‏ Luke 24

ការ​រស់​ឡើង​វិញ​របស់ព្រះយេស៊ូ

1នៅ​ព្រឹក​ព្រលឹម​នា​ថ្ងៃ​ទីមួយ​នៃ​សប្ដាហ៍​ពួកគេ​ក៏​នាំ​យក​គ្រឿង​ក្រអូប​ដែល​ពួកគេ​បាន​រៀបចំ​មក​ឯ​ផ្នូរ 2ពួកគេបាន​ឃើញ​ថ្ម​ត្រូវ​បាន​ប្រមៀល​ចេញ​ពី​ផ្នូរ 3ពេលពួកគេ​ចូល​ទៅ​មិន​បាន​ឃើញ​សព​ព្រះអម្ចាស់​យេស៊ូ​ទេ 4ហើយកាល​ពួកគេ​កំពុង​នឹក​ឆ្ងល់​ពី​ហេតុ​ការណ៍​នេះ​មើល៍​មាន​បុរស​ពីរ​នាក់​ស្លៀកពាក់​ភ្លឺ​ចែងចាំង​បាន​ឈរ​ក្បែរ​ពួកគេ។ 5ពួកគេក៏​ប្រែជា​ភ័យ​ខ្លាច​ហើយ​ក្រាប​មុខ​ដល់​ដី​ឯ​បុរស​ពីរ​នាក់​នោះ​ប្រាប់​មក​ពួកគេ​ថា៖ ​«ហេតុ​អ្វី​អ្នករាល់គ្នា​រក​មនុស្ស​រស់​នៅក្នុងចំណោម​មនុស្ស​ស្លាប់​ដូច្នេះ? 6ដ្បិតព្រះអង្គ​បាន​រស់​ឡើង​វិញ​ហើយ​មិន​នៅ​ទីនេះ​ទេ! ​ចូរ​ចាំ​ព្រះអង្គ​មានបន្ទូល​ប្រាប់​អ្នករាល់គ្នា​យ៉ាងដូចម្ដេច​កាល​នៅ​ស្រុក​កាលីឡេ 7គឺមានបន្ទូល​ថា​កូន​មនុស្ស​នឹង​ត្រូវ​គេ​ប្រគល់​ទៅ​ក្នុង​ដៃ​របស់​ពួក​មនុស្ស​បាប​រួច​ត្រូវ​គេ​ឆ្កាង​ប៉ុន្ដែ​នៅ​ថ្ងៃ​ទីបី​នឹង​រស់ឡើងវិញ»។ 8ពួកគេក៏​នឹកចាំ​ពី​ព្រះ​បន្ទូល​របស់​ព្រះអង្គ 9ហើយពេល​ត្រលប់​ពី​ផ្នូរ​មកវិញ​ពួកគេ​បាន​ប្រាប់​ហេតុ​ការណ៍​ទាំង​អស់​នេះ​ដល់​សាវក​ទាំង​ដប់​មួយ​ព្រមទាំង​អ្នក​ផ្សេង​ៗ​ទៀត។ 10ពួកស្ដ្រី​ដែល​បាន​ប្រាប់​ហេតុ​ការណ៍​ទាំង​នោះ​ដល់​ពួក​សាវក​មាន​នាង​ម៉ារា​អ្នក​ក្រុង​ម៉ាក់ដាឡា​នាង​យ៉ូអាណាន់​និង​នាង​ម៉ារា​ជា​ម្ដាយ​របស់​លោក​យ៉ាកុប​ព្រមទាំង​ស្ដ្រី​ផ្សេង​ទៀត​ដែល​នៅ​ជាមួយ​ពួកគេ។ 11ប៉ុន្ដែអ្នកទាំងនោះ​មិន​ជឿ​ពួក​នាង​ទេ​ដ្បិត​ពាក្យ​សំដី​របស់​ពួកនាង​ដូចជា​ផ្ដេសផ្ដាស​សម្រាប់​ពួកគេ។ 12លោកពេត្រុស​បាន​ក្រោក​ឡើង​រត់​ទៅ​ឯ​ផ្នូរ​និង​បាន​អោន​មើល​ក៏​ឃើញ​តែ​ក្រណាត់​ទេសឯក​ប៉ុណ្ណោះ​រួច​គាត់​ក៏​ចាក​ចេញ​មក​វិញ​ដោយ​ងឿង​ឆ្ងល់​អំពី​អ្វី​ដែល​កើត​ឡើង។

ព្រះយេស៊ូ​​បង្ហាញ​ខ្លួន​នៅ​ភូមិ​អេម៉ោស​

13ហើយ​មើល៍​នៅ​ថ្ងៃ​ដដែល​នោះ​មាន​ពីរ​នាក់​ក្នុងចំណោម​ពួកសិស្ស​កំពុង​ធ្វើ​ដំណើរ​ទៅ​ភូមិ​មួយ​ឈ្មោះ​ភូមិ​អេម៉ោស​ដែល​មាន​ចម្ងាយ​ប្រហែល​ដប់មួយ​គីឡូម៉ែត្រ​ពី​ក្រុង​យេរូសាឡិម 14ហើយពួកគេ​និយាយ​គ្នា​អំពី​ហេតុ​ការណ៍​ទាំង​ឡាយ​ដែល​បាន​កើត​ឡើង 15ហើយពេល​ពួកគេ​កំពុង​ជជែក​គ្នា​ព្រះ​យេស៊ូ​ក៏​យាង​មកជិត​ធ្វើ​ដំណើរ​ជាមួយ​ពួកគេ​ដែរ 16តែភ្នែក​របស់​ពួកគេ​ត្រូវ​បាន​ខ្ទប់​មិន​ឲ្យ​ស្គាល់​ព្រះអង្គ​ទេ។ 17ព្រះអង្គមានបន្ទូល​ទៅ​ពួកគេ​ថា៖ ​«តើ​ពួក​អ្នក​កំពុង​ដើរ​បណ្ដើរ​និយាយ​គ្នា​បណ្ដើរ​អំពី​រឿង​អ្វី?» ​ពួកគេ​ក៏​ឈរ​ទាំង​ទឹក​មុខ​ស្រងូត​ស្រងាត់ 18ម្នាក់ឈ្មោះ​ក្លេប៉ាស​ទូល​តប​ទៅ​ព្រះអង្គ​ថា៖ ​«តើ​មាន​តែ​អ្នក​ម្នាក់​ប៉ុណ្ណោះ​ឬ​ដែល​នៅ​ក្រុង​យេរូសាឡិម​ហើយ​មិន​ដឹង​ហេតុ​ការណ៍​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ក្រុង​ប៉ុន្មាន​ថ្ងៃ​នេះ?» 19ព្រះអង្គមានបន្ទូល​ទៅ​ពួកគេ​ថា៖ ​«តើ​រឿង​អ្វី​ទៅ?» ​ពួកគេ​ទូល​តប​ថា៖ ​«គឺ​អំពី​លោក​យេស៊ូ​ជា​អ្នកក្រុង​ណាសារ៉ែត​លោក​ជា​អ្នកនាំព្រះបន្ទូល​ម្នាក់​ដ៏​មាន​អំណាច​ទាំង​នៅក្នុង​ពាក្យ​សំដី​និង​ការ​ប្រព្រឹត្ដិ​នៅ​ចំពោះ​ព្រះជាម្ចាស់​និង​ប្រជាជន​ទាំងអស់ 20ប៉ុន្ដែយ៉ាង​ដូចម្ដេច​បាន​ជា​ទាំង​ពួក​សម្ដេចសង្ឃ​និង​ពួក​អាជ្ញាធរ​របស់​យើង​កាត់​ទោស​ប្រហារ​ជីវិត​លោក​គឺ​ពួកគេ​បាន​ឆ្កាង​លោក 21ហើយយើង​សង្ឃឹម​ថា​លោក​ជា​ព្រះ​មួយ​អង្គ​ដែល​នឹង​សង្គ្រោះ​អ៊ីស្រាអែល​ប៉ុន្ដែ​លើសពីនេះទៅទៀត​នេះ​ជា​ថ្ងៃ​ទីបី​ហើយ​តាំងពី​ហេតុការណ៍​ទាំងនេះ​បាន​កើតឡើង។ 22មានពួក​ស្ដ្រី​ខ្លះ​នៅក្នុង​ចំណោម​យើង​បាន​ធ្វើ​ឲ្យ​យើង​ឆ្ងល់​ដែរ​គឺ​កាល​ពួកគេ​បាន​ទៅ​ឯ​ផ្នូរ​ពី​ព្រលឹម 23មិនបាន​ឃើញ​សព​លោក​ទេ​ពួកគេ​បាន​មក​ប្រាប់​ទៀត​ថា​បាន​ឃើញ​ពួក​ទេវតា​លេច​មក​ប្រាប់​ថា​លោក​នៅ​រស់​ទេ។ 24មានអ្នក​ខ្លះ​នៅក្នុង​ចំណោម​ពួក​អ្នក​នៅ​ជាមួយ​យើង​បាន​ចេញ​ដំណើរ​ទៅ​ឯ​ផ្នូរ​ហើយ​ក៏​ឃើញ​ដូច​ជា​ស្ដ្រី​ទាំង​នោះ​និយាយ​មែន​គឺ​ពួកគេ​មិន​បាន​ឃើញ​លោក​ទេ»។ 25ព្រះអង្គមានបន្ទូល​ទៅ​ពួកគេ​ថា៖ ​«ឱ​ពួក​មនុស្ស​ល្ងីល្ងើ​និង​មាន​ចិត្ត​មិន​ងាយ​ជឿ​អស់​ទាំង​សេចក្ដី​ដែល​ពួក​អ្នកនាំព្រះបន្ទូល​បាន​ថ្លែង​ទុក​អើយ! 26តើព្រះ​គ្រិស្ដ​មិន​ត្រូវ​រង​ទុក្ខ​វេទនា​ទាំង​នោះ​ទេ​ឬ​ដើម្បី​ចូល​ទៅ​ក្នុង​សិរី​រុងរឿង​របស់​ព្រះអង្គ?» 27រួចព្រះអង្គ​ក៏​ពន្យល់​ប្រាប់​ពួកគេ​គ្រប់​សេចក្ដី​ដែល​បាន​ចែង​អំពី​ព្រះអង្គ​នៅក្នុង​បទគម្ពីរ​ទាំងអស់​ចាប់ផ្ដើម​ពី​គម្ពីរ​ម៉ូសេ​រហូតដល់​គម្ពីរ​របស់​ពួក​អ្នកនាំ​ព្រះបន្ទូល។ 28កាលពួកគេ​ធ្វើ​ដំណើរ​មក​ជិត​ដល់​ភូមិ​នោះ​ហើយ​ព្រះអង្គ​ក៏​ធ្វើ​ជា​យាង​បង្ហួស​ទៅ 29ប៉ុន្ដែពួកគេ​បាន​ទទូច​សុំ​ព្រះអង្គ​យ៉ាង​ខ្លាំង​ថា៖ ​«សូម​ស្នាក់នៅ​ជាមួយ​យើង​សិន​ព្រោះ​ល្ងាច​ណាស់​ហើយ» ​ព្រះអង្គ​ក៏​យាង​ចូល​ទៅ​ស្នាក់​នៅ​ជាមួយ​ពួកគេ។ 30កាលព្រះអង្គ​អង្គុយ​នៅ​តុ​អាហារ​ជាមួយ​នឹង​ពួកគេ​ព្រះអង្គ​បាន​យក​នំប៉័ង​មក​ប្រទាន​ពរ​រួច​កាច់​ឲ្យ​ទៅ​ពួកគេ 31ពេលនោះភ្នែក​របស់​ពួកគេ​ត្រូវ​បាន​បើក​ឡើង​ហើយ​ពួកគេ​ក៏​ស្គាល់​ព្រះអង្គ​ប៉ុន្ដែ​ព្រះអង្គ​ក៏​បាត់​ពី​មុខ​ពួកគេ​ទៅ។ 32ពួកគេបាន​និយាយ​គ្នា​ថា៖ ​«តើ​ចិត្ដ​របស់​យើង​មិន​បាន​ឆេះ​ឆួល​ទេ​ឬ​កាល​ដែល​ព្រះអង្គ​បាន​មានបន្ទូល​មក​កាន់​យើង​នៅ​តាម​ផ្លូវ​គឺ​នៅ​ពេល​ព្រះអង្គ​បកស្រាយ​បទគម្ពីរ​ប្រាប់​យើង?» 33ពេលនោះ​ពួកគេ​ក្រោក​ឡើង​ត្រលប់​ទៅ​ក្រុង​យេរូសាឡិម​វិញ​ហើយ​ពួកគេ​បាន​ឃើញ​សាវក​ទាំង​ដប់មួយ​និង​ពួក​អ្នក​ដែល​នៅ​ជាមួយ​ពួកគេ​កំពុង​ជួបជុំ​គ្នា 34និយាយថា៖ ​«ព្រះ​អម្ចាស់​បាន​រស់ឡើងវិញ​ពិត​មែន​គឺ​ព្រះអង្គ​បាន​លេច​មក​ឲ្យ​លោក​ស៊ីម៉ូន​ឃើញ»។ 35ពួកគេក៏​ពន្យល់​ប្រាប់​ពី​ហេតុ​ការណ៍​នៅ​តាម​ផ្លូវ​និង​ពី​របៀប​ដែល​ពួកគេ​ស្គាល់​ព្រះអង្គ​នៅ​ពេល​កាច់​នំប៉័ង។

ព្រះយេស៊ូ​​បង្ហាញ​ខ្លួនដល់​ពួក​សិស្ស​

36ពេល​ពួកគេ​កំពុង​ប្រាប់​អំពី​ហេតុការណ៍​ទាំងនេះ​ព្រះអង្គ​ក៏​ឈរ​នៅ​កណ្ដាល​ចំណោម​ពួកគេ​និង​មានបន្ទូល​ទៅ​ពួកគេ​ថា៖ ​«សូម​អ្នករាល់គ្នា​ប្រកប​ដោយ​សេចក្ដី​សុខសាន្ដ» 37ពួកគេក៏​ខ្លាច​ញ័រ​រន្ធត់​ព្រោះ​ពួកគេ​គិត​ថា​ជួប​ខ្មោច។ 38ព្រះអង្គក៏​មានបន្ទូល​ទៅ​ពួកគេ​ថា៖ ​«ហេតុអ្វី​បានជា​អ្នករាល់គ្នា​ច្របូក​ច្របល់​ដូច្នេះ? ​ហេតុអ្វី​បានជា​អ្នករាល់គ្នា​មាន​ចិត្ត​សង្ស័យ​ដូច្នេះ? 39ចូរមើល​ដៃ​និង​ជើង​របស់​ខ្ញុំ​ចុះ​ថា​ជា​ខ្ញុំ​ហើយ​ចូរ​មើល​និង​ពាល់​ខ្ញុំ​ចុះ​ព្រោះ​ខ្មោច​គ្មាន​សាច់​គ្មាន​ឆ្អឹង​ដូច​ជា​អ្នករាល់គ្នា​ឃើញ​ខ្ញុំ​នេះ​ទេ»។ 40កាលព្រះអង្គ​មានបន្ទូល​ដូច្នេះ​ហើយ​ក៏​បង្ហាញ​ព្រះ​ហស្ត​និង​បាទា​ឲ្យ​ពួកគេ​ឃើញ។ 41ប៉ុន្ដែដោយ​សេចក្ដី​អំណរ​និង​ការ​ងឿង​ឆ្ងល់​ពួកគេ​នៅ​តែ​មិន​ទាន់​ជឿ​ព្រះអង្គ​មានបន្ទូល​ទៅ​ពួកគេ​ថា៖ ​«តើ​អ្នករាល់គ្នា​មាន​អាហារ​នៅ​ទីនេះ​ដែរ​ឬ​ទេ?» 42ពួកគេក៏​ឲ្យ​ត្រី​អាំង​មួយ​ដុំ​ដល់​ព្រះអង្គ 43ហើយព្រះអង្គ​ក៏​យក​មក​បរិភោគ​នៅ​ចំពោះ​មុខ​ពួកគេ 44រួចក៏​មានបន្ទូល​ទៅ​ពួកគេ​ថា៖ ​«ទាំងនេះ​ជា​ពាក្យ​សំដី​របស់​ខ្ញុំ​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នករាល់គ្នា​កាល​ខ្ញុំ​នៅ​ជាមួយ​អ្នករាល់គ្នា​នៅឡើយ​គឺ​បាន​ប្រាប់​ថា​សេចក្ដី​ទាំង​អស់​ដែល​បាន​ចែង​ទុក​អំពី​ខ្ញុំ​នៅក្នុង​គម្ពីរ​វិន័យ​របស់​លោក​ម៉ូសេ​គម្ពីរ​របស់​ពួក​អ្នកនាំ​ព្រះបន្ទូល​និង​ទំនុក​តម្កើង​ត្រូវតែ​សម្រេច»។ 45បន្ទាប់មកព្រះអង្គ​ក៏​បើក​គំនិត​របស់​ពួកគេ​ឲ្យ​យល់​បទគម្ពីរ​ទាំងនោះ 46ដោយមានបន្ទូល​ទៅ​ពួកគេ​ថា៖ ​«គឺ​មាន​សេចក្ដីចែង​ទុក​ដូច្នេះ​ថា​ព្រះ​គ្រិស្ដ​ត្រូវ​រងទុក្ខ​វេទនា​ហើយ​រស់​ឡើងវិញ​នៅ​ថ្ងៃ​ទីបី 47ហើយគេ​នឹង​ប្រកាស​ក្នុង​ព្រះ​នាម​របស់​ព្រះអង្គ​អំពី​ការ​ប្រែចិត្ដ​សម្រាប់​ការ​លើកលែងទោស​បាប​ដល់​ជនជាតិ​ទាំងអស់​ចាប់ផ្ដើម​ពី​ក្រុង​យេរូសាឡិម​ទៅ 48ហើយអ្នករាល់គ្នា​ជា​សាក្សី​នៃ​ហេតុ​ការណ៍​ទាំងនេះ 49មើល៍ខ្ញុំ​បាន​ប្រគល់​សេចក្ដី​សន្យា​របស់​ព្រះ​វរ​បិតា​ខ្ញុំ​ដល់​អ្នករាល់គ្នា​ហើយ​ប៉ុន្ដែ​ចូរ​អ្នករាល់គ្នា​នៅ​ក្នុង​ក្រុង​រហូតដល់​អ្នករាល់គ្នា​បាន​គ្រប​ដណ្ដប់​ដោយ​អំណាច​ពី​ស្ថាន​លើ»។

ព្រះយេស៊ូយាង​ឡើង​ទៅ​ស្ថាន​សួគ៌​វិញ​

50ព្រះអង្គ​ក៏​នាំ​ពួកគេ​ចេញ​ទៅ​ក្រៅ​រហូតដល់​ក្រុង​បេថានី​ហើយ​ព្រះអង្គ​ក៏​លើក​ព្រះ​ហស្ដ​ប្រទាន​ពរ​ដល់​ពួកគេ។ 51កាលព្រះអង្គ​កំពុង​ប្រទាន​ពរ​ឲ្យ​ពួកគេ​ព្រះអង្គ​ក៏​ចាក​ចេញ​ពី​ពួកគេ​ទៅ​គឺ​ត្រូវ​បាន​លើក​យក​ទៅ​ឯ​ស្ថានសួគ៌​វិញ។ 52ពួកគេក៏​ថ្វាយ​បង្គំ​ព្រះអង្គ​ហើយ​ត្រលប់​ទៅ​ក្រុង​យេរូសាឡិម​វិញ​ដោយ​អំណរ​ជា​ខ្លាំង 53និងបាន​នៅ​ក្នុង​ព្រះ​វិហារ​ថ្វាយ​ព្រះ​ពរ​ព្រះជាម្ចាស់​ជានិច្ច។
Copyright information for KhmKCB