‏ Luke 5

ព្រះយេស៊ូត្រាស់ហៅពួកសិស្សដំបូង

1កាល​បណ្ដាជន​បាន​ប្រជ្រៀតគ្នាមក​ឯ​ព្រះអង្គ​ដើម្បី​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ព្រះអង្គ​កំពុង​ឈរ​នៅ​ក្បែរ​មាត់​បឹង​គេនេសារ៉ែត 2ហើយព្រះអង្គ​បាន​ឃើញ​ទូក​ពីរ​នៅក្បែរ​មាត់​បឹង​ប៉ុន្ដែ​ពួក​អ្នកនេសាទ​បាន​ចុះ​ពី​ទូកទាំងនោះ​ទៅ​លាង​អួន​អស់​ហើយ។ 3ព្រះអង្គបាន​ចុះទៅ​ក្នុង​ទូក​មួយ​ជា​របស់​លោក​ស៊ីម៉ូន​ក្នុងចំណោម​ទូក​ទាំងពីរនោះ​និង​បាន​សុំ​ឲ្យ​គាត់​អុំ​ទូក​ចេញ​ពី​ច្រាំង​បន្ដិច។ ​កាល​ព្រះអង្គ​អង្គុយ​ចុះ​ក៏​បង្រៀន​បណ្ដាជន​ពីក្នុង​ទូក​នោះ។ 4ពេលព្រះអង្គ​ឈប់​បង្រៀន​ហើយ​ក៏​មានបន្ទូល​ទៅ​លោក​ស៊ីម៉ូន​ថា៖ ​«ចូរ​អុំ​ទូក​ចេញ​ទៅ​ទឹកជ្រៅ​ហើយ​ទម្លាក់​អួន​របស់​អ្នក​នេសាទ​ចុះ»។ 5ប៉ុន្ដែលោក​ស៊ីម៉ូន​បាន​ទូលតប​ថា៖ ​«លោកគ្រូ​អើយ! ​យើង​បាន​ធ្វើការយ៉ាងនឿយហត់​ពេញ​មួយ​យប់​កន្លងមក​ហើយ​យើង​ចាប់​មិន​បាន​អ្វី​សោះ​ប៉ុន្ដែ​ខ្ញុំ​នឹង​ទម្លាក់​អួន​តាម​ពាក្យ​របស់​លោក»។ 6កាលបាន​ធ្វើ​ដូច​នោះ​ពួកគេ​ក៏​ចាប់បាន​ត្រី​ច្រើន​សន្ធឹក​ហើយ​អួន​របស់​គេ​ស្ទើរ​ធ្លាយ 7ពួកគេក៏​ធ្វើសញ្ញា​ហៅ​គូកន​នៅក្នុង​ទូក​មួយ​ទៀត​ឲ្យ​មក​ជួយ។ ​ពួក​គូកន​ក៏​បាន​មក​និង​បាន​ចាប់​ត្រី​ដាក់​ពេញ​ទូក​ទាំងពីរ​បណ្ដាលឲ្យ​ទូកទាំងពីរ​ស្ទើរ​លិច។ 8កាលបាន​ឃើញ​ដូច្នោះ​លោក​ស៊ីម៉ូន​ក៏​ក្រាបចុះ​ទាប​ជង្គង់​ព្រះ​យេស៊ូ​ទូល​ថា៖ ​«ព្រះអម្ចាស់​អើយ! ​សូម​យាងចេញ​ពី​ខ្ញុំ​ទៅ​ដ្បិត​ខ្ញុំ​ជា​មនុស្ស​បាប» 9ដ្បិតគាត់​និង​ពួកអ្នក​នៅ​ជាមួយ​គាត់​ទាំងអស់​មាន​សេចក្ដី​កោតស្ញែង​ចំពោះ​ត្រី​ដែល​ពួកគេ​ចាប់បាន។ 10ឯលោក​យ៉ាកុប​និង​លោក​យ៉ូហាន​ជា​កូន​លោក​សេបេដេ​និង​ជា​គូកន​លោក​ស៊ីម៉ូន​ក៏​ធ្វើ​ដូច្នេះ​ដែរ​ប៉ុន្ដែ​ព្រះ​យេស៊ូ​មានបន្ទូល​ទៅ​លោក​ស៊ីម៉ូន​ថា៖ ​«កុំ​ខ្លាច​អី! ​ពី​ពេលនេះ​ទៅ​អ្នក​នឹង​នេសាទ​មនុស្ស​វិញ»។ 11កាលបាន​ទុក​ទូក​ចោល​នៅ​ច្រាំង​និង​បាន​លះបង់​អ្វី​ទាំងអស់​ហើយ​ពួកគេ​ក៏​ដើរតាម​ព្រះអង្គ​ទៅ។

ព្រះយេស៊ូប្រោស​មនុស្សឃ្លង់​ម្នាក់

12នៅ​ពេល​ព្រះអង្គ​គង់​នៅក្នុង​ក្រុង​មួយ​នោះ​មាន​បុរស​ម្នាក់​កើត​ឃ្លង់​ពេញ​ខ្លួន​ហើយ​កាល​បាន​ឃើញ​ព្រះ​យេស៊ូ​គាត់​ក៏​ក្រាបផ្កាប់​មុខ​ទូលអង្វរ​ព្រះអង្គ​ថា៖ ​«លោកម្ចាស់​អើយ! ​លោក​អាច​ធ្វើឲ្យ​ខ្ញុំ​ជាស្អាត​បាន​ប្រសិនបើ​លោក​ចង់​ធ្វើ»។ 13ព្រះអង្គក៏​លូក​ព្រះ​ហស្ដ​ទៅ​ពាល់​គាត់​ដោយ​មានបន្ទូល​ថា៖ ​«ខ្ញុំ​ចង់! ​ចូរ​ឲ្យ​ជាស្អាត​ចុះ» ​ភ្លាមនោះ​គាត់​ក៏​បាន​ជា​ពី​ជំងឺ​ឃ្លង់​តែម្ដង។ 14ព្រះអង្គក៏​បង្គាប់​គាត់​ថា៖ ​«កុំ​ប្រាប់​អ្នកណាម្នាក់​ឲ្យសោះ​ប៉ុន្ដែ​ត្រូវ​ទៅ​បង្ហាញ​ខ្លួន​ដល់​សង្ឃ​ហើយ​ថ្វាយ​តង្វាយ​សម្រាប់​ការ​ដែល​អ្នក​បាន​ជា​ស្អាត​ដូច​លោក​ម៉ូសេ​បាន​បង្គាប់​ដើម្បី​ជា​បន្ទាល់​ដល់​មនុស្ស​ទាំងឡាយ»។ 15តែដំណឹង​អំពី​ព្រះអង្គ​កាន់តែ​ឮ​សុសសាយ​ឡើងៗ​ហើយ​បណ្ដាជន​ច្រើនកុះករ​បាន​មកជុំគ្នា​ដើម្បី​ស្ដាប់​និង​ដើម្បី​ឲ្យជា​ពី​ជំងឺ​ផ្សេងៗ​របស់​ពួកគេ។ 16ប៉ុន្ដែព្រះអង្គ​បាន​យាង​ទៅ​កន្លែង​ស្ងាត់​ហើយ​អធិស្ឋាន។

ព្រះយេស៊ូប្រោស​មនុស្សស្វិត​ដៃ​ជើង​

17នៅថ្ងៃ​មួយ​កាល​ព្រះអង្គ​កំពុង​បង្រៀន​បណ្ដាជន​មាន​ពួក​អ្នកខាង​គណៈ​ផារិស៊ី​និង​ពួក​គ្រូវិន័យ​ដែល​បាន​មក​ពី​គ្រប់​ក្រុង​នៃ​ស្រុក​កាលីឡេ​និង​ស្រុក​យូដា​ព្រមទាំង​ពី​ក្រុង​យេរូសាឡិម​បាន​អង្គុយ​នៅទីនោះ​ហើយ​អំណាច​ព្រះអម្ចាស់​បាន​នៅ​ក្នុង​ព្រះអង្គ​ដើម្បី​ប្រោស​ឲ្យជា 18ហើយមើល៍​មាន​មនុស្ស​សែង​បុរស​ម្នាក់​ស្លាប់ដៃជើង​នៅលើ​គ្រែស្នែង​ពួកគេ​រិះរក​សែង​គាត់​ចូលទៅ​ដើម្បី​ដាក់​នៅ​ពីមុខ​ព្រះអង្គ។ 19ប៉ុន្ដែដោយសារ​មាន​មនុស្ស​ច្រើន​កកកុញ​ពេក​ពួកគេ​រក​មិន​ឃើញ​ផ្លូវ​ដែល​អាច​ឲ្យ​ពួកគេ​នាំ​គាត់​ទៅ​បាន​សោះ​ក៏​ឡើងទៅ​លើ​រើ​ដំបូល​ឥដ្ឋ​ហើយ​សម្រូត​គាត់​ចុះ​ជាមួយ​គ្រែស្នែង​តាមប្រហោង​នោះ​ចំ​កណ្ដាល​ចំណោម​មនុស្ស​នៅ​ពីមុខ​ព្រះ​យេស៊ូ។ 20កាលព្រះអង្គ​ទត​ឃើញ​ជំនឿ​របស់​ពួកគេ​ក៏​មានបន្ទូល​ថា៖ ​«សម្លាញ់​អើយ! ​បាប​របស់​អ្នក​បាន​ទទួលការលើកលែងទោស​ហើយ»។ 21ឯពួក​គ្រូវិន័យ​និង​ពួក​អ្នកខាង​គណៈ​ផារិស៊ី​បាន​ចាប់ផ្ដើម​គិត​ថា៖ ​«តើ​មនុស្ស​នេះ​ជា​នរណា​បានជា​និយាយ​ប្រមាថ​ព្រះជាម្ចាស់​ដូច្នេះ? ​តើ​អ្នកណា​អាច​លើកលែងទោស​បាប​បាន​ក្រៅពី​ព្រះជាម្ចាស់​ប៉ុណ្ណោះ?» 22តែព្រះ​យេស៊ូ​ឈ្វេងយល់​ពី​គំនិត​របស់​ពួកគេ​ក៏​មានបន្ទូល​ឆ្លើយ​ថា៖ ​«ហេតុអ្វី​បានជា​អ្នករាល់គ្នា​គិត​ក្នុង​ចិត្ដ​ដូច្នេះ? 23ដ្បិតការ​ដែល​និយាយ​ថា​បាប​របស់​អ្នក​បាន​ទទួលការលើកលែងទោស​ហើយ​និង​ការ​ដែល​និយាយ​ថា​ចូរ​ក្រោកឡើង​ហើយ​ដើរ​ទៅ​តើ​មួយណា​ស្រួល​ជាង? 24តែដើម្បី​ឲ្យ​អ្នករាល់គ្នា​ដឹង​ថា​កូន​មនុស្ស​មាន​សិទ្ធិអំណាច​លើកលែងទោស​បាប​នៅ​ផែនដី​នេះ»។ ​បន្ទាប់មក​ព្រះអង្គ​មានបន្ទូល​ទៅកាន់​អ្នក​ស្លាប់ដៃជើង​ថា៖ ​«ខ្ញុំ​និយាយ​ទៅកាន់​អ្នក​ថា​ចូរ​ក្រោកឡើង​លើក​គ្រែស្នែង​របស់​អ្នក​ហើយ​ទៅ​ផ្ទះ​ចុះ»។ 25គាត់ក៏​ក្រោកឡើង​ភ្លាម​នៅ​ចំពោះ​មុខ​ពួកគេ​លើក​គ្រែស្នែង​ដែល​គាត់​បាន​ដេក​ហើយ​ទៅ​ផ្ទះ​របស់​គាត់​វិញ​ទាំង​សរសើរតម្កើង​ព្រះជាម្ចាស់។ 26ពួកគេគ្រប់​គ្នា​មាន​សេចក្ដីស្ញប់ស្ញែង​ក៏​សរសើរតម្កើង​ព្រះជាម្ចាស់​ហើយ​បាន​ពេញ​ដោយ​សេចក្ដី​កោតខ្លាច​ទាំង​និយាយ​ថា៖ ​«នៅថ្ងៃនេះ​យើង​បាន​ឃើញ​សេចក្ដី​អស្ចារ្យ!»

ព្រះយេស៊ូត្រាស់​ហៅលោកម៉ាថាយ

27ក្រោយពី​ហេតុការណ៍​ទាំងនេះ​ព្រះអង្គ​ក៏​ចេញទៅ​ហើយ​បាន​ឃើញ​អ្នកទារពន្ធដារ​ម្នាក់​ឈ្មោះ​លេវី​កំពុង​អង្គុយ​នៅ​កន្លែងប្រមូលពន្ធដារ​ក៏​មានបន្ទូល​ទៅ​គាត់​ថា៖ ​«ចូរ​មកតាម​ខ្ញុំ» 28គាត់បាន​ទុក​អ្វីៗ​ទាំងអស់​ចោល​ហើយ​ក៏​ក្រោកឡើង​ដើរតាម​ព្រះអង្គ​ទៅ។ 29រួចលោក​លេវី​បាន​រៀបចំ​ពិធីជប់លៀង​ដ៏ធំ​មួយ​នៅ​ផ្ទះ​របស់​គាត់​សម្រាប់​ព្រះអង្គ​ហើយ​មាន​ពួក​អ្នក​ទារ​ពន្ធដារ​ច្រើន​កុះករ​និង​អ្នក​ដទៃទៀត​បាន​ចូលរួមបរិភោគ​ជាមួយ​ពួកគេ។ 30ដូច្នេះពួក​អ្នកខាង​គណៈ​ផារិស៊ី​និង​ពួក​គ្រូវិន័យ​របស់​គេ​ក៏​រអ៊ូ​ដាក់​ពួក​សិស្ស​របស់​ព្រះអង្គ​ថា៖ ​«ហេតុដូចម្ដេច​បានជា​អ្នករាល់គ្នា​ស៊ី​ផឹក​ជាមួយ​ពួក​អ្នក​ទារ​ពន្ធដារ​និង​ពួក​មនុស្ស​បាប​ដូច្នេះ?» 31តែព្រះ​យេស៊ូ​មានបន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា៖ ​«ពួក​អ្នក​មានសុខភាពល្អ​មិន​ត្រូវការ​គ្រូពេទ្យ​ទេ​គឺ​មាន​តែ​ពួក​អ្នក​ដែល​មាន​ជំងឺ​ប៉ុណ្ណោះ 32ខ្ញុំមិន​បាន​មក​ដើម្បី​ហៅ​មនុស្ស​សុចរិត​ទេ​គឺ​មក​ហៅ​មនុស្ស​បាប​វិញ​ដើម្បី​ឲ្យ​គេ​ប្រែចិត្ដ»។

ការពិភាក្សារ​អំពីការ​តម​អាហារ​

33ប៉ុន្ដែ​ពួកគេ​ទូល​ព្រះអង្គ​ថា៖ ​«ពួក​សិស្ស​របស់​លោក​យ៉ូហាន​បាន​អធិស្ឋាន​សូម​ទាំង​តមអាហារ​ជាញឹកញាប់​ឯ​ពួក​សិស្ស​របស់​អ្នកខាង​គណៈ​ផារិស៊ី​ក៏​ដូច្នោះ​ដែរ​រីឯ​ពួក​សិស្ស​របស់លោក​វិញ​បែរជា​ស៊ី​ផឹក​ទៅវិញ» 34ព្រះយេស៊ូ​មានបន្ទូល​ទៅ​ពួកគេ​ថា៖ ​«តើ​អ្នករាល់គ្នា​អាច​ឲ្យ​ភ្ញៀវ​របស់​កូនកំលោះ​តមអាហារ​បាន​ដែរឬ​នៅ​ពេល​កូនកំលោះ​កំពុង​នៅ​ជាមួយ​ពួកគេ​នោះ? 35ប៉ុន្ដែនឹង​មាន​ថ្ងៃ​មកដល់​ពេល​កូនកំលោះ​ត្រូវ​ឃ្លាត​ពី​ពួកគេ​ទៅ​នៅ​ថ្ងៃ​នោះ​ឯង​ពួកគេ​នឹង​តមអាហារ»។ 36ព្រះអង្គក៏​ប្រាប់​រឿង​ប្រៀប​ប្រដូច​មួយ​ដល់​ពួកគេ​ដែរ​ថា៖ ​«គ្មាន​អ្នក​ណា​ម្នាក់​ដែល​យក​បំណះ​ហែក​ពី​សម្លៀក​បំពាក់​ថ្មី​មក​ប៉ះ​លើ​សម្លៀក​បំពាក់​ចាស់​ទេ​បើ​ធ្វើ​ដូច្នេះ​ទាំង​សម្លៀក​បំពាក់​ថ្មី​ក៏​រហែក​ហើយ​បំណះ​ពី​សម្លៀកបំពាក់​ថ្មី​ក៏​មិន​ត្រូវ​នឹង​ចាស់​ដែរ។ 37ក៏គ្មាន​អ្នកណា​ច្រក​ស្រា​ទំពាំងបាយជូរ​ថ្មី​ទៅក្នុង​ថង់ស្បែក​ចាស់​ដែរ​បើ​ធ្វើ​ដូច្នេះ​ស្រា​ថ្មី​នឹង​ធ្វើ​ឲ្យ​ថង់ស្បែក​ចាស់​ធ្លាយ​ហើយ​ស្រា​ក៏​ហូរចេញមក​ឯ​ថង់ស្បែក​ក៏​ខូចខាត។ 38ផ្ទុយទៅវិញត្រូវច្រក​ស្រា​ទំពាំងបាយជូរ​ថ្មី​ទៅក្នុង​ថង់ស្បែក​ថ្មី 39ក្រោយពីបាន​ផឹក​ស្រាទំពាំងបាយជូរ​ចាស់​ហើយ​គ្មាន​អ្នកណា​ចង់​ផឹក​ស្រាទំពាំងបាយជូរ​ថ្មី​ទេ​ព្រោះ​គេ​ថា​ស្រាទំពាំងបាយជូរ​ចាស់​ល្អ»។
Copyright information for KhmKCB