‏ Luke 3

លោកយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹករៀបចំដំណើរ​របស់ព្រះយេស៊ូ

1នៅ​ឆ្នាំ​ទីដប់ប្រាំ​នៃ​រាជ្យ​ព្រះចៅអធិរាជ​ទីប៊ើរ​កាល​លោក​ប៉ុនទាស​ពីឡាត់​គ្រប់គ្រង​ស្រុក​យូដា​ហេរ៉ូឌ​ជា​ស្ដេចត្រាញ់​នៃ​ស្រុក​កាលីឡេ​ឯ​ភីលីព​ត្រូវជា​ប្អូន​ជា​ស្ដេចត្រាញ់​នៃ​ស្រុក​អ៊ីទូរេ​និង​ស្រុក​ត្រាខូនីត​រីឯ​លីសានាស​ជា​ស្ដេចត្រាញ់​នៃ​ស្រុក​អាប៊ីលេន។ 2នៅគ្រា​ដែល​លោក​អាណាស​និង​លោក​កៃផា​ជា​សម្ដេច​សង្ឃ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​បាន​សំដែង​មក​ដល់​លោក​យ៉ូហាន​ជា​កូន​លោក​សាការី​នៅ​ទី​រហោឋាន 3គាត់ក៏​ទៅ​ឯ​ស្រុក​ទាំងអស់​ដែល​នៅជុំវិញ​អូរ​យ័រដាន់​ទាំង​ប្រកាស​ប្រាប់​អំពី​ពិធីជ្រមុជ​ដែល​ជា​ភស្ដុតាង​បង្អាញ​ពី​ការប្រែចិត្ដ​ដើម្បី​ទទួលបាន​ការលើកលែង​ទោស​បាប 4ដូចដែលបាន​ចែង​ទុក​ក្នុង​បទ​គម្ពីរ​របស់​លោក​អេសាយ​ជា​អ្នកនាំព្រះបន្ទូល​ថា​មាន​សំឡេង​មនុស្ស​ម្នាក់​កំពុង​ស្រែក​នៅ​ទីរហោឋាន​ថា​ចូរ​រៀបចំ​ដំណើរ​របស់​ព្រះអម្ចាស់​ចូរ​តម្រង់​ផ្លូវ​របស់​ព្រះអង្គ 5គ្រប់ទាំងជ្រលងភ្នំ​នឹង​ត្រូវ​លុប​បំពេញ​ហើយ​គ្រប់ទាំង​ភ្នំ​និង​ទីទួល​ត្រូវ​ពង្រាប​ឲ្យ​ស្មើ​ឯ​កន្លែង​ក្ងិចក្ងក់​ត្រូវ​តម្រង់​ហើយ​ផ្លូវ​រដិបរដុប​ត្រូវ​ធ្វើ​ឲ្យ​រាបស្មើ 6នោះមនុស្ស​ទាំងអស់​នឹង​ឃើញ​សេចក្ដីសង្គ្រោះ​របស់​ព្រះជាម្ចាស់។ 7ដូច្នោះហើយលោកយ៉ូហាន​ក៏​និយាយ​ទៅ​បណ្ដាជន​ដែល​កំពុង​ចេញមក​ទទួល​ពិធី​ជ្រមុជទឹក​ពី​គាត់​ថា៖ ​«នែ​ពូជ​ពស់វែក​អើយ! ​តើ​នរណា​ព្រមាន​ឲ្យ​អ្នករាល់គ្នា​រត់គេច​ពី​សេចក្ដី​ក្រោធ​ដែល​នឹង​មកដល់​ដូច្នេះ? 8ហេតុនេះចូរ​បង្កើត​ផលផ្លែ​ឲ្យ​ស័ក្ដសម​នឹង​ការប្រែចិត្ដ​ចុះ​ហើយ​កុំ​គិត​ក្នុង​ចិត្ដ​ឲ្យ​សោះ​ថា​យើង​មាន​លោក​អ័ប្រាហាំ​ជា​ឪពុក​របស់​យើង​ដ្បិត​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា​ព្រះជាម្ចាស់​ក៏​អាច​បង្កើត​កូន​លោក​អ័ប្រាហាំ​ពី​ថ្ម​ទាំងអស់នេះ​បាន​ដែរ។ 9ឯពូថៅ​នៅ​នឹង​គល់​ឈើ​រួចជាស្រេច​ដូច្នេះ​រាល់​ដើមឈើ​ណា​មិន​បង្កើត​ផ្លែ​ល្អ​នឹង​ត្រូវ​កាប់​បោះ​ទៅក្នុង​ភ្លើង»។ 10នោះបណ្ដាជន​ក៏​សួរ​ទៅ​គាត់​ថា៖ ​«ដូច្នេះ​តើ​យើង​គួរ​ធ្វើ​យ៉ាងដូចម្ដេច?» 11គាត់ឆ្លើយ​ទៅ​ពួកគេ​ថា៖ ​«អ្នកណា​មាន​អាវ​ពីរ​ចូរ​ឲ្យ​អ្នកនោះ​ចែក​ដល់​អ្នក​ដែល​គ្មាន​ចុះ​ឯ​អ្នកណា​មាន​អាហារ​ចូរ​ឲ្យ​អ្នកនោះ​ធ្វើ​ដូច្នេះដែរ​ចុះ»។ 12ពេលនោះពួក​អ្នកទារពន្ធដារ​បាន​មក​ទទួល​ពិធី​ជ្រមុជទឹក​ដែរ​ហើយ​ពួកគេ​បាន​សួរ​ទៅ​គាត់​ថា៖ ​«លោក​គ្រូ! ​តើ​យើង​គួរ​ធ្វើ​យ៉ាងដូចម្ដេច?» 13គាត់ប្រាប់​ពួកគេ​ថា៖ ​«មិន​ត្រូវ​ទារ​ពន្ធ​លើស​ចំនួន​ដែល​បាន​កំណត់​ឲ្យ​អ្នករាល់គ្នា​ឡើយ»។ 14ឯពួក​ទាហាន​សួរ​ទៅ​គាត់​ដែរ​ថា៖ ​«ចុះ​យើង​វិញ​តើ​គួរ​ធ្វើ​យ៉ាងដូចម្ដេច?» ​គាត់​ប្រាប់​ពួកគេ​ថា៖ ​«កុំ​យក​អ្វី​ពី​អ្នកណា​ដោយកំហែង​ឬ​និយាយ​បង្កាច់​ឡើយ​ប៉ុន្ដែ​ចូរ​ពេញចិត្ដ​នឹង​ប្រាក់ឈ្នួល​របស់​អ្នករាល់គ្នា​ចុះ»។ 15កាលប្រជាជន​កំពុង​ទន្ទឹងរង់ចាំ​ពួកគេ​គ្រប់គ្នា​ក៏​នឹកឆ្ងល់​ក្នុង​ចិត្ដ​អំពី​លោក​យ៉ូហាន​ថា​ប្រហែល​គាត់​ជា​ព្រះ​គ្រិស្ដ​ទេដឹង។ 16លោកយ៉ូហាន​ក៏​ឆ្លើយ​ទៅ​ពួកគេ​ថា៖ ​«ខ្ញុំ​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នករាល់គ្នា​ដោយ​ទឹក​ប៉ុន្ដែ​នឹង​មាន​ព្រះ​មួយ​អង្គ​យាង​មក​ដែល​មានអំណាច​ខ្លាំងជាង​ខ្ញុំ​ហើយ​ខ្ញុំ​មិន​ស័ក្ដិសម​នឹង​ស្រាយ​ខ្សែ​ស្បែកជើង​ឲ្យ​ព្រះអង្គ​ផង​ព្រះអង្គ​នឹង​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នករាល់គ្នា​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ហើយ​នឹង​ភ្លើង​វិញ»។ 17ព្រះអង្គកាន់​ចង្អេរ​ក្នុង​ព្រះ​ហស្ដ​សំអាត​ទីលានបោកស្រូវ​របស់​ព្រះអង្គ​ដើម្បី​ប្រមូល​ស្រូវ​ដាក់​ក្នុង​ជង្រុក​របស់​ព្រះអង្គ​តែ​ព្រះអង្គ​នឹង​ដុត​អង្កាម​ចោល​ដោយភ្លើង​ដែល​មិនចេះរលត់»។ 18គាត់បាន​ប្រកាស​ដំណឹង​ល្អ​និង​បាន​ទូន្មាន​ជាច្រើន​ទៀត​ដល់​ប្រជាជន​យ៉ាងដូច្នេះ។ 19កាលស្ដេចត្រាញ់​ហេរ៉ូឌ​ត្រូវ​លោក​យ៉ូហាន​ស្ដីបន្ទោស​ពី​រឿង​នាង​ហេរ៉ូឌាស​ដែល​ត្រូវជា​ប្រពន្ធ​ប្អូន​របស់​ខ្លួន​ព្រមទាំង​ការអាក្រក់​ទាំងប៉ុន្មាន​ដែល​ស្ដេច​បាន​ធ្វើ 20នោះធ្វើឲ្យ​ស្ដេច​ប្រព្រឹត្ដ​កាន់តែ​អាក្រក់​ថែមទៀត​គឺ​ចាប់​លោក​យ៉ូហាន​ដាក់​គុក។

ព្រះយេស៊ូទទួល​ពិធី​ជ្រមុជ​ទឹក​

21កាល​ប្រជាជន​ទាំងអស់គ្នា​បាន​ទទួល​ពិធី​ជ្រមុជទឹក​ព្រះ​យេស៊ូ​ក៏​បាន​ទទួល​ពិធី​ជ្រមុជទឹក​ដែរ​ហើយ​ពេល​កំពុង​អធិស្ឋាន​មេឃ​ក៏​បើក​ចំហ 22ហើយព្រះ​វិញ្ញាណ​បរិសុទ្ធ​ក៏​យាងចុះមក​មាន​រូប​រាង​ដូចជា​សត្វ​ព្រាប​សណ្ឋិត​លើ​ព្រះអង្គ​ហើយ​មាន​សំឡេង​បន្លឺ​ចេញពី​ស្ថានសួគ៌​មក​ថា៖ ​«អ្នក​ជា​បុត្រ​ជា​ទីស្រលាញ់​របស់​យើង​យើង​ពេញចិត្ដ​នឹង​អ្នក​ណាស់»។

កំណត់​ត្រា​អំពី​វង្ស​ត្រកូល​របស់​ព្រះ​យេស៊ូ

23កាល​ព្រះ​យេស៊ូ​ចាប់ផ្ដើម​ការងារ​ព្រះអង្គ​ព្រះអង្គ​មាន​អាយុ​ប្រហែល​សាមសិប​ឆ្នាំ​ហើយ​តាម​សេចក្ដី​សន្និដ្ឋាន​ពីប្រជាជន​ព្រះអង្គ​ជា​កូន​លោក​យ៉ូសែប​លោកយ៉ូសែប​ជាកូន​លោក​ហេលី 24លោកហេលីជាកូន​លោក​ម៉ាថាត់​លោកម៉ាថាត់​ជាកូន​លោក​លេវី​លោកលេវី​ជាកូន​លោក​ម៉ិលគី​លោកម៉ិលគី​ជាកូន​លោក​យ៉ាណាយ​លោកយ៉ាណាយ​ជាកូន​លោក​យ៉ូសែប 25លោកយ៉ូសែបជាកូន​លោក​ម៉ាត់ធាស​លោកម៉ាត់ធាស​ជាកូន​លោក​អេម៉ុស​លោកអេម៉ុស​ជាកូន​លោក​ណាអ៊ូម​លោកណាអ៊ូម​ជាកូន​លោក​អែសលី​លោកអែសលី​ជាកូន​លោក​ណាកៃ 26លោកណាកៃជាកូន​លោក​ម៉ាអាត​លោកម៉ាអាត​ជាកូន​លោក​ម៉ាតាធាស​លោកម៉ាតាធាស​ជាកូន​លោក​សេម៉ី​លោកសេម៉ី​ជាកូន​លោក​យ៉ូសិក​លោកយ៉ូសិក​ជាកូន​លោក​យូដា 27លោកយូដាជាកូន​លោក​យ៉ូអាណាន់​លោកយ៉ូអាណាន់​ជាកូន​លោក​រេសា​លោករេសា​ជាកូន​លោក​សូរ៉ូបាបិល​លោកសូរ៉ូបាបិល​ជាកូន​លោក​សាលធាល​លោកសាលធាល​ជាកូន​លោក​នេរី 28លោកនេរីជាកូន​លោក​ម៉ិលគី​លោកម៉ិលគី​ជាកូន​លោក​អ័តឌី​លោកអ័តឌី​ជាកូន​លោក​កូសាម​លោកកូសាម​ជាកូន​លោក​អែលម៉ូដាម​លោកអែលម៉ូដាម​ជាកូន​លោក​អ៊ើ 29លោកអ៊ើជាកូន​លោក​យ៉ូសេ​លោកយ៉ូសេ​ជាកូន​លោក​អេលាស៊ើរ​លោកអេលាស៊ើរ​ជាកូន​លោក​យ៉ូរិម​លោកយ៉ូរិម​ជាកូន​លោក​ម៉ាត់ថាត់​លោកម៉ាត់ថាត់​ជាកូន​លោក​លេវី 30លោកលេវីជាកូន​លោក​ស៊ីម្មាន​លោកស៊ីម្មាន​ជាកូន​លោក​យូដា​លោកយូដា​ជាកូន​លោក​យ៉ូសែប​លោកយ៉ូសែប​ជាកូន​លោក​យ៉ូណាម​លោកយ៉ូណាម​ជាកូន​លោក​អេលាគីម 31លោកអេលាគីមជាកូន​លោក​ម៉េលាស​លោកម៉េលាស​ជាកូន​លោក​ម៉ៃណាន​លោកម៉ៃណាន​ជាកូន​លោក​ម៉ាតាថា​លោកម៉ាតាថា​ជាកូន​លោក​ណាថាន់​លោកណាថាន់​ជាកូន​ស្ដេច​ដាវីឌ 32ស្ដេចដាវីឌជាកូន​លោក​អ៊ីសាយ​លោកអ៊ីសាយ​ជាកូន​លោក​អូបិឌ​លោកអូបិឌ​ជាកូន​លោក​បូអូស​លោកបូអូស​ជាកូន​លោក​សាលម៉ូន​លោកសាលម៉ូន​ជាកូន​លោក​ណាសូន 33លោកណាសូនជាកូន​លោក​អមីណាដាប់​លោកអមីណាដាប់​ជាកូន​លោក​អាដមីន​លោកអាដមីន​ជាកូន​លោក​អ័រនី​លោកអ័រនី​ជាកូន​លោក​អើរ៉ាម​លោកអើរ៉ាម​ជាកូន​លោក​ពេរេស​លោកពេរេស​ជាកូន​លោក​យូដា 34លោកយូដា​ជាកូន​លោក​យ៉ាកុប​លោក​យ៉ាកុប​ជាកូន​លោក​អ៊ីសាក​លោក​អ៊ីសាក​ជាកូន​លោក​អ័ប្រាហាំ​លោក​អ័ប្រាហាំ​ជាកូន​លោក​ថេរ៉ា​លោក​ថេរ៉ា​ជាកូន​លោក​ណាឃរ 35លោកណាឃរជាកូន​លោក​សេរូក​លោកសេរូក​ជាកូន​លោក​រេហ៊ូ​លោករេហ៊ូ​ជាកូន​លោក​ផាលេក​លោកផាលេក​ជាកូន​លោក​ហេប៊ើរ​លោកហេប៊ើរ​ជាកូន​លោក​សេឡា 36លោកសេទ្បាជាកូន​លោក​កៃណាន​លោកកៃណាន​ជាកូន​លោក​អើប៉ាក់សាឌ​លោកអើប៉ាក់សាឌ​ជាកូន​លោក​សិម​លោកសិម​ជាកូន​លោក​ណូអេ​លោកណូអេ​ជាកូន​លោក​ឡាមេក 37លោកទ្បាមេកជាកូន​លោក​មធូសាទ្បា​លោកមធូសាទ្បា​ជាកូន​លោក​ហេណុក​លោកហេណុក​ជាកូន​លោក​យ៉ារេឌ​លោកយ៉ារេឌ​ជាកូន​លោក​ម៉ាលេលាល​លោកម៉ាលេលាល​ជាកូន​លោក​កៃណាន 38លោកកៃណានជាកូន​លោក​អេណុស​លោកអេណុស​ជាកូន​លោក​សេត​លោកសេត​ជាកូន​លោក​អ័ដាម​ហើយ​លោកអ័ដាម​ជាកូន​ព្រះជាម្ចាស់។
Copyright information for KhmKCB