាម្ចាស់ 52គាត់បាន​ចូល​ទៅ​ជួប​លោក​ពីឡាត់​សុំ​យក​សព​ព្រះ​យេស៊ូ។ 53កាលគាត់​ដាក់​សព​ចុះ​ហើយ​ក៏​រុំ​នឹង​សំពត់​ទេសឯក​ហើយ​បាន​បញ្ចុះ​សព​នោះ​នៅក្នុង​ផ្នូរ​ដែល​ដាប់​ទៅ​ក្នុង​ថ្ម​ជា​កន្លែង​ដែល​មិន​ទាន់​បាន​បញ្ចុះ​សព​ណា​នៅ​ឡើយ។ 54ថ្ងៃនោះ​ជា​ថ្ងៃ​រៀបចំ​ហើយ​ថ្ងៃសប្ប័ទ​បាន​ខិតជិត​មកដល់ 55ឯពួក​ស្ដ្រី​ដែល​ចេញ​មក​ពី​ស្រុក​កាលីឡេ​ជាមួយ​ព្រះអង្គ​បាន​ដើរ​តាមទៅ​មើល​ផ្នូរ​និង​របៀប​ដែល​គេ​ដាក់​សព​របស់​ព្រះអង្គ។ 56កាលបាន​ត្រលប់​មកវិញ​ពួកគេ​ក៏​រៀបចំ​គ្រឿង​ក្រអូប​និង​ប្រេង​ក្រអូប​ហើយ​បាន​សម្រាក​នៅ​ថ្ងៃសប្ប័ទ​តាម​បញ្ញត្ដិ។
Copyright information for KhmKCB