‏ Luke 4

អារក្សសាតាំងល្បួង​​ព្រះយេស៊ូ​

1ពេលនោះ​ព្រះ​យេស៊ូ​ពេញ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ក៏​ត្រលប់​ពី​អូរ​យ័រដាន់​មក​វិញ​ហើយ​ព្រះ​វិញ្ញាណ​បាន​នាំ​ព្រះអង្គ​ទៅឯ​ទីរហោឋាន 2ដើម្បីឲ្យ​អារក្ស​សាតាំង​ល្បួង​សែសិប​ថ្ងៃ​ហើយ​ក្នុង​អំឡុង​ពេលនោះ​ព្រះអង្គ​មិន​បាន​បរិភោគ​អ្វី​សោះ។ ​កាល​រយៈពេល​សែសិប​ថ្ងៃ​នោះ​បាន​ចប់សព្វគ្រប់​ហើយ​ព្រះអង្គ​ក៏​ឃ្លាន 3នោះអារក្ស​សាតាំង​ទូល​ព្រះអង្គ​ថា៖ ​«បើ​អ្នក​ជា​ព្រះ​រាជ​បុត្រា​របស់​ព្រះជាម្ចាស់​មែន​ចូរ​បង្គាប់​ឲ្យ​ថ្ម​នេះ​ក្លាយជា​នំប៉័ង​ទៅ» 4ប៉ុន្ដែព្រះ​យេស៊ូ​មានបន្ទូល​ឆ្លើយ​ទៅ​វា​ថា៖ ​«មាន​សេចក្ដីចែង​ទុក​មក​ថា​មនុស្ស​មិន​រស់​ដោយសារ​តែ​នំប៉័ង​ប៉ុណ្ណោះ​ទេ» 5អារក្សសាតាំង​ក៏​នាំ​ព្រះអង្គ​ទៅ​ហើយ​បង្ហាញ​ឲ្យ​ព្រះអង្គ​ឃើញ​នគរ​ទាំងអស់​នៅក្នុង​ពិភពលោក​ក្នុង​មួយរយៈពេលដ៏ខ្លី 6ហើយអារក្ស​សាតាំង​ទូល​ព្រះអង្គ​ថា៖ ​«ខ្ញុំ​នឹង​ឲ្យ​សិទ្ធិអំណាច​ព្រមទាំង​សិរី​រុងរឿង​នៃ​នគរ​ទាំងអស់​នោះ​ដល់​អ្នក​ដ្បិត​ទាំងអស់នោះ​ត្រូវបាន​ប្រគល់​មក​ឲ្យ​ខ្ញុំ​ហើយ​ខ្ញុំ​ចង់​ឲ្យ​ទៅ​អ្នកណា​ក៏បាន 7ដូច្នេះប្រសិនបើ​អ្នក​ថ្វាយបង្គំ​ខ្ញុំ​នោះ​អ្វីៗ​ទាំងអស់​នឹង​ក្លាយជា​របស់​អ្នក​ហើយ»។ 8ព្រះយេស៊ូ​មានបន្ទូល​ឆ្លើយ​ទៅ​វា​ថា៖ ​«មាន​សេចក្ដីចែង​ទុក​មក​ថា​អ្នក​ត្រូវ​ថ្វាយបង្គំ​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក​ហើយ​ត្រូវ​បម្រើ​ព្រះអង្គ​តែមួយ​ប៉ុណ្ណោះ» 9អារក្សសាតាំង​ក៏​នាំ​ព្រះអង្គ​ទៅ​ក្រុង​យេរូសាឡិម​រួច​ដាក់​ព្រះអង្គ​នៅលើ​កំពូល​ព្រះ​វិហារ​ហើយ​ទូល​ព្រះអង្គ​ថា៖ ​«បើ​អ្នក​ជា​ព្រះ​រាជ​បុត្រា​របស់​ព្រះជាម្ចាស់​មែន​ចូរ​ទម្លាក់​ខ្លួន​ទៅក្រោម​ទៅ 10ដ្បិតមាន​សេចក្ដីចែង​ទុក​មក​ថា​ព្រះអង្គ​នឹង​បង្គាប់​ទេវតា​របស់​ព្រះអង្គ​ពីដំណើរ​អ្នក​ដើម្បី​ការពារ​អ្នក 11ហើយទេវតា​នឹង​ទ្រ​អ្នក​នៅលើ​ដៃ​ក្រែងលោ​ជើង​អ្នក​ទង្គិច​នឹង​ថ្ម»។ 12ព្រះយេស៊ូ​មានបន្ទូល​ឆ្លើយ​ទៅ​វា​ថា៖ ​«មាន​សេចក្ដី​ចែងទុកមក​ទៀត​ថា​កុំ​ល្បួង​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក​ឡើយ»។ 13កាលអារក្ស​សាតាំង​បាន​បញ្ចប់​សេចក្ដីល្បួង​ទាំងអស់​សព្វគ្រប់​ហើយ​វា​ក៏​ចាកចេញ​ពី​ព្រះអង្គ​ទៅ​លុះត្រាតែ​មាន​ឱកាស​ទៀត។

ការងារ​របស់​ព្រះយេស៊ូ​នៅ​ស្រុក​កាលីឡេ​

14ព្រះ​យេស៊ូ​យាង​ត្រលប់​ទៅ​ស្រុក​កាលីឡេ​វិញ​ប្រកបដោយ​អំណាច​របស់​ព្រះ​វិញ្ញាណ​ហើយ​ដំណឹង​អំពី​ព្រះអង្គ​បាន​ឮសុសសាយ​ដល់​ស្រុក​ទាំងអស់​នៅជុំវិញ។ 15ព្រះអង្គបាន​បង្រៀន​នៅក្នុង​សាលាប្រជុំ​របស់​ពួកគេ​ទាំង​ទទួល​បាន​ការសរសើរតម្កើង​ពី​ពួកគេ​ទាំងអស់គ្នា។

ការ​បដិសេធ​ព្រះយេស៊ូ​​នៅ​ក្រុង​ណាសារ៉ែត​

16បន្ទាប់មក​ព្រះអង្គ​បាន​យាង​ទៅ​ក្រុង​ណាសារ៉ែត​ជា​កន្លែង​ដែល​ព្រះអង្គ​បាន​ចម្រើនវ័យឡើង​ព្រះអង្គ​បាន​ចូលទៅ​ក្នុង​សាលាប្រជុំ​នៅ​ថ្ងៃ​សប្ប័ទ​តាម​ទម្លាប់​របស់​ព្រះអង្គ​ព្រមទាំង​បាន​ក្រោក​អាន​បទគម្ពីរ 17ហើយគេ​បាន​យក​អត្ថបទ​គម្ពីរ​របស់​លោក​អេសាយ​ដែល​ជា​អ្នកនាំ​ព្រះបន្ទូល​មក​ប្រគល់​ជូន​ព្រះអង្គ។ ​កាល​បាន​លា​អត្ថបទ​ហើយ​ព្រះអង្គ​រកឃើញ​កន្លែង​មួយ​ដែល​ចែង​ថា៖ 18«ព្រះ​វិញ្ញាណ​របស់​ព្រះអម្ចាស់​បាន​សណ្ឋិត​លើ​ខ្ញុំ​ពីព្រោះ​ព្រះអង្គ​បាន​ចាក់ប្រេងតាំង​ដល់​ខ្ញុំ​ដើម្បី​ប្រកាស​ដំណឹងល្អ​ដល់​ពួក​អ្នកក្រ​គឺ​ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យមក​ប្រកាស​អំពី​ការដោះលែង​ដល់​ពួក​អ្នកជាប់ជាឈ្លើយ​និង​អំពី​ការប្រោសឲ្យភ្លឺ​ដល់​ពួក​មនុស្ស​ខ្វាក់​ហើយ​ឲ្យ​រំដោះ​អស់អ្នក​ដែល​ត្រូវគេ​សង្កត់សង្កិន​ឲ្យ​មាន​សេរីភាព 19ព្រមទាំងប្រកាស​ពី​ឆ្នាំ​នៃ​សេចក្ដីមេត្ដា​របស់​ព្រះអម្ចាស់» 20ហើយព្រះអង្គ​ក៏​មូរ​អត្ថបទ​គម្ពីរ​ប្រគល់ទៅ​ឲ្យ​អ្នកថែរក្សា​វិញ​នោះ​ភ្នែក​របស់​មនុស្ស​ទាំងអស់​ក្នុង​សាលាប្រជុំ​បាន​សម្លឹង​មើល​ព្រះអង្គ​គ្រប់ៗគ្នា។ 21ព្រះអង្គក៏​ចាប់ផ្ដើម​មានបន្ទូល​ទៅ​ពួកគេ​ថា៖ ​«ថ្ងៃនេះ​បទគម្ពីរ​ដែល​អ្នករាល់គ្នា​បាន​ឮ​នៅ​នឹង​ត្រចៀក​បាន​សម្រេច​ហើយ»។ 22ពួកគេគ្រប់គ្នា​បាន​សរសើរ​ព្រះអង្គ​និង​នឹកអស្ចារ្យ​ពី​ព្រះបន្ទូល​ប្រកប​ដោយ​ព្រះ​គុណ​ដែល​បាន​ចេញ​ពី​ព្រះឱស្ឋ​របស់​ព្រះអង្គ​មក​ប៉ុន្ដែ​ពួកគេ​និយាយ​គ្នា​ថា៖ ​«តើ​អ្នកនេះ​មិនមែន​ជា​កូន​របស់​យ៉ូសែប​ទេ​ឬ?» 23ព្រះអង្គក៏​មានបន្ទូល​ទៅ​ពួកគេ​ថា៖ ​«អ្នករាល់គ្នា​មុខជា​និយាយ​សុភាសិត​នេះ​ប្រាប់​ខ្ញុំ​មិនខាន​ថា​គ្រូពេទ្យ​អើយ! ​ចូរ​ព្យាបាល​ខ្លួនឯង​ចុះ​អ្វីៗ​ដែល​យើង​ឮ​ថា​បាន​កើត​ឡើង​នៅ​ក្រុង​កាពើណិម​នោះ​ចូរ​ធ្វើ​នៅ​ទីនេះ​ជា​ស្រុក​របស់​ខ្លួន​អ្នក​ដែរ»។ 24ព្រះអង្គមានបន្ទូល​ទៀត​ថា៖ ​«ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ជា​ប្រាកដ​ថា​អ្នកនាំ​ព្រះបន្ទូល​មិន​បាន​ទទួល​ការ​ស្វាគមន៍​នៅក្នុង​ស្រុក​កំណើត​របស់​ខ្លួន​ទេ 25ប៉ុន្ដែខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ពី​សេចក្ដីពិត​ថា​នៅ​ជំនាន់​លោក​អេលីយ៉ា​មាន​ស្ដ្រី​មេម៉ាយ​ជា​ច្រើន​នៅក្នុង​អ៊ីស្រាអែល​កាល​នោះ​មេឃ​រាំង​បី​ឆ្នាំ​ប្រាំមួយ​ខែ​បណ្ដាល​ឲ្យ​មាន​គ្រោះ​អត់​ឃ្លាន​ជា​ខ្លាំង​នៅ​លើ​ទឹកដី​ទាំង​មូល 26ប៉ុន្ដែព្រះជាម្ចាស់​មិន​បាន​ចាត់​លោក​អេលីយ៉ា​ឲ្យទៅ​ឯ​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​ស្ដ្រី​មេម៉ាយ​ទាំងនោះ​ទេ​គឺព្រះអង្គ​បានចាត់លោកឲ្យទៅឯ​ស្ដ្រី​មេម៉ាយ​ម្នាក់​នៅ​ក្រុង​សារិបតា​នៃ​ស្រុក​ស៊ីដូន​វិញ។ 27ហើយនៅ​ជំនាន់​លោក​អេលីសេ​ជា​អ្នកនាំ​ព្រះបន្ទូល​មាន​មនុស្ស​ឃ្លង់​ជា​ច្រើន​នៅក្នុង​អ៊ីស្រាអែល​ប៉ុន្ដែ​ក្នុង​ចំណោម​ពួកគេ​គ្មាន​អ្នក​ណា​ម្នាក់​ត្រូវ​បាន​ប្រោស​ឲ្យ​ជា​ស្អាត​ទេ​គឺមានតែ​លោក​ណាម៉ាន​ជា​ជនជាតិ​ស៊ីរី​ម្នាក់​ប៉ុណ្ណោះ»។ 28កាលមនុស្ស​ទាំងអស់​ក្នុង​សាលាប្រជុំ​បាន​ឮ​សេចក្ដី​ទាំង​នេះ​ក៏​ពោរពេញ​ដោយ​កំហឹង​យ៉ាង​ខ្លាំង 29ហើយពួកគេ​បាន​ក្រោក​ឡើង​បណ្ដេញ​ព្រះអង្គ​ចេញ​ទៅ​ក្រៅ​ក្រុង​ដែល​ពួកគេ​បាន​សង់​នៅលើ​ភ្នំ​រួច​នាំ​ព្រះអង្គ​ឡើង​ទៅ​ចម្រេះ​ភ្នំ​នោះ​ដើម្បី​ច្រាន​ព្រះអង្គ​ទម្លាក់​ចុះ។ 30តែព្រះអង្គ​បាន​យាង​កាត់​កណ្ដាល​ចំណោម​ពួកគេ​ចេញ​ទៅ។

ព្រះយេស៊ូ​បណ្ដេញ​អារក្ស

31ព្រះអង្គ​បាន​យាង​ចុះ​ទៅ​ក្រុង​កាពើណិម​ជា​ក្រុង​មួយ​នៃ​ស្រុក​កាលីឡេ​ហើយ​ក៏​បង្រៀន​នៅ​ថ្ងៃសប្ប័ទ។ 32ពួកអ្នកស្ដាប់​នឹកអស្ចារ្យ​ក្នុង​ចិត្ដ​ចំពោះ​សេចក្ដី​បង្រៀន​របស់​ព្រះអង្គ​ព្រោះ​ព្រះបន្ទូល​ព្រះអង្គ​ប្រកបដោយ​សិទ្ធិអំណាច។ 33នៅក្នុង​សាលាប្រជុំ​មាន​បុរស​ម្នាក់​ដែល​មាន​វិញ្ញាណ​អាក្រក់​របស់​អារក្ស​ចូល​គាត់​បាន​ស្រែក​ដោយ​សំឡេង​ខ្លាំងៗ​ថា៖ 34«ព្រះ​យេស៊ូ​អ្នកក្រុង​ណាសារ៉ែត​អើយ​តើ​យើង​និង​ព្រះអង្គ​មានរឿង​ហេតុអ្វី​នឹងគ្នា? ​តើ​ព្រះអង្គ​មក​បំផ្លាញ​យើង​ឬ? ​ខ្ញុំ​ស្គាល់​ហើយ​ព្រះអង្គ​ជា​អង្គ​បរិសុទ្ធ​នៃ​ព្រះជាម្ចាស់»។ 35ព្រះយេស៊ូ​បន្ទោស​វា​ថា៖ ​«ស្ងៀម​ហើយ​ចេញ​ពី​បុរស​នេះ​ទៅ!» ​កាល​អារក្ស​ផ្ដួល​បុរសនោះ​ទៅ​កណ្ដាល​ចំណោម​ហើយ​វា​ក៏​ចេញ​ពី​គាត់​ដោយមិន​បាន​ធ្វើ​ឲ្យ​គាត់​ឈឺចាប់​ឡើយ។ 36ពួកគេគ្រប់គ្នា​មាន​សេចក្ដី​កោត​ស្ញប់ស្ញែង​ក៏​និយាយ​គ្នា​ថា៖ ​«តើ​ពាក្យ​សំដី​នេះ​ជា​អ្វី​បានជា​លោក​បញ្ជា​ពួក​វិញ្ញាណ​អាក្រក់​ដោយ​សិទ្ធិអំណាច​និង​ឫទ្ធានុភាព​ហើយ​ពួកវា​ក៏​ចេញមក​ដូច្នេះ?» 37ដំណឹងអំពី​ព្រះអង្គ​លេចឮ​គ្រប់​ទីកន្លែង​នៅ​ស្រុកជុំវិញ។

ព្រះយេស៊ូប្រោសមនុស្សជាច្រើននៅក្រុងកាពើណិម

38កាល​បាន​ក្រោកឡើង​ចេញពី​សាលាប្រជុំ​ព្រះអង្គ​ក៏​ចូល​ទៅក្នុង​ផ្ទះ​របស់​លោក​ស៊ីម៉ូន។ ​ម្ដាយក្មេក​របស់​លោក​ស៊ីម៉ូន​កំពុង​មាន​ជំងឺគ្រុន​ជាខ្លាំង​ពួកគេ​ក៏​អង្វរ​ព្រះអង្គ​ឲ្យ​ប្រោស​គាត់។ 39ព្រះអង្គក៏​ឈរ​ជិត​គាត់​ស្ដីបន្ទោស​ដល់​ជំងឺគ្រុន​នោះ​ជំងឺគ្រុន​ក៏​បាត់ទៅ​ហើយ​ភ្លាម​នោះ​គាត់​ក្រោកឡើង​បម្រើ​ពួកគេ។ 40នៅពេល​ថ្ងៃ​លិច​អស់អ្នក​ដែល​មាន​បងប្អូន​មានជំងឺ​រោគា​ផ្សេងៗ​បាន​នាំ​ពួក​អ្នកជំងឺ​ទាំងនោះ​មក​ឯ​ព្រះអង្គ​ហើយ​ព្រះអង្គ​បាន​ប្រោស​ពួកអ្នកជំងឺ​ឲ្យជាសះស្បើយ​ដោយ​ដាក់​ព្រះ​ហស្ដ​លើ​ពួកគេ​ម្នាក់ម្ដងៗ។ 41ពួកអារក្ស​បាន​ចេញ​ពី​មនុស្ស​ជាច្រើន​ទាំង​ស្រែក​ថា៖ ​«ព្រះអង្គ​ជា​ព្រះ​រាជ​បុត្រា​របស់​ព្រះជាម្ចាស់» ​ប៉ុន្ដែ​ព្រះអង្គ​បាន​ស្ដីបន្ទោស​ពួកវា​មិន​អនុញ្ញាត​ឲ្យ​ពួកវា​និយាយ​ទេ​ពីព្រោះ​ពួកវា​ស្គាល់​ថា​ព្រះអង្គ​ជា​ព្រះ​គ្រិស្ដ។

ព្រះយេស៊ូ​ប្រកាស​នៅក្នុង​ស្រុកកាលីឡេ​

42លុះ​ព្រឹក​ឡើង​ព្រះអង្គ​ក៏​ចេញ​ទៅ​កន្លែង​ស្ងាត់​មួយ​ហើយ​បណ្ដាជន​បាន​តាមរក​ព្រះអង្គ​កាល​ពួកគេ​បាន​មក​ជួប​ព្រះអង្គ​ហើយ​ក៏​ឃាត់​ព្រះអង្គ​មិន​ឲ្យ​ចាកចេញ​ពី​ពួកគេ។ 43ព្រះអង្គក៏​មានបន្ទូល​ទៅ​ពួកគេ​ថា៖ ​«ជា​ការ​ចាំបាច់​ណាស់​សម្រាប់​ខ្ញុំ​ដែល​ត្រូវ​ប្រកាស​ដំណឹងល្អ​អំពី​នគរ​ព្រះជាម្ចាស់​ដល់​ក្រុង​ដទៃ​ទៀត​ដែរ​ដ្បិត​ព្រះជាម្ចាស់​បាន​ចាត់​ឲ្យ​ខ្ញុំ​​មក​ដើម្បី​ការ​នេះ​ឯង» 44ព្រះអង្គក៏​ប្រកាស​នៅក្នុង​សាលាប្រជុំ​នានា​របស់​ជនជាតិ​យូដា។
Copyright information for KhmKCB